អានតួអត្ថបទ
សិង្ហបុរី

ក្រុមហ៊ុន​Google៖ ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​របស់​សិង្ហបុរី​នឹង​ប៉ះពាល់​ដល់​ការបង្កើតថ្មី

ក្រុមហ៊ុន​យក្ស Google នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​សំដែង ការព្រួយបារម្ភ ពី​បរិយាកាស​បច្ចេកវិទ្យា និង​ការបង្កើតថ្មី នៅ​ប្រទេស​សិង្ហបុរី នៅ​បន្ទាប់ពី សភា​សិង្ហបុរី បាន​បោះឆ្នោត​អនុម័ត​ច្បាប់​ដ៏ចម្រូងចម្រាស ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ នៅ​តាមអ៊ីនធ័រនែត។  

ក្រុមហ៊ុន​Google និង​មន្រ្តី​សិង្ហបុរី នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​សាខា​ក្រុមហ៊ុន​Google នៅ​សិង្ហបុរី នៅឆ្នាំ២០១១
ក្រុមហ៊ុន​Google និង​មន្រ្តី​សិង្ហបុរី នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​សាខា​ក្រុមហ៊ុន​Google នៅ​សិង្ហបុរី នៅឆ្នាំ២០១១ ©SIMIN WANG / AFP
ផ្សាយពាណិជ្ជកម្ម

ច្បាប់ដ៏ចម្រូងចម្រាស​ដែល​សភា សិង្ហបុរី បាន​បោះឆ្នោត អនុម័ត​កាលពី​ថ្ងៃ ពុធ មាន​ឈ្មោះ ថា ច្បាប់ ការពារ​ពី​ព័ត៌មាន​កុហក និង​បំពុល​ពង្វក់​នៅតាម​អ៊ីនធ័រនែត។ ច្បាប់​ថ្មី ដែល​បង្កើតឡើង​ក្នុង​គោលដៅ ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ នៅ​សិង្ហបុរី នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល ក្នុង​ការបញ្ជា​ឲ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត ដូចជា​ហ្វេសប៊ុក ទ្វីតធ័រ លុបចោល ឬ​ចុះ​ផ្សាយ​ព័ត៌មាន​កែតម្រូវ នៅ​ក្បែរ​ព័ត៌មានណា ដែល​រដ្ឋាភិបាល​សិង្ហបុរី វាយតម្លៃ​ថា ជា​ព័ត៌មាន​មិនពិត និង​ក្លែងបន្លំ។

ក្រុមហ៊ុន មិនថា ក្នុង​ស្រុក ឬ​ក្រុមហ៊ុន​បរទេស ដែល​ល្មើស មិន​គោរព​ធ្វើតាម​បទបញ្ជា​របស់​រដ្ឋាភិបាល នឹង​ត្រូវ​បង់ប្រាក់​ពិន័យ ១លាន​ដុល្លារ សិង្ហបុរី ឬ​ស្មើ​នឹង ៧៣៥ពាន់​ដុល្លារ អាមេរិក។ ចំណែក​បុគ្គល​វិញ អាច​ប្រឈម​នឹង​ទោសជាប់ពន្ធនាគារ​១០​ឆ្នាំ។

សម្រាប់​រដ្ឋាភិបាល​សិង្ហបុរី ច្បាប់​ថ្មី ធ្វើឡើង​ក្នុង​គោលដៅ ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាម​អ៊ីនធ័រនែត ដែល​គំរាមកំហែង សន្តិសុខជាតិ ឬ​ដែល​អាច​បំបែកបំបាក់​ប្រជាជន​សិង្ហបុរី ប៉ុន្តែ មិនមែន​សម្រាប់​បិទខ្ទប់​សិទ្ធិសេរីភាព​បញ្ចេញមតិ​នោះទេ។

សូមអាន៖ បញ្ជូន​​យុវជន​​សិង្ហបុរី​​ម្នាក់​​ទៅ​​តុលាការ​​ ដោយ​សារ​​បង្ហោះ​​វីដេអូ​​បរិហារ​​​លោក​លី ក្វាន់យូ​

ឡើង​ថ្លែង​នៅ​មុខ​សភា នៅ​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ សិង្ហបុរី បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ច្បាប់​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ព្រោះថា គេ​មិនអាច​ពឹងផ្អែក និង​ទុកចិត្ត ទាំងស្រុង​ថា ក្រុមហ៊ុន​ ​អាច​ចាត់​វិធានការ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ នៅ​លើ​អ៊ីនធ័រនែត។ ដើម្បី​បន្ធូរបន្ថយ​ក្តីបារម្ភ​របស់​ក្រុមហ៊ុន​ព័ត៌មានវិទ្យា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស រដ្ឋាភិបាល​សិង្ហបុរី អះអាង ធានា​ថា គេ​នឹង​បញ្ជា​ឲ្យ​មាន​ការចុះផ្សាយ ព័ត៌មាន​កែតម្រូវ នៅក្បែរ​ព័ត៌មានក្លែងក្លាយ ជាមុន​សិន មុន​នឹង​ឈាន​ទៅ​ដល់​ការផាកពិន័យ ឬ​ការដាក់ទោស​ពន្ធនាគា។

អង្គការ​ការពារ​សិទ្ធិមនុស្ស ហើយ​និង​ក្រុមហ៊ុនអ៊ីនធ័រនែត​ធំៗដូចជា​Google  facebook និង​Twitter នៅតែ​មិនទាន់​ទុកចិត្ត។ សម្រាប់​ប្រធាន​អង្គការ​Amnesty International ប្រចាំ​នៅ​អាស៊I អាគ្នេយ៍ ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ជា​លេស​មួយ​របស់ ​រដ្ឋាភិបាល​សិង្ហបុរី ដើម្បី បង្រ្កាប ការចុះផ្សាយ​ព័ត៌មាន ឬ​ការបញ្ចេញ​មតិ នៅតាម​អ៊ីនធ័រនែត ដែល​រដ្ឋាភិបាល​មើល​មិន​ចូលភ្នែក។ សម្រាប់​ក្រុមហ៊ុន​អ៊ីនធ័រនែត​យក្ស​Google ច្បាប់​ថ្មី របស់​សិង្ហបុរី នឹង​អាច​ប៉ះពាល់​ការបង្កើតថ្មី ដែល​ជា​ចំណុច​សំខាន់ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ ដែល​កំពុង​រីកចម្រើន ក្នុង​ទឹកដី​សិង្ហបុរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ