rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ចិន៖លោកស៊ី ជីនពីង​ការពារ​គម្រោង « ខ្សែក្រវ៉ាត់ និងផ្លូវ » និង​​ប្រឆាំង​នយោបាយ​ការពារនិយម

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​សុក្រ ទី២៦ មេសា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ថ្លែង​សុន្ទរកថា​បើក​ជំនួបកំពូល​លើកទី២ ស្តីពី​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ »។ ជំនួបកំពូល​លើកទី២ ពេល​នេះ​បាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​បរទេស​ចំនួន ៣៧រូប។ នៅ​ក្នុង​សុន្ទរកថា​ប្រមាណ​ជា ៣០នាទី លោក​ស៊ី ជីនពីង​បាន​ការពារ​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » របស់​លោក និង​ចង់​ឃើញ​គម្រោង​មួយ​នេះ​មាន​ដំណើរ​ទៅ​មុខ​ប្រកប​ដោយ​តម្លាភាព និង​ទទួល​បាន​ជោគជ័យ។

ទន្ទឹម​គ្នា​នេះ ប្រមុខរដ្ឋ​ចិន​បាន​ព្យាយាម​ពន្យល់ និង​ឆ្លើយ​បំភ្លឺ​លើ​ការ​រិះគន់​ដែល​ថា គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » ជា​អន្ទាក់បំណុល​របស់​ចិន​ចំពោះ​ក្រុមប្រទេស​ក្រីក្រ។ បន្ទាប់​មក និង​ជា​ថ្មី​ម្តង​ទៀត លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​ប្រឆាំង​នឹង​នយោបាយការពារនិយម។

គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » មាន​ឈ្មោះ​ផ្លូវការ « ខ្សែក្រវ៉ាត់ និង​ផ្លូវ »។ ខ្សែក្រវ៉ាត់​គឺ​ចង់​និយាយ​ពី​ការ​តភ្ជាប់​ផ្លូវគោក​រវាង​តំបន់​អាស៊ី និង​តំបន់​អឺរ៉ុប ហើយ​ផ្លូវ​គឺ​ចង់​និយាយ​ពី​ការ​តភ្ជាប់​ផ្លូវសមុទ្រ។ គម្រោង​មួយ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​ស៊ី ជីនពីង​ក្នុង​ឆ្នាំ ២០១៣ ហើយ​ការ​រៀបចំ​ជំនួបកំពូលលើកទី១ ស្តីពី​គម្រោង​មួយ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ ២០១៧។ កាលណោះ មាន​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​បរទេស​ចូលរួម​តែ ២៩រូប​ប៉ុណ្ណោះ។ តែ​នៅ​ក្នុង​ជំនួបកំពូល​លើកទី២ ពេល​នេះ មាន​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​បរទេស​ចូលរួម​ដល់​ទៅ ៣៧រូប​មក​ពី​ទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និង​អឺរ៉ុប។

ក្រុម​ប្រទេស​ដែល​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​បាន​ទៅ​ចូលរួម​ច្រើន​ជា​ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » របស់​ចិន និង​ប្រទេស​ដែល​បាន​គាំទ្រ​ពេញ​ទំហឹង​លើ​គម្រោង​មួយ​នេះ។ ចំណែក​ប្រទេស​ផ្សេង​ដែល​នៅ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​គម្រោង​របស់​ចិន​បាន​បញ្ជូន​ត្រឹម​រដ្ឋមន្រ្តី មន្រ្តី ឬ​អ្នកតំណាង​កំប៉ិកកំប៉ុក ហើយ​អ្នក​ដែល​ប្រឆាំង​ដាច់​ខាត​ដូច​យ៉ាង​សហរដ្ឋអាមេរិក​មិន​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ណា​ម្នាក់​ទេ។ ជា​សរុប មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៥ ០០០នាក់​មក​ពី ១៥០ប្រទេស និង​ស្ថាប័ន អង្គការ​អន្តរជាតិ​មួយ​ចំនួន។ ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ មាន ១២៦ប្រទេស និង ២៩អង្គការ​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នៅ​ក្នុង​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ »។

គ្មាន​អំពើ​ពុករលួយ

ប្រឈម​មុខ​នឹង​ការ​រិះគន់ ទិតៀន​ក្នុង​បទ​ប្រើ​អន្ទាក់បំណុល​ទៅ​លើ​ក្រុម​ប្រទេស​ក្រីក្រ ឬ​ក្នុង​បទ​ពង្រីក​ឥទ្ធិពល​អាណានិគម​សេដ្ឋកិច្ច លោក​ស៊ី ជីនពីង​ក្នុង​នាម​ជា​អ្នក​បង្កើត​ឲ្យ​មាន​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​ការពារ និង​ពន្យល់​ប្រាប់​ប្រទេស​ផ្សេង​ពី​ផលប្រយោជន៍​ដែល​នឹង​អាច​ទទួល​បាន​ពី​គម្រោង​របស់​លោក។ គួរ​បញ្ជាក់​ថា គម្រោង « ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ » ជា​មហា​ផែនការ​រចនាសម្ព័ន្ធសកល​ដែល​តភ្ជាប់​ផ្លូវ​ពាណិជ្ជកម្ម​រវាង​អាស៊ី និង​អឺរ៉ុប ហើយ​ដែល​ចិន​ត្រូវ​ការ​ឲ្យ​មាន​ការ​ចូលរួម​ចំណែក​ពី​ប្រទេស​ជា​ច្រើន មាន​ទាំង​ក្រុម​ប្រទេស​អភិវឌ្ឍ និង​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ។

ក្រុមប្រទេស​ក្រីក្រ​ដែល​គ្មាន​លុយ​ដើម្បី​ចូលរួម​នៅ​ក្នុង​ចំណែក​របស់​ខ្លួន​ត្រូវ​បាន​ចិន​ជា​អ្នក​ធានា​រ៉ាប់រង​ឲ្យ​ខ្ចី​លុយ។ នេះ​ជា​បញ្ហា​ដែល​ចិន​បាន​រងការ​រិះគន់ និង​រងការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អន្ទាក់បំណុល​ចំពោះ​ក្រុម​ប្រទេស​ក្រីក្រ ព្រោះ​ចង់ ឬ​មិន​ចង់ ក្រុម​ប្រទេស​ក្រីក្រ​ដែល​ជាប់បំណុល​ចិន​វ័ណ្ឌ ក និង​គ្មាន​លទ្ធភាព​សង​បាន​សម្រេច​ប្រគល់​កំពង់ផែ ឬ​អាកាសយានដ្ឋាន​ទៅ​ឲ្យ​ចិន​កាន់កាប់​ដល់​ទៅ ៩៩ឆ្នាំ ដូច​ករណី​ប្រទេស​ស្រីលង្កា។ នៅ​ក្នុង​សុន្ទរកថា​ប្រមាណ​ជា ៣០នាទី លោក​ស៊ី ជីនពីង​មិន​បាន​និយាយ​ចំ​លើ​ប្រទេស ឬ​លើក​ចំណែក​ចំណាយ​ដើម្បី​អភិវឌ្ឍ​របស់​ប្រទេស​ណា​មួយ​ទេ តែ​បាន​ធានា​ជា​លក្ខណៈ​ទូទៅ​ថា អ្វីៗ​នៅ​ក្នុង​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព​សម្រាប់​គ្រប់​ប្រទេស​ចូលរួម​ទាំងអស់ និង​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត​ចំពោះ​រាល់​ទង្វើ​ពុករលួយ​នៅ​ក្នុង​គម្រោង​មួយ​នេះ។

ការ​រារែក អល់អែក​កំពុង​បន្ត​មាន

សម្រាប់​ចិន គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » នឹង​ផ្តល់​ប្រយោជន៍​ឲ្យ​ចិន និង​ឲ្យ​គ្រប់​ប្រទេស​ដែល​បាន​ចូលរួម។ លោក​ស៊ី ជីនពីង​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា កម្មវត្ថុ​នៃ​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » គឺ​ដើម្បី​ចាក់គ្រឹះ​ត ភ្ជាប់​រវាង​មហាយក្ស​ចិន និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ចិន និង​ថា គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក​អាច​ចូលរួម​នៅ​ក្នុង​គម្រោង​នេះ​បាន ពោល​មិនមែន​កក់ទុក​សម្រាប់​តែ​ប្រទេស​ណា​មួយ​ទេ។ នេះ​អាច​ជា​សារ​មួយ​ដែល​លោក​ស៊ី ជីនពីង​ចង់​បញ្ជូន​ទៅ​កាន់​ប្រទេស​ផ្សេង​ដែល​កំពុង​បន្ត​រារែក អល់អែក​ចូលរួម ពិសេស​ទៅ​កាន់​អាមេរិក​ដែល​មិន​បាន​បញ្ជូន​អ្នក​តំណាង​ណា​ម្នាក់​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ពេល​នេះ។

ឆ្លៀត​ពេល​អវត្តមាន​ភាគី​អាមេរិក លោក​ស៊ី ជីនពីង រួម​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រឆាំង​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ដូណាល់ ត្រាំ​ដោយ​មិន​បាន​និយាយ​ចំ​ឈ្មោះ​លោក​ត្រាំ។ ក្រៅ​ពី​ការ​បន្ត​បែរ​ខ្នង​របស់​អាមេរិក​ចំពោះ​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ » របស់​ចិន នៅ​មាន​ប្រទេស​ច្រើន​ទៀត ពិសេស​ប្រទេស​អឺរ៉ុបខាងកើត​កំពុង​បន្ត​បែកបាក់​គ្នា​ដោយ​ខ្លះ​ទៅ​រួម​ជាមួយ​ចិន និង​ខ្លះ​ទៀត​កំពុង​បន្ត​ពិចារណា។ នៅ​ប៉ែក​អាស៊ី​វិញ មាន​ប្រទេស​ខ្លះ ដូច​យ៉ាង​ឥណ្ឌូណេស៊ី ថៃ នេប៉ាល់ ប៉ាគីស្ថាន និង​ម៉ាឡេស៊ី​បាន​បង្ខំ​ចិន​ឲ្យ​ចរចា​ឡើង​វិញ​លើ​ចំណុច​ខ្លះ​នៅ​ក្នុង​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ »។

តែ​យ៉ាង​ណា​ក៏​ដោយ ចិន​កំពុង​បន្ត​គម្រោង​មួយ​នេះ​ដោយ​បាន​ចំណាយ​លុយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​អស់​សរុប ៨០ ០០០លានអឺរ៉ូ ហើយ​ធនាគារ​ចិន​បាន​ផ្តល់​ប្រាក់កម្ចី​ឲ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​ទឹកប្រាក់​ពី ១៧៥ ០០០ ទៅ ២៦៥ ០០០លានអឺរ៉ូ៕

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទៅ​អាមេរិក​ដើម្បី​ដើរ​ចេញ​ពី​ភាពឯកា

អ៊ុយក្រែន​នឹង​មាន​សភាថ្មី ក្មេងខ្ចី ដូច​ប្រធានាធិបតី ?

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង