rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មី និង​លែង​ចង់​ស្តី​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោកម៉ៃ ប៉ុមប៉េអូ

ដោយ គួច គន្ធារ៉ា

នៅ​កូរ៉េខាងជើង ទីភ្នាក់ងារ​ផ្លូវការ​ឈ្មោះ KCNA បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា​នេះ​ថា លោក​គីម ជុងអ៊ុន​បាន​ចូលរួម​ពិនិត្យ​ការ​បាញ់​សាកល្បង​អាវុធ​ថ្មី​មាន​បំពាក់​ដោយ​ក្បាលគ្រាប់​ដែល​មាន​កម្លាំងផ្ទុះ​ដ៏​មហិមា។ ទន្ទឹម​នឹង​ការ​បាញ់​សាកល្បង​អាវុធ​ថ្មី កូរ៉េខាងជើង​ក៏​បាន​ប្រាប់​ពី​ឆន្ទៈ​លែង​ចង់​និយាយ​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ែ ប៉ុមប៉េអូ​ទៀត​ឡើយ។

ការ​បាញ់​សាកល្បង​អាវុធ​ថ្មី​ពី​សំណាក់​របប​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កំពុង​បន្ត​ជាប់គាំង នោះ​បើ​ទោះ​បី​ជា​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ជួប​គ្នា​ជា​លើកទី៣ ក៏​ដោយ។

រហូត​ដល់​ពេល​នេះ និង​ក្រៅ​តែ​ពី​កូរ៉េខាងជើង​ជា​អ្នក​ប្រកាស​ប្រាប់ នៅ​មិន​ទាន់​មាន​ប្រភព​ណា​ផ្សេង​បាន​បញ្ជាក់​លើ​ព័ត៌មាន​ស្តីពី​ការ​បាញ់​សាកល្បង​អាវុធ​ថ្មី​មួយ​នេះ​នៅ​ឡើយ​ទេ។ បើ​តាម​ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA អាវុធ​ថ្មី​នោះ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ចង្អុល​បង្ហាញ​ផ្លូវ និង​ក្បាលគ្រាប់​ដែល​មាន​កម្លាំងផ្ទុះ​ដ៏​មហិមា។ ចំណែក​ការ​សាកល្បង​គឺ​ដើម្បី​ផ្ទៀងផ្ទាត់​ពី​ដំណើរការ​នៃ​ការ​នាំ​ក្បាលគ្រាប់​ទៅ​ជាមួយ រួម​ទាំង​ប្រព័ន្ធ​ចង្អុល​បង្ហាញ​ផ្លូវ។ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ជា​អ្នក​ចូលរួម​ពិនិត្យ​ផ្ទាល់​នៅ​ក្នុង​ការ​បាញ់​សាកល្បង និង​បាន​ចាត់​ទុក​ការ​បាញ់​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​មួយ​នេះ​ថា​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​ខ្លាំង​សម្រាប់​បង្កើន​អំណាច​ប្រយុទ្ធ​របស់​កងទ័ព​ប្រជាមានិត​កូរ៉េខាងជើង។

គួរ​រម្លឹក​ថា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ របប​ក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​ប្រកាស​ពី​ការ​បាញ់សាកល្បង​អាវុធ​ថ្មី តែ​មិន​បាន​លំអិត​អ្វី​ឲ្យ​បាន​ក្បោះក្បាយ​ទេ។ គេ​ក៏​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​អាវុធ​ថ្មី​ដែល​កូរ៉េខាងជើង​ទើប​បាន​បាញ់​សាកល្បង​ពេល​នេះ​ដូច​គ្នា​នឹង​អាវុធ​ថ្មី​បាញ់​សាកល្បង​កាល​ពី​ខែ​វិច្ឆិកា​នោះ​ឬ​អត់។ តើ​អាវុធ​ថ្មី​ដែល​កូរ៉េខាងជើង​បាន​លើក​ឡើង​អាច​ជា​គ្រាប់មីស៊ីល​បាលីស្ទិក​ថ្មី​ដែរ​ឬ​ទេ?។ សំណួរ​នេះ​ក៏​នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​ហ៊ាន​ឆ្លើយ​ច្បាស់ៗ​ដែរ​នា​ពេល​នេះ។ កូរ៉េខាងត្បូង និង​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។

តែ​អ្នក​ទទួល​ខុស​ត្រូវ​យោធា​កូរ៉េខាងត្បូង​ម្នាក់​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ប្រហែល​ជា​មិនមែន​គ្រាប់មីស៊ីល​ទេ ព្រោះ​បើ​កូរ៉េខាងជើង​បាញ់​គ្រាប់ស៊ីល ប្រព័ន្ធ​រ៉ាដារ​របស់​យោធា​កូរ៉េខាងត្បូង​តែង​មើល​ឃើញ និង​ចាប់​បាន​គ្រប់​ពេល។ ចំណែក​លោក​អង់គីត ប៉ង់ដា អ្នក​ជំនាញ​បញ្ហា​កូរ៉េខាងជើង​បាន​យល់ឃើញ​ថា អ្វី​ដែល​កូរ៉េខាងជើង​បាន​ពិពណ៌នា​នោះ​ហាក់​ដូច​ជា​គ្រាប់មីស៊ីល តែ​វា​ក៏​អាច​ជា​​អ្វី​ផ្សេង​រាប់​តាំង​គ្រាប់មីស៊ីល​ខ្នាតតូច​សម្រាប់​បាញ់​រថក្រោះ​រហូត​ដល់​គ្រាប់រ៉ូកែត។

លោក​គីម ជុងអ៊ុន​ចង់​ផ្ញើ​សារ​ព្រមាន​លោក​ដូណាល់ ត្រាំ?

ទោះ​បី​ជា​គ្រាប់មីស៊ីល ឬ​ក៏​ជា​អាវុធថ្មី ទង្វើ​របស់​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កំពុង​បន្ត​ជាប់គាំង។ បើ​ពិនិត្យ​មើល​ជា​រួម បុរសខ្លាំង​កូរ៉េខាងជើង​គីម ជុងអ៊ុន​ចង់​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​ប្រើ​យុទ្ធសាស្រ្ត​ដដែល ឬ​មួយ​សាកល្បង​នុយក្លេអ៊ែរ ឬ​មួយ​បាញ់​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិក។ តែ​បើ​ពិនិត្យ​ឲ្យ​បាន​ស៊ីជ្រៅ​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ពិសេស​ក្នុង​ពេល​ដែល​លោក​គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​បង្ហាញ​ឆន្ទៈ​ចង់​សម្របសម្រួល​គ្នា លោក​គីម​គ្រាន់​តែ​ចង់​ប្រើ​ការ​បាញ់សាកល្បង​អាវុធ​ថ្មី​ពេល​នេះ​ដើម្បី​មាន​ប្រៀប​នៅ​ក្នុង​ការ​ចរចា។

លោក​គីម​ចង់​ប្រាប់​លោក​ត្រាំ​ពី​សក្តានុពល​យោធា​របស់​កូរ៉េខាងជើង​ដែល​កំពុង​ចម្រើន​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ក៏​ចង់​ប្រាប់​លោក​ត្រាំ​ពី​ការ​មិន​សប្បាយចិត្ត​របស់​កូរ៉េខាងជើង​នៅ​ចំពោះ​មុខ​ភាព​ប្រទាញប្រទង់ និង​អូសបន្លាយ​នៃ​ការ​ចរចា។ គួរ​រម្លឹក​ថា លោក​គីម និង​លោក​ត្រាំ​បាន​ជួប​គ្នា​ចំនួន​ពីរ​ដង ហើយ​ជំនួបលើកទី២ ក្នុង​ប្រទេស​វៀតណាម​បាន​ទទួល​បរាជ័យ។ នា​ពេល​ថ្មីៗ​កន្លង​ទៅ លោក​ត្រាំ និង​លោក​គីម​បាន​បន្ត​បង្ហាញ​ឆន្ទៈ​ចង់​ជួប​គ្នា​លើកទី៣ ដើម្បី​បន្ត​កិច្ចចរចា​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រុង​ព្យុងយ៉ាង​បាន​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ប្តូរ​ឥរិយាបទ ពោល​ត្រូវ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​កូរ៉េខាងជើង។ តែ​វ៉ាស៊ីនតោន​បន្ត​ប្រកាន់​ជំហរ​ដដែល ពោល​ឲ្យ​ព្យុងយ៉ាង​រំសាយនុយក្លេអ៊ែរ​ជា​មុន​សិន។

កិច្ចខិតខំ​ប្រឹងប្រែង​រវាង​លោក​គីម និង​លោក​ត្រាំ​នា​ពេល​មក​ត្រូវ​រលាយ​ត្រឹម​នេះ?

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ដូណាល់ ត្រាំ​យល់ឃើញ​យ៉ាង​ម៉េច​ចំពោះ​ការ​បាញ់​សាកល្បង​អាវុធ​ថ្មី​របស់​លោក​គីម ជុងអ៊ុន​ពេល​នេះ​ទេ។ បើ​លោក​ត្រាំ​យល់​ថា ការ​បាញ់​សាកល្បង​អាវុធថ្មី​ពី​សំណាក់​លោក​គីម​ពេល​នេះ​ពិត​ជា​ធ្ងន់ធ្ងរ​ដូច​ជា​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​មួយ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក នោះ​ប្រតិកម្ម​របស់​លោក​ត្រាំ​នឹង​អាច​មាន​ចាស់​ដៃ។ ផ្ទុយ​ទៅ​វិញ លោក​ត្រាំ​អាច​នឹង​ផ្តើម​ពិចារណា​ឡើង​វិញ​លើ​ជំហរ និង​ឥរិយាបទ​របស់​រដ្ឋបាល​អាមេរិក​ចំពោះ​របប​ក្រុង​ព្យុងយ៉ាង។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​ដែល​លោក​គីម​មិន​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​បាលីស្ទិក​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ថា លោក​គីម​ពិត​ជា​មាន​ឆន្ទៈ​ចង់​បន្ត​កិច្ចចរចា​ជាមួយ​លោក​ត្រាំ។

គួរ​រម្លឹក​ឡើង​វិញ​ថា តាំង​ពី​លោក​គីម និង​លោក​ត្រាំ​បាន​ជួប​គ្នា​ជា​ប្រវត្តិសាស្រ្ត​លើកទី១ ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៨ នៅ​ប្រទេស​សិង្ហបុរី​មក កូរ៉េខាងជើង​មិន​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​ម្តង​ណា​ទេ​មក​ទល់​ពេល​នេះ។ លោក​ដូណាល់ ត្រាំ​ធ្លាប់​ទាំង​បាន​បញ្ជាក់​ច្បាស់ៗ​ទៀត​ថា បើ​កូរ៉េខាងជើង​បន្ត​មិន​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក លោក​ពេញចិត្ត និង​សប្បាយចិត្ត​ណាស់​ទៅ​ហើយ នោះ​បើ​ទោះ​បី​ជា​កូរ៉េខាងជើង និង​អាមេរិក​នៅ​មិន​ទាន់​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​នៅ​ឡើយ​ក្តី។

តើ​ការ​ត្រឹម​បាញ់សាកល្បង​អាវុធ​ថ្មី​របស់​កូរ៉េខាងជើង​ពេល​នេះ ជា​ការ​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​លោក​គីម និង​លោក​ត្រាំ​ប្រកប​ដោយ​ផ្លែផ្កា​ឆាប់​រហ័ស​នា​ពេល​ខាង​មុខ ឬ​មួយ​ក៏​ផ្ទុយ​ទៅ​វិញ ជា​ការ​បន្ទុចបង្អាក់​នៃ​ដំណើរការ​ចរចា។ គេ​ត្រូវ​រង់ចាំ​ចម្លើយ​នៅ​ពេល​ខាង​មុខ៕

លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ​ចង់​ប្រយុទ្ធ​ជាមួយ​អាមេរិក ​អ៊ីរ៉ង់​នឹង​រលាយ​​ជា​ស្ថាពរ​”

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

ការប្រែប្រួល​អាកាសធាតុ កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​របស់​អង្គការ​សហប្រជាជាតិ

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

វិបត្តិ​ហ្កាហ្សា ៖ ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ព្រម​គោរព​បទ​ឈប់​បាញ់​ ជាមួយអ៊ីស្រាអែល

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

ខួប៥០០ឆ្នាំ​នៃមរណភាព​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ទាញ​បារាំង-អ៊ីតាលី​ឱ្យ​ខិត​រក​គ្នា​វិញ

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?

ចិន៖លោកស៊ី ជីនពីង​ការពារ​គម្រោង « ខ្សែក្រវ៉ាត់ និងផ្លូវ » និង​​ប្រឆាំង​នយោបាយ​ការពារនិយម