rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌូណេស៊ី សត្វព្រៃ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឥណ្ឌូណេស៊ី​ចង់​បិទ​កោះកូម៉ូដូ​ជា​បណ្តោះអាសន្ន​ដើម្បី​ការពារ​​សត្វបង្គួយយក្ស

media
សត្វបង្គួយយក្ស​នៅ​កោះ​កូម៉ូដូ ប្រទេស​ឥណ្ឌូណេស៊ី AFP

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ទីភ្នាក់ងារ​ទេសចរណ៍​នៃ​កោះ​កូម៉ូដូ​បាន​បញ្ជាក់​ឲ្យ​ដឹង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មេសា​ពី​គម្រោង​ចង់​បិទ​កោះ​កូម៉ូដូ​ជា​បណ្តោះអាសន្ន។ គោលដៅ គឺ​ដើម្បី​ការពារ​សត្វ​បង្គួយយក្ស​ដែល​កំពុង​រំខាន​កាន់​តែ​ខ្លាំង​ពី​វត្តមាន​អ្នកទេសចរ​ច្រើន​ហួស និង​ពី​ការ​ជួញដូរ​សត្វព្រៃ។ វិធានការ​នេះ​មាន​តែ​លើ​កោះ​កូម៉ូដូ​មួយ​គត់ ពោល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កោះ​ក្បែរ​ខាង​ដែល​ជា​ទីជម្រក​សត្វបង្គួយយក្ស​ដូច​គ្នា​នេះ​ទេ។


ទីភ្នាក់ងារ​ទេសចរណ៍​នៃ​កោះ​កូម៉ូដូ​ចង់​ឲ្យ​បិទ​កោះ​មួយនេះ​ជា​បណ្តោះអាសន្ន​ចាប់​ពី​ឆ្នាំ ២០២០ ទៅ ហើយ​ដើម្បី​អាច​សម្រេច​បាន​នូវ​កម្មវត្ថុ​មួយ​នេះ គឺ​ត្រូវ​មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​នៅ​ទីក្រុង​ហ្សាការតា​ជា​មុន​សិន។ តែ​លោក Marius Ardu Jelamu នាយក​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​កោះ​កូម៉ូដូ​បាន​បញ្ជាក់​ប្រាប់ AFP ថា រដ្ឋាភិបាល​បាន​ផ្តល់​កិច្ចព្រមព្រៀង​ជា​គោលការណ៍​ហើយ​លើ​វិធានការ​អភិរក្ស​របស់​លោក។ តាម​អ្នក​ទទួល​ខុស​ត្រូវ​ទេសចរណ៍​នៅ​កោះ​កូម៉ូដូ​រូប​នេះ​ដដែល វត្តមាន​អ្នកទេសចរ​ដ៏​ច្រើន​សម្បើម​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​សត្វ​បង្គួយយក្ស។ លោក Marius បាន​បន្ថែម​ថា នៅ​ពេល​ដែល​មាន​អ្នក​ទេសចរ​ច្រើន​ពេក​ចូល​ទៅ​កាន់​តំបន់​រស៊ើប ដូច​យ៉ាង​ឧទ្យានជាតិ​កូម៉ូដូ សត្វបង្គួយយក្ស​មិន​អាច​អត់ទ្រាំ​បាន​ឡើយ។

ជា​រៀងរាល់​ខែ មាន​អ្នក​ទេសចរ​ប្រមាណ​ជា ១០ ០០០នាក់​បាន​ធ្វើ​ដំណើរ​កាន់​ទីប្រជុំ​កោះ​កូម៉ូដូ ពិសេស​ចូល​ទស្សនា​ក្នុង​ឧទ្យានជាតិ​កូម៉ូដូ​ដែល​ជា​ទីកន្លែង​តែ​មួយ​គត់​អាច​មើល​ឃើញ​ពី​ជម្រករស់នៅ​ធម្មជាតិ​របស់​សត្វបង្គួយយក្ស។ បច្ចុប្បន្ន កោះ​កូម៉ូដូ​កំពុង​ជ្រក​ដោយ​សត្វបង្គួយយក្ស​ប្រមាណ​ជា ២ ៣០០ក្បាល​ដែល​ខ្លះ​មាន​ប្រវែង​ដល់​ទៅ ៣ម៉ែត្រ ហើយ​អាធំៗ​មាន​ទម្ងន់​ចន្លោះ​ពី ៧០ ទៅ ៩០គីឡូក្រាម។ នៅ​ក្នុង​រយៈពេល​បិទទ្វារ​កោះ​កូម៉ូដូ​ជា​បណ្តោះអាសន្ន ក្រុម​អ្នក​ជំនាញ​នឹង​ព្យាយាម​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ដាំ​រុក្ខជាតិ​ឡើងវិញ បង្កើន​វត្តមាន​ពពួក​សត្វរមាំង ប្រើស ក្តាន់ ព្រម​ទាំង​ជ្រូកព្រៃ​ដែល​សុទ្ធសឹង​ជា​ចំណី​របស់​សត្វបង្គួយយក្ស។

ទន្ទឹម​នឹង​ចង់​បិទ​ទ្វារ​កោះ​កូម៉ូដូ​ជា​បណ្តោះអាសន្ន អភិបាល​តំបន់​ក៏​ចង់​កាត់​បន្ថយ​ចំនួន​អ្នកទេសចរ​ដោយ​ចង់​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​កក់សំបុត្រ​តាម​អ៊ីនធ័រនែត។ ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ អភិបាល​តំបន់​ធ្លាប់​បាន​បង្កើត​ឲ្យ​មាន​រឿងអាស្រូវ​មួយ​ដោយ​ស្នើ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​កោះ​កូម៉ូដូ​ក្នុង​តម្លៃ ៥០០ដុល្លារ ពោល ៥០ដង​ច្រើន​ជាង​តម្លៃ​ធម្មតា​សព្វថ្ងៃ។ ក្រៅ​ពី​គម្រោង​កាត់​បន្ថយ​ចំនួន​អ្នក​ទេសចរ ក៏​មាន​វិធានការ​ការពារ​សត្វបង្គួយយក្ស​ដើម្បី​បញ្ចៀស​ពី​ការ​រត់ពន្ធ​ដែរ ព្រោះ​នៅ​សប្តាហ៍​មុន មាន​មនុស្ស ៥នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រត់ពន្ធ​លក់​សត្វបង្គួយយក្ស​ចំនួន ៥ក្បាល និង​សត្វព្រែ​ប្រមាណ​ជា ១០ក្បាល​ទៀត​លើ​បណ្តាញសង្គម Facebook៕