អានតួអត្ថបទ
ចិន-អាមេរិក

សង្រ្គាមពាណិជ្ជកម្ម៖លោកត្រាំព្រមានដំឡើងពន្ធលើទំនិញចិន បើការចរចាក្នុងសប្តាហ៍នេះទទួលបរាជ័យ

នៅ​ថ្ងៃ​អាទិត្យ ទី៥ ឧសភា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ព្រមាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ពី​១០% ទៅ ២៥% ចាប់​ពី​ថ្ងៃ​សុក្រ ទី១០ ឧសភា។ ការ​ព្រមាន​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាគី​ចរចា​អាមេរិក និង​ចិន​គ្រោង​ជួប​ជជែក​គ្នា​ជា​ថ្មី​នា​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ គួរ​រម្លឹក​ថា ភាគី​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ចំនួន ១០ដង​មក​ហើយ តែ​នៅ​មិន​ទាន់​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​រួម​មួយ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​ចេញ​មុខ​ព្រមាន​ចិន​ជា​ថ្មី​របស់​លោក​ត្រាំ​បាន​ធ្វើ​ឲ្យ​តម្លៃភាគហ៊ុន​នៅ​ផ្សារ​ភាគហ៊ុន​​អាស៊ី​ធ្លាក់​ចុះ​ជាង ៥%។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ Kevin Lamarque / Reuters
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បង្កើន​គំនាប​ដាក់​ចិន និង​ចាប់​បង្ខំ​ដៃគូ គូប្រជែង​មួយ​នេះ​ឲ្យ​ទទួល​យក​តាម​ការ​ទាមទារ​របស់​អាមេរិក លោក​ដូណាល់ ត្រាំ​បន្ត​ព្រមាន​ដំឡើង​ពន្ធ​ពី ១០% ទៅ ២៥% លើ​ផលិតផល​ចិន​នាំ​ចូល​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​ក្នុង​រង្វង់ ២០០ ០០០លានដុល្លារ​ជា​រៀងរាល់​ឆ្នាំ។ « ក្នុង​រយៈពេល ១០ខែ ចិន​បាន​បង់ពន្ធ​ឲ្យ​អាមេរិក​ក្នុង​អត្រា ២៥% លើ​ទឹកប្រាក់​ចំនួន ៥០ ០០០លានដុល្លារ​នៃ​ការ​នាំ​ផលិតផល​បច្ចេកវិទ្យា​ចូល​អាមេរិក និង​បាន​បង់​ពន្ធ​ក្នុង​អត្រា​តែ ១០% លើ​ទឹកប្រាក់​ចំនួន ២០០ ០០០លានដុល្លារ​សម្រាប់​ផលិតផល​ផ្សេង​ទៀត។ អត្រា ១០% នេះ​នឹង​ត្រូវ​ដំឡើង​ឲ្យ​ដល់ ២៥% ចាប់​ពី​ថ្ងៃ​សុក្រ ទី១០ ឧសភា​ទៅ » នេះ​ជា​សារ​ដែល​លោក​ត្រាំ​បាន​សរសេរ​នៅ​លើ​ទំព័រ​បណ្តាញសង្គម Twitter របស់​លោក។

លោក​ត្រាំ​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មក​ពី​ការ​ចរចា​រវាង​ភាគី​អាមេរិក និង​ចិន​ហាក់​មិន​សូវ​មាន​ដំណើរ​លឿន​ទៅ​មុខ។ « កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​បោះ​ជំហាន​ទៅ​មុខ តែ​យឺត​ខ្លាំង​ណាស់ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ត្រាំ​នៅ​លើ​ទំព័រ​បណ្តាញសង្គម Twitter។ ការ​ប្រកាស​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រុម​អ្នក​ចរចា​អាមេរិក និង​ចិន​គ្រោង​ជួប​ជជែក​គ្នា​ជា​ថ្មី​នា​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ តើ​ការ​ព្រមាន​របស់​លោក​ត្រាំ​អាច​នឹង​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ជំនួប​ជា​ថ្មី​ដែល​ជា​ជំនួប​លើកទី១១ នេះ​ដែរ ឬ​ទេ?។ ចិន​បាន​ឆ្លើយ​ថា ខ្លួន​នឹង​បន្ត​ចូលរួម​ការ​ចរចា​ដូច​ដែល​បាន​គ្រោង​ទុក និង​ថា ប្រធានបទ​នៃ​ការ​ចរចា​ក៏​នឹង​គ្មាន​ការ​ផ្លាស់ប្តូរ​ដែរ។

គេ​មិន​ដឹង​ថា តើ​ការ​ព្រមាន​របស់​លោក​ត្រាំ​ជា​យុទ្ធសាស្រ្ត​ដើម្បី​មាន​ប្រៀប​នៅ​ក្នុង​ការ​ចរចា ឬ​មួយ​ជា​ការ​ប្រកាស​សង្រ្គាមពាណិជ្ជកម្ម​ចំហ​ទល់​នឹង​ចិន​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង ការ​ព្រមាន​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ផ្សារភាគហ៊ុន​អាស៊ី ពិសេស​ក្នុង​ប្រទេស​ចិន។ តម្លៃភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន​សៀងហៃ​ដែល​បាន​ធ្លាក់​ចុះ ៣% នៅ​ពេល​បើក​ទ្វារ​ភ្លាម​បាន​ដាំ​ក្បាល​ចុះ ៥,១៩% នៅ​ផ្សារភាគហ៊ុន​សេនហ្សែន​បាន​ធ្លាក់​ចុះ ៥,៨៦% និង​នៅ​ហុងកុង​បាន​ធ្លាក់​ចុះ ៣,៣%។ ចំណែក​នៅ​ប្រទេស​អាស៊ី​ផ្សេង​ដូច​យ៉ាង​នៅ​សិង្ហបុរី តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ ៣,៣% និង​ធ្លាក់ ១,៨% នៅ​តែវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ