បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតីផុតអាណត្តិកំពុងសំឡឹងឃើញជោគជ័យ ជាលើកទីពីរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១០
ឥណ្ឌូណេស៊ី ប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទីបួនពិភពលោក និងជាតំណាងប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំធំលំដាប់ទីបីពិភពលោក កំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃពុធទី ១៧មេសា ២០១៩នេះ ដោយមានពលរដ្ឋចុះឈ្មោះបោះឆ្នោតជាង ១៩២លាននាក់។ បេក្ខជនប្រធានាធិបតីដែលត្រូវមកចូលរួមប្រកួត មានពីររូប ៖លោក ហ្សូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីផុតអាណត្តិ ទល់នឹងលោកប្រាបូវូ ស៊ូប៊ីយ៉ានតូ(Prabowo Subianto) អតីតឧត្តមសេនីយ៍ក្នុងរបបផ្តាច់ការស៊ូហាតូ។ បើតាមការស្ទង់មតិ ប្រធានាធិបតីផុតអាណត្តិទំនងជាអាចមានសំណាងបានឈ្នះគូប្រជែង និងបន្តដឹកនាំប្រទេសអាណត្តិទីពីរ។
ជាការបោះឆ្នោតដ៏ធំ និងស្មុគស្មាញ ពុំធ្លាប់ត្រូវឥណ្ឌូណេស៊ីរៀបចំធ្វើពីមុនមកទេ នៅឥណ្ឌូណេស៊ី។
ថ្ងៃនេះ ពលរដ្ឋជាង១៩០លាននាក់ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានបេក្ខជនពីររូប ប្រកួតប្រជែងគ្នាផង និង ត្រូវបោះឆ្នោតសភា ជ្រើសរើសតំណាងរាស្ត្រថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានទៀត។ មានបេក្ខជនដល់ទៅ២៤៥០០០នាក់ ឈរឈ្មោះជាសមជិកសភា និងអ្នកតំណាងមូលដ្ឋាន ឱ្យប្រជាពលរដ្ឋបោះឆ្នោត។ ជាសរុបឥណ្ឌូណេស៊ីបានរៀបចំការិយាល័យបោះឆ្នោតចំនួន ជាង៨០ម៉ឺនការិយាល័យ ដាក់ពង្រាយនៅទូទាំងប្រទេស ដែលជាប្រជុំកោះតូចធំចំនួនដល់ទៅ១៧០០០កោះ លាតសន្ធឹងពីកើតទៅលិច ប្រវែង ៤៨០០គីឡូម៉ែត្រ។
ខេត្តពូអាស៊ី នៅភាគខាងកើតបំផុតនៃប្រទេស បានចាប់ផ្តើមបោះឆ្នោតមុនគេ នៅវេលាម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ ដែលត្រូវជាម៉ោង ១០យប់ថ្ងៃអង្គារនៅឡើយបើគិតតាមម៉ោងសកល ហើយអ្នកដែលចាប់បោះឆ្នោតក្រោយគេ នៅម៉ោង១រសៀល គឺនៅកោះស៊ូម៉ាត្រាភាគខាងលិចបំផុតនេះប្រទេស។
បេក្ខជនប្រធានាធិបតី ជាគូប្រជែងចាស់
បដាឃោសនាបោះឆ្នោតមានបិទរូបបេក្ខជនប្រធានាធិបតី ដដែល ដូចផ្ទាំងឃោសនាកាលពីឆ្នាំ២០១៤ ដែលកាលណោះ លោក ហ្សូកូ វីដូដូ បានឈ្នះក្នុងសំឡេង៥៣%។ នៅថ្ងៃនេះ ប្រធានាធិបតីផុតអាណត្តិ លោក ហ្សូកូ វីដូដូ ហៅ ហ្សូកូវី អាយុ៥៧ឆ្នាំ ត្រូវប្រឈមជាថ្មីនឹងគូប្រជែងចាស់ដដែល គឺលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ។ ខ្លឹមសារនៃការប្រកួតប្រជែងនយោបាយក៏មិនប្លែកខ្លាំង កាលពីប្រាំឆ្នាំមុនដែរ។
ម្ខាងគឺរូបលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ អាយុ៦៧ឆ្នាំ ជាអតីតឧត្តមសេនីយ៍ និងជាកូនប្រសាររបស់មេដឹកនាំផ្តាច់ការឥណ្ឌូណេស៊ី លោក ស៊ូហាតូ។ នេះជាលើកទីបីហើយដែលលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានមកឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតី។ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ មាននិន្នការជាអ្នកអភិរក្ស និង ជាតិនិយម ការពារតែប្រយោជន៍សេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ី តាមគំរូលោកដូណាល់ត្រាំ ដោយមិនខ្លាចនឹងធ្វើការឃោសនាវាយប្រហារប្រធានាធិបតីផុតអាណត្តិ ដែលព្រមទទួលលុយចិនមកសម្រេចគម្រោងស្ថាបនាជាតិឡើយ។ តែលោកប្រាបូវូ ធ្លាប់មានប្រវត្តិមិនល្អកាលធ្វើមេទាហាន ដោយជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅទីម័រខាងកើត។
ចំណែកលោក ហ្សូកូវី ជាតំណាងចរន្តនយោបាយសេរីនិយមបែបថ្មី ស្និទ្ធនឹងប្រជាពលរដ្ឋ និងមាននិន្នាការសាសនា ជាអ្នកអ៊ីស្លាមកណ្តាលនិយម។ លោក ហ្សូកូវី រំពឹងលើស្នាដៃដឹកនាំប្រទេស ដែលលោកសម្រេចបាននារយៈពេលបួនឆ្នាំកន្លងមកនេះ ក្នុងការទាក់ទាញសំឡេងគាំទ្រ។ កាត់បន្ថយវិសមភាពសង្គម គិតគូរតំបន់ជនបទ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការសម្ពោធបើកឱ្យប្រើប្រាស់ខ្សែរថភ្លើងក្រោមដី កាលពីខែមីនា កន្លងទៅសុទ្ធសឹងជាស្នាដៃជាក់ស្តែងដែលលោក ហ្សូកូវីបានសម្រេចបាន។ ជាងនេះទៅទៀត លោកផ្តោតការឃោសនា ដោយដៅទិសទាក់ទាញសំឡេងឆ្នោតពីយុវវ័យ (ទើបមានសិទ្ធិបោះឆ្នោតជាលើកដំបូង ដែលតំណាងឱ្យ៣០%នៃចំនួនអ្នកបោះឆ្នោតសរុប។ យុទ្ធសាស្ត្រជាចុងក្រោយ គឺការជ្រើសរើសអនុប្រធានាធិបតី ជាអ្នកអ៊ីស្លាមនិយម ដ៏អភិរក្ស ឱ្យមកសហការជាមួយលោក ដើម្បីទាក់ទាញប្រជាពលរដ្ឋអ្នកអ៊ីស្លាមនិយម។ ឥណ្ឌូណេស៊ីជាប្រទេសកាន់សាសនាអ៊ីស្លាមធំជាងគេបំផុតនៅលើពិភពលោក បរិបទពិភពលោកបានធ្វើចរន្តអ៊ីស្លាមនិយមស្ទុះឡើងខ្លាំង ដែលលោក ហ្សូកូវី មិនអាចមើលរំលងបានឡើយ។
ប្រធានាធិបតីផុតអាណត្តិ កំពុងនាំមុខ
មួយម៉ោង មុនពេលបិទការិយាល័យបោះឆ្នោត វិទ្យាស្ថានស្ថិតិឥណ្ឌូណេស៊ី ចំនួនបី បានផ្តល់លទ្ធផលប៉ាន់ស្មានដំបូង ដូចគ្នា គឺលោក ហ្សូកូវី អាចនឹងឈ្នះលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ក្នុងកំរិត ៥៥%ទល់នឹង៤៥%។ លទ្ធផលសម្រេចជាផ្លូវការ នឹងត្រូវប្រកាសនៅខែឧសភា។
ប៉ុន្តែអ្នកវិភាគនយោបាយឥណ្ឌូណេស៊ី គិតថាទំនងជាគ្មានការប្រែប្រួលលទ្ធផល អ្វីធំដុំទេ និងសង្ឃឹមថាក្រោយលទ្ធផលប្រកាសជាផ្លូវការ ឥណ្ឌូណេស៊ីនឹងមានការផ្សះផ្សាជាតិឡើងវិញភ្លាម ដោយគ្មានការប្រទាញប្រទង់។ គណបក្សប្រឆាំង របស់លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដែលដឹកនាំឃោសនានយោបាយដោយឈរទស្សនៈជាតិនិយមខ្លាំង បានព្រមានអំពីលទ្ធភាពនៃការប្រឆាំងនឹងលទ្ធផលឆ្នោតប្រសិនបើមានការលួចបន្លំ និងសន្យាដឹកនាំធ្វើបាតុកម្មប្រឆាំងផង។ កាលពីឆ្នាំ២០១៤ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានប្តឹងតវ៉ាលទ្ធផលឆ្នោត ទៅតុលាការ មុនព្រមទទួលស្គាល់បរាជ័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ