rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ធនាគារពិភពលោក ចិន ភាពក្រីក្រ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តើ​លោក David Malpass ប្រធាន​ថ្មី​របស់​ធនាគារ​ពិភពលោក​ជាអ្នកណា?

media
លោកដូណាល់ ត្រាំ ជ្រើសតាំង​លោក​David Malpassជា​ប្រធាន​ថ្មី​របស់​ធនាគារ​ពិភពលោក​ ©REUTERS/Jim Young

លោកដូណាល់ ត្រាំ នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​តែងតាំង​មនុស្សដ៏​ស្មោះស្ម័គ្រ​របស់​លោក ម្នាក់ ឲ្យ​កាន់​តំណែង ជា​ប្រធាន​ថ្មី​របស់​ធនាគារ​ពិភពលោក។ បន្ទាប់ពី​ការតែងតាំង​ជា​ផ្លូវការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន លោក​ដាវីដ ម៉ាលផាស David Malpass នឹង​ចូល​កាន់តំណែង​ជា​ប្រធាន​ធនាគារ​ពិភពលោក ចាប់​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។ តើ​លោក​ David Malpass ជា​អ្នកណា?

 


ក្នុង​វ័យ ៦៣ឆ្នាំ លោក​David Malpass មាន​តួនាទី​បច្ចុប្បន្ន ជា​អនុរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក។ ក្នុង​នាម​ជា​បេក្ខជន​ឈរ​ឈ្មោះ​តែម្នាក់​គត់​សម្រាប់​តំណែង ប្រធាន​ថ្មី​របស់​ធនាគារ​ពិភពលោក លោក​Malpass ត្រូវ​បាន​លោកដូណាល់ ត្រាំ ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​ថ្មី របស់​ធនាគារ​ពិភពលោក ដែល​មាន​តួនាទី​លុបបំបាត់​ចោល ភាពក្រីក្រ តាមរយៈ​ការផ្តល់​ឥណទាន សម្រាប់​គម្រោង​អភិវឌ្ឍ។

មាន​សញ្ញាប័ត្រ​រូបវិទ្យា និង​សិក្សា​បន្ថែម យក​ជំនាញ​សេដ្ឋកិច្ច លោក Malpass ដែល​មាន​កាត​សមាជិក​គណបក្ស​សាធារណរដ្ឋ ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា អ្នកជំនួយការ នៅ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក នៅក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​មុនៗ ដូចជា​អាណត្តិ​របស់​លោក​ប៊ូស ជាដើម។

បន្ទាប់​ពី​ធ្វើការ​ឲ្យ​ធនាគារ​ឯកជន​ជាច្រើនឆ្នាំ លោក​ David Malpass​បាន​ចាប់អារម្មណ៍​ធ្វើ​នយោបាយ ដោយ​បាន​ចូលខ្លួន​ជាទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ដូណាល់ ត្រាំ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០១៦។

ការតែងតាំង​លោក​ David Malpass ឲ្យ​ធ្វើ​ជា​ប្រធាន​ថ្មី ធនាគារ​ពិភពលោក​បាន​ធ្វើ​ឲ្យ​ការជជែក តវ៉ា និង​ក្តីបារម្ភ ព្រោះថា លោក​ David Malpass ធ្លាប់​ជាអ្នករិះគន់​មិន​សំចៃមាត់ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិធំៗ ដូចជា​ធនាគារ​ពិភពលោក ហើយ​និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF។ នៅ​ឆ្នាំ ២០១៧ លោក​ David Malpass ធ្លាប់​និយាយ​រិះគន់​ជាសាធារណៈ ធនាគារ​ពិភពលោក​ថា ជា​ស្ថាប័ន​ដែល​ចាយលុយខ្ជះខ្ជាយ គ្មាន​ប្រសិទ្ធិភាព ហើយ​និង ពុករលួយ នៅក្នុង​នយោបាយ​ផ្តល់​ប្រាក់កម្ចី។ លោក David Malpass បាន​បន្ទោស​ចំៗ ធនាគារ​ពិភពលោក ដែល​នៅ​បន្ត​ផ្តល់​ប្រាក់កម្ចី ដល់​គម្រោង​អភិវឌ្ឍន៍ នៅក្នុង​ប្រទេស​ដែល រីកចំរើន និង​ដែល​មាន​សំបូរ​ធន​ហិរញ្ញវត្ថុ ដូចជា​ចិន។ សម្រាប់ លោក Malpass ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង ដូចជា​ចិន គួរ​បែរ​ទៅរក​ធនាគារ​ឯកជន ចំណែក ធនាគារ​ពិភពលោក​គួរ​រក្សា​មូលធនទុន សម្រាប់​ផ្តោត​ជួយ​ស្រោចស្រង់ ប្រទេស​ដែល​ក្រីក្រ​បំផុត វិញប្រសើរជាង។

ថ្មីៗ​នេះ នៅ​ពេល​ចោទសួរ​ពី​គោលដៅ​អាទិភាព របស់​លោក បើសិន​ក្លាយ​ជា​ប្រធាន​ថ្មី​របស់​ធនាគារ​ពិភពលោក លោក  David Malpass ឆ្លើយថា លោក​នឹង​ប្រមូលផ្តុំ​បេសកកម្ម​ទាំងអស់​របស់​ធនាគារ ដើម្បី ជួយ​ស្រោចស្រង់​ប្រទេស​ដែល​ក្រីក្រ បំផុត ប៉ុន្តែ ជាមួយ​គ្នា​នោះ នឹង​អាច​កាត់បន្ថយ ប្រាក់​កម្ចី​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​រួចហើយ ដូចជា​ប្រទេស​ចិន​ជា​ដើម។ គេ​វាយតម្លៃថា លោក​ David Malpass ដែល​ចូលរួម​សកម្ម ក្នុង​ការចរចា ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន នឹង​អាចឆ្លៀត​ប្រើ​ធនាគារ​ពិភពលោក ដើម្បី ដាក់​សម្ពាធ​បន្ថែមទៀត​លើ​ទីក្រុង​ប៉េកាំង។ ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ ប្រធាន​ថ្មី​របស់​ធនាគារ​ពិភពលោក​បាន​និយាយ​ហើយ​ថា លោក​សង្ឃឹម​ចាប់ដៃ​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ចិន ព្រោះថា ទាំង​ចិន និង​ធនាគារ​ពិភពលោក​មាន​បេសកកម្ម​រួមគ្នា ដើម្បី កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ពិភពលោក៕