អានតួអត្ថបទ
ជប៉ុន-ក្រុមហ៊ុននីសាន់

តុលាការ​ជប៉ុន​អនុញ្ញាត​ឲ្យ​បន្ត​ឃុំខ្លួន​លោក​កាឡូស ហ្គោន​រហូត​ដល់​ថ្ងៃទី១៤ មេសា

នៅ​ថ្ងៃ​សុក្រ ទី៥ មេសា​នេះ តុលាការ​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​បន្ត​ការ​ឃុំខ្លួន​លោក​កាឡូស ហ្គោន​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ថ្ងៃទី១៤ មេសា។ ការ​សម្រេច​យ៉ាង​នេះ​ដោយ​តុលាការ​បាន​លើក​ឡើង​ពី​ហានិភ័យ​នៃ​ការ​បំបាត់​ភស្តុតាង។ គួរ​រម្លឹក​ថា អតីត​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង-ជប៉ុន​ម៉ាក​រឺណូ នីសាន់​វ័យ ៦៥ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដដែល​នោះ​អស់​រយៈ ១០៨ថ្ងៃ មុន​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​កាល​ពី​ថ្ងៃទី៦ មីនា។ តែ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មេសា លោក​ហ្គោន​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​នៅ​ក្នុង​បទចោទ​ប្រកាន់​ថ្មី​មួយ​ទៀត។ មេធាវី​ជនជាតិ​ជប៉ុន​ម្នាក់​របស់​លោក​ហ្គោន​បាន​ព្រមាន​ប្តឹង​ឧទ្ធរណ៍​ដើម្បី​សុំ​ដោះលែង​លោក​ហ្គោន​ឲ្យ​មាន​សេរីភាព។ ចំណែក​មេធាវី​ជនជាតិ​បារាំង​ម្នាក់​របស់​លោក​ហ្គោន គឺ​លោក​ហ្សង់ អ៊ីវ ឡឺ បញ​បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​កូនក្តី​របស់​លោក​ជា​ថ្មី​ពេល​នេះ​ថា​មិន​ស្របច្បាប់ ព្រោះ​មាន​គោលដៅ​ចាប់​បង្ខំ​ឲ្យ​លោក​ហ្គោន​សារភាព​នូវ​កំហុស​ដែល​លោក​ហ្គោន​មិន​បាន​ធ្វើ។

លោក​កាឡូស ហ្គោន
លោក​កាឡូស ហ្គោន Reuters
ផ្សាយពាណិជ្ជកម្ម

« ការ​ឃុំឃាំង​អាច​មាន​ប្រយោជន៍ នៅ​ពេល​អ្នក​ដែល​ត្រូវ​គេ​ឃុំឃាំង​នោះ​ជា​មនុស្ស​គ្រោះថ្នាក់។ តែ​លោក​កាឡូស ហ្គោន​មិនមែន​ជា​មនុស្ស​គ្រោះថ្នាក់​ទេ។ ការ​ឃុំឃាំង​មិន​អាច​ជា​រឿង​ស្របច្បាប់​បាន​ឡើយ ប្រសិន​បើ​ការ​ឃុំឃាំង​នោះ​មាន​គោលដៅ​បំផ្លាញ​លើ​ការ​តស៊ូ​របស់​បុរស​ម្នាក់ និង​ចាប់​បង្ខំ​បុរស​រូប​នោះ​ឲ្យ​ឆ្លើយ​សារភាព​លើ​កំហុស​ដែល​ខ្លួន​មិន​បាន​ធ្វើ។

ព្រះរាជអាជ្ញា​ជប៉ុន​មាន​សិទ្ធិ​អំណាច​ហួសប្រមាណ​បើ​ធៀប​នឹង​រដ្ឋអាជ្ញា​បារាំង​ទាក់ទង​នឹង​លទ្ធភាព​នៃ​ការ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​រយៈពេល​ដល់​ទៅ ៣សប្តាហ៍។ ធ្ងន់ធ្ងរ​ជាង​នេះ ការ​ឃុំខ្លួន​នោះ​ថែម​ទាំង​បាន​ធ្វើ​ឡើង​លើ​បទសង្ស័យ​ដោយ​មិន​បាន​បង្ហាញ​ភស្តុតាង​លើ​បទសង្ស័យ​នោះ​ទេ។

ការ​ឃុំខ្លួន​រយៈពេល ៣សប្តាហ៍​ជា​ការ​សម្រេច​ស្រេច​តែ​ចិត្ត​របស់​ព្រះរាជអាជ្ញា​ដោយ​គ្មាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អ្វី​មួយ​ទេ។ ឃើញ​ថា​លើក​នេះ អ្វីៗ​បាន​ចាប់​ផ្តើម​សារ​ជា​ថ្មី​ឡើង​វិញ ហើយ​វា​ពិត​ជា​ទង្វើ​មួយ​ដែល​មិន​សមស្រប​ទាល់​តែ​សោះ​ជាមួយ​នឹង​ដំណើរការ​កាត់ទោស​ប្រកប​ដោយ​សមធម៌ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ