អានតួអត្ថបទ

ចិន​បង្អួត​ដ្រូនតាក់ស៊ី Ehang 216 របស់​ខ្លួន​ ជាលើកដំបូង នៅអូទ្រីស

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ មេសា នេះ ក្រុមហ៊ុន​ចិន Ehang បាន​រៀប​ចំ​ពិធី​បង្ហាញ​ ដ្រូន​តាក់ស៊ី អ៊ីហង់២១៦ (Ehang216) ដែល​ជា​សមិទ្ធិផល​ដំបូង​របស់​ខ្លួន ជូន​សាធារណជន នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ នៅ​ក្នុង​កម្មវិធី​នេះ​ និង​ដើម្បីបង្ហួត​បង្ហាញសក្តានុពល​នៃ​​បច្ចេកវិទ្យា​ទៅកាន់​ពិភពលោក និង​អតិថិជន​​ ក្រុមហ៊ុន​បាន​បង្ហោះ​​ដ្រូន​តាក់ស៊ី ដោយ​​បាន​អញ្ជើញ​ជា​​អ្នក​កាសែត​ ជា​ច្រើន​នាក់ឱ្យឡើង​ជិះសាកល្បង​ផង។

ការ​ហោះហើរ​សាកល្បង Ehang 216  នៅទីក្រុង​វីយ៉ែនប្រទេស​អូទ្រីស
ការ​ហោះហើរ​សាកល្បង Ehang 216 នៅទីក្រុង​វីយ៉ែនប្រទេស​អូទ្រីស © Reuters
ផ្សាយពាណិជ្ជកម្ម

Ehang២១៦ ជា​យាន​ជំនិះ​ លើ​អាកាស ដើរ​ដោយ​ចរន្ត​អគ្គិសនី និង​គ្មាន​អ្នក​បើក ឬ​ហៅ​កាត់​ខ្លី​ថា ដ្រូន​តាក់ស៊ី នៅ​ថ្ងៃ​មុខ​នឹង​អាច​ផ្ទុក​អ្នក​ដំណើរ​ពីរ​នាក់ ហោះ​លើ​ផ្ទៃ​មេឃ​ក្នុង​រយៈ​កម្ពស់​ទាប បានរហូត​ដល់​​៣៥​គីឡូម៉ែត្រ។ ដ្រូន​តាក់ស៊ី នឹង​ក្លាយ​ជាមធ្យោបាយ​ជញ្ជូន​ថ្មី​ ក្នុង​តំបន់​ប្រជុំ​ជន។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុនចិន​​អ៊ីហង់​អ្នក​ផលិត​ដ្រូនតាក់ស៊ី។ ​ក្រុមហ៊ុន​ត្រៀមជា​ស្រេច​​នឹង​ផលិត​ដ្រូន​តាក់ស៊ី​ជា​លក្ខណៈ​ឧស្សាហកម្ម ដោយ​គ្រាន់​តែ​រង់ចាំ​ការ​ផ្តល់​អាជ្ញាបណ្ណ​ពីសំណាក់​អាជ្ញាធរ​អាកាសចរណ៍ និង​សិទ្ធិ​ហោះហើរ​តែ​ប៉ុណ្ណោះ។

បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ បញ្ហាចំពោះ​មុខ មិន​មែន​បច្ចេកវិទ្យា ឬ​ច្បាប់ទេ តែ​គឺ​មតិសាធារណៈ។ តើ​មនុស្ស​គ្រប់គ្នា​ត្រៀម​នឹង​ជិះ​យានយន្ត​ហើយ​ឬ​នៅ ?! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅក្នុង​ពិធី​បង្ហាញ​ដ្រូន​តាក់ស៊ី​ ជា​លើក​ទី​មួយ ក្នុង​ប្រវត្តិបច្ចេកវិទ្យា​ពិភពលោករបស់​ចិន ក្រុមហ៊ុន​បាន​អញ្ជើញ​អ្នក​កាសែត​ និង​អ្នក​មាន​អាជីព​ថត​រូប​ ឡើង​ជិះ​ដ្រូន អ៊ីហង់២១៦ ហោះ​ក្នុងកម្ពស់​ជាង​១០​ម៉ែត្រ​ក្នុង​អាកាស មួយជុំ​តារាង​បាល់​ទាត់ ហើយ​ត្រលប់​មក​ចុះ​នៅ​កន្លែង​ដើម​វិញ។

ក្នុង​វិស័យ​តាក់ស៊ី​ផ្លូវអាកាស​ ​អ៊ីហង់ជា​គម្រោង​​នាំមុខ​គេ​យ៉ាង​ខ្លាំង នៅ​លើ​ពិភពលោក​ លើស​ក្រុមហ៊ុន​អ៊ែរប៊ូសអឺរ៉ុប ប៊ូអ៊ីងអាមេរិក ឬ​បុំបាឌីយ៉េ​របស់កាណាដា​ និង​Embraer​របស់ប្រេស៊ីលទៀត។

មិន​ទាន់​ទទួល​អាជ្ញាបណ្ណផង ប៉ុន្តែ​អ៊ីហង់​បាន​ទទួល​ការ​ត្រៀម​បញ្ជា​ទិញ​ និង​ចង់​ចាប់​ផ្តើម​ផលិត​យាន​យន្ត​នេះទុក​​ ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ ឱ្យ​បាន​បីរយ​គ្រឿង​នៅ​ឆ្នាំ​ ២០២១ ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​​អូទ្រីស។

អតិថិជន​ដែល​ចាប់​អារម្មណ៍​នឹង​គម្រោង​ដ្រូន​តាក់ស៊ី​អ៊ីហង់​មុន​គេ គឺ​ក្រុមហ៊ុន​ប្រេង សហគ្រាស​ដឹកជញ្ជូន និង​ក្រុមហ៊ុម​ទេសចរណ៍។ ដ្រូន​តាក់ស៊ី​ក្នុង​ក្រុង​ អ៊ីហង់ ២១៦នេះ​មិន​លក់​ឱ្យ​ឯកជន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ