អានតួអត្ថបទ
វៀតណាម-សហរដ្ឋអាមេរិក

អាមេរិក​បើកប្រតិបត្តិការ​បោសសម្អាត​សារធាតុ​គីមី Orange នៅ​វៀតណាម

ធ្លាប់​ជា​គូសត្រូវ សម្លាប់​បង្ហូរឈាម​គ្នា នៅក្នុង​សង្រ្គាម​វៀតណាម អាមេរិក និង​វៀតណាម បាន​ចាប់ដៃ​សហការគ្នា ដើម្បី​បោសសម្អាត​សារធាតុ​គីមី Orange ដែល​អាមេរិក​ធ្លាប់​ប្រើ​ដើម្បី កំទេច​ព្រៃ ជំរក របស់​ក្រុមវៀតកុង នៅ​ក្នុង​សង្រ្គាម​វៀតណាម។ នៅក្នុង​ប្រតិបត្តិការ​បោសសម្អាត​សារធាតុ​គីមី ដែល​ត្រូវបាន​បើក​សម្ពោធ ជាផ្លូវការ នៅថ្ងៃ​សៅរ៍​ម្សិលមិញ អាមេរិក តាមរយៈ​ទីភ្នាក់ងារជំនួយ​អាមេរិកUSAID គ្រោង​នឹង​ចំណាយ​ទឹកប្រាក់ ១៨៣​លាន​ដុល្លារ សម្រាប់​គម្រោង​បោសសម្អាត រយៈពេល ១០​ឆ្នាំ។ 

កងទ័ព​អាមេរិក​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​សារធាតុ​គីមី Orange នៅព្រលាន​យន្តហោះ ដាណាង នៅ​ឆ្នាំ ២០១១
កងទ័ព​អាមេរិក​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​សារធាតុ​គីមី Orange នៅព្រលាន​យន្តហោះ ដាណាង នៅ​ឆ្នាំ ២០១១ RICHARD NYBERG / USAID / AFP
ផ្សាយពាណិជ្ជកម្ម

គម្រោង​បោស​សម្អាត​សារធាតុ​គីមី​Orange របស់​អាមេរិក ចាប់ផ្តើម នៅ​មូលដ្ឋាន​ទ័ពអាកាស បៀងហ័រ Bien Hoa ដែល​ស្ថិតនៅ​ចម្ងាយ ៣០គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ។ មូលដ្ឋាន​ទ័ព​អាកាស បៀងហ័រ ដែល​ធ្លាប់​ជា​កន្លែង​ស្តុក សារធាតុគីមី Orange​ដ៏សំខាន់​របស់​កងទ័ព​អាមេរិក នៅ​ក្នុង​សម័យ​សង្រ្គាម​វៀតណាម។

នៅ​ចន្លោះឆ្នាំ ១៩៦២ និង​ឆ្នាំ ១៩៧១ កងទ័ព​អាមេរិក​បាន​ប្រើ​យន្តហោះ បាញ់​បាចសាច​សារធាតុ​គីមី Orange ប្រមាណ ៨០​លាន​លីត្រ ទៅលើ​តំបន់​ភាគខាងត្បូង​វៀតណាម ក្នុង​បំណង បន្ទុចបង្អាក់​ដំណើរ​រុលទៅមុខ​របស់​កងទ័ព​វៀតកុង តាមរយៈ ការបំផ្លាញ ជំរក​ដើមឈើ និង​អាហារ​របស់​កងទ័ព​កុម្មុយនិស្ត វៀតកុង។

គេ​ជឿ​ថា សារធាតុ​គីមី Orange ដែល​បាន​ហូរជ្រាប​ទៅក្នុង​ស្រទាប់ទឹក​ក្រោមដី និង​ទឹកស្ទឹង ជា​ដើមហេតុ​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ជាច្រើន​ជំនាន់​ធ្លាក់​ខ្លួន​ពិការ ទាំង​រូបកាយ និង​ប្រាជ្ញា។ មនុស្ស​ប្រមាណ ១សែន ៥ម៉ឺននាក់ បាន​កើត និង​លូតលាស់​មិន​ពេញលក្ខណៈ ដោយសារតែ​រងប៉ះពាល់​ដោយសារ​សារធាតុគីមី Orange។

ទីក្រុង​ហាណូយ វិញ វាយតម្លៃ​ថា មាន​ប្រជាជន​វៀតណាម ប្រមាណ ៣លាន​នាក់ រងគ្រោះ ដោយសារ​សារធាតុគីមី Orange​របស់​អាមេរិក ដែលនៅក្នុង មាន១លាននាក់ កំពុងធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​សព្វថ្ងៃ។

តាម​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អាមេរិក USAID នៅ​ខេត្ត​បៀងហ័រ សារធាតុ​គីមី ប្រមាណ ៥សែន​ម៉ែត្រគូប​បាន​លិច ជ្រាបចូល​ទៅក្នុង​ដី។ គឺ​ជា​បរិមាណ ដ៏ ច្រើន ដល់​ទៅ​៤​ដង បើប្រៀបធៀប​ទៅនឹង​ព្រលាន​យន្តហោះ នៅ​ដាណាង ដែល​អាមេរិក​ទើប​បញ្ចប់​ប្រតិបត្តិការ បោសសម្អាត (រយៈពេល​៦ឆ្នាំ) កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន។

នៅ​ឆ្នាំ ២០១២ នៅ​ពេល​អាមេរិក បើក​ប្រតិបត្តិការ​លើកដំបូង បោសសម្អាត​សារធាតុ គីមី Orange នៅ​ព្រលាន​យន្តហោះ ដាណាង គេរកឃើញថា នៅលើ​ទីតាំង​ដែលមាន​សារធាតុគីមី Orange ការប្រមូលផ្តុំ សារធាតុ​ពុលឌីអុកស៊ីន មានដល់​ទៅ ៤០០​ដង គឺ​ច្រើន​ជាង​ការកំណត់ ដែល​អាច​ទទួល​មនុស្ស។ ប្រជាជន​វៀតណាម​រងគ្រោះ​ដោយសារ​អាវុធ​គីមី របស់​អាមេរិក ធ្លាប់​បាន​ព្យាយាម​ទាមទារ​សំណង​ពី​អាមេរិក ដែរ ប៉ុន្តែ គ្មាន​បាន​លទ្ធផល ដោយសារ​ការបដិសេធ របស់​តុលាការ​កំពូល​អាមេរិក នៅឆ្នាំ ២០០៩។ យ៉ាងណាក៏ដោយ ទោះជាអាមេរិក​មិន​ដែល​ទទួល​ស្គាល់​ថា សារធាតុ​គីមី Orange​ជា​ដើមហេតុ​ធ្វើ​ឲ្យ​មនុស្ស​កើតមក មិន​គ្រប់លក្ខណៈ នៅ​វៀតណាម ប៉ុន្តែ ទីភ្នាក់ងារ​ផ្តល់ជំនួយ​អាមេរិកUSAID អះអាង​នៅថ្ងៃ​សៅរ៍ម្សិលមិញ ថា អាមេរិក​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​វៀតណាមដើម្បី កែលម្អ​ជីវិតរស់នៅ​របស់​ប្រជាជន​ពិការ​វៀតណាម នៅ​ខេត្ត​ចំនួន​៧​របស់​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ