អានតួអត្ថបទ
បារាំង-អឺរ៉ុប-ចិន

លោក​អេម៉ានុយអែល ម៉ាក្រុង៖​កិច្ចសហប្រតិបត្តិការ​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​រៀបចំ​ជំនួប​រួម​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត យុងក័រ។ នៅ​ក្រោយ​ជំនួប លោក​ម៉ាក្រុង​បាន​បញ្ជាក់​លើ​ចំណុច​រួម​គ្នា​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ពហុភាគី​ក្នុង​លោក​ដែល​កំពុង​បំផ្លាញ​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ពហុភាគី​រួម​មាន​នៅ​ក្នុង​វិស័យ​សន្តិភាព សន្តិសុខអន្តរជាតិ ឬ​មួយ​យុទ្ធនាការ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។ បន្ទាប់​មក លោក​ម៉ាក្រុង​ក៏​បាន​លើក​ឡើង​ពី​កំណែទម្រង់​លើ​អង្គការ និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ដូច​យ៉ាង​អង្គការសហប្រជាជាតិ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​មួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ លោក​ម៉ាក្រុង​យល់​ថា កិច្ចសហប្រតិបត្តិការ​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា។

ពី​ឆ្វេង​ទៅ​ស្តាំ ប្រធាន​​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត យុងក័រ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង ប្រធានាធិបតីបារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល
ពី​ឆ្វេង​ទៅ​ស្តាំ ប្រធាន​​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត យុងក័រ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង ប្រធានាធិបតីបារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល Reuters
ផ្សាយពាណិជ្ជកម្ម

« សហភាព​អឺរ៉ុប​រួម​ជាមួយ​ចិន​ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង ៣ លើលោក។ ការ​បើក​ទីផ្សារ​អឺរ៉ុប​បាន​រួម​ចំណែក​នៅ​ក្នុង​ដំណើរការ​វិវត្តន៍​ដ៏​ឆាប់​រហ័ស​របស់​ចិន​រហូត​ក្លាយ​ជា​ប្រទេស​មួយ​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ដ៏​សម្បើម​អស្ចារ្យ។ សន្ទុះ​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ពលរដ្ឋ​ចិន​ចំនួន ៧០០លាននាក់​ងើប​ផុត​ពី​ភាព​ក្រីក្រ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ភាព​រីកចម្រើន​យ៉ាង​ឆាប់​របស់​ចិន​បាន​បង្កើត​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​សង្គម​អឺរ៉ុប។

បញ្ហា​ទាំង​នោះ​មាន​ដូច​ជា​កំណើន​វិសមភាព​នៅ​ក្នុង​វិស័យ​ផលិតកម្ម ឬ​មួយ​កំណើន​ផលវិបាក​សេដ្ឋកិច្ច និង​សង្គម រួម​ទាំង​បញ្ហា​តានតឹង​មួយ​ចំនួន​ដែល​ចាំ​បាច់​​តម្រូវ​ឲ្យ​មាន​វិធានការ​ការពារ​ស្របច្បាប់​មួយ។ ខ្ញុំ​យល់​ឃើញ​ថា​ឆន្ទៈ​រួម​របស់​យើង គឺ​ត្រូវ​ចៀសវាង​កុំ​ឲ្យ​ចម្លើយ​ចំពោះ​បញ្ហា​ទាំង​អស់​នេះ​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ថ្មី ទៅ​ក្នុង​ភាព​ប្រេះឆា​នៃ​សណ្តាប់ធ្នាប់​ពាណិជ្ជកម្ម​អន្តរជាតិ ឬ​មួយ​ទៅ​ក្នុង​នយោបាយ​ឯកោ និង​អាត្មានិយម។

អ្វី​ដែល​យើង​ចង់​កសាង​រួម​គ្នា គឺ​មូលដ្ឋានគ្រឹះ​ពហុភាគី​យុត្តិធម៌ និង​មាន​សមភាព។ សហភាពអឺរ៉ុប​ដែល​ជា​ទីផ្សារ​សេដ្ឋកិច្ច​មួយ​បើក​ចំហ​នៅ​ក្នុង​លោក​អាច​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នាជាមួយ​ចិន​នា​ឱកាស​ជំនួបកំពូល​អឺរ៉ុប ចិន​នៅ​ថ្ងៃ​ខាង​មុខ និង​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន​នា​ប៉ុន្មាន​ខែ​ទៀត​ដើម្បី​កំណត់​កាលវិភាគ​រួម​ស្តីពី​ការ​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ពហុភាគី​ពាណិជ្ជកម្ម »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ