អានតួអត្ថបទ
ស្រីលង្កា

នៅក្រោយ​ភេរវកម្ម ស្រីលង្កា​ចាប់​បណ្តេញ​បព្វជិត​អ៊ីស្លាម​២០០នាក់​ចេញពី​ប្រទេស

នៅក្រោយ​រងការវាយប្រហារ​ភេរវកម្ម ដែល​សម្លាប់​មនុស្ស​២៥៧នាក់ កាលពី​ថ្ងៃ ទី ២១​មេសា រដ្ឋាភិបាល​ស្រីលង្កា​បាន​បណ្តេញ​ចេញ ជនបរទេស​ជាង ៦០០​នាក់ ដែល​នៅក្នុង​នោះ មាន​២០០នាក់ ជា​បព្វជិត គ្រូបង្រៀន​សាសនា​អ៊ីស្លាម ដែល​មាន​ទិដ្ឋាការ​អស់​សុពលភាព។ នេះ​បើតាម​លើកឡើង របស់​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ស្រីលង្កា កាលពី​ថ្ងៃ​អាទិត្យ។ នៅថ្ងៃ​អាទិត្យ​ដែរ ប៉ូលិស និង​ទាហាន​រាប់ម៉ឺននាក់ បាន​ចុះ ឆែកឆេរ ដើម្បី ធានា​សុវត្ថិភាព នៅមុន​បើកទ្វារ​សាលារៀន នៅ​ព្រឹកថ្ងៃ​ចន្ទនេះ។ 

ទាហាន​ស្រីលង្កា​នៅ​ប្រចាំការ​យាម​នៅ​វិហារអ៊ីស្លាម មួយ​នៅ​ទីក្រុង​កូឡុំបូ នៅក្រោយ​មាន​ភេរវកម្ម​សម្លាប់​មនុស្ស​២៥៧នាក់ កាលពី​ថ្ងៃទី ២១​មេសា​២០១៩
ទាហាន​ស្រីលង្កា​នៅ​ប្រចាំការ​យាម​នៅ​វិហារអ៊ីស្លាម មួយ​នៅ​ទីក្រុង​កូឡុំបូ នៅក្រោយ​មាន​ភេរវកម្ម​សម្លាប់​មនុស្ស​២៥៧នាក់ កាលពី​ថ្ងៃទី ២១​មេសា​២០១៩ ©REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ដែល​ស្ថិតក្នុង​ស្ថានភាព​អាសន្ន នៅក្រោយ ការវាយប្រហារ​ភេរវកម្ម សម្លាប់មនុស្ស កាលពី​ថ្ងៃ ទី ២១​មេសា កងកម្លាំង​រក្សា​សន្តិសុខ​ស្រីលង្កា​រាប់ម៉ឺននាក់ ដែល​មាន​តាំង​ពី​ទាហាន និង​ប៉ូលិស បាន​ចុះ​ទៅ​ត្រួតពិនិត្យ ធានា សន្តិសុខ នៅ​តាម​សាលារៀន​ជាង ១ម៉ឺនកន្លែង​ នៅទូទាំង ប្រទេស នៅមួយ​ថ្ងៃ មុន​បើកទ្វារ​សម្រាប់​សិស្ស​សាលា នៅ​ថ្ងៃ​ចន្ទនេះ។ នៅ​ពេល​ដែល​សាលារៀន​រដ្ឋ ចាប់បើក​ធម្មតា ឡើង​វិញ សាលាដែល​ពឹងផ្អែក​លើ​វិហារ​គ្រឹស្តសាសនា​នៅ​ស្រីលង្កា ត្រូវ​បន្ត​បិទ រហូត​ដល់​មាន​ការណែនាំ​ថ្មី​ពី​ថ្នាក់ដឹកនាំ​សង្ឃ​កាតូលិក នៅ​ស្រីលង្កា។

សូមបញ្ជាក់ដែរថា ចាប់​តាំង​ពី​មាន​ភេរវកម្ម​របស់​ក្រុមអត្តឃាត​អ៊ីស្លាម ទៅលើ​សណ្ឋាគារ និង វិហារកាតូលិក ៦កន្លែង ដែល​បាន​សម្លាប់​មនុស្ស ២៥៧នាក់ ប៉ូលិស​ស្រីលង្កា​បាន​ចាប់រឹតបន្តឹង​ផងដែរ ការផ្តល់​ទិដ្ឋាការ​របស់​ជនបរទេស។ នៅថ្ងៃ អាទិត្យ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ស្រីលង្កា​បាន​អះអាងថា ចាប់ពីមាន​ភេរវកម្ម អត្តឃាត គេ​បាន​ចាប់បណ្តេញ​ជនបរទេស ជាង ៦០០​នាក់ ដែល​នៅក្នុង​នោះ ២០០​នាក់ ជា​គ្រូបព្វជិត បរទេស ដែលបង្រៀន​នៅតាម​វិហាអ៊ីស្លាម នៅ​ស្រីលង្កា។

ដោយសារ​តែ​ភេរវកម្មលើកនេះ ប៉ូលិស​បាន​រឹតបន្តឹង ប្រព័ន្ធ​ផ្តល់ទិដ្ឋាការ និង​ពិនិត្យ​មើលឡើង​វិញ​លិខិតស្នាម របស់​ជនបរទេស ដែលស្នាក់នៅ​ស្រីលង្កា។ តាម រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប៉ូលិស​គ្មាន​បញ្ហា​ជាមួយ គ្រូសាសនា​អ៊ីស្លាម ដែល​បាន​មក​បង្រៀន​អស់​ជាយូរឆ្នាំ នៅ​ស្រីលង្កា​នោះទេ។ ពួកគេ​បាន​ចូលក្នុង​ទឹកដី​ស្រីលង្កា ​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ ពួកគេ​មួយចំនួន មាន​ទិដ្ឋាការ​គ្មាន​សុពលភាព ដូច្នេះគឺ​ត្រូវ​ចាប់បណ្តេញ​ចេញ​ពី​ប្រទេស។ អាជ្ញាធរ​ស្រីលង្កា​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​ជនបរទេស​ដែល​គេ​ចាប់បណ្តេញចេញនោះទេ។ ប៉ុន្តែ តាម​ប៉ូលិស ជនបរទេស​ដែល​មាន​ទិដ្ឋាការ​ហួសកំណត់ និង​ត្រូវចាប់បណ្តេញ​ពីប្រទេស មាន​កំណើត​មកពី​ឥណ្ឌា បង់ក្លាដែស ប៉ាគីស្ថាន ជាដើម។

ប៉ូលិស​ស្រីលង្កា បាន​វាយតម្លៃថា ភេរវកម្ម​ទៅលើ​វិហារគ្រឹស្តសាសនា និង​សណ្ឋាគារ នៅទីក្រុង​កូឡុំបូ ធ្វើឡើង​ដោយ​ភេរវជន​អត្តឃាត ក្រោមការបញ្ជារ របស់​បព្វជិត អ៊ីស្លាម ដែល​បានធ្វើដំណើរ ទៅប្រទេស​ឥណ្ឌា និង​លួចទាក់ទង​ជាមួយ​ក្រុមជីហាត​នៅទីនោះ។

សម្រាប់​រដ្ឋមន្រ្តី​កិច្ចការផ្ទៃក្នុង​ស្រីលង្កា គេ​កំពុង​តាមមើល កៀកកិត សាលារៀន វិហារអ៊ីស្លាម​ដែល​ទើប​កកើត​ថ្មី ដោយសារ តែ​គេ​បារម្ភ​ថា បព្វជិត​បរទេស ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាមជ្រុលនិយម ដល់​ប្រជាជន​ក្នុងស្រុកស្រីលង្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ