អានតួអត្ថបទ
វៀតណាម-ពុករលួយ

នៅ​វៀតណាម ប្អូនប្រុស​របស់​មហាសេដ្ឋី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​បទពុករលួយ

នៅ​ក្នុង​ប្រទេស​វៀតណាម ក្រសួង​សន្តិសុខ​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី១៣ មេសា​ពី​ការ​ចាប់​ខ្លួន​លោក​ហ្វាំ ញឹតវុ នៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សោតទស្សន៍​ឈ្មោះ Audio Visual Global ហៅ​កាត់ AVG។ លោក​ហ្វាំ ញឹតវុ​ជា​អតីត​ប្រធាន​ក្រុមហ៊ុន AVG និង​ជា​ប្អូនប្រុស​បង្កើត​របស់​លោក​ហ្វាំ ញឹតវឿង​ដែល​ជា​មហាសេដ្ឋី​លំដាប់ទី១ នៅ​វៀតណាម។ ការ​ចាប់​ខ្លួន​លោក​ហ្វាំ ញឹតវុ​ពេល​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​បន្ត​យុទ្ធនាការ​បោស​សំអាត​ជន​ពុករលួយ​ពី​សំណាក់​របប​ក្រុង​ហាណូយ។

លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី​វៀតណាម
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី​វៀតណាម AFP
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវ​ជុំវិញ​ក្រុមហ៊ុន​សោតទស្សន៍​ហៅ​កាត់ AVG ត្រូវ​បាន​ក្រុម​អ្នកស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ស្រាយ​បំភ្លឺ​ក្នុង​ឆ្នាំ ២០១៨ ដែល​បង្ហាញ​ថា លោក​ហ្វាំ ញ៉ាត់វុ ដែល​ជា​អតីត​ប្រធាន​ក្រុមហ៊ុន AVG មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ុងប៉ន​ទិញ​ក្រុមហ៊ុន AVG ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​រដ្ឋ​ឈ្មោះ Mobifone។ តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត លោក​វុ​បាន​សូក​លុយ​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់ Mobifone ដើម្បី​ឲ្យ​ពួក​គេ​ទិញ​ក្រុមហ៊ុន AVG ក្នុង​តម្លៃ​ខ្ពស់​លើស​ពី​តម្លៃពិត​របស់​របស់​ក្រុមហ៊ុន។ ទោះ​បី​ជា​ការ​ប៉ុនប៉ង​មួយ​នេះ​មិន​បាន​សម្រេច​ក៏​ដោយ​ក៏​គម្រោង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​លុយ​ជិត ៣០០លានដុល្លារ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​អង្កេត​ដដែល។

តែ​លទ្ធផល​អង្កេត​នេះ​មិន​បាន​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​លោក​វុ​បាន​សូកប៉ាន់​ឲ្យ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រុមហ៊ុន Mobifone នោះ​ទេ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ឆ្នាំ ២០១៨ មាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រុមហ៊ុន Mobifone ចំនួន ២នាក់ និង​មន្រ្តីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​អតីត​រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​ចំនួន ២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រឿងរ៉ាវ​ដដែល​មួយ​នេះ។ អ្វី​ជា​ការ​កត់សម្គាល់ លោក​ហ្វាំ ញ៉ាត់វុ​ជា​ប្អូន​ប្រុស​របស់​លោក​ហ្វាំ ញ៉ាត់វឿង​ដែល​ជា​មហាសេដ្ឋី​លំដាប់ទី១ នៅ​វៀតណាម។ លោក​វឿង​ជា​ម្ចាស់​ក្រុមហ៊ុន VinGroup ដែល​រក​ស៊ី​តាំង​ពី​បង្កើត​មជ្ឈមណ្ឌល​វិស្សមកាល មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រួម​ទាំង​ហាង​លើកទំនិញ​ធំ តូច ជិត​ឆ្ងាយ​នៅ​ទូទាំង​ប្រទេស។

តាម​ទស្សនាវដ្តី​សេដ្ឋកិច្ច​អាមេរិក​ឈ្មោះ Forbes ទ្រព្យសម្បត្តិ​សរុប​របស់​លោក​ហ្វាំ ញ៉ាត់វឿង​មាន​ដល់​ទៅ ៧ ៦០០លានដុល្លារ។ យ៉ាង​ណា​ក៏​ដោយ ការ​ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក​វឿង​ក្នុង​បទពុករលួយ​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា របប​ក្រុង​ហាណូយ​ដែល​បាន​កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០១៦ ប្តេជ្ញា​បន្ត​យុទ្ធនាការ​បោសសំអាត​ជន​ពុករលួយ​ក្រោម​ទ្រង់ទ្រាយ​ធំ និង​មិន​រើសមុខ ពិសេស​សំដៅ​លើ​មន្រ្តីជាន់ខ្ពស់​ដែល​គ្មាន​នរណា​អាច​ប៉ះ​បាន​នៅ​ក្នុង​រដ្ឋាភិបាល​មុនៗ។ គួរ​បញ្ជាក់​ថា វៀតណាម​ជា​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ស្គាល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​លឿន តែ​ក៏​ជា​ប្រទេស​មួយ​ស៊ីរូង​ផ្ទៃក្នុង​ដោយ​អំពើ​ពុករលួយ​ដែរ។

តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ Transparency International វៀតណាម​ជា​ប្រទេស​ពុករលួយ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី១១៧ ក្នុង​ចំណោម ១៨០ប្រទេស ពោល​នៅ​ក្រោយ​ប្រទេស​ថៃ និង​ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ