rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ព្រុយណេ សហរដ្ឋអាមេរិក សាសនា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ច្បាប់អ៊ីស្លាម "Charia” របស់​ព្រុយណេ​កំពុង​រង​ការរិះ​គន់​កាន់​តែ​ខ្លាំង

media
រូបថត​ព្រះ​ចៅ​Sultan Hassanal Bolkiah ម្ខាស់ក្សត្រី​Saleha នៅតាមដង​វិថី​មួយ​របស់​រដ្ឋ​ធានី​នៃ​ប្រទេស​ព្រុយណេ ROSLAN RAHMAN / AFP

បន្ទាប់​ពី​ តារា​ភាព​យន្ត​ហូលីវ៉ូត​អាមេរិក George Clooney តារាចម្រៀង Elton John សហគមន៍​អន្តរជាតិ​ បាន​បញ្ចេញ​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ព្រះ​ចៅ​ស៊ុលតង់​របស់​ព្រុយណេ។ ស្រប​តាម​ច្បាប់​របស់​អ៊ីស្លាម ចាប់​ពី​ថ្ងៃទី ៣​មេសា​ ២០១៩​នេះ​ ព្រុយណេ​នឹង​ចាប់​អនុវត្ត​ច្បាប់​ថ្មី​ ដែល​នឹង​​គ្រោង​នឹង​ដាក់​ទោស​​ប្រហារ​ជីវិត អ្នក​​ស្រលាញ់​ភេទ​ដូច​គ្នា ព្រមទាំង​​ជន​ផិត​ក្បត់។ ច្បាប់​ថ្មី​របស់​ព្រុយណេ ក៏​គ្រោង​ដាក់ទោស​កាត់​ដៃ​-ជើង ចំពោះ​ករណី​ទោស​លួច​ផង។ អង្គការ​រដ្ឋាភិបាល បាន​បរិហារ​ច្បាប់​ថ្មី​នេះ​ថា​ជា​ច្បាប់​បង្ក្រាប។


ច្បាប់​ថ្មី​ នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​ថ្ងៃទី ៣ មេសា ២០១៩​ទេ ប៉ុន្តែ​ប្រតិកម្ម​បាន​ផ្ទុះ​ឡើង​តាំង​តែ​ពី​ថ្ងៃ​សៅរ៍ ជា​លក្ខណៈ​អន្តរជាតិ និង​ផ្តើម​ដំបូង​ដោយ​​យុទ្ធនាការ​​ របស់​តារាភាព​យន្ត​អាមេរិក George Clooney។ លោក​បាន​អំពាវនាវ​ពិភពលោក ឈប់​ចូល​សណ្ឋាគារ​ដ៏​ប្រណិតៗ ជា​របស់​ព្រះចៅនៃ​រាជាណាចក្រ​ព្រុយណេ ជា​មួយ​នឹង​ការ​បង្ហោះ​សារ​ថា​ “ព្រុយណេ​នឹង​ចាប់​អនុវត្ត​ច្បាប់​ប្រហារ​ជីវិត ដោយ​វាយនឹងរំពាត់ ព្រម​ទាំង​គប់​ដុំ​ថ្ម រហូត​ដល់​ស្លាប់ លើ​រាល់​រូប​ពលរដ្ឋ​ណា​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ! សម្រាប់លោក​ Clooney ការ​ជួល​បន្ទប់​ឬ​ទៅ​ទទួល​ទាន​អាហារ​ ឬ​រៀ​បចំ​កម្មវិធី​ផ្សេង​ នៅ​ក្នុង​សណ្ឋាគារ​​ណា​មួយរបស់​ព្រុយណេ ប្រៀប​ដូច​ជា​យក​លុយ​ទៅ​ដាក់​ក្នុង​ហៅប៉ៅ​របស់​មនុស្ស​ម្នាក់​ដែល​រំលោភ​ច្បាប់​មនុស្ស​ជាតិ រើស​អើង​ស្អប់ខ្ពើម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។

ព្រះចៅស៊ុលតង់ព្រុយណេ​ ជា​អ្នក​មាន​ខ្លាំងជាងគេ​ម្នាក់​នៅ​លើ​ពិភពលោក មាន​ភ្នាក់ងារវិនិយោគ​ និង​ជា​ម្ចាស់​សណ្ឋាគារ​ដ៏​ប្រណិត​ចំនួន​៩ នៅ​ទីក្រុង​ប៉ារីស ឡុងដ៍ និង​សហរដ្ឋ​អាមេរិក។ តាំង​ពី​ឆ្នាំ​១៩៦៧​មក ព្រះ​ចៅ​ស៊ុលតង់ ហាស្សាណា បុលគីអះ បាន​ដឹកនាំ​ព្រុយណេ ដែល​ស្ថិត​នៅ​លើ​​​កោះ Bornéo​​ ​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង​៤៣០០០០​នាក់ ឱ្យ​បាន​ក្លាយ​ជា​រាជាណាចក្រ​​​ប្រេងកាត​ដ៏​​មាន​បាន​បំផុត​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តែដោយ​ប្រើ​​អំណាច​​ផ្តាច់ការបំផុត​ និង​បាន​បញ្ចូល​ច្បាប់​អ៊ីស្លាម​ "Charia" មក​ក្នុង​រាជាណាចក្រ តាំង​ពី​ឆ្នាំ​២០១៣​មក។

ប៉ុន្តែ​ ដោយ​បញ្ហា​ប្រឈម​ជាក់ស្តែង និង​ដោយ​មានការ​ប្រឆាំង​ពី​មតិសាធារណៈ ​ការ​អនុវត្ត​ច្បាប់​ ត្រូវ​បាន​លើក​ពេល​។ ទើប​តែ​​​​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ព្រុយណេ បាន​ចេញ​សេចក្តី​ថ្លែងការណ៍រំលឹក​ថា ប្រទេស​នឹង​ចាប់​អនុវត្ត​ប្រព័ន្ធ​តុលាការ​ទ្វេ ៖ មួយ​ជា​ច្បាប់​អ៊ីស្លាម​ ដែល​អនុវត្ត​លើ​គ្រប់អ្នក​កាន់​សាសនា​អ៊ីស្លាម​ (ជាង​២/៣​នៃ​ប្រជាជន​ព្រុយណេ) និង​ច្បាប់​មួយ​ទៀត ជា​ច្បាប់​ស៊ីវិល​ ដែល​គ្របដណ្តប់​លើ​ផ្ទៃប្រទេស​និង​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់ ដើម្បី​ធានា​សន្តិភាព សណ្តាប់​ធ្នាប់ ការពារ​សាសនា ជីវិត​គ្រួសារ​ និង​មនុស្ស​ទូទៅ។ ច្បាប់​ថ្មី​នេះ​ ក៏​មាន​ចែង​ឱ្យ​ដាក់ទោស​កាត់​ដៃ ឬ​កាត់​ជើង ផង​ក្នុង​ករណី​លួច៕