គីម ជុងអ៊ុន ព្រមជួបលោក ត្រាំ ជាលើកទីបី បើអាមេរិកប្តូរឥរិយាបថ
ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រៀមនឹងមានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត ដែលត្រូវជាលើកទីបី ដរាបណាតែវ៉ាស៊ីនតោនប្តូរឥរិយាបថ ឱ្យបានត្រឹមត្រូវ ចំពោះកូរ៉េខាងជើង។ នេះបើតាមប្រសាសន៍របស់លោក គីម ជុងអ៊ុន ទៅកាន់អង្គសភា កូរ៉េខាងជើង និងដែលចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ទី ១៣ មេសា ២០១៩។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
នៅចំពោះមុខសភាប្រជាជនកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសព្រមរង់ចាំ ដោយទុកពេលរហូតដល់ចុងឆ្នាំ២០១៩ ឱ្យសហរដ្ឋអាមេរិកធ្វើការសម្រេចចិត្តដ៏ក្លាហានមួយ ហ៊ានប្តូរឥរិយាបថឱ្យទន់ភ្លន់បន្តិចជាមួយកូរ៉េខាងជើង ដើម្បីអាចឈានទៅរកការបើកជំនួបគីម-ត្រាំជាលើកទីបី។
ប្រមុខដឹកនាំរបបព្យុងយ៉ាង បានគូសបញ្ជាក់ប្រាប់សភាកូរ៉េខាងជើងទៀតថា ជំនួបនៅទីក្រុងហាណូយ បានរំលេចចេញនូវសំណួរជាច្រើនទាក់ទងនឹងអ្វីដែលកូរ៉េខាងជើងបានប្រកាន់យកនៅលើឆាកអន្តរជាតិ តាមរយៈការព្រមចូលចរចាដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីអំពីការរំសាយកម្មវិធីបាលីស្ទិកនិងនុយក្លេអ៊ែរ ជាមួយអាមេរិក។
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានជួបគ្នា ជាលើកទីមួយ និងជាប្រវត្តិសាស្ត្រ នៅថ្ងៃទី ១២ មិថុនា នៅសិង្ហបុរី និងជាលើកទីពីរ នៅថ្ងៃទី ២៧-២៨កុម្ភៈ នៅក្រុងហាណូយ តែត្រូវបរាជ័យ។ បើតាមលោក ត្រាំ គឺមកពីអាមេរិកមិនអាចទទួលយកសំណើរបស់ព្យុងយ៉ាងដែលទាមទារឱ្យដកទណ្ឌកម្មចេញពីកូរ៉េខាងជើងភ្លាម។ បើតាមប្រមុខដឹកនាំកូរ៉េខាងជើងវិញ នៅហាណូយ លោកត្រាំ ចង់ឱ្យមានការផ្ទេរអាវុធ និងគ្រឿងចំហេះនុយក្លេអ៊ែរកូរ៉េខាងជើងទៅអាមេរិក។ ជាសំណើដែលមិនអាចធ្វើទៅកើតបានឡើយ។
ហេតុដូច្នេះហើយបានជាកូរ៉េខាងជើងត្រូវតែប្រយ័ត្នប្រយែងខ្លាំង នៅចំពោះមុខឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងផ្សាទំនាក់ទំនងនឹងគ្នា។ នេះបើតាមសម្តីរបស់ គីម ជុងអ៊ុន ដែលចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង ជាមួយនឹងការបញ្ជាក់ទៀតថា បើអាមេរិកមានគំនិតបែបនេះ ទោះជួបគ្នាមួយរយ-មួយពាន់ដងទៀត ក៏មិនសម្រេចផលដែលចង់បានពីកូរ៉េខាងជើងឡើយ។
សូមបញ្ជាក់ថាចម្លើយតបរបស់ព្យុងយ៉ាងប្រកបដោយលក្ខខណ្ឌនេះ ធ្វើឡើងក្រោយពីលោកដូណាល់ ត្រាំ បានបង្ហើបចេតនាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលទទួលជួបលោក មូន ចែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅសេតវិមាន ចង់រៀបចំជំនួបជាលើកទីបី ជាមួយ គីម ជុងអ៊ុន តែមិនចង់ទាន់លើកទណ្ឌកម្មពីកូរ៉េខាងជើងភ្លាមបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ