rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភូមា៖អ្នកកាសែត Reuters ទាំងពីរនាក់ត្រូវបានដោះលែង បន្ទាប់ពីបានជាប់ក្នុងពន្ធនាគារជាង ៥០០ថ្ងៃ

media
នៅភូមា អ្នកកាសែត Reuters ទាំងពីរនាក់ត្រូវបានដោះលែង បន្ទាប់ពីបានជាប់ក្នុងពន្ធនាគារជាង ៥០០ថ្ងៃ Reuters

នៅ​ក្នុង​ប្រទេស​ភូមា អ្នកកាសែត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទាំង​ពីរ​នាក់ គឺ​លោក Wa Lone និង​លោក Kyaw Soe Oo បាន​ទទួល​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី និង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នា​ថ្ងៃ​អង្គារ ទី៧ ឧសភា​នេះ។ ក្រៅ​ពី​អ្នកកាសែត Reuters ទំាំង​ពីរ​នាក់ ក៏​មាន​ការ​លើកលែង​ទោស និង​ការ​ដោះលែង​អ្នកទោស​ជាង ៦ ៥០០នាក់​ផ្សេង​ទៀត​ដែរ។ គួរ​រម្លឹក​ថា លោក Wa Lone និង​លោក Kyaw Soe Oo ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧ ត្រូវ​បាន​តុលាការ​កាត់ទោស​ក្នុង​ថ្ងៃទី៣ កញ្ញា ឆ្នាំ ២០១៨ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ៧ឆ្នាំ​ពី​បទ​កាន់កាប់​ឯកសារសម្ងាត់​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខជាតិ។


ពិត​ជា​រូបភាព​មួយ​ដែល​ក្រុមគ្រួសារ​របស់​អ្នកកាសែត Reuters ទាំង​ពីរ​នាក់​បាន​រង់ចាំ​ជា​យូរ​មក​ហើយ។ រូបភាព​នោះ គឺ​ស្នាម​ញញឹម និង​ការ​លើក​មេដៃ​ឡើង​លើ​របស់​លោក Wa Lone និង​លោក Kyaw Soe Oo នៅ​ពេល​ចេញ​ពី​ពន្ធនាគារ Insein ស្ថិត​ប៉ែក​ពាយព្យ​ក្រុង​រ៉ង់ហ្គូន​ដែល​អ្នក​ទាំង​ពីរ​បាន​ជាប់​ឃុំ​អស់​រយៈពេល​ជាង ៥០០ថ្ងៃ។ « ខ្ញុំ​ជា​អ្នកកាសែត ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ការងារ​ជា​បន្ត​ទៀត » នេះ​ជា​ការ​ថ្លែង​របស់​លោក Wa Lone មុន​នឹង​បន្ថែម​ថា « អរគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ និង​គាំទ្រ​ពួក​យើង​នៅ​ទីនេះ និង​នៅ​បរទេស​ក្នុង​ពេល​ដែល​ពួក​យើង​កំពុង​ជាប់​ក្នុង​ពន្ធនាគារ »។ បន្ទាប់​មក អ្នកកាសែត Reuters ទាំង​ពីរ​នាក់​បាន​ជួប​មុខ​ប្រពន្ធ កូន និង​ក្រុម​គ្រួសារ​ដែល​បាន​រង់ចាំ​ពួក​គេ​នៅ​សណ្ឋាគារ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។

ប្រតិកម្ម​សាទរ​ចំពោះ​ការ​ដោះលែង​អ្នកកាសែត Reuters ទាំង​ពីរ​នាក់​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។ អង្គការសហប្រជាជាតិ​បាន​ចាត់​ទុក​ការ​ដោះលែង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​លើកលែង​ទោស​នេះ​ថា ជា​ការ​បោះ​មួយ​ជំហាន​ឆ្ពោះ​ទៅ​រក​សេរីភាព​សារព័ត៌មាន និង​ជា​សញ្ញា​នៃ​ការ​សន្យា​របស់​រដ្ឋាភិបាល​ឆ្ពោះ​ទៅ​កាន់​សម័យ​អន្តរកាល​ប្រជាធិបតេយ្យ​នៅ​ភូមា។ ចំណែក​អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​មើល​ឃើញ​ពី​ជោគជ័យ​ដ៏​សំខាន់មួយ​សម្រាប់​សេរីភាព​សារព័ត៌មាន។ តែ​បាន​គូសបញ្ជាក់​ថា នៅ​មាន​អ្នកកាសែត​ជា​ច្រើន​ទៀត​បាន​រង​ការ​កាត់ទោស​ក្នុង​បទ​រិះគន់ ទិតៀន​រដ្ឋាភិបាល ពិសេស​កងទ័ព។ « វិបត្តិ​នៅ​មិន​ទាន់​ចប់​ទេ » នេះ​ជា​ការ​បន្ថែម​របស់​អង្គការ​សិទ្ធិមនុស្ស Human Rights Watch។

ក្រៅ​ពី​អ្នកកាសែត Reuters ទាំង​ពីរ​នាក់ ក៏​នៅ​មាន​អ្នកទោស​ជាង ៦ ៥០០នាក់​ផ្សេង​ទៀត​បាន​ទទួល​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី និង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នា​ថ្ងៃ​អង្គារ ទី៧ ឧសភា​នេះ។ គួរ​រម្លឹក​ថា លោក Wa Lone និង​លោក Kyaw Soe Oo ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​ស៊ើបអង្កេត​រឿង​ការ​សម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ក្នុង​ស្រុក​មួយ​ស្ថិត​ប៉ែក​ខាងជើង​រដ្ឋ​រ៉ាក់ឃីន។ បន្ទាប់​មក​ក្នុង​ថ្ងៃទី៧ កញ្ញា ឆ្នាំ ២០១៨ តុលាការ​បាន​កាត់ទោស​ពួក​គេ​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ៧ឆ្នាំ​ពី​បទ​កាន់កាប់​ឯកសារសម្ងាត់​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខជាតិ។ តែ​រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ភូមា ពិសេស​លោកស្រី​អ៊ុង សានស៊ូជី​ទទួល​គំនាប​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​សហរដ្ឋអាអាមេរិក សហភាព​អឺរ៉ុប ឬ​មួយ​ពី​អង្គការ​សហប្រជាជាតិ៕