rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

វិស័យ​ទេសចរណ៍​ក៏ដូច​ជា​វិស័យ​វិនិយោគ ក្រុម​ឧត្តមសេនីយ​ថៃងាក​រក​ចិន​ជា​ជាង​អាមេរិក

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​ថៃ ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាលស៊ីវិល​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ មក រាជាណាចក្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​ត្រៀម​ខ្លួន​រៀបចំ​បោះឆ្នោតសភា​នៅ​ថ្ងៃទី២៤ មីនា​ខាង​មុខ។ គឺ​ជា​ការ​បោះឆ្នោត​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០១១។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​សម្គាល់​ឃើញ​នៅ​ក្នុង​របបសឹក​នា​រយៈពេល​ជិត ៥ឆ្នាំ​កន្លង​ទៅ គឺ​ការ​ដែល​ក្រុម​ឧត្តមសេនីយ​បាន​ដក​ខ្លួន​ចេញ​ពី​អាមេរិក​ទៅ​ឱបចិន ពិសេស​ទាក់ទាញ​អ្នកទេសចរ និង​អ្នកវិនិយោគ​ចិន។

អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​ចង់​បាន និង​សង្ឃឹម គឺ​ការ​ចូលរួម​របស់​ចិន​នៅ​ក្នុង​មហា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​ចំណាយប្រាក់​ជាង ៤៥ ០០០លានដុល្លារ។ តើ​រាត្រី​ទឹកឃ្មុំ​ដែល​ថៃ និង​អាមេរិក​ធ្លាប់​មាន​ជាមួយ​គ្នា​បាន​ក្លាយ​ជា​ទឹកខ្មេះ​ហើយ ឬ?។

ជា​ការ​បន្ត​រាត្រី​ទឹក​ខ្មេះ ឬ​អាច​នឹង​ប្រែ​​ក្លាយ​ជា​រាត្រី​ទឹក​ឃ្មុំ​ឡើង​វិញ​រវាង​អាមេរិក និង​ថៃ វា​អាស្រ័យ​ទាំង​ស្រុង​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី២៤ មីនា​ខាង​មុខ។ បើ​មេ​រដ្ឋប្រហារ​យោធា​លោក​ប្រាយុទ្ធ ចាន់អូចា​អាច​ជាប់​ឆ្នោត​កាន់​អំណាច​ជា​បន្ត​ទៀត នោះ​ភាព​ល្អូកល្អឺន​ជា​ប្រពៃណី​រវាង​ក្រុង​បាងកក និង​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ជំនួស​ដោយ​រាត្រីទឹកឃ្មុំ​រវាង​ក្រុង​បាងកក និង​ក្រុង​ប៉េកាំង។ ពិត​ណាស់ ការ​បោះឆ្នោត​នៅ​ថ្ងៃទី២៤ មីនា ឆ្នាំ ២០១៩ ជា​ការ​បោះឆ្នោត​លើកទី១ គិត​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ និង​ក៏​ជា​លើកដំបូង​គិត​តាំង​ពី​ឆ្នាំ ២០១១។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាច​របស់​របបសឹក​ជិត ៥ឆ្នាំ​កន្លង​ទៅ ក្រុម​ឧត្តមសេនីយ​បាន​ដោះដៃ​ពី​អាមេរិក​ទៅ​ឱប​ចិន​នៅ​សឹង​គ្រប់​វិស័យ ពិសេស​សេដ្ឋកិច្ច​ដោយ​បើក​ទ្វារ​ចំហ​សម្រាប់​អ្នកទេសចរណ៍ និង​អ្នកវិនិយោគ​ចិន។

ពេញ​មួយ​ឆ្នាំ ២០១៨ អ្នកទេសចរ​បរទេស​ទៅ​លេង​ថៃ​ប្រមាណ​ជា ៤០លាននាក់ មាន​អ្នកទេសចរ​ចិន​ដល់​ទៅ ១០លាននាក់។ គ្រាន់​តែ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី១០ កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ ថៃ​បាន​ទទួល​អ្នកទេសចរ​ចិន​ចំនួន ៣៣ម៉ឺននាក់។ ដើម្បី​អូស​ទាញ​អ្នកទេសចរ​ចិន​ឲ្យ​កាន់​តែ​ច្រើន ក្រសួង​ទេសចរណ៍​ថៃ និង​ក្រសួង​វប្បធម៌​ចិន​បាន​សហការណ៍​គ្នា​បង្កើត​ឲ្យ​មាន​កម្មវិធី​វប្បធម៌​ផ្សេងៗ ដូច​យ៉ាង​ល្ខោនចិន កម្មវិធី​ច្រៀង រាំ ឬ​មួយ​កម្មវិធី​កាយសិល្បករ។ គួរ​រម្លឹក​ថា ថៃ​ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែរ មាន​ជនអន្តោប្រវេសន៍​ចិន​ចូល​ទៅ​តាំង​លំនៅដ្ឋាន​តាំង​ពី​ប៉ុន្មាន​សតវត្ស​មក​ហើយ។ ប្រជាជន​ថៃ​ដើមកំណើត​ចិន​បាន​ក្លាយ​ជា​តួអង្គ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ប្រទេស ហើយ​កូនចៅ​របស់​ពួក​គេ​ក៏​កំពុង​បន្ត​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ​នា​ពេល​សព្វថ្ងៃ​ទៀត។

ប៉ុន្តែ ទោះ​បី​ជា​មាន​ភាព​ជា​ញាតិសន្តាន​ប្រវត្តិសាស្រ្ត និង​ភូមិសាស្រ្ត​ក៏​ដោយ ក៏​ថៃ​នៅ​មុន​សម័យ​របបសឹក​បច្ចុប្បន្ន​មិន​ញញើត​បង្ហាញ​ខ្លួន​ឯង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​សតវត្សទី២០ ពិសេស​ក្នុង​សម័យសង្រ្គាម​វៀតណាម​ដែល​ថៃ​បាន​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើ​ទឹកដី​របស់​ខ្លួន​ជា​មូលដ្ឋានទ័ព។ សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ទាហាន​អាមេរិក និង​ថៃ​ឈ្មោះ « Cobra Gold » ជា​សក្ខីកម្ម​មួយ​ដែល​មិន​អាច​ប្រកែក​បាន​នៃ​ទំនាក់ទំនង​ស្អិតរមួត​រវាង​វ៉ាស៊ីនតោន និង​បាងកក។ តែ​គេ​បាន​សម្លឹង​ឃើញ​ថា​ជាមួយ​នឹង​របបសឹក​ក្នុង​អំណាច​លោក​ប្រាយុទ្ធ ចាន៉អូចា​ជិត ៥ឆ្នាំ​កន្លង​ទៅ ក្រុម​ឧត្តមសេនីយ​ហាក់​បាន​ដក​មួយ​ជំហាន​ពី​អាមេរិក​ងាក​ទៅ​រក​ចិន។ អាច​មាន​ហេតុផល​ចំនួន​ពីរ​ដែល​បញ្ជាក់​ពី​ជម្រើស​នេះ ទី១ ថៃ​បាន​ដឹង​ខ្លួន​ឯង​ថា អាមេរិក​ក្នុង​នាម​ជា​បិតាប្រជាធិបតេយ្យ និង​បិតា​សិទ្ធិមនុស្ស​ក្នុង​លោក​មិន​សូវ​សប្បាយចិត្ត និង​ចង់​ឃើញ​ថៃ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​វិញ និង​ហេតុផល​ទី២ គឺ​សេដ្ឋកិច្ច ព្រោះ​ខុស​ពី​អាមេរិក ចិន​បាន​បែងចែក​ច្បាស់លាស់​រវាង​នយោបាយ និង​សេដ្ឋកិច្ច​ដោយ​មិន​លូកដៃ​ចូល​ជ្រៀតជ្រែក​ឡើយ។

ចូរ​កុំ​ភ្លេច​ថា លោក​ប្រាយុទ្ធ ចាន់អូចា​បាន​បង្កើត​មហា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​មាន​ឈ្មោះ​ថា « Eastern economic corridor » ឬ​ហៅ​កាត់​ថា EEC។ គឺ​ជា​ផែនការ​មហិច្ឆតា​មួយ​ដែល​របបសឹក​គ្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​ធំ និង​គ្រោង​សង់​ផ្លូវ​រត់ភ្លើង​ល្បឿន​លឿន​មួយ​ដែល​ត្រូវ​ចំណាយ​លុយ​សរុប​ជាង ៤៥ ០០០លានដុល្លារ។ មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន អាមេរិក កូរ៉េខាងត្បូង ឬ​ជប៉ុន​កំពុង​សម្លឹង​ចង់​ទទួល​បាន​មហាគម្រោង​មួយ​នេះ​ដោយ​ស្រក់​ទឹកមាត់។ តែ​ក្រុម​អ្នក​វិភាគ និង​ក្រុង​បាងកក​ខ្លួន​ឯង​បាន​មើល​ឃើញ​ដូច​គ្នា​ថា ផ្អែក​លើ​បរិបទពិភពលោក​សព្វថ្ងៃ ហើយ​ផ្អែក​លើ​គម្រោង​ចំណាយ​ដ៏​ច្រើន​សម្បើម​របៀប​នេះ បើ​គ្មាន​អ្នកវិនិយោគ​គ្រាក់ៗ​មក​ពី​ចិន​ទេ នោះ « Eastern economic corridor » ក៏​ប្រហែល​គ្មាន​ថ្ងៃ​នឹង​លេច​រូបរាង​បាន​ដែរ។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ឆ្នាំ ២០១៨ របបសឹក​បាន​និយាយ​ជំនះ​មហាសេដ្ឋី​ចិន​ម្នាក់​លោក Jack Ma ឲ្យ​បោះទុន​វិនិយោគ​ជាង ៣០០លានដុល្លារ​នៅ​ក្នុង​គម្រោង EEC។ ក្នុង​រដូវក្តៅ​ឆ្នាំ ២០១៨ ដដែល ក្រុង​បាងកក​បាន​រៀបចំ​វេទិកា​ទទួល​អ្នក​ទទួល​ខុសត្រូវ​សេដ្ឋកិច្ច​ចិន​ជាង ៥០០នាក់​ដោយ​បាន​នាំ​ទៅ​ពិនិត្យ​ទីតាំង​ដើម្បី​អភិវឌ្ឍ​គម្រោង EEC នោះ។ ក្រៅ​ពី​សេដ្ឋកិច្ច របបសឹក​ថៃ​ក៏​បាន​សម្លឹង​ឃើញ​ក្នុង​វិស័យ​យោធា​ដែរ​តាម​រយៈ​ការ​ទិញ​នាវាមុជទឹក​របស់​ចិន។ ប្រជារាស្រ្ត​ថៃ​ភាគ​ច្រើន​ហាក់​មិន​សូវ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ​ចំពោះ​នយោបាយ​បែរ​ផ្អៀង​ទៅ​រក​ចិន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច តែ​ហាក់​មាន​ក្តី​បារម្ភ និង​មាន​ការ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​វិស័យ​យោធា។ សរុប​មក​វិញ ជម្រើស​របស់​របបសឹក​បែរ​ខ្លួន​ចេញ​ពី​អាមេរិក​បន្តិច​ទៅ​រក​ចិន​មិនមែន​ជា​ការ​បញ្ចប់​រាត្រី​ទឹកឃ្មុំ​រវាង​វ៉ាស៊ីនតោន និង​បាងកក​ទេ តែ​ជា​ការ​ផ្តើម​មាន​រាត្រី​ទឹកឃ្មុំ​បន្ថែម​រវាង​ប៉េកាំង និង​បាងកក៕

ចិន​បើក​ជំនួបកំពូល​លើកទី២ ដើម្បី​ធានា និង​ផ្តល់​សន្ទុះ​លើ​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ

ភេរវកម្ម​នៅ​ស្រីលង្កា៖ គំនិត​ចង់​ឈ្នះ​ចាញ់ លើ​គូប្រជែង​នយោបាយ ធ្វើ​ឲ្យ​រដ្ឋាភិបាល​​មើលស្រាល បញ្ហា​សន្តិសុខ​ជាតិ

ហេតុអ្វី​បាន​ជា​ប៉ូលិស​ថៃ តាមរកចាប់ខ្លួន​ម្ចាស់​​ផ្ទះបណ្តែតទឹក​សមុទ្រ?

អាស៊ីអាគ្នេយ៍៖ តួនាទីរបស់បច្ចេកវិទ្យាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ច

ហ្វាំងឡង់ ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តីសុខ​សុភមង្គល ជាងគេ​លើ​លោក

ហេតុអ្វី​ចិន​ក្លាយជា​ចំណុច​ចម្រូងចម្រាស​ក្នុង​ការបោះឆ្នោត​ឥណ្ឌូណេស៊ី

ស៊ូដង់៖​ក្រោយ​ការ​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ពី​អំណាច ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់​ខ្លាំង

WTO៖ សង្គ្រាម​ពាណិជ្ជកម្ម​អាច​នឹង​មាន​ផលប៉ះពាល់​អាក្រក់​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៩​

នៅ​លីប៊ី ​ម៉ូស្គូ ចាក់​សន្លឹកបៀលើ សេនាប្រមុខ Haftar ប៉ុន្តែ ថ្នមផលប្រយោជន៍រុស្ស៊ី​នៅ​ទីនោះ​

ភាពរ៉ាំរ៉ៃ អូស​ដំណើរ នៃ​សំណុំ​រឿង Brexit ជា​កំហុស​អ្នកណា?

តួនាទី​សារព័ត៌មាន​នៅក្នុង​ប្រល័យពូជសាសន៍​រវ៉ាន់ដា

លីប៊ី៖​សេនាប្រមុខ​ខាលីហ្វា ហាវតារ​កំពុង​ក្លាយ​ជា​តួអង្គ​នយោបាយ​ដែល​សហគមន៍​អន្តរជាតិ​លែង​ហ៊ាន​មើលស្រាល?

ជំនួប​ចចារ​ពាណិជ្ជ​កម្ម​អាមេរិក-ចិន៖ ដំណើរការ​ទៅ​មុខ​ ប៉ុន្តែ​នៅ​តែ​រក​ទីបញ្ចប់​មិន​ឃើញ​

ចិន​អាចនឹង​ជែងឈ្នះ​អាមេរិក​ក្នុងការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​

ថៃ៖ ស្ថានភាព​​ផ្សែងពុលក្នុង​បរិយាកាស​ ដ៏​ធ្ងន់ធ្ងរ​បំផុត ​នៅ​ភាគ​ខាង​ជើង

តួកគី៖លោកអ៊ែរដូហ្កាន​បាន​ទទួល​បរាជ័យ​ជូរចត់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់

បារាំងកាន់​ដៃ​​ចិន​ រត់​ប្រណាំង​អាមេរិក ឡើង​ឋាន​ព្រះចន្ទ

ថៃ៖ ក្រោយ​បោះឆ្នោត​រួច ទិដ្ឋភាព​នយោបាយ​កាន់តែ​បែក​បាក់​គ្នា

គ្រាប់រ៉ូកែត​បាញ់​​ចេញ​ពី​តំបន់ហ្គាហ្សា​ដែនដី​ប៉ាឡេស្ទីន​កំពុង​ក្លាយ​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតសភា​អ៊ីស្រាអែល?

បរាជ័យ​នៃ​អន្តរាគមន៍​របស់​រដ្ឋ​ក្នុង​សេដ្ឋកិច្ច