rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្រ្គាមពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សង្រ្គាមពាណិជ្ជកម្ម៖អាមេរិក និងចិនចរចាលើកចុងក្រោយដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងគ្នា?

media
ពីឆ្វេង​ទៅស្តាំ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​លោកSteven Mnuchin ឧបនាយករដ្ឋមន្រ្តីចិន​លោកលីវ ហេ និង​អ្នកតំណាង​ក្រសួងពាណិជ្ជកម្ម​អាមេរិក​​លោក Robert Lighthizer ក្នុង​ជំនួប​នៅ​ចិន​កាលពី​ថ្ងៃទី១ ឧសភា ២០១៩ Andy Wong/Pool via REUTERS

អាមេរិក និង​ចិន​ត្រៀម​ចរចា​ពាណិជ្ជកម្ម​លើកទី១១ រវាង​គ្នា​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដល់​ថ្ងៃ​សុក្រ ទី១០ ឧសភា​ក្នុង​ទីក្រុង​វ៉ាស៊ីតោន។ ការ​បន្ត​ជួប​ចរចា​គ្នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ព្រមាន​ក្នុង​ថ្ងៃ​អាទិត្យ ទី៥ ឧសភា​ថា បើ​ការ​ចរចា​លើកទី១១ នេះ​ទទួល​បរាជ័យ លោក​នឹង​ដំឡើង​ពន្ធ​ពី ១០% ទៅ ២៥% លើ​ទឹកប្រាក់ ២០០ ០០០លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​ចូល​អាមេរិក។ ក្នុង​ថ្ងៃ​ពុធ ទី៨ ឧសភា ពោល​មួយ​ថ្ងៃ​មុន​ការ​ផ្តើម​កិច្ចចរចា លោក​ត្រាំ​បាន​បញ្ជាក់​ក្នុង​ន័យចំអក​ដាក់​ចិន​ថា ការ​ដែល​ក្រុម​អ្នកចរចា​ចិន​យល់​ព្រម​មក​កាន់​វ៉ាស៊ីនតោន​ជា​ថ្មី​ពេល​នេះ គឺ​ដើម្បី​មក​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​ចិន​បាន​យល់ព្រម​តាម​ការ​ទាមទារ​របស់​អាមេរិក​នៅ​ក្នុង​ការ​ចរចា​លើក​មុនៗ។


គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​លើកទី១១ រយៈ​ពេល ២ថ្ងៃ​នឹង​ហុច​លទ្ធផល​យ៉ាង​ណា​ទេ។ អ្វី​ដែល​គេ​ដឹង និង​បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​លោក​ដូណាល់ ត្រាំ​ក៏​ដោយ ក៏​ចិន​នៅ​តែ​ប្រកាន់​ជំហរ​សម្របសម្រួល​ដោយ​សុខចិត្ត​ធ្វើ​ដំណើរ​ទៅ​ជួប​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​ដូច​ដែល​បាន​គ្រោង​ទុក។ ការ​ប្រកាន់​ជំហរ​របៀប​នេះ​មក​ពី​ក្រុង​ប៉េកាំង​ចង់​បង្ហាញ​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ថា ខ្លួន​មិន​ចាញ់​ការ​សម្លុត​គំរាម និង​សុខចិត្ត​ធ្វើ​សម្បទាន​ឲ្យ​លោក​ត្រាំ​ដោយ​ងាយៗ​នោះ​ទេ។ តែ​ជា​ថ្មី​ម្តង​ទៀត លោក​ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​បែប​ចំអក​ដាក់​ចិន​ថា ចិន​បាន​ត្រឡប់​មក​កាន់​អាមេរិក​ជា​ថ្មី​ពេល​នេះ​ដើម្បី​មក​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​ចិន​បាន​យល់ព្រម​តាម​ការ​ទាមទារ​របស់​អាមេរិក​នៅ​ក្នុង​ការ​ចរចា​លើក​មុនៗ។

អ្វី​ដែល​លោក​ត្រាំ​បាន​លើក​ឡើង​នេះ​គឺ​ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​អ្នកតំណាង​ក្រសួង​ពាណិជ្ជកម្ម និង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ក្នុង​ថ្ងៃ​ចន្ទ ទី៦ ឧសភា។ តែ​បញ្ហា​នៅ​ត្រង់​ថា ចិន​ហាក់​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​នេះ និង​បាន​អះអាង​ជា​ថ្មី​ថា ឧបនាយករដ្ឋមន្រ្តី​ចិន​លោក​លីវ ហេ​ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នកចរចា​ចិន​នឹង​បន្ត​ជជែក ត ថ្លៃ​ជាមួយ​ភាគី​អាមេរិក​លើ​ប្រធានរឿង​ខ្វែង​គំនិត​គ្នា​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ ចំណែក​កាសែត​ផ្លូវការ​ចិន​ជា​ភាសា​អង់គ្លេស​ឈ្មោះ Global Times បាន​ឆ្លៀត​ស៊ក​ថា រដ្ឋអំណាច​ចិន​មិន​ដែល​បាន​អះអាង​ជា​មុន​ថា​នឹង​មាន​កិច្ចព្រមព្រៀង​មួយ​ឡើយ និង​ថា បើ​ការ​ចរចា​ទទួល​បរាជ័យ ចិន​នៅ​តែ​រឹងមាំ និង​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ទប់ទល់។

គួរ​រម្លឹក​ថា ក្រៅ​ពី​ចង់​ឲ្យ​មាន​សមភាព​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ក៏​នៅ​មាន​ប្រធានរឿង​ជា​ច្រើន​ទៀត​ដែល​អាមេរិក​បាន​លើក​ទៅ​ចរចា​ជាមួយ​ចិន រួម​មាន ការ​ផ្ទេរបច្ចេកវិទ្យា​ដោយ​បង្ខំ សិទ្ធិ​នៃ​កម្មសិទ្ធិបញ្ញា ចោរ​ព័ត៌មានវិទ្យា កសិកម្ម ឬ​មួយ​ក៏​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភធន​ឲ្យ​ក្រុមហ៊ុន រោងចក្រ​របស់​រដ្ឋ​ជា​ដើម។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ចរចា​លើកទី១១ រយៈពេល ២ថ្ងៃ​រវាង​អាមេរិក និង​ចិន​ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​ទឹកផ្តាច់ព្រ័ត្រ​នឹង​ទទួល​បាន​ផ្លៃផ្កា​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង ថ្ងៃ​សុក្រ ទី១០ ឧសភា​ដែល​លោក​ត្រាំ​បាន​កំណត់​ជា​ថ្ងៃ​ដំឡើង​ពន្ធ​ពី ១០% ទៅ ២៥% លើ​ទឹកប្រាក់ ២០០ ០០០លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​ចូល​អាមេរិក ត្រូវ​បាន​លោក​ត្រាំ​រក្សា​ទុក​ដដែល៕