rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

គណបក្សនយោបាយ ថៃ បោះឆ្នោត សភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យុវជនថៃ និង​ការបោះឆ្នោត​សភាជាតិ​នៅថ្ងៃទី ២៤ មីនា

media
នារី​ថៃ​ឈរ​មើល​បេក្ខជន​នាយករដ្ឋមន្រ្តី​​នៅមុន​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី ២៤​មីនា ©REUTERS/Soe Zeya Tun

នៅថ្ងៃ​អាទិត្យ​ទី២៤មីនា​នេះ ពលរដ្ឋថៃ​នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​របស់​ខ្លួន... ជា​ការ​បោះឆ្នោត​លើកដំបូង ចាប់តាំង​ពី​មាន​រដ្ឋប្រហារ កាល​ពី​ឆ្នាំ២០១៤ និង​ក្រោយ​ពី​ថៃ​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​របបសឹក​អស់រយៈពេល​៥ឆ្នាំ​​កន្លងទៅហើយ។ នៅ​ក្នុង​ចំណោមប្រជាជន​ថៃ​សរុប​ប្រមាណ​ជា​ជិត ៧០លាននាក់ មាន​ជាង ៥០លាននាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​​នៅ​ក្នុងចំណោម​នោះ គេ​សំឡឹងឃើញ​ថា យុវជនថៃ ដែល​ទើប​នឹង​មាន​សិទ្ធិបោះឆ្នោត​ជា​លើកទីមួយ​ អាច​នឹង​ជា​កម្លាំង​នយោបាយ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​បោះឆ្នោត​ពេលនេះ។

 


នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​ជាង ៥០លាននាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​រហូតដល់​ទៅ​ប្រមាណ​ជា​ជាង ៧លាននាក់ គឺ​ជា​យុវជន ដែល​ទើប​នឹង​គ្រប់​អាយុ​មាន​សិទ្ធិ​បោះឆ្នោត​ជា​លើកទី១។ យោងតាម​ការ​ស្ទាបស្ទង់មតិ កាល​ពី​ពេល​កន្លងមក ដោយ​វិទ្យាស្ថានព្រះបាទព្រះឆាធិប៉ុក (King Prajathipok Institute) ​យុវជន​​ដែល​ទើប​នឹ​ង​គ្រប់​អាយុ​បោះឆ្នោតលើកទី១ ដល់​ទៅ ៩០% គ្រោង​នឹង​ចេញ​ទៅ​​បោះឆ្នោត នៅថ្ងៃ​អាទិត្យ​ខាងមុខ ដែល​ជា​អត្រា​មួយ​ដ៏​ខ្ពស់​ធៀប​នឹង​ការ​បោះឆ្នោត កាលពីឆ្នាំ២០១១​កន្លងទៅ។

ខ្ញុំ​ទើប​នឹង​បាន​ជួ​ប​សម្ភាសន៍​យុវជន​ថៃ​ម្នាក់​ ឈ្មោះ “រ៉ក់” ដែល​ទើប​នឹង​មាន​សិទ្ធិបោះឆ្នោត​ជា​លើក​ដំបូង នៅ​ឆ្នាំ​នេះ។ រ៉ក់ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ថៃ ដែល​ត្រូវ​ចេញ​ទៅ​បោះឆ្នោត​មុនគេ តាំង​ពីថ្ងៃ​អាទិត្យ​មុន ហើយ​​រ៉ក់​បាន​លើកឡើង​ថា ការ​បោះឆ្នោត​នេះ​វា​មាន​សារៈសំខាន់ ដោយសារ​តែ​វា​​​ជា​លើកទី១ ដែល​គាត់​មាន​សិទ្ធិ​បោះឆ្នោត ហើយ​គាត់​ចង់​ប្រើ​សិទ្ធិនេះ ដើម្បី​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស។

សម្រាប់​អ្នក​នៅ​ក្រៅខេត្ត​ខ្លួនឯង គេឲ្យ​​បោះឆ្នោតមុន គឺ​​ តាំង​ពី​ថ្ងៃ​សៅរ៍ (​អាទិត្យបាន​ត្រូវ) ទី១៧​កន្លងមក ហើយ​ដោយសារ​តែ​ខ្ញុំ​ជា​អ្នក​មក​ពី​ខេត្ត ខ្ញុំ​ក៏​បាន​ទៅ​បោះឆ្នោតមុន កាល​ពីថ្ងៃ​អាទិត្យ​មុនហ្នឹង​ដែរ។

ខ្ញុំគិតថា​នេះ​គឺ​ជា​ការ​បោះឆ្នោត​មួយ​ដ៏​សំខាន់ ព្រោះ​ថា ច្រើន​ឆ្នាំកន្លងទៅនេះ​ អត់បានបោះឆ្នោតទេ ព្រោះ​ជា​រដ្ឋាភិបាល​យោធា ហើយ​ម្យ៉ាងទៀត​ ការ​បោះឆ្នោត​លើកនេះ ក៏ជា​លើកទីមួយ​ដែរ​សម្រាប់​ខ្ញុំ ដែល​ទើប​នឹង​គ្រប់​អាយុ​មាន​សិទ្ធិបោះឆ្នោត។ ដូច្នេះ ខ្ញុំ​ត្រូវ​ប្រើ​សិទ្ធិនេះ ហើយ​ខ្ញុំ​ចង់ឃើញ​ប្រទេស​មាន​ការ​ផ្លាស់ប្តូរឲ្យ​បាន​ល្អ​ប្រសើរ​ជាងមុន។

សំណួរ៖ ការ​បោះឆ្នោត​នេះ​ត្រូវ​រៀបចំ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​យោធា រដ្ឋធម្មនុញ្ញ​ក៏​តាក់តែងឡើង​ដោយ​របបសឹក តើ​រ៉ក់​គិត​ថា វា​នឹង​ជា​ការ​បោះឆ្នោត​មួយ​ដែល​ត្រឹមត្រូវ​និង​យុត្តិធម៌​ដែរឬទេ?

ខ្ញុំ​ក៏​បារម្ភ​ដែរ បារម្ភ​ខ្លាច​ដំណើរការ​បោះឆ្នោត​នេះវា​មាន​ភាព​មិន​ប្រក្រតី ព្រោះ​បើ​តាម​មើល​ព័ត៌មាន​បច្ចុប្បន្ននេះ គឺ​ឃើញ​តែ​ព័ត៌មាន​អវិជ្ជមាន ទាក់ទង​នឹង​រឿង​ខ្វះតម្លាភាពរបស់​រដ្ឋាភិបាលបច្ចុប្បន្ន។ ម្យ៉ាងទៀត គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​ធ្វើការ​ខុសច្រើន ដូចជា​ ខុសឈ្មោះ​អ្នកបោះឆ្នោត ខុសលេខបេក្ខជន ជាដើម។ ដល់តែ​ឃើញ​ព័ត៌មាន​អ៊ីចឹងមក ខ្ញុំ​ក៏​បារម្ភ​ទៅតាម​ហ្នឹង​ដែរ។

សំណួរ៖ តើ​រ៉ក់​មាន​ក្តីរំពឹង​អ្វីខ្លះ​ពី​ការ​បោះឆ្នោត​ហ្នឹង តើ​គិត​ថា វា​នឹងអាច​​បិទបញ្ចប់​វិបត្តិ​នយោបាយ​បាន​ដែរ​ឬទេ?

រឿងនេះ​​ឆ្លើយ​មិនទាន់បាន​នៅឡើយ​ទេ ព្រោះ​ថា អ្នក​ដែលយើង​បាន​បោះឆ្នោត​ឲ្យ​នោះ ក៏​មិនទាន់​ប្រាកដ​ថា​តើ​គេ​នឹងមាន​សមត្ថភាព​អនុវត្ត​ទៅតាម​អ្វី​ដែល​ពួកគេ​បាន​តាំងចិត្ត (បាន​សន្យា?) ​ដែរ​ឬ​ក៏​អត់។ ម្យ៉ាងទៀត យើង​ក៏​មិនដឹង​ថា តើ​ការណ៍​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​មក​វិញ​នេះ ប្រជាជន​ថៃ​អាច​នឹង​មាន​សមត្ថភាព មានការ​យល់ដឹង​ ហើយ​អាច​នឹង​ប្រើប្រាស់​វា​បាន​ដោយ​ត្រឹមត្រូវ​ដែរ​ឬ​ក៏​អត់។ ដូច​ជា​កាល​ពី​លើកមុន​អ៊ីចឹង ដែល​កើតមានជម្លោះនយោបាយ ធ្វើ​ឲ្យ​ប្រទេស​ថៃ​ត្រូវ​វឹកវរ ហើយ​ក៏​នាំ​ឲ្យ​មាន​រដ្ឋប្រហារ​កើតឡើង។

យុវជន​ថៃ ដែល​ទើប​នឹង​មានសិទ្ធិបោះឆ្នោត​លើក​ដំបូង ដូចជា​ “រ៉ក់” ជាទូទៅ ច្រើន​តែ​មាន​គំនិត​ចង់​បាន​ការផ្លាស់ប្តូរ ដោយ​មិនចូលចិត្ត​របៀបដឹកនាំដែល​មាន​សព្វថ្ងៃ... ពួកគេ​មិន​ចូលចិត្ត​រ​បបសឹក ហើយ​ក្នុង​ពេល​ជាមួយគ្នា ក៏​មិនចូលចិត្ត​ជម្លោះ​នយោបាយ រវាង “អាវលឿង” និង “អាវក្រហម” ដូចដែល​ធ្លាប់​កើតមាន​កាល​ពី​ពេល​កន្លងមក។ លើសពីនេះ​ទៅទៀត ​ខុស​ពី​ចាស់ៗ​ជំនាន់មុន ដែល​ភាគច្រើន​បោះឆ្នោត​​ជ្រើសរើស​គណបក្ស ឬ​បេក្ខជន ទៅតាម​ទម្លាប់​ដែល​ធ្លាប់​តែ​ធ្វើ​ពីមុន ឬ​ធ្វើ​តាមគ្នា ទៅតាម​ខេត្ត តាម​តំបន់ ដោយ​មិន​សូវ​សំឡឹងមើល​អំពី​គោលនយោបាយ យុវជន​ជំនាន់ក្រោយ​វិញ (ដែល​ទទួល​បាន​ព័ត៌មាន​ច្រើន តាម​ប្រព័ន្ធអ៊ីនធ័រនែត ជាពិសេស តាម​បណ្តាញ​សង្គម) ភាគច្រើន ពួកគេ​ចង់​ធ្វើការ​ជ្រើសរើស​ទៅតាម​ការ​យល់ឃើញ​ដោយ​ខ្លួនឯង ដោយ​មិន​ធ្វើ​តាមគ្នា ឬ​តាម​ទម្លាប់។

ហេតុដូច្នេះហើយ​បាន​ជា​គេឃើញ​ថា ​យុវជន​មួយផ្នែក​ធំ មាន​ទំនោរ​ទៅរក​គណបក្សមួយ ដែល​ទើប​នឹង​បង្កើត​ថ្មី គឺ​គណបក្ស​ឈ្មោះ​ថា « អណាខុតម៉ៃ” ដែល​មេដឹកនាំ​ក៏​មាន​វ័យក្មេង​ត្រឹម ៤០ឆ្នាំ ហើយ​ទាំង​គោលនយោបាយ​ដែល​ផ្តោត​លើ​ “ការផ្លាស់ប្តូរ” និង​ទាំង​របៀប​ធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត ដែល​សកម្ម​នៅ​តាម​បណ្តាញ​សង្គម ក៏ត្រូវ​ទៅតាម​អ្វី​ដែល​អ្នក​បោះឆ្នោត​វ័យក្មេងៗ​អស់ទាំងនេះ​ចង់បាន។

សក្តានុពល​ដ៏​ធំមួយ​ទៀត​របស់​អ្នក​បោះឆ្នោត​វ័យក្មេងៗ​អស់ទាំងនេះ គឺ​ចំនួន! ជាង ៧លាននាក់ ក្នុង​ចំណោម​អ្នក​បោះឆ្នោត​សរុប​ជាង ៥០លាននាក់ បើ​គិត​ជា​ភាគរយ គឺ​ច្រើន... គឺ​ស្មើនឹង​សំឡេង​ឆ្នោត​​ប្រមាណជា ១៤% នៃ​សំឡេង​ឆ្នោត​សរុប​ទូទាំងប្រទេស៕