អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖​តើ​អ្នក​ណា​ខ្លះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី២៤ មីនា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសល់តែ៣ថ្ងៃ​ទៀតប៉ុណ្ណោះ​នឹង​ត្រូវ​ដល់​ថ្ងៃ​បោះឆ្នោត​ថៃ។ បេក្ខជន និង​គណបក្ស​នយោបាយ​កំពុងតែ​សម្រុក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ ជាពិសេស គឺ​ការ​ជជែកដេញដោលគ្នា​ជា​សាធារណៈ ដែល​ត្រូវ​គេ​រៀបចំ​ធ្វើឡើង ស្ទើរតែ​ជាប់​ជា​ប្រចាំរៀងរាល់ថ្ងៃ។ តើ​អ្នកណា​ខ្លះ​ជា​បេក្ខជន​សំខាន់ៗ ដែល​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ? តើ​បេក្ខជន​នីមួយៗ​មាន​គោលនយោបាយ​យ៉ាងណាខ្លះ ?។

លោកអាភិស៊ីត វេចាជីវ៉ា អតីត​នាយករដ្ឋមន្រ្តី​ និង​ជា​បេក្ខជន​សម្រាប់គណបក្សប្រជាធិបតេយ្យ
លោកអាភិស៊ីត វេចាជីវ៉ា អតីត​នាយករដ្ឋមន្រ្តី​ និង​ជា​បេក្ខជន​សម្រាប់គណបក្សប្រជាធិបតេយ្យ Reuters
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​មាន​ច្រើន គឺ​មាន​រហូតដល់​ទៅ​ប្រហែល​ជា ៨០​គណបក្សឯណោះ។ ក៏ប៉ុន្តែ គណបក្ស​ធំៗ ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង មានតែ ៤ ឬ ៥ ក្នុង​នោះ​មាន​គណបក្ស​នយោបាយ​ពីរ​ដែល​ជា​កម្លាំង​នយោបាយ​ចាស់ ហើយ​ដែល​ធ្លាប់​ជា​គូប្រជែង​នយោបាយ​នឹងគ្នា នៅ​ក្នុង​រយៈពេល​ជាង ២០ឆ្នាំ​ចុងក្រោយ​នេះ គឺ​គណបក្សភឿថៃ​ដែល​ជា​គណបក្ស​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន និង​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​នឹង​លោក​ថាក់ស៊ីន ហើយ​ដែល​ធ្លាប់​គាំទ្រ​ក្រុមអាវលឿង ក្នុងការ​ធ្វើ​បាតុកម្ម​ទម្លាក់​លោក​ថាក់ស៊ីន កាល​ពីឆ្នាំ២០០៦។ គណបក្ស​ប្រជាធិបតេយ្យ​នេះ​ធ្លាប់​បាន​គ្រប់គ្រ​ង​រដ្ឋាភិបាល កាល​ពី​ឆ្នាំ២០០៨ ក្រោយ​ពី​តុលាការ​ធម្មនុញ្ញ​រំលាយ​គណបក្ស​ស្និទ្ធ​នឹ​ង​លោក​ថាក់ស៊ីន ហើ​យនាយករដ្ឋមន្រ្តី​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេលនោះ គឺ​លោក​អាភិស៊ីត វេចាជីវ៉ា។

ចំណែក​គណបក្ស​សំខាន់​ចំនួន២​ទៀត ដែល​ទើប​នឹង​បង្កើត​ថ្មី​គឺ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​ដែល​ជា​គណបក្ស​ដែល​​បង្កើត​ឡើង​ដោយ​​កងទ័ព ហើយ​គាំទ្រ​រដ្ឋាភិបាល​នៃ​របបសឹក​បច្ចុប្បន្ន និង​គណបក្ស​អណាខុតម៉ៃ​ដែល​ជា​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី។ ក៏​ប៉ុន្តែ កំពុងតែ​មាន​សន្ទុះខ្លាំង ហើយ​ដែល​គេ​មើល​ទៅ​ឃើញ​ថា​​ជា​គណបក្ស​ដែល​អាច​ជា​កម្លាំង​នយោបាយ​ថ្មី​នៅ​ថៃ ព្រោះ​ជា​គណបក្ស​ដែល​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​យុវជន​ថៃ និង​ក៏​ជា​គណបក្ស​ដែល​​មាន​និន្នាការ​ប្រឆាំង​នឹង​របបសឹក។ គណបក្ស​អនាខុតម៉ៃ​នេះ ជា​គណបក្ស​ថ្មី​ក៏​ពិត​មែន តែ​ស្ថិត​ក្នុង​ចំណោម​គណបក្ស​តែ​ពីរ​គត់ រួម​ជាមួយ​នឹង​គណបក្ស​ភឿថៃ​ដែល​ដាក់​បេក្ខជន​ឲ្យឈរឈ្មោះ​នៅ​គ្រប់មណ្ឌល​ទាំង ៣៥០​មណ្ឌល នៅ​ទូទាំង​ប្រទេស។

ចុងក្រោយ គឺ​មាន​គណ​បក្ស​មួយ​ទៀត​ឈ្មោះ​ថា គណបក្សភូមិចៃថៃ ដែល​ជា​គណបក្ស​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០០៨ ហើយ​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ម្តង​កាល​ពី​ឆ្នាំ២០១១ ដែល​កាលណោះ​ទទួល​បាន​ ៣៤​អាសនៈ ក្នុងចំណោម​អាសនៈសរុប​ទាំង ៥០០។

តើអ្នកណាខ្លះ​ជា​បេក្ខជននាយករដ្ឋមន្រ្តី?

កាល​ពី​មុន​ពេល​មាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៧ ដែល​តាក់តែង​ឡើង​ដោយ​របបសឹក អ្នកណា​ក៏ដោយ ឲ្យ​តែ​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត គឺ​សុទ្ធតែ​អាច​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​បាន​ទាំងអស់។ តែ​ចំណុច​នេះ​ត្រូវ​បាន​កែប្រែ​ដោយ​រដ្ឋធម្មនុញ្ញ​របបសឹក​ដែល​តម្រូវ​ឲ្យ​គណបក្ស​ទាំងអស់​ត្រូវ​ចាត់​តាំង​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្រ្តី​ជាមុន ពោល​នៅ​មុន​ពេល​បោះឆ្នោត​ដោយ​គណបក្ស​នីមួយៗ​អាច​បញ្ជូន​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្រ្តី​បាន​យ៉ាងច្រើន​ត្រឹម ៣នាក់។ ពេលនេះ ពោល​នៅ​ពេល​ដែល​យុទ្ធនាការឃោសនា​បោះឆ្នោត​ឈាន​ចូល​ដល់​ដំណាក់កាល​ចុងក្រោយ មាន​បេក្ខជន​នាយករដ្ឋមន្រ្តី ៤រូប ដែល​គេ​កំពុងតែ​យកចិត្ត​ទុកតាមដាន​មើល​ខ្លាំង​គឺ។

លោកស្រី ស៊ុដារ៉ាត់ កេយុរ៉ាផាន់ (สุดารัตน์ เกยุราพันธ์) អតីត​រដ្ឋមន្រ្តី​ក្នុង​រដ្ឋាភិបាល​របស់​លោក​ថាក់ស៊ីន​ដែល​ជា​បេក្ខនារី​សម្រាប់​គណបក្ស​ភឿថៃ។ ជា​គណបក្ស​ដែល​ទំនង​ជា​នឹង​អាច​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ ពោល​អាច​បាន​អាសនៈ​ច្រើន​ជាងគេ​នៅ​ក្នុង​រដ្ឋសភា។ ក៏​ប៉ុន្តែ ប្រហែល​ជា​មិន​អាច​បង្កើត​រដ្ឋាភិបាល និង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​បាន​ទែ ព្រោះ​តាម​រដ្ឋធម្មនុញ្ញ​របស់​របបសឹក ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល និង​តែងតាំង​នាយករដ្ឋមន្រ្តី​បាន គឺ​ទាមទារ​ឲ្យ​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ទាំងពីរ​រួមគ្នា គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា។ ដោយសារ​តែ​សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០រូប​ សុទ្ធ​តែ​ត្រូវ​តែងតាំង​ឡើង​ដោយ​របបសឹក ដូច្នេះ ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​បាន គណបក្ស​ភឿថៃ​ត្រូវ​ឈ្នះ​ទទួល​បាន​អាសនៈ​រហូត​ដល់​ទៅ ៣៧៦ ដែល​បើ​តាម​មើល​ទៅ គឺ​ជា​រឿង​ដែល​ពិបាក​នឹង​អាច​ធ្វើ​បាន។

​លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​នៃ​របបសឹក​បច្ចុប្បន្ន​ដែល​ជា​បេក្ខជន​សម្រាប់​គណបក្ស​ផាឡាំងប្រាឆារ៉ាត់។ ជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​ចាញ់​គណបក្ស​ភឿថៃ​ច្រើន។ ក៏ប៉ុន្តែ មាន​ប្រៀបខ្លាំង​នឹង​អាច​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​បាន ព្រោះ​របបសឹក​មាន​សំឡេង​គាំទ្រ ២៥០ នៅ​ក្នុង​ព្រឹទ្ធសភា​រួច​ជា​ស្រេច។ ដូច្នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​អាទិត្យ ទី២៤ មីនា លោកប្រាយុទ្ធ​ត្រូវ​ការ​ឈ្នះ​ទទួល​បាន​អាសនៈ​តែ​ត្រឹម ១២៦​ទៀត​ប៉ុណ្ណោះ​ដើម្បី​អាច​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី។

លោក​អាភិស៊ីត វេចាជីវ៉ា អតីត​នាយករដ្ឋមន្រ្តី​ដែល​ជា​បេក្ខជន​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​។ រហូត​មក​ទល់​ពេល​នេះ លោក​អាភិស៊ីត​តែងតែ​បាន​អះអាង​ថា លោក និង​គណបក្ស​ប្រជាធិបតេយ្យ​មិន​គាំទ្រ​លោក​ប្រាយុទ្ធ​នោះ​ទេ ហើយ​ក៏​មិន​ចង់​ឲ្យ​របបសឹក​នៅ​បន្ត​កាន់​អំណាច​នោះ​ដែរ គឺ​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​មាន​នយោបាយ​តាម​បែបប្រជាធិបតេយ្យសេរី។ ក៏ប៉ុន្តែ ដោយសារ​តែ​កន្លងមក គេ​ធ្លាប់​ឃើញ​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នក​ប្រឆាំង​ខ្លាំង​ទល់​នឹង​ក្រុម​លោក​ថាក់ស៊ីន ហើយ​ធ្លាប់​មាន​ជំហរ​នៅ​ខាង​កងទ័ព គេ​ក៏​មិន​ប្រាកដ ១០០% ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ លោក​អាភិស៊ីត​នឹង​មិន​ទៅ​ចាប់ដៃ​ជាមួយ​លោក​ប្រាយុទ្ធ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយគ្នា​នោះ​ទេ។

លោកថាណាថុន ជឹងរុងរឿងគិត​ (ธนาธร จึงรุ่งเรืองกิจ) ជា​សេដ្ឋីវ័យ ៤០ឆ្នាំ ​រកស៊ី​ខាង​លក់​គ្រឿងឡាន មានលុយ​វាល់​លានដុល្លារ និង​ជា​បេក្ខជន​សម្រាប់​គណបក្ស​អណាខុតម៉ៃ​ដែល​ទើប​នឹង​បង្កើត​ថ្មី។ គណបក្ស​នេះ​មាន​ប្រជាប្រិយភាព​ខ្ពស់​នៅ​ថ្នាក់ជាតិ តែ​ដោយសារ​ជា​គណបក្ស​ទើប​នឹង​បង្កើត​ថ្មី ដូច្នេះ គេ​ពិបាក​នឹង​ប៉ាន់​ស្មាន​អំពី​កម្លាំង​នយោបាយ​នៅ​តាម​មណ្ឌល​នីមួយៗ ហើយ​ពិបាក​នឹង​ព្យាករ​​ថា ​តើ​នឹង​អាច​ឈ្នះ​បាន​អាសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​អាទិត្យ ទី២៤ មីនា។ ប៉ុន្តែ​ទូទៅ​គេ​ប្រមើល​ទុក​ថា លោក​ថាណាថុន និង​គណបក្ស​របស់​លោក​អាច​នឹង​ដើរតួនាទី​សំខាន់​នៅ​ក្នុង​ការ​ចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ តែ​ដោយសារ​លោក​មាន​ជំហរ​ប្រឆាំង​ដាច់ខាត​នឹង​របបសឹក គេ​កំពុង​សំឡឹង​មើល​អំពី​លទ្ធភាព​ដែល​គាត់​អាច​នឹង​ទៅ​ចាប់​ដៃគូ​ជាមួយ​នឹង​គណបក្ស​ភឿថៃ និង​គណបក្ស​​​ផ្សេងទៀត​ដែល​មាន​នយោបាយ​ប្រឆាំង​នឹង​របបសឹក​ដូចគ្នា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ ឬ​យ៉ាង​ហោច​ណាស់​បង្កើត​ជា​កម្លាំង​នយោបាយ​ប្រឆាំង​ខ្លាំង​មួយ ប្រសិនបើ​​លោក​ប្រាយុទ្ធ​​ធ្វើ​ជា​នាយករដ្ឋមន្រ្តី។

តើ​បេក្ខជន​នីមួយៗ​​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យ៉ាងណាខ្លះ?

គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា បេក្ខជន​ភាគច្រើន​មាន​គោលនយោបាយ​ផ្តោត​ទៅ​លើ​ប្រជាជន​ក្រីក្រ និង​ការ​កាត់បន្ថយ​វិសមភាព​សង្គម។ តែ​វិធានការ​ដែល​បេក្ខជន​ចង់​ដាក់ចេញ គឺ​វា​ខុសៗ​គ្នា។ លោកប្រាយុទ្ធ និង​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​របស់​លោក​ចង់​ពង្រីក​វិសាលភាព​នៃ​ជំនួយ​សង្គម​កិច្ច​របស់​រដ្ឋ មាន​ន័យ​ថា ចង់​បង្កើន​ចំនួន​ប្រជាជន​ដែល​មាន​សិទ្ធិ​ទទួល​ជំនួយ​សង្គមកិច្ច​ប្រចាំខែ​ពី​រដ្ឋ​ឲ្យ​បាន ១លាន ឬ​២លាន​នាក់​បន្ថែម​ទៀត ពោល​ថែម​ពី​លើ​១៤លាននាក់​ដែល​មាន​ស្រាប់។ បន្ថែម​ពី​លើ​នេះ​ទៀត គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​សន្យា​បន្ត​គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​រ​​បបសឹក​បាន​ចាប់ផ្តើម​ធ្វើ​រួច​ហើយ​កាល​ពី​ពេល​កន្លង​មក​ដើម្បី​ជំរុញ​វិស័យ​សេដ្ឋកិច្ច។

គណបក្ស​ភឿថៃ​វិញ​បាន​ប្រឆាំង​នឹង​គម្រោង​ហេដ្ឋារនាសម្ព័ន្ធ​មួយ​ចំនួន​របស់​របបសឹក ហើយ​ចង់​ផ្តោត​អាទិភាព​ទៅ​លើ​វិស័យកសិកម្ម ដូច​ជា​ការ​សន្យា​​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​មាន​ទីផ្សារ និង​តម្លៃ​កើនឡើង​ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាកសិករ និង​​គ្រោង​បង្កើត​មូលនិធិ​ជួយ​ដល់​កសិករ​ឲ្យ​បង្កើន​ការ​ដាំដុះ​ផលិតផល​សរីរាង្គ​ដែល​អាច​មាន​តម្លៃ​ខ្ពស់ និង​ទទួល​ប្រាក់​ចំណេញ​ច្រើន​ទៅ​ថ្ងៃ​អនាគត។ លោក​អាភិស៊ីត និង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ចង់​ជួយ​ប្រជាជន​ក្រីក្រ និង​កាត់បន្ថយ​វិសមភាព​សង្គម​តាម​រយៈ​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា។ ក្រៅ​ពី​នេះ គណបក្ស​ប្រជាធិបតេយ្យ​ចង់​បង្កើន​ការ​ធ្វើ​វិមជ្ឈការ​នៅ​តាម​ទីក្រុង​ធំៗ​ដើម្បី​បង្កើន​អំណាច​ដល់​ថ្នាក់មូលដ្ឋាន។ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គណបក្ស​ប្រជាធិបតេយ្យ​ជា​គណបក្ស​ដ៏​កម្រ​មួយ​នៅ​ក្នុងការ​បោះឆ្នោត​ថៃ​ពេលនេះ​ដែល​បង្ហាញ​ពី​នយោបាយ​ច្បាស់លាស់​ទាក់ទង​នឹង​វិស័យ​ការបរទេស។

នយោបាយ​ការបរទេស​របស់​គណបក្ស​ប្រជា​ធិបតេយ្យ គឺ​ចង់​ផ្តល់​តម្លៃ​លើ​អាស៊ាន ចង់​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​បង្កើន​នូវ​ការ​រួបរួមគ្នា ហើយ​ចង់​ឲ្យ​អាស៊ាន​ធ្វើការ​ចរចា​ជា​ប្លុក​តែមួយ​នៅ​ក្នុង​ការ​ចរចា​មួយ​ចិន ឬ​ចរចា​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ផ្សេងទៀត​ដើម្បី​ឲ្យ​អាស៊ាន​មាន​ឥទ្ធិពល​ និង​អាច​មាន​កម្លាំង​ក្នុងការ​ចរចា ជា​ជាង​ការ​ចរចា​ដាច់​តែ​ឯង​ដោយ​ប្រទេស​សមាជិក​នីមួយៗ។ ចំពោះ​លោក​ថាណាថុន និង​គណបក្ស​អាណាខុតម៉ៃ​វិញ នយោបាយ​ផ្តោត​អាទិភាព​តែ​លើ​ចំណុច​មួយ​គត់ គឺ​ប្រឆាំង​នឹង​កងទ័ព ប្រឆាំង​នឹង​របបសឹក​បច្ចុប្បន្ន​នេះ ហើយ​ប្រឆាំង​នឹង​តួនាទី​របស់​កងទ័ព​នៅ​ក្នុង​ឆាក​នយោបាយ​ជាទូទៅ​ដែល​បង្កើត​ឲ្យ​មាន​ជា​រដ្ឋប្រហារ​មិន​ចេះ​ឈប់​នា​ពេល​កន្លង​មក។ វិធានការ​ជាក់ស្តែង​ដែល​គណបក្ស​អាណាខុតម៉ៃ​ចង់​ដាក់​ចេញ គឺ​កាត់បន្ថយ​ថវិកា​វិស័យ​ការពារជាតិ កាត់បន្ថយ​ចំនួន​មន្រ្តី​ដឹកនាំ​កងទ័ព​ឲ្យ​នៅ​ត្រឹមពាក់កណ្តាល​នៃ​ចំនួន​បច្ចុប្បន្ន និង​សើរើ​មើល​ឡើងវិញ​នូវ​កិច្ចសន្យា​ទិញ​រថក្រោះ​ពីចិន។

ចំណុច​សំខាន់​មួយទៀត​ដែល​គណបក្ស​អាណាខុតម៉ៃ​ចង់​ធ្វើ តែ​មិន​ដឹង​ថា​អាច​នឹង​ធ្វើ​យ៉ាងម៉េច​បាន​នោះ គឺ​ចង់​ឲ្យ​អំណាច​ទ័ព​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ដើម្បី​កុំ​ឲ្យ​កងទ័ព​ចេះតែ​មាន​អំណាច​មក​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​តាម​តែ​ចិត្តចង់​ដូច​ពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ