អានតួអត្ថបទ
បារាំង

បាតុកម្ម​អាវកាក់លឿង៖ រដ្ឋាភិបាល​បារាំង​ចាប់បញ្ចេញ​ទាហាន​ដើម្បី ពង្រឹង​សន្តិសុខ

មួយ​សប្តាហ៍​ក្រោយ អំពើ​ហិង្សា ដុតបំផ្លាញ ហាងទំនិញ នៅ​លើ​មហាវិថី​សង់អេលីហ្សេ អាជ្ញាធរ​បារាំង ចាប់​អនុវត្ត​វិធានការ​ដៃដែក ដើម្បី​ទប់ស្កាត់​បង្កា អំពើហិង្សា ដែល​អាច​កើតមាន នៅក្នុង​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍ នេះ ដែល​ជា​បាតុកម្ម​លើកទី ១៩​របស់​ក្រុមអាវកាក់លឿង។ ក្រៅតែ​ពី​ពង្រាយ​ទាហាន និង​ក្រុមពិសេស​ដើម្បី ប្រឆាំង ក្រុមជ្រុលនិយម រដ្ឋាភិបាល​បារាំង​បាន​ហាម​ផងដែរ មិន​ឲ្យ​មាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង នៅ​ក្នុង​សង្កាត់​ដែល​ធ្លាប់​រងការដុត​បំផ្លាញ កាលពី​ក្នុង​អំឡុង​បាតុកម្ម​របស់​ក្រុមនេះ កាលពី ថ្ងៃ​សៅរ៍​សប្តាហ៍មុន។

ឡាន​ប៉ូលិស​ដាក់​ពង្រាយ​នៅ​មហាវិថី សង់អេលីហ្សេ នៅថ្ងៃ​បាតុកម្ម​លើកទី​១៩​របស់​ក្រុម​អាវកាក់លឿង នៅថ្ងៃសៅរ៍ ទី ២៣​មីនា ២០១៩
ឡាន​ប៉ូលិស​ដាក់​ពង្រាយ​នៅ​មហាវិថី សង់អេលីហ្សេ នៅថ្ងៃ​បាតុកម្ម​លើកទី​១៩​របស់​ក្រុម​អាវកាក់លឿង នៅថ្ងៃសៅរ៍ ទី ២៣​មីនា ២០១៩ ©REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​របស់​ក្រុមអាវកាក់លឿង​ដែល​រាលដាល រហូត​កើត​មាន​អំពើហិង្សា ដុតបំផ្លាញ អគារ​ហាងទំនិញ នៅទីក្រុង​ប៉ារីស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់ពង្រាយ​ជា​លើក​ទី១ កម្លាំង​ទាហាន នៅថ្ងៃ​បាតុកម្ម​គម្រប់​លើក​ទី១៩​របស់​ក្រុមអាវកាក់លឿង នៅថ្ងៃ​សៅរ៍នេះ។ ជារួម កម្លាំង​រក្សា​សន្តិសុខ ដែល​មាន​តាំង​ពី ទាហាន និង​ប៉ូលិស​ពិសេស សម្រាប់​ប្រឆាំង​ក្រុមដើរ​បំផ្លាញ ចំនួន ៦ពាន់នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​សង្កាត់​សំខាន់ៗ​ជាច្រើន ដែល​អាច​កើតមាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង។ នេះ​បើតាម​ប្រធាន​ប៉ូលិស ក្រុង​ប៉ារីស​ថ្មី លោក​Didier Lallement។

សូមអាន៖ បារាំង៖ ហិង្សា​ធ្ងន់ធ្ងរ​កណ្តាល​ប៉ារីស ជាមួយ​នឹង​បាតុកម្ម​លើក​ទី១៨ របស់​ក្រុម​អាវកាក់​លឿង

ឆ្លើយតប​នឹង​រលករិះគន់​របស់​មហាជន អាជ្ញាធរ​បារាំង​បាន​ចេញមុខ​អះអាងថា ទាហាន​មានបេសកកម្ម​តែមួយគត់ គឺ ឈរ​យាម ការពារ​អគារ​សាធារណៈ ហើយ​និង​ទីតាំង​សំខាន់ៗ​មួយចំនួន ពោល​គឺ​ដើម្បី ជួយ​សម្រាល​បន្ទុក​របស់​ប៉ូលិស​តែប៉ុណ្ណោះ។ នៅក្នុង​រឿង​ពង្រាយ​ទាហាន នៅក្នុង​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង​នៅថ្ងៃ​សៅរ៍នេះ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​បរិហារ​ក្រុម​ញុះញង់ បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី បំភិតបំភ័យ​ប្រជាជន។ តាម​លោក​ម៉ាក្រុង កម្លាំង​ទាហាន​គ្មានសិទ្ធិ​ចូលរួម​ក្នុង​បង្រ្កាប ដើម្បី រក្សា​សន្តិសុខ​ឡើយ។

ក្រៅតែ​ពី​ពង្រាយ​ក្រុមទាហាន រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ផងដែរ ហាម​មិន​ឲ្យ​មាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង នៅក្នុង​តំបន់​ដែល​មាន​វិមាន​ប្រធានាធិបតី សភាជាតិ ហើយ​និង នៅ​លើ​មហាវិថី​សង់អេលីហ្សេ ដែល​ធ្លាប់​កើតមាន​អំពើហិង្សា ដុតបំផ្លាញ ភោជនីយដ្ឋាន និង​អគារហាងលក់​ទំនិញ ប្រណិតៗ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន។

ដូច​ទីក្រុង​ប៉ារីស និង​ទីក្រុង​នីស ដែល​រៀបចំត្រៀម ទទួល​ប្រធានាធិបតី ចិន នៅ​ថ្ងៃ​អាទិត្យ ស្ងែក នេះ វិធានការ​បិទ ហាមឃាត់​មិន​ឲ្យ​មាន​ការជួបជុំ​ធ្វើបាតុកម្ម​របស់​ក្រុមអាវកាក់លឿង ត្រូវ​បាន​អនុវត្ត​នៅ​តាម​ទីក្រុង​១៥ ផ្សេងទៀត នៅទូទាំងប្រទេស។ សម្រាប់​ចលនា​អាវកាក់លឿង រដ្ឋាភិបាល​បាន​ប្រកាស​ធ្វើ​សង្រ្គាម​ហើយ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ចលនា​អាវកាក់លឿង បាន​សរសេរ​ ប្រកូកប្រកាស​ឲ្យ​រៀបចំ​បាតុកម្ម ឲ្យ​ខាងតែបាន នៅ​ថ្ងៃ​សៅរ៍ ទោះ​ជាមាន​ការហាមឃាត់​ពី​រដ្ឋាភិបាល​ក៏ដោយ។ តើនឹងមាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ចូលរួម​ក្នុង​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង នៅថ្ងៃសៅរ៍នេះ? ទៅ​តាម​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល អ្នកដែល​ល្មើស ផ្គើន​ចូលរួម​ក្នុង​បាតុកម្ម​ខុសច្បាប់ ត្រូវ​ប្រឈម​នឹង​ការបង់ប្រាក់ពិន័យ ១៣៥​អឺរ៉ូ គឺ​មិនមែន ៣៨​អឺរ៉ូ​ដូចមុន​ទៀតហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ