អានតួអត្ថបទ
ចិន-សហភាពអឺរ៉ុប

ជំនួបកំពូល​អឺរ៉ុប-ចិន រៀបចំឡើង នៅក្នុង​បរិយាកាស មិនទុកចិត្តគ្នា

នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង ត្រូវ​ដំណើរ​ទៅ​ចូលរួម នៅក្នុង​ជំនួប​កំពូល​អឺរ៉ុប​ចិន លើក​ទី ២១ ដែល​ត្រូវ​បើកធ្វើ នៅថ្ងៃ​អង្គារ​នេះ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្ស៊ិក។ ភាពតានតឹង​ពាណិជ្ជកម្ម ហើយ​និង​ការវិនិយោគ រវាង​ចិន សហភាពអឺរ៉ុប ធ្វើ​ឲ្យ​គេ​បារម្ភថា ជំនួបកំពូល​ចិន អឺរ៉ុប​នៅ​សប្តាហ៍នេះ នឹង​មិន​អាច​ផលិត​ចេញ​ជា​កិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ រួម ចិន-អឺរ៉ុប នោះ​ទេ។ 

នាយករដ្ឋមន្រ្តី​ចិន ជាមួយ​ប្រធាន​សហភាពអឺរ៉ុប និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅជំនួបកំពូល​ចិន អឺរ៉ុប នៅទីក្រុង​ប៉េកាំង​ខែកក្កដា ឆ្នាំ ២០១៨
នាយករដ្ឋមន្រ្តី​ចិន ជាមួយ​ប្រធាន​សហភាពអឺរ៉ុប និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅជំនួបកំពូល​ចិន អឺរ៉ុប នៅទីក្រុង​ប៉េកាំង​ខែកក្កដា ឆ្នាំ ២០១៨ © REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ចិន អឺរ៉ុប នៅទីក្រុង​ព្រុចស៊ែល បើកធ្វើឡើង នៅ​ក្នុង​បរិយាកាស​មិនជឿ​ទុកចិត្តគ្នា ជាពិសេស ពី​ខាង​សហភាព​អឺរ៉ុប ដែល​បាន​ចោទប្រកាន់​ចិន ថា កំពុង​ព្យាយាម ដើរនយោបាយ បំបែកបំបាក់ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ នៅក្នុង​សេចក្តីថ្លែងការណ៍ ដែលលោក​បាន​សរសេរ​ផ្ទាល់ដៃ និង​ចុះផ្សាយ​នៅក្នុង​កាសែត​អាល្លឺម៉ង់ នៅថ្ងៃ​ចន្ទម្សិលមិញ នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង បាន​បដិសេធ​ការចោទប្រកាន់ និង​ថា ចិន គាំទ្រ ដំណើរការ​សមាហរណកម្ម​អឺរ៉ុប ក្នុង​ក្តីសង្ឃឹម​ចង់​បាន​អឺរ៉ុប​រួមគ្នា​មួយ និង​រីកចម្រើន។

សម្រាប់​ភាគី​អឺរ៉ុប អត្ថបទ​ចុះ​ផ្សាយ​របស់​នាយករដ្ឋមន្រ្តី ចិន នឹង​មាន​ត្រឹមបបូរមាត់ ព្រោះ​ថា នៅ​ការពិត​ជាក់ស្តែង ទីក្រុង​ប៉េកាំង មិន​បាន​ធ្វើតាម​ការសន្យា សំដី​របស់ខ្លួនឡើង។ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ចិន អឺរ៉ុប នៅតែ​ជាប់គាំង ដោយសារ​តែ​ជំហរ​មិន​ចុះសម្រុងគ្នា​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ។ ភាពតានតឹង​ពាណិជ្ជកម្ម​កើតមាន​ឡើង នៅពេល​ភាគី​អឺរ៉ុប ចោទប្រកាន់​ចិនថា គ្មាន​ចេតនា​ចង់ផ្លាស់ប្តូរ នយោបាយ ដូចជា រឿង លូកដៃ​ជួយឧបត្ថម្ភធន ដល់​ក្រុមហ៊ុនរដ្ឋ និង​រឹតត្បិត​ទីផ្សារ មិន​ឲ្យ​ក្រុមហ៊ុន​បរទេស អាច​ចូល​ទៅ​វិនិយោគ​ដោយ​ទូលំទូលាយ ជាដើម។

នៅក្នុង​ផែនការ​១០ចំណុច ដែល​និយាយ​ពី​ទំនាក់ទំនង​ជាមួយ​ប៉េកាំង គណៈកម្មការ​អឺរ៉ុប​បាន​ចាត់ទុក​ចិន ជា​ប្រទេស​ដៃគូ ប៉ុន្តែ ជាមួយ​គ្នានោះ ក៏ជា​ប្រទេស​គូប្រជែង​ខ្លាំង​ណាស់ដែរ។ ប្រទេស​ធំៗ​នៅ​អឺរ៉ុប ដូចជា​បារាំង និង​អាល្លឺម៉ង់​ជា​ដើម បាន​បំពង​សំលេង​រិះគន់​ចិន កាន់តែ​ខ្លាំង ជាពិសេស​នៅក្រោយ អ៊ីតាលី និង​លុចសំបួរ សមាជិក​របស់​សហភាពអឺរ៉ុប បាន​សម្រេច​ជា​ឯកតោភាគី ចូលរួម ក្នុង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់ចិន។ ប្រធានាធិបតី បារាំង លោកម៉ាក្រុង វិញ មិន​ចង់​កិច្ចព្រមព្រៀង នៅគម្រោង​ផ្លូវសូត្រចិន នៅ​អឺរ៉ុប ធ្វើឡើង​ទ្វេភាគី រវាង​ចិន និង​ប្រទេស​សមាជិកមួយៗ របស់​សហភាពអឺរ៉ុប​នោះទេ ប៉ុន្តែ​សហភាពអឺរ៉ុប​ទាំងមូល ជាមួយ​ចិន ដើម្បី ធានា​ថា ប្រយោជន៍​នឹង​បាន​ទៅ ទាំងសងខាង។

នៅពេល​ដែល​ជំនួបកំពូល ចិន អឺរ៉ុប នៅ​ព្រុចស៊ែល​ទំនង​នឹង​ផ្តល់​លទ្ធផល​ជាផ្លែផ្កា នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង នឹង​អាចសង្ឃឹម​សម្រេច​បាន​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម នៅក្នុង​ជំនួបកំពូល​ជាមួយ​ប្រទេស​អឺរ៉ុប​កណ្តាល និង​ខាងកើត នៅ​សប្តាហ៍នេះ។ សូមបញ្ជាក់ថា នៅក្នុង​ជំនួបកំពូល​ចិន និង​ក្រុមប្រទេស​នៅតំបន់អឺរ៉ុប​កណ្តាល និង​ខាងកើត នៅ​ប្រទេស​ហុងគ្រី នៅ​ឆ្នាំ ២០១៧ ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង ៣ពាន់ លាន​អឺរ៉ូ សម្រាប់​គម្រោង ដែល​ជាចំណែក​មួយ​នៃ​នយោបាយ​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​លោកប្រធានាធិបតី​ស៊ី ជីនពីង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ