កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធថ្មី និងលែងចង់ស្តីជាមួយប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៣
នៅកូរ៉េខាងជើង ទីភ្នាក់ងារផ្លូវការឈ្មោះ KCNA បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៨ មេសានេះថា លោកគីម ជុងអ៊ុនបានចូលរួមពិនិត្យការបាញ់សាកល្បងអាវុធថ្មីមានបំពាក់ដោយក្បាលគ្រាប់ដែលមានកម្លាំងផ្ទុះដ៏មហិមា។ ទន្ទឹមនឹងការបាញ់សាកល្បងអាវុធថ្មី កូរ៉េខាងជើងក៏បានប្រាប់ពីឆន្ទៈលែងចង់និយាយជាមួយប្រមុខការទូតអាមេរិកលោកម៉ែ ប៉ុមប៉េអូទៀតឡើយ។ ការបាញ់សាកល្បងអាវុធថ្មីពីសំណាក់របបក្រុងព្យុងយ៉ាងពេលនេះបានធ្លាក់មក ចំពេលដែលកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកស្តីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងកំពុងបន្តជាប់គាំង នោះបើទោះបីជាលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំបានបង្ហាញពីឆន្ទៈចង់ជួបគ្នាជាលើកទី៣ ក៏ដោយ។
រហូតដល់ពេលនេះ និងក្រៅតែពីកូរ៉េខាងជើងជាអ្នកប្រកាសប្រាប់ នៅមិនទាន់មានប្រភពណាផ្សេងបានបញ្ជាក់លើព័ត៌មានស្តីពីការបាញ់សាកល្បងអាវុធថ្មីមួយនេះនៅឡើយទេ។ បើតាមទីភ្នាក់ងារផ្លូវការកូរ៉េខាងជើងឈ្មោះ KCNA អាវុធថ្មីនោះមានបំពាក់ដោយប្រព័ន្ធចង្អុលបង្ហាញផ្លូវ និងក្បាលគ្រាប់ដែលមានកម្លាំងផ្ទុះដ៏មហិមា។ ចំណែកការសាកល្បងគឺដើម្បីផ្ទៀងផ្ទាត់ពីដំណើរការនៃការនាំក្បាលគ្រាប់ទៅជាមួយ រួមទាំងប្រព័ន្ធចង្អុលបង្ហាញផ្លូវ។ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនជាអ្នកចូលរួមពិនិត្យផ្ទាល់នៅក្នុងការបាញ់សាកល្បង និងបានចាត់ទុកការបាញ់សាកល្បងប្រកបដោយជោគជ័យមួយនេះថាជាព្រឹត្តិការណ៍មួយដ៏សំខាន់ខ្លាំងសម្រាប់បង្កើនអំណាចប្រយុទ្ធរបស់កងទ័ពប្រជាមានិតកូរ៉េខាងជើង។
គួររម្លឹកថាក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ របបក្រុងព្យុងយ៉ាងធ្លាប់បានប្រកាសពីការបាញ់សាកល្បងអាវុធថ្មី តែមិនបានលំអិតអ្វីឲ្យបានក្បោះក្បាយទេ។ គេក៏នៅមិនទាន់អាចបញ្ជាក់បានទេថា តើអាវុធថ្មីដែលកូរ៉េខាងជើងទើបបានបាញ់សាកល្បងពេលនេះដូចគ្នានឹងអាវុធថ្មីបាញ់សាកល្បងកាលពីខែវិច្ឆិកានោះឬអត់។ តើអាវុធថ្មីដែលកូរ៉េខាងជើងបានលើកឡើងអាចជាគ្រាប់មីស៊ីលបាលីស្ទិកថ្មីដែរឬទេ?។ សំណួរនេះក៏នៅមិនទាន់មាននរណាម្នាក់ហ៊ានឆ្លើយច្បាស់ៗដែរនាពេលនេះ។ កូរ៉េខាងត្បូង និងអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
តែអ្នកទទួលខុសត្រូវយោធាកូរ៉េខាងត្បូងម្នាក់មិនព្រមបញ្ចេញឈ្មោះបានបញ្ជាក់ថា ប្រហែលជាមិនមែនគ្រាប់មីស៊ីលទេ ព្រោះបើកូរ៉េខាងជើងបាញ់គ្រាប់ស៊ីល ប្រព័ន្ធរ៉ាដាររបស់យោធាកូរ៉េខាងត្បូងតែងមើលឃើញ និងចាប់បានគ្រប់ពេល។ ចំណែកលោកអង់គីត ប៉ង់ដា អ្នកជំនាញបញ្ហាកូរ៉េខាងជើងបានយល់ឃើញថា អ្វីដែលកូរ៉េខាងជើងបានពិពណ៌នានោះហាក់ដូចជាគ្រាប់មីស៊ីល តែវាក៏អាចជាអ្វីផ្សេងរាប់តាំងគ្រាប់មីស៊ីលខ្នាតតូចសម្រាប់បាញ់រថក្រោះរហូតដល់គ្រាប់រ៉ូកែត។
លោកគីម ជុងអ៊ុនចង់ផ្ញើសារព្រមានលោកដូណាល់ ត្រាំ?
ទោះបីជាគ្រាប់មីស៊ីល ឬក៏ជាអាវុធថ្មី ទង្វើរបស់កូរ៉េខាងជើងពេលនេះបានធ្លាក់មក ចំពេលដែលកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកស្តីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងកំពុងបន្តជាប់គាំង។ បើពិនិត្យមើលជារួម បុរសខ្លាំងកូរ៉េខាងជើងគីម ជុងអ៊ុនចង់បន្តផ្គើនសហគមន៍អន្តរជាតិដោយប្រើយុទ្ធសាស្រ្តដដែល ឬមួយសាកល្បងនុយក្លេអ៊ែរ ឬមួយបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិក។ តែបើពិនិត្យឲ្យបានស៊ីជ្រៅនៅក្នុងកាលៈទេសៈសព្វថ្ងៃ ពិសេសក្នុងពេលដែលលោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកំពុងបន្តបង្ហាញឆន្ទៈចង់សម្របសម្រួលគ្នា លោកគីមគ្រាន់តែចង់ប្រើការបាញ់សាកល្បងអាវុធថ្មីពេលនេះដើម្បីមានប្រៀបនៅក្នុងការចរចា។
លោកគីមចង់ប្រាប់លោកត្រាំពីសក្តានុពលយោធារបស់កូរ៉េខាងជើងដែលកំពុងចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ និងក៏ចង់ប្រាប់លោកត្រាំពីការមិនសប្បាយចិត្តរបស់កូរ៉េខាងជើងនៅចំពោះមុខភាពប្រទាញប្រទង់ និងអូសបន្លាយនៃការចរចា។ គួររម្លឹកថា លោកគីម និងលោកត្រាំបានជួបគ្នាចំនួនពីរដង ហើយជំនួបលើកទី២ ក្នុងប្រទេសវៀតណាមបានទទួលបរាជ័យ។ នាពេលថ្មីៗកន្លងទៅ លោកត្រាំ និងលោកគីមបានបន្តបង្ហាញឆន្ទៈចង់ជួបគ្នាលើកទី៣ ដើម្បីបន្តកិច្ចចរចាក្នុងការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង។ តែក្នុងពេលជាមួយគ្នានេះ ក្រុងព្យុងយ៉ាងបានទាមទារឲ្យក្រុងវ៉ាស៊ីនតោនប្តូរឥរិយាបទ ពោលត្រូវដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីកូរ៉េខាងជើង។ តែវ៉ាស៊ីនតោនបន្តប្រកាន់ជំហរដដែល ពោលឲ្យព្យុងយ៉ាងរំសាយនុយក្លេអ៊ែរជាមុនសិន។
កិច្ចខិតខំប្រឹងប្រែងរវាងលោកគីម និងលោកត្រាំនាពេលមកត្រូវរលាយត្រឹមនេះ?
គេនៅមិនទាន់ដឹងថា តើលោកដូណាល់ ត្រាំយល់ឃើញយ៉ាងម៉េចចំពោះការបាញ់សាកល្បងអាវុធថ្មីរបស់លោកគីម ជុងអ៊ុនពេលនេះទេ។ បើលោកត្រាំយល់ថា ការបាញ់សាកល្បងអាវុធថ្មីពីសំណាក់លោកគីមពេលនេះពិតជាធ្ងន់ធ្ងរដូចជាការសាកល្បងនុយក្លេអ៊ែរ ឬមួយការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិក នោះប្រតិកម្មរបស់លោកត្រាំនឹងអាចមានចាស់ដៃ។ ផ្ទុយទៅវិញ លោកត្រាំអាចនឹងផ្តើមពិចារណាឡើងវិញលើជំហរ និងឥរិយាបទរបស់រដ្ឋបាលអាមេរិកចំពោះរបបក្រុងព្យុងយ៉ាង។ ក្រុមអ្នកវិភាគបានមើលឃើញថា ការដែលលោកគីមមិនសាកល្បងនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលបាលីស្ទិកជាសក្ខីកម្មមួយបញ្ជាក់ថា លោកគីមពិតជាមានឆន្ទៈចង់បន្តកិច្ចចរចាជាមួយលោកត្រាំ។
គួររម្លឹកឡើងវិញថា តាំងពីលោកគីម និងលោកត្រាំបានជួបគ្នាជាប្រវត្តិសាស្រ្តលើកទី១ ក្នុងខែមិថុនា ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរីមក កូរ៉េខាងជើងមិនបានធ្វើការសាកល្បងនុយក្លេអ៊ែរ ឬបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិកម្តងណាទេមកទល់ពេលនេះ។ លោកដូណាល់ ត្រាំធ្លាប់ទាំងបានបញ្ជាក់ច្បាស់ៗទៀតថា បើកូរ៉េខាងជើងបន្តមិនសាកល្បងនុយក្លេអ៊ែរ ឬបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិក លោកពេញចិត្ត និងសប្បាយចិត្តណាស់ទៅហើយ នោះបើទោះបីជាកូរ៉េខាងជើង និងអាមេរិកនៅមិនទាន់អាចរកឃើញកិច្ចព្រមព្រៀងនៅឡើយក្តី។
តើការត្រឹមបាញ់សាកល្បងអាវុធថ្មីរបស់កូរ៉េខាងជើងពេលនេះ ជាការជួយផ្តល់សន្ទុះកិច្ចចរចារវាងលោកគីម និងលោកត្រាំប្រកបដោយផ្លែផ្កាឆាប់រហ័សនាពេលខាងមុខ ឬមួយក៏ផ្ទុយទៅវិញ ជាការបន្ទុចបង្អាក់នៃដំណើរការចរចា។ គេត្រូវរង់ចាំចម្លើយនៅពេលខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ