អានតួអត្ថបទ

រុស្ស៊ី-កូរ៉េខាង​ជើង ៖ ជំនួបកំពូល លើក​ដំបូង​ រវាង​ លោក គីម ជុង អ៊ុន និង​លោក ពូទីន

រថភ្លើងក្រោះ ជិះដោយ អគ្គមគ្គុទេសក៏ កូរ៉េខាងជើង លោក គីម ជុង អ៊ុន ថ្ងៃពុធម្សិលមិញ បានបើកដល់ ក្រុង Vladivostok នៅឯចុងបូព៌ាប្រទេសរុស្ស៊ី ជាទីដែល ថ្ងៃ ២៥ មេសានេះ ចាប់ផ្តើម​ប្រព្រឹត្ត ទៅ កិច្ចចរចាកំពូល របស់ មេដឹកនាំកូរ៉េខាងជើងនេះ ជាមួយ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង និង​ប្រធានាធិបតី​រុស្ស៊ី នៅ​ Vladivostok ថ្ងៃទី ២៥ មេសា ២០១៩
ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង និង​ប្រធានាធិបតី​រុស្ស៊ី នៅ​ Vladivostok ថ្ងៃទី ២៥ មេសា ២០១៩ Alexander Zemlianichenko / POOL / AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា រវាង មេដឹកនាំ​ទាំងពីរ ប្រព្រឹត្តទៅ នៅក្រុង Vladivostok ដែលជាក្រុងផែរុស្ស៊ី ស្ថិតនៅ មាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ លោក គីម ជុង អ៊ុន ដែល​លើកនេះ ធ្វើជំនួប ជាមួយ​មេដឹកនាំ​រុស្ស៊ី គឺ ក្រោយពី គាត់បានជួប ជាមួយ​ប្រធានាធិបតី​សរអា លោក ដូណាល់ ត្រាំ អស់ពីរ​លើក​ទៅ​ហើយ ៖ មុនដំបូង នៅក្រុង សិង្ហបុរី រួច បន្ទាប់មក នៅក្រុង ហាណូយ ប៉ុន្តែ មិន​សម្រេច​បាន​ជោគជ័យ​អ្វី​ណាទេ។

ក្នុងជំនួប នៅក្រុង Vladivostok លោក គីម ជុង អ៊ុន និង លោក វ៉្លាឌីមៀរ ពូទីន ផ្តោត​ការពិភាក្សា គឺ ទៅ​លើ ការខំ​ប្រឹងប្រែង​ផ្នែក​នយោបាយ និង ការទូត ដើម្បី​សាកល្បង ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ នៅឧបទ្វីប​កូរ៉េ - សេចក្តីនេះ ថ្លែង​ដោយ ទីប្រឹក្សា​ប្រមុខ​រដ្ឋ​រុស្ស៊ី ខាង​កិច្ចការ​អន្តរជាតិ លោក Yuri Ushakov ។

ក្នុងសម្ភាសន៍ទៅ ទូរទស្សន៍រុស្ស៊ី ក្រោយពី​ឆ្លងកាត់​ព្រំដែន​ចូលដល់​ដីរុស្ស៊ី លោក គីម បានលើក​ឡើង​ជាអាទិ៍៖​ ខ្ញុំសង្ឃឹមថា កិច្ចចរចា នឹងសម្រេច​បាន​ដូចចិត្ត ហើយ​នឹង​មាន​ប្រយោជន៍។ ខ្ញុំ​សង្ឃឹម​ថា គូ​ភាគី អាច​ពិភាក្សា​បញ្ហា​ជាក់លាក់​ទាក់ទង​នឹង​កិច្ចចរចា​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ និង​អំពី​ទំនាក់ទំនង រុស្ស៊ី-កូរ៉េខាង​ជើង។

ថ្ងៃពុធម្សិលមិញ វិមានក្រេមឡាំង បានបញ្ចេញ​យោបល់ថា កិច្ចចរចា ៦ ភាគី ដែល​មាន​ចាប់ផ្តើមកា​លពី ជាង ១៥ ឆ្នាំ មុន ហើយ​បច្ចុប្បន្ន ស្ថិតនៅ​ជាប់គាំង​ទៅហើយ អាច​ក្លាយ​ជា មធ្យោបាយ​គាប់ប្រសើរ សម្រាប់ ធ្វើការងារ ដើម្បី​រំសាយ​ធាតុ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។

តាមអ្នកនាំ​ពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ៖ សម្រាប់​សំណុំ​រឿងនេះ ក្នុង​ដំណាក់​ឥឡូវ គ្មាន យន្តការ​អន្តរជាតិណា ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង កិច្ចចរចា ៦ ភាគី​នោះ​ឡើយ ពោលគឺ ចូលរួម ដោយ កូរ៉េទាំងពីរ សរអា ចិន រុស្ស៊ី និង ជប៉ុន។

ព្រមជាមួយនេះ លោក ពេស្កូវ បន្ថែមថា ៖ ចំណែក ការខំប្រឹងប្រែង ធ្វើដោយ​បណ្តា​ប្រទេស​ឯទៀត សក្តិសមនឹង​ទទួល​ការគាំទ្រ ប្រសិន​បើវា​តម្រង់​ទៅ​រំសាយធាតុ​នុយក្លេអ៊ែរ ពិតប្រាកដមែន និង ទៅ ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។

ដោយបារម្ភខ្លាចក្រែង​នាំ​ឲ្យ​ក្រុង វ៉ាស៊ីនតោន ថ្នាំងថ្នាក់ រុស្ស៊ី ប្រកាន់​ឥរិយាបថ​ជា “អ្នកជួយសម្រួល” មិនមែន ជា​គូប្រជែង​ឡើយ ក្នុង​កិច្ចចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ