អានតួអត្ថបទ
ជប៉ុន-ក្រុមហ៊ុននីសាន់

លោកកាឡូស ហ្គោន៖​ខ្ញុំ​គ្មាន​កំហុស និង​ជា​ជនរងគ្រោះ​ដោយ​ការ​ឃុបឃិត​ពី​ថ្នាក់ដឹកនាំ​ខ្លះ​របស់​ក្រុមហ៊ុន​នីសាន់

នៅ​ក្នុង​ប្រទេស​ជប៉ុន អតីត​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង-ជប៉ុន​ម៉ាក​រ៉ឺណូ នីសាន់​បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា លោក​ជា​ជន​គ្មាន​កំហុស​ទេ។ ការ​ថ្លែង​របស់​លោក​ហ្គោន​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខ្សែអាត់​វីដេអូ​មួយ​ផ្សព្វផ្សាយ​ដោយ​ក្រុម​មេធាវី​របស់​លោក​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុង​តូក្យូ​នា​ថ្ងៃ​អង្គារ ទី៩ មេសា។ គឺ​ជា​សារ​ដែល​លោក​ហ្គោន​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស និង​បាន​ថត​ទុក​ក្នុង​ពេល​ដែល​លោក​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ ពោល​មុន​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ឃុំ​ជា​ថ្មី​កាល​ពី​ថ្ងៃទី៤ មេសា។ លោក​យូនីស្ហ៊ីរ៉ូ ហ៊ីរ៉ូណាកា​ដែល​ជា​មេធាវី​ម្នាក់​របស់​លោក​ហ្គោន​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​បណ្តឹង​ទៅ​តុលាការកំពូល​ដើម្បី​ទទួល​បាន​ការ​ដោះលែង​កូនក្តី​របស់​លោក។ ទន្ទឹម​នឹង​បញ្ជាក់​ពី​ការ​គ្មាន​កំហុស ជនជាតិ​បារាំង​ដើមកំណើត​លីបង់ និង​អ៊ីស្រាអែល​វ័យ ៦៥ឆ្នាំ​រូប​នេះ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ជា​ជនរងគ្រោះ​ដោយ​ការ​ឃុបឃិត ក្បត់​ពី​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ​ក្នុង​ក្រុមហ៊ុន​នីសាន់។ តែ​លោក​ហ្គោន​មិន​បាន​ប្រាប់​ឈ្មោះ​ថ្នាក់ដឹកនាំ​ទាំង​នោះ​ទេ។

លោកកាឡូស ហ្គោន​ថា ​ខ្ញុំ​គ្មាន​កំហុស និង​ជា​ជនរងគ្រោះ​ដោយ​ការ​ឃុបឃិត​ពី​ថ្នាក់ដឹកនាំ​ខ្លះ​របស់​ក្រុមហ៊ុន​នីសាន់
លោកកាឡូស ហ្គោន​ថា ​ខ្ញុំ​គ្មាន​កំហុស និង​ជា​ជនរងគ្រោះ​ដោយ​ការ​ឃុបឃិត​ពី​ថ្នាក់ដឹកនាំ​ខ្លះ​របស់​ក្រុមហ៊ុន​នីសាន់ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

« សារ​ទី១ របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​គ្មាន​កំហុស​ទេ គ្មាន​កំហុស​លើ​រាល់​ការ​ចោទ​ទាំង​អស់​ប្រឆាំង​លើ​រូប​ខ្ញុំ ហើយ​ក៏​គ្មាន​កំហុស​លើ​រាល់​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ផ្សេង​ទៀត​ដែរ។ ខ្ញុំ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​លុយ និង​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ផ្តាច់ការ​ម្នាក់។

សារ​ទី២ ដែល​ខ្ញុំ​ចង់​និយាយ​ប្រាប់​លោក​អ្នក​គឺ​ថា ខ្ញុំ​ស្រឡាញ់ និង​ចូលចិត្ត​ប្រទេស​ជប៉ុន ហើយ​ខ្ញុំ​ស្រឡាញ់​ក្រុមហ៊ុន​នីសាន់។ លើស​ពី​នេះ​ទៅ​ទៀត តាំង​ពី​ខ្ញុំ​បាន​ផ្តើម​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​នីសាន់​កាល​ពី ២០ឆ្នាំ​មុន យើង​បាន​ទទួល​ជោគជ័យ​ច្រើន​ណាស់ និង​ទទួល​បាន​លទ្ធផល​យ៉ាង​ប្រសើរ​ទៀត​ផង។

ខ្ញុំ​ក៏​ចង់​បរិហារ​នៅ​ទី​នេះ​ពី​ការ​រួមគំនិត​ក្បាត់​ខ្ញុំ​ពី​សំណាក់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ​ក្នុង​ក្រុមហ៊ុន​នីសាន់។ មាន​ការ​បារម្ភ ភ័យ​ខ្លាច​ថា ជំហាន​បន្ទាប់​នៅ​ក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន​រ៉ឺណូ នីសាន់ គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​តែ​មួយ។ កម្មវត្ថុ​មួយ​នេះ​អាច​នឹង​គំរាមកំហែង​ដល់​មនុស្ស​មួយ​ចំនួន និង​អាច​ប៉ះពាល់​ដល់​ស្វ័យភាព​របស់​ក្រុមហ៊ុន​នីសាន់​ផង។

ចុង​ក្រោយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​ជំនុំជម្រះ​មួយ​ប្រកប​ដោយ​យុត្តិធម៌ និង​សមធម៌។ អរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ស្តាប់​របស់​ខ្ញុំ ហើយ​សុំទោស​ដែល​មិន​អាច​ដោះដូរ ឆ្លើយឆ្លង​គ្នា​បាន។ អស់​លោក​ពិត​ជា​មាន​សំណួរ​ច្រើន​ណាស់​ដែល​ខង់​សួរ​ខ្ញុំ។ ខ្ញុំ​គិត​ថា យើង​នឹង​អាច​ឆ្លើយឆ្លង​គ្នា​នា​ពេល​ឆាប់ៗ​ខាង​មុខ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ