rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ហេតុអ្វី​អឺរ៉ុប​មិន​ទុកចិត្ត​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន?

ដោយ ឈាង បុប្ផា

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​បារាំង នៅថ្ងៃចន្ទទី ២៥ មីនា។ ដំណើរ​ទស្សនកិច្ច របស់​លោក​ស៊ី នៅ ប្រទេសបារាំង ជា​ឱកាស​បើក​ឲ្យ​មាន​ការចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជិកម្ម ក៏ដូចជា​ការសហការ​ទ្វេរភាគី​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ ប្រធានាធិបតី បារាំង​លោកម៉ាក្រុង​ក៏​នឹង​ឆ្លៀតពេលនេះ ដើម្បី បញ្ចុះបញ្ចូល​មេដឹកនាំ​ចិន​គោរព​តាម​នយោបាយ​ពហុភាគី ជាពិសេស នៅក្នុង​គម្រោង​សេដ្ឋកិច្ច​មហាសាល​របស់​ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែល​កំពុង​ជា​ក្តីកង្វល់​របស់​សហភាពអឺរ៉ុប។

 

នៅក្នុង​ទស្សនកិច្ច​មួយ​ជុំតូច​នៅ អឺរ៉ុប ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នឹង​ចំណាយពេល​៣ថ្ងៃ​នៅ​ប្រទេស​បារាំង ជាទី​ដែលលោក​នឹង​ជួប​ពិភាក្សា ជាមួយ​មេដឹកនាំ​សំខាន់ៗ​របស់​អឺរ៉ុប គឺ លោក​ប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ ហើយនិង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ហ្សុងគ័រ នៅថ្ងៃអង្គារ។ ជំនួប​ចតុភាគី​រវាង​ប្រធានាធិបតី​ចិន ជាមួយ​មេដឹកនាំ​បារាំង អាល្លឺម៉ង់ ធ្វើឡើង​ដើម្បី​ត្រួសត្រាយ កិច្ចប្រជុំកំពូល ចិន អឺរ៉ុប ដែល​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ខែ​មេសា​ខាងមុខ។ តាមគម្រោង ភាគីចិន និង​អឺរ៉ុប​ត្រូវ​ចរចា ពិភាក្សា​គ្នា​ដើម្បី​លុបបំបាត់​ចោល​រនាំង​ពន្ធគយ រវាង​ភាគីទាំង២ ឲ្យ​បាន​មុន​ដាច់​ឆ្នាំ ២០២០។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅ​បារាំង​លើកនេះ ធ្វើឡើង​ផងដែរ នៅ​ចំពេល​ដែល​ចិន មិនសូវ​មាន​រូបភាព​ល្អប៉ុន្មាន ក្នុង​ក្រសែភ្នែក​របស់ នៅ​អឺរ៉ុប ជាពិសេស ប្រទេស​បារាំង និង​អាល្លឺម៉ង់។ លើសពីនោះ អាមេរិក​នៅ​បាន​ដាក់​សម្ពាធ​ទៅលើ​សម្ព័ន្ធមិត្ត​អឺរ៉ុប ដែល​ចង់​ប្រគល់​បណ្តាញ ទូសារគមនាគមន៍​របស់ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​Huawei ចូលវិនិយោគ តបណ្តាញ​ទូរស័ព្ទ​ទំនើប​ជំនាន់ ទី៥ (5 G)ក្នុង​ទឹកដី របស់ខ្លួន។ ទីក្រុង​វ៉ាស៊ីនតោន បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​Huawei ថា លួចយកការណ៍​សម្ងាត់​ទៅ​ឲ្យ​កងទ័ពចិន។

វិនិយោគ​របស់​ចិន នៅ​អឺរ៉ុប​ចាប់ថយចុះ មកវិញ

បើគិត​តាំង​ពី​ឆ្នាំ ២០១០ ចិន​បាន​វិនិយោគ​យ៉ាងហោច ទឹកប្រាក់ ១៤៥​ពាន់​លាន​អឺរ៉ូ នៅ​ក្នុងទឹកដី​អឺរ៉ុប។ ប៉ុន្តែ បរិមាណ​វិនិយោគ​របស់​ចិន នៅ​អឺរ៉ុប​បាន​ចាប់​ថយចុះ​មកវិញ ​តាំង​ពី​ឆ្នាំ ២០១៧ ពី​២៩ពាន់​លាន​អឺរូ ​មកនៅ​ត្រឹម​១៧ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៨។ តាមអ្នកជំនាញ ចំនួន​វិនិយោគ​របស់​ចិននៅ​អឺរ៉ុប​ថយចុះ​ នៅក្រោយ​ពេល​ដែល​រដ្ឋអំណាច​ចិន រឹតបន្តឹង​ក្រុមហ៊ុន​ចិន ដែល​មាន​ជាប់​ប្រាក់បំណុល​ច្រើនពេក។ ៦០​ភាគរយ នៃ​ក្រុមហ៊ុន​ចិន ដែល​វិនិយោគ​នៅ​អឺរ៉ុប គឺជា​ក្រុមហ៊ុន​រដ្ឋចិន។ មួយវិញទៀត ក្រុមហ៊ុន​រដ្ឋ​ចិន មក​វិនិយោគ​កាន់តែ​តិច នៅ​អឺរ៉ុប ដោយសារ​តែ​ច្បាប់​រឹតបន្តឹង​កាន់តែ​ខ្លាំង​ដែរ​ពី​ខាង​ភាគី​អឺរ៉ុប។

កាលពី​ខែ​កុម្ភៈ កន្លងទៅ សភា​អឺរ៉ុប​ទើប​តែ​បាន​បង្កើត​ច្បាប់​ឲ្យ​មាន​ការត្រួតពិនិត្យ តាមដាន ការវិនិយោគ​បរទេស នៅ​ក្នុង​វិស័យ​យុទ្ធសាស្រ្ត នៅក្នុង​ទឹកដី​អឺរ៉ុប ជាពិសេស ក្នុង​ផ្នែក​បច្ចេកវិទ្យា ដូចជា​បណ្តាញទូរគមនាគមន៍ មនុស្សយន្ត​ជាដើម។

អឺរ៉ុប ចាប់ផ្តើម លែង​សូវ​ជឿទុកចិត្ត​ចិន ចាប់តាំង​ពី​ពេល​ដែល​អឺរ៉ុប​មាន​អារម្មណ៍​ថា ចិន គ្មាន​ចេតនា​ចង់​ធ្វើ​ជា​ភាគី ដោះដូរ​ពាណិជ្ជកម្ម​ស្មើភាព​គ្នា​នោះទេ។ ចិន​នៅ​ពន្យារពេល មិនព្រម រូតរះ បើកផ្លូវ​វិនិយោគ​ស្មើភាព ដល់​ក្រុមហ៊ុន​បរទេស។ រដ្ឋចិន​នៅតែ​លូកដៃ ជួយ​ផ្នែកហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ចិន នៅក្នុង​ពេល​ដែល​ក្រុមហ៊ុន​ចិន វិញ កាន់តែ មានមុខ ដើរតួនាទី​សំខាន់ ក្នុង​វិស័យ​សេដ្ឋកិច្ច​របស់​អឺរ៉ុប។

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ទៅ​អឺរ៉ុប​ដើម្បី​បញ្ចុះបញ្ចូល​អឺរ៉ុប ឲ្យ​ចូលរួម គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន

ទោះជា​ចិន ទាក់ទាញ​បាន​អ៊ីតាលី ដែល​ជា​ប្រទេស​អឺរ៉ុប​ដំបូងគេ ដែល​ប្រកាស​ចូលរួម​ក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប៉ុន្តែ ទិសដៅ​របស់​ចិន គឺ​ទាក់ទាញ​អឺរ៉ុប​ទាំងមូល​ឲ្យ​ចូលរួម ជា​ចិន ជាពិសេស​បារាំង អាល្លឺម៉ង់ និង​ជា​ពិសេស​គណៈកម្មការ​អឺរ៉ុប​តែម្តង ដែល​នៅ​តែ​អរិភាព មិន​ទុកចិត្ត លើ​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ របស់​ចិន។ អាល្លឺម៉ង់​ទើប​តែ​រិះគន់​ខ្លាំង​ប្រទេស​អ៊ីតាលី​ដែល​បាន​សម្រេច​ជា​ឯកតោ​ភាគី​ចូលរួម​ក្នុង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន។

បារាំង និង​អាល្លឺម៉ង់​បារម្ភថា ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន នឹង​ផ្តល់​ប្រយោជន៍​តែ​ទៅខាងចិន។ អឺរ៉ុប មិនមែន​មិន​ចង់​ស្វាគម​គម្រោង​របស់​ចិន ទេ ប៉ុន្តែ អឺរ៉ុប​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះតែ​មិន​ចង់​ធ្លាក់ខ្លួន ក្នុង​អន្ទាក់ រង់ចាំតែ​ដង្ហើម​ចិន។ នៅក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រធានាធិបតី​បារាំង ជា​ដើម បាន​អំពាវនាវ ឲ្យប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប​រួមគ្នា ដើម្បី​ចរចា បង្កើត​កិច្ចព្រមព្រៀង​រួម​មួយ ក្នុងនាម​សហភាព​អឺរ៉ុប ជាមួយ​ភាគី​ចិន។

ដោយ​ធ្វើ​ដូច្នេះ បារាំង​ទំនង​ចង់​ឲ្យ​អឺរ៉ុប​មាន​ទម្ងន់ និង​ច្បាស់​ជឿទុកចិត្ត​មិនឲ្យ​ ចិន​ដើរ​ខ្សែលើ និង​ ជាពិសេស ទៅទៀត គឺ​ដើម្បី ជួយ​មិន​ឲ្យ​ប្រទេស​នៅអឺរ៉ុប ធ្លាក់ខ្លួន​ជា​កូនបំណុល​របស់​ចិន ដូច​នៅ​បណ្តា​ប្រទេស​អាស៊ី​ដទៃទៀត ដោយសារ​តែ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយនេះ។

អឺរ៉ុប​បែកបាក់គ្នា នៅចំពោះ​មុខ​លុយ​វិនិយោគ​របស់​ចិន

បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន ហើយ​និង​ដោយសារ​ចលនា​ស្អប់​អឺរ៉ុប ដូចជា​នៅ​អ៊ីតាលី​ជាដើម ប្រទេស​នៅ​អឺរ៉ុប​ហាក់​កំពុង​បែកបាក់​គ្នា នៅចំពោះមុខ​ទឹកលុយ​វិនិយោគ​រាប់​ពាន់​លាន​របស់​ចិន។ អ៊ីតាលី ត្រៀមខ្លួន ចូលរួម​ក្នុង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់ចិន ចំណែក​ក្រិក ឬ​ព័រទុយហ្កាល់​ជាដើម ដែល​បាន​ជួប​វិបត្តប្រាក់បំណុល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គឺ បាន​ផ្តល់​កំពង់ផែ គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​រួចទៅហើយ។ ចង់​ឬ មិនចង់ នៅក្នុង​កាលៈទេសៈ ដែល​សម្ព័ន្ធមិត្ត​អាមេរិក ដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ កំពុង​ធ្វើ​នយោបាយ​ប្រយោជន៍​អាមេរិក​ដំបូងគេ យ៉ាងដូច្នេះ អឺរ៉ុប​ត្រូវ​បែរ​ទៅ​រកចិន។ ប៉ុន្តែ អឺរ៉ុប​ក៏ត្រូវ សាមគ្គី និង​រួមកម្លាំង​គ្នា ដែរ  នៅ​ចំពោះមុខ​មហាអំណាច​ចិន គឺ​មិនអាច​ឲ្យ​ចិន ដើរខ្សែលើ​បាននោះទេ ទាំង​ផ្នែក​សេដ្ឋកិច្ច ហើយ​បណ្តាញស៊ើបការណ៍​សម្ងាត់៕

 

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ប្រជាមតិ​ដែល​បើកផ្លូវ​ឲ្យ​លោកស៊ីស៊ី កាន់អំណាច​ដល់​ឆ្នាំ ២០៣០

សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មី និង​លែង​ចង់​ស្តី​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោកម៉ៃ ប៉ុមប៉េអូ

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​កម្ទេច​យ៉ាង​ដំណំ

សហភាពអឺរ៉ុប បោះឆ្នោត​បើក​ការ​ចរចា​ពាណិជ្ជកម្មសេរី ជាមួយ​សហរដ្ឋ​អាមេរិក

ជំនួប​ប្រជុំ​ក្រុម​អ្នក​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បិទ​បញ្ចប់​ប្រកប​ដោយ​​សុទិដ្ឋនិយម​

វ៉េណេស៊ុយអេឡា និង​ចិន​ជា​ប្រធានបទស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ខាងត្បូង​របស់​លោក Mike Pompeo

ចិនសម្រុក​ផ្តល់កម្ចី​វិនិយោគ​នៅ​តំបន់​បាល់កង់ ខណៈ​គេ​​បារម្ភ​ ពី​បញ្ហាបំណុល

ឥណ្ឌា​រៀបចំ​ការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល អាណត្តិ​ថ្មី

អ៊ីស្រាអែល៖​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​កាន់​តែ​ច្បាស់

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥

វេទិកាតស៊ូ​មតិជាតិ៖ ប្រជាជន​បារាំង​ភាគច្រើន​ចង់​ឲ្យ​រដ្ឋ​កាត់បន្ថយ​ការយកពន្ធ

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”

ប្រធាន​សហភាព​អឺរ៉ុប​ស្នើ​ពន្យារ​ពេល​Brexit ១ឆ្នាំ អង់គ្លេស​សុំត្រឹម​ថ្ងៃ​៣០​មិថុនា

អាមេរិក​ដំឡើង​សំឡេង​ដាក់​អាល្លឺម៉ង់ និង​តួកគី​នៅ​ក្នុង​ខួបកំណើត ៧០ឆ្នាំ​របស់​អង្គការ​អូតង់ ឬ​ណាតូ

អាល់ហ្សេរី៖​ការ​ប្រកាស​ចុះ​ពី​កៅអី​ប្រធានាធិបតី​របស់​លោក​ប៊ូតេហ្វ្លីកា​នៅ​មិន​ទាន់​អាច​រំងាប់​បាតុកម្ម​​របស់​ប្រជាជន

សកម្មភាព​ឧស្សាហកម្ម​ចិន​បាន​ប្រសើរ តែ​ឧស្សាហកម្ម​​អាស៊ី​នៅ​បន្ត​ផុយស្រួយ

អ៊ុយក្រែន នឹង​មាន​ប្រធានាធិបតីថ្មី​​ជា​តារាកំប្លែង ?

ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើនពាន់នាក់​ធ្វើ​បាតុកម្ម​នៅ​តាម​ព្រំដែន​រវាង​តំបន់ហ្កាហ្សា និង​ប្រទេស​អ៊ីស្រាអែល