អានតួអត្ថបទ
អង្គការ​ស្បៀងអាហារ​ពិភពលោក​

FAO៖ ការប្រែប្រួល​អាកាសធាតុ និង​ជម្លោះ​ប្រដាប់អាវុធ ជា​ដើមហេតុ​ចំបង​នៃ​គ្រោះទុរភិក្ស

ដោយសារ សង្រ្គាម ជម្លោះ​ប្រដាប់អាវុធ ហើយ​និង​គ្រោះមហន្តរាយ​ធម្មជាតិ មនុស្ស​ប្រមាណ ១១៣​លាន​នាក់​ក្នុង​ពិភពលោក​ធ្លាប់​ឆ្លងកាត់ គ្រោះអត់ឃ្លានខ្លាំង កាលពី​ឆ្នាំ ២០១៨។ របាយការណ៍​របស់​អង្គការស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ចេញផ្សាយ​នៅថ្ងៃ​អង្គារ​ម្សិលមិញ ផ្តោតសំខាន់​លើ​គ្រោះអត់ឃ្លាន នៅក្នុង​ប្រទេស​ដែល​កំពុង ធ្លាក់​ក្នុង​សង្រ្គាម ហើយ​និង​ប្រទេស​ដែល​កំពុង​ទទួល​ទទួល​ជនភៀសខ្លួន ដែល​រត់គេចខ្លួន​ពី​សង្រ្គាម ហើយ​និង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំណើត។ 

នាងFatima Ibrahim Hadi អាយុ ១២​ឆ្នាំ មាន​ទម្ងន់​១០​គីឡូក្រាម ដោយសារ​តែ​កង្វះ​អាហាររូបត្ថម្ភ
នាងFatima Ibrahim Hadi អាយុ ១២​ឆ្នាំ មាន​ទម្ងន់​១០​គីឡូក្រាម ដោយសារ​តែ​កង្វះ​អាហាររូបត្ថម្ភ ©REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍ ដែល​ជា​លទ្ធផល​នៃការសិក្សា​អស់​រយៈពេល​៣​ឆ្នាំ ទៅលើ​បណ្តា​ប្រទេស​ដែល​កំពុង​ជួប​ការលំបាក​ក្នុងការផ្តល់​អាហារូបត្ថម្ភ​ដល់​ប្រជាជន អង្គការ​FAO ​បាន​រកឃើញ​ថា មនុស្ស​ជាង ១០០​លាន​នាក់ ក្នុង​ប្រទេស​ចំនួន ៥៣ បាន​ជួប​គ្រោះ​អត់ឃ្លាន​ធ្ងន់ធ្ងរ កាលពី​ឆ្នាំ ២០១៨។ យេម៉ែន ស៊ីរី អាហ្វហ្កានីស្ថាន ស៊ូដង់ ឬ​អេត្យូពីរ ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៨ ដែល​មាន​ប្រជាជន ជួប​គ្រោះអត់ឃ្លាន ច្រើន​ជាងគេ គឺ​បូកបញ្ចូល​គ្នា ស្មើ​នឹង​២ភាគ ៣​នៃ​ប្រជាជន​សរុប ដែល​ជួប​គ្រោះ​អត់ឃ្លាន។

តាម​របាយការណ៍របស់​អង្គការ​FAO អាហ្វ្រិក​នៅតែ​ជា​ទ្វីប​ដែល​ជួប​គ្រោះទុរភិក្ស​ខ្លាំង​ជាងគេ ជាមួយ​នឹង​ចំនួន​មនុស្ស​ដែល​ប្រឈម​នឹង​ការខ្វះចំណី​អាហារ ដល់​ទៅ ៧២​លាន​នាក់។ សង្រ្គាម ជម្លោះប្រដាប់អាវុធ អសន្តិសុខ បញ្ហា​សេដ្ឋកិច្ច ហើយ​និង​កត្តា​ប្រែប្រួល​អាកាសធាតុ ដូចជា​គ្រោះរាំងស្ងួត ទឹកជំនន់ នៅតែ​ជា​ដើមហេតុ​ចំបង​ដែល​បង្ក​ឲ្យ​មាន​គ្រោះទុរភិក្ស​ក្នុង​ពិភពលោក។

នៅក្នុង​របាយការណ៍ ដែល​ផ្តោត​ទៅលើ​ស្បៀងអាហារ​ពិភពលោក នៅ​ឆ្នាំ ២០១៩ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម FAO​ របស់​អង្គការ​សហប្រជាជាតិ បាន​ទាញ​សញ្ញា​អាសន្ន​ផងដែរ​ពី​គ្រោះអត់ឃ្លាន ដែល​អាច​កើត​មាន នៅ​បណ្តា​ប្រទេស ដែល​កំពុង​ទទួល​ជនភៀសខ្លួន ដូចជា អេហ្ស៊ីប លីបង់ តួកគីជាដើម ដែល​ផ្តល់ជំរក​ដល់​ជនភៀសខ្លួន​ស៊ីរី ឬ​ប្រទេស​បង់ក្លាដែស​ដែល​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពី​ភូមា​ដល់ទៅ​ជាង ១លាននាក់។

នៅក្នុង​របាយការណ៍លើកនេះ អង្គការ​FAO បាន​បង្ហាញ​កង្វល់​ផងដែរ​ពី​កើន​ឡើង​នៃ​ចំនួន​ជនភៀសខ្លួន ឬ​មនុស្ស​ផ្លាស់ទី ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ នៅប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ត្រូវ​ប្រកាស​អាសន្ន​ស្តីពីការខ្វះស្បៀងអាហារ នៅ​ឆ្នាំនេះ។

ជារួម បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៧ ដែល​មាន​មនុស្ស ជួបគ្រោះ​អត់ឃ្លាន ​រហូត​ដល់​១២៤ លាននាក់ ឆ្នាំ ២០១៨ មាន​ចំនួន​ប្រជាជន​រងគ្រោះ​ដោយសារ​ការអត់ឃ្លាន បាន​ថយចុះ អស់ ១១​លាន​នាក់ ដោយសារ​តែ ប្រទេស​នៅ​អាស៊ីប៉ាស៊ីហ្វិក ហើយ​និង​អាមេរិកឡាទីន មិន​បាន​ជួប​គ្រោះមហន្តរាយ​ធម្មជាតិ ដូចជា​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ ដូចឆ្នាំមុនៗ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អង្គការ​FAO បាន​ព្រមាន​ទុក​រួចហើយ​ថា ស្ថានភាព​គ្រោះទុរភិក្ស នៅ​ឆ្នាំ ២០១៩ នឹង​អាច​ត្រលប់​ទៅ​អាក្រក់វិញ បើសិន​វិបត្តិ​សព្វថ្ងៃ​នេះ នៅ​បន្តកើត​មាន​នោះ ជាពិសេស​វិបត្តិសេដ្ឋកិច្ច និង​ភាពក្រីក្រ ដល់​កម្រិត​របស់​ប្រជាជន​វ៉េណេស៊ុយអែឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ