ស្រីលង្កា៖អំពើភេរវកម្មអាចធ្វើឲ្យវិស័យទេសចរណ៍បាត់ចំណូលចំនួន ១ ៥០០លានដុល្លារក្នុងឆ្នាំ ២០១៩
នៅក្នុងប្រទេសស្រីលង្កា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកម៉ង់ហ្កាឡា សាម៉ារ៉ាវីរ៉ាបានប្រកាសនាថ្ងៃសុក្រ ទី២៦ មេសាថា ទេសចរណ៍ជាវិស័យដែលនឹងរងផលប៉ះពាល់ខ្លាំងជាងគេពីអំពើភេរវកម្មលើវិហារគ្រិស្តសាសនា និងសណ្ឋាគារទំនើបៗមួយចំនួនក្នុងទីក្រុងកូឡុំបូកាលពីថ្ងៃអាទិត្យ ទី២១ មេសា។ លោកសាម៉ារ៉ាវីរ៉ាបានថ្លែងយ៉ាងដូចនេះនៅក្នុងសន្និសីទកាសែតមួយដោយលំអិតបន្ថែមថា ចំណូលបានមកពីវិស័យទេសចរណ៍សម្រាប់ឆ្នាំ ២០១៩ អាចនឹងធ្លាក់ចុះចំនួន ៣០% ដែលគិតជាសាច់ប្រាក់មានប្រមាណ ១ ៥០០លានដុល្លារ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៧
ជាប្រទេសមានឆ្នេរខ្សាច់ ស និងសម្បូរធម្មជាតិបៃតង ស្រីលង្កាបានទទួលភ្ញៀវទេសចរបរទេសចំនួន ២ ៣៣០ ០០០នាក់ជាមួយនឹងចំណូលចំនួន ៤ ៤០០លានដុល្លារក្នុងឆ្នាំ ២០១៨ កន្លងទៅ។ សម្រាប់ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលទីក្រុងកូឡុំបូសង្ឃឹមទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងនេះជាមួយនឹងចំណូលដល់ទៅ ៥ ០០០លានដុល្លារ។ ជាក់ស្តែងនៅត្រីមាសទី១ ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរបានកើន ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ តែសម្រាប់ត្រីមាសបន្តបន្ទាប់នឹងស្គាល់ការធ្លាក់ចុះដោយសារអំពើភេរវកម្មវាយប្រហារលើវិហារគ្រិស្តសាសនា និងសណ្ឋាគារទំនើបៗក្នុងទីក្រុងកូឡុំបូកាលពីថ្ងៃអាទិត្យ ទី២១ មេសាបណ្តាលឲ្យមានមនុស្សស្លាប់ ២៥៣នាក់។
តួលេខនៃការធ្លាក់ចំណូលក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ ២០១៩ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកម៉ង់ហ្កាឡា សាម៉ារ៉ាវីរ៉ានៅក្នុងសន្និសីទកាសែតមួយ។ តែលោកសាម៉ារ៉ាវីរ៉ាបានអះអាងដោយសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងវិលត្រឡប់មករកភាពប្រក្រតីឡើងវិញនៅ ២ឆ្នាំខាងមុខ។ ការហ៊ានអះអាងយ៉ាងដូចនេះដោយលោកសាម៉ារ៉ាវីរ៉ាបានលើកយកភស្តុតាងពីបណ្តាប្រទេសមួយចំនួនដែលបានទទួលរងភេរវកម្មដូចស្រីលង្កាពេលនេះ មានដូចជាបារាំង បែលហ្ស៊ិក អេស្ប៉ាញ ឬប្រទេសទុយនីស៊ី។
តែរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុស្រីលង្ការូបនេះដដែលមិនភ្លេចបញ្ជាក់ទេថា ដើម្បីអាចឲ្យវិស័យទេសចរណ៍ត្រឡប់មករកភាពធម្មតាឡើងវិញបាន គេត្រូវដោះស្រាយជាដំបូងនូវបញ្ហាភេរវនិយមឲ្យដល់ឫសគល់របស់វា ហើយគ្រប់វិធានការសន្តិសុខក៏ត្រូវផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ ទូលំទូលាយដែរ។ ប្រតិកម្មរបស់លោកម៉ង់ហ្កាឡា សាម៉ារ៉ាវីរ៉ាបានធ្លាក់មក ខណៈពេលដែលមានការលើកឡើងពីការកើតមានអំពើភេរវកម្មជាយថាហេតុថ្មីទៀត។ អ៊ីចឹងហើយបានជាពេលនេះ មានប្រទេសជាច្រើនបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនផ្អាកការធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា ហើយអ្នកដែលកំពុងមានវត្តមានក៏គួរវិលត្រឡប់ចូលស្រុកវិញ ឬមួយក៏ស្ថិតឲ្យឆ្ងាយពីទីកន្លែងសាសនា ឬកន្លែងជួបជុំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ