អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ប៉ូលិស​ថៃ តាមរកចាប់ខ្លួន​ម្ចាស់​​ផ្ទះបណ្តែតទឹក​សមុទ្រ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​សុក្រ​ទី ១៩​មេសា ប៉ូលិស​ថៃ បើក​ប្រតិបត្តិការ​តាម​រកចាប់​ខ្លួន ប្តីប្រពន្ធ មួយគូ ដែល​ជាម្ចាស់​ផ្ទះ​បណ្តែតទឹក នៅ​ក្នុង​សមុទ្រ ក្បែរកោះ ភូកេត។ ដោយ​សង់ផ្ទះ​បណ្តែតទឹក​ក្នុង​សមុទ្រ​ថៃ មហាសេដ្ឋី​អាមេរិកាំង ហើយ​និង​ប្រពន្ធ​ជាតិ​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ពី​បទ​រំលោភ​ដែនអធិបតេយ្យភាព ដែល​ជា​បទឧក្រិដ្ឋធ្ងន់ធ្ងរ ប្រឈមមុខ​នឹង​ការកាត់ទោស​ប្រហារ​ជីវិត ឬ​ជាប់ពន្ធនាគារ​អស់មួយជីវិត។  

ផ្ទះបណ្តែតទឹកសមុទ្រ​របស់​មហាសេដ្ឋី​អាមេរិកាំង នៅ​សមុទ្រ​Andaman ឆ្ងាយ​ពី​កោះភូកេតដែល​អាជ្ញាធរ​ថៃ​ប្រកាស​ថា នឹង​រឹបអូស​ដោយសារ​តែ​វា​សង់​នៅក្នុង​ដែន​សមុទ្រ​ថៃ (រូបថត​ថ្ងៃទី ២០​មេសា)
ផ្ទះបណ្តែតទឹកសមុទ្រ​របស់​មហាសេដ្ឋី​អាមេរិកាំង នៅ​សមុទ្រ​Andaman ឆ្ងាយ​ពី​កោះភូកេតដែល​អាជ្ញាធរ​ថៃ​ប្រកាស​ថា នឹង​រឹបអូស​ដោយសារ​តែ​វា​សង់​នៅក្នុង​ដែន​សមុទ្រ​ថៃ (រូបថត​ថ្ងៃទី ២០​មេសា) ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ផ្ទះបណ្តែតទឹក​សមុទ្រ​របស់​ជនជាតិ​អាមេរិកាំង Chad Elwartowski និង​ប្រពន្ធ​ជាតិ​ថៃ នាង Supranee Thepdet ជាផ្នែកមួយ​នៃ​គម្រោង​Ocean Builders ដែល​ជា​សហគមន៍​ប្រមូលផ្តុំ​ទៅ​ដោយ​សហគ្រិន អ្នកមានគ្រាក់ៗ ដែល​ចង់​ជំរុញ​លើកទឹកចិត្ត​ឲ្យ​មាន​ការសាងសង់​ផ្ទះបណ្តែតទឹក ក្នុង​សមុទ្រ។

នៅ​លើ​វិបសៃតិ៍​របស់​Ocean Builders គេ​បាន​សរសេរថា ផ្ទះបណ្តែត​ទឹកសមុទ្រ គឺ​ជា​Concept បង្កើត​ផ្ទះអចិន្រ្តៃយ៍​នៅក្នុង​សមុទ្រ​អន្តរជាតិ ពោល​គឺ​មិន​ស្ថិតនៅក្នុង​ដែន​ទឹកសមុទ្រ​​របស់​ប្រទេស​ណាមួយ​ទេ។

ជនជាតិ​អាមេរិកាំង និង​ភរិយា​ជាតិ​ថៃ ដែល​កំពុង​រត់លាក់​ខ្លួន​ពី​ការតាមចាប់​របស់​អាជ្ញាធរ​ថៃ គឺ​ជា​សមាជិក​សកម្ម​របស់​Ocean Builders។ នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ ពី​លើ​ផ្ទះ​បណ្តែត​ទឹក​របស់ខ្លួន កាលពី​ខែ​មីនា​កន្លងទៅ ​បុរស ជាតិ​អាមេរិកាំង Chad Elwartowski បាន​ និយាយថា លើកទឹកចិត្ត​ឲ្យ​អ្នកដទៃ មក​ចូលរួម​ជាមួយ​ខ្លួន នៅក្នុង​សហគមន៍​ដែល​ប្រកាន់​​យក​របៀបរស់នៅ បែបសេរី គ្មាន​សិ្ថតនៅ​ក្រោម​អំណាច​ច្បាប់​របស់​រដ្ឋណា​ទាំង​អស់។ “រដ្ឋាភិបាល​បាន​ក្តោបក្តាប់ ធ្វើ​ជាម្ចាស់​ផ្តាច់មុខ​លើ​ដីគោក ប៉ុន្តែ ពួកគេ​មិនអាច​ទាមទារ​សិទ្ធិ​ផ្តាច់មុខ នៅ​សមុទ្រ​បាន​នោះទេ”។

មានរូបរាង​ដូចជា​ធុង​ទឹកដ៏ធំ ដែល​មាន​តាំង​ពី បន្ទប់គេង ចង្រ្កានបាយ និង​បន្ទប់ទឹក ផ្ទះ​បណ្តែត​ទឹកសមុទ្រ​របស់​គម្រោង​Ocean Builders មាន​ជើងទ្រ​ដោយ​ដុំដែក​អណ្តែតទឹក​ដែល​បោះយុថ្កា ទៅ​ភ្ជាប់​ដី​នៅ​បាតសមុទ្រ។ Chad Elwartowski ដែល​បាន​ក្លាយ​ជា​មហាសេដ្ឋី ដោយសារ​ជំនួញ​ទិញលក់ រូបិយវត្ថុ​អរូបិយ ប៊ីតខ័ញ បាន​អំពាវនាវ​ឲ្យ​ចាយ​លុយប៊ីតខ័ញ ដើម្បី​សង់ផ្ទះ​បណ្តែត​ទឹកសមុទ្រ ដែល​មាន​តម្លៃ​តែ ១៥​ម៉ឺនដុល្លារ​តែប៉ុណ្ណោះ ក្នុង​មួយខ្នង។នៅក្នុង​វីដេអូ​ផ្សព្វផ្សាយផ្ទះ​បណ្តែតទឹកសមុទ្រ របស់ខ្លួន បុរស​អាមេរិកាំង Chad បាន​ប្រកាស​ស្វែងរក​អ្នក​វិនិយោគ​សម្រាប់ សង់​ផ្ទះ​បណ្តែត​ទឹក​សមុទ្រ ប្រភេទនេះ ចំនួន​២០ ទៀត នៅក្បែរ​ផ្ទះ​របស់ខ្លួន នៅក្នុង​ដែន​សមុទ្រ​អន្តរជាតិ។ តាមChad មាន​ផ្ទះ នៅក្នុង​ដែន​សមុទ្រ​អន្តរជាតិ គឺ​គេ​មិន​ស្ថិតនៅ​ក្រោម​ច្បាប់​របស់​ប្រទេស​ណា​ទាំងអស់។ គេ​គោរពតែ​ច្បាប់​ធម្មជាតិ​សមុទ្រ​តែប៉ុណ្ណោះ។

ប៉ុន្តែ អាជ្ញាធរ​ថៃ វិញ មិន​យល់​ឃើញ​ដូច្នេះទេ។ ផ្ទះបណ្តែតទឹក​សមុទ្រ​លើកដំបូង​របស់​គម្រោង Ocean Builders ស្ថិតនៅក្នុង​ដែនទឹក​របស់​ថៃ ព្រោះវា​សង់​ឡើង​នៅចម្ងាយ​ប្រមាណ ១៩​គីឡូម៉ែត្រ​ពី​ឆ្នេរ​កោះភូកេត​របស់​ថៃ។ សម្រាប់​កងទ័ពជើងទឹក​ថៃ ប្តីប្រពន្ធ​មហាសេដ្ឋីប្រាក់​ប៊ីតខ័ញ មិន​បានសុំ​ការអនុញ្ញាត​សាងសង់​ពី​អាជ្ញាធរថៃនោះទេ។ ដោយ​បង្កើត​សំណង់​ខុសច្បាប់ ក្នុង​ដែនទឹកសមុទ្រ​ថៃ ពួកគេ​កំពុង​ល្មើស​នឹង​មាត្រា​ទី ១១៩​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថៃ ដែល​បាន​ចែង​ពី​បទល្មើស​ ដែល​ធ្វើ​ឲ្យ​ប្រទេស​បាត់បង់​ដែនអធិបតេយ្យ ទៅ​ឲ្យ​ប្រទេស​ដទៃ ឬ គំរាមកំហែង​ឯករាជ្យ​របស់​ថៃ។

ប្រតិកម្ម​ទៅ​នឹងការចោទប្រកាន់​របស់​អាជ្ញាធរ​ថៃ ទាំង ម្ចាស់ផ្ទះ ជាតិ​អាមេរិកាំង ហើយ​និងOcean Builders បាន​អះអាង​ថា ផ្ទះបណ្តែតទឹក​សាងសង់​ឡើង​នៅ​ចម្ងាយ ជាង​២០​គីឡូម៉ែត្រ ពី​ឆ្នេរ​កោះភូកេត ពោល​គឺ​នៅក្រៅដែន​ទឹកសមុទ្រ​របស់​ថៃ។ មួយវិញ ទៀត Ocean Builders​បាន​បញ្ជាក់​ថា ប្តីប្រពន្ធ អាមេរិកាំង​និង​ថៃ មិនមែន​ជាអ្នកសាងសង់​ផ្ទះ​បណ្តែតទឹក​នោះ​ទេ។ ពួកគេ​គ្រាន់តែ​អ្នកដែល​មក​ស្នាក់នៅ​តែប៉ុណ្ណោះ។

នៅ​ថ្ងៃ​សៅរ៍​កន្លងទៅ កងនាវាជើងទឹក​ថៃ បាន​អះអាង​ថា គេ​មាន​ភស្តុតាង​ដែល​ថា ប្តីប្រពន្ធ​មហាសេដ្ឋី​លុយ​ប៊ីតខ័ញ មាន​ផែនការ​ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​នៅ​ក្នុង​ដែនទឹក​របស់​ថៃ។ គេ​នឹង​រុះរើ អូសផ្ទះបណ្តែតទឹក យក​ទៅ​ធ្វើ​ជាភស្តុតាង​បន្ថែមទៀត ដើម្បី​ចោទ​ប្រកាន់​ប្តីប្របន្ធ​មួយគូ​នេះ ដែល​អាច​ប្រឈម​នឹង​ទោសប្រហារ​ជីវិត ឬ​ការជាប់ពន្ធនាគារ​អស់​មួយជីវិត។ សម្រាប់​អាជ្ញាធរ​ថៃ សកម្មភាព​របស់​ម្ចាស់​ផ្ទះបណ្តែតទឹក​សមុទ្រ​នឹង​ជះផល​អាក្រក់​ទៅលើ​ដែនសមុទ្រថៃ។ បើសិន​គេ​បណ្តោយទុក​ឲ្យ​កើតមាន​ផ្ទះ​បណ្តែត​ទឹកសមុទ្រ នោះ វា​នឹង​ប៉ះពាល់​ទៅ​ដល់​ចរាចរណ៍​ដឹកប្រេង យក​ទៅ​ផ្គត់ផ្គង់​កោះ​ទេសចរណ៍ ភូកេត នៅ​ថ្ងៃ​ខាងមុខ។

ការសាងសង់ បណ្តុះ ផ្ទះបណ្តែត​ទឹក នៅលើ​សមុទ្រ​អន្តរជាតិ​ ដើម្បី​ប៉ុនប៉ង​បង្កើត​ជា​ប្រទេស តូចៗ ឯករាជ្យ ធ្លាប់​កើតមានរួចហើយ ប៉ុន្តែ មិនដែល​បាន​ទទួលស្គាល់​តាមផ្លូវច្បាប់ ពី​រដ្ឋាភិបាល​នៅក្នុង​ពិភពលោក ឬ​អង្គការ​អន្តរជាតិ​ណាទេ។ អាជ្ញាធរ​ថៃវាយតម្លៃថា គំនិត​ចង់​បង្កើត​ឲ្យ​មាន​សហគមន៍ ​រស់នៅ​លើ​ទឹកសមុទ្រ តាមរយៈ ការសាង់សង់​ផ្ទះបណ្តែតទឹកសមុទ្រ គឺ​ជា​និន្នាការ​ដែល​កំពុង​វិវឌ្ឍន៍​លឿន ទៅ​ជាមួយ នឹង​ជំនួញ​ដ៏កាក់កប របស់​មហាសេដ្ឋី ដែល​បាន​ក្លាយខ្លួន​ជាអ្នកមាន ដោយសារ​ជំនួញ​ប៊ីតខ័ញ​ជាដើម។ ប៊ីតខ័ញ​​ជាប្រភេទ​រូបិយវត្ថុ​​អរូបិយ ​ដែល​មិនមែន​ចេញ​ដោយ​ធនាគារ​កណ្តាល​នៃ​ប្រទេសណាមួយ ប៉ុន្តែ​​​គេអាច​យកវា​​ទៅ​​​ប្រើ​ជា​មធ្យោបាយ​ដោះដូរ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ដូចជា​រូបិយវត្ថុ​ធម្មតា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ