Washington Post៖ក្រុមប្រឆាំងនឹងរបបក្រុងព្យុងយ៉ាងដែលបានចូលក្នុងស្ថានទូតកូរ៉េខាងជើងនៅអេស្ប៉ាញ
កាសែតអាមេរិកឈ្មោះ Washington Post ទើបបានទម្លាយព័ត៌មានថ្មីស្តីពីព្រឹត្តិការណ៍នៃការចូលក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសអេស្ប៉ាញពីសំណាក់មនុស្សមួយក្រុមកាលពីខែកុម្ភៈកន្លងទៅ។ តាម Washington Post ចេញផ្សាយក្នុងយប់ថ្ងៃសុក្រ ទី១៥ មីនា ក្រុមមនុស្សមួយក្រុមនោះជាពួកប្រឆាំង និងមានគោលដៅផ្តួលរំលំរបបដឹកនាំក្រុងព្យុងយ៉ាងរបស់លោកគីម ជុងអ៊ុន។ ព័ត៌មានរបស់ Washington Post បានធ្លាក់មក បន្ទាប់ពីកាសែតអេស្ប៉ាញមួយឈ្មោះ El Pais បានបញ្ជាក់ក្នុងសប្តាហ៍នេះថា មានមនុស្សពីរនាក់ក្នុងក្រុមនោះត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយអ្នកទាំងពីរថែមទាំងមានទំនាក់ទំនងជាមួយក្រសួងស៊ើបការណ៍អាមេរិក CIA ទៀតផង។ តែ CIA ធ្លាប់បានច្រានចោលពីការរួមដៃជាមួយក្រុមនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
អ្វីៗបានចាប់ផ្តើមក្នុងថ្ងៃទី២២ កុម្ភៈកន្លងទៅ ដោយមានមនុស្ស ១០នាក់ប្រដាប់ដោយកាំភ្លើងក្លែងក្លាយបានចូលក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ នៅពេលនោះ ពួកគេបានចាប់បុគ្គលិកក្នុងស្ថានទូតចង និងចុកមាត់អស់ជាច្រើនម៉ោង មុននឹងចាកចេញដោយនាំទៅជាមួយនូវម៉ាស៊ីនកុំព្យូទ័រ ឯកសារ និងទូរស័ព្ទជាច្រើនគ្រឿងតាមរថយន្តចំនួន ២គ្រឿងរបស់ស្ថានទូត។ ព្រឹត្តិការណ៍មួយនេះបានកើតមានឡើងនៅ ៥ថ្ងៃ មុនជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្រោយហេតុការណ៍នោះភ្លាម កាសែតប្រចាំថ្ងៃអេស្ប៉ាញមួយឈ្មោះ El Pais ដែលដកស្រង់ប្រភពប៉ូលិស និងស្ថាប័នប្រឆាំងចារកម្មអេស្ប៉ាញបានបញ្ជាក់ក្នុងសប្តាហ៍នេះថា មានមនុស្សពីរនាក់ក្នុងចំណោម ១០នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយអ្នកទាំងពីរមានទំនាក់ទំនងជាមួយ CIA អាមេរិក។ បន្ទាប់មក រដ្ឋអំណាចអេស្ប៉ាញក៏បានសុំការបំភ្លឺពី CIA តែ CIA បានបដិសេធពីការចូលរួមជាមួយក្រុមនេះ។ ទោះជាយ៉ាងនេះក្តី រដ្ឋអំណាចក្រុងម៉ាឌ្រីដមិនសូវជឿលើចម្លើយរបស់ CIA និងបានយល់ឃើញថា CIA ប្រហែលជាបានសហការណ៍ជាមួយកូរ៉េខាងត្បូងនៅក្នុងរឿងរ៉ាវមួយនេះ។
តែបើតាមកាសែតអាមេរិក Washington Post វិញ ក្រុមដែលចូលក្នុងស្ថានទូតកូរ៉េខាងជើងនៅអេស្ប៉ាញជាក្រុមប្រឆាំងនៅបរទេសដែលមានបំណងផ្តួលរំលំរបបដឹកនាំកូរ៉េខាងជើងរបស់លោកគីម ជុងអ៊ុន ហើយពួកគេបានបើកប្រតិបត្តិការខ្លួនឯងដោយគ្មានសហការណ៍ជាមួយរដ្ឋាភិបាលបរទេសណាមួយទេ។ តាម Washington Post ដដែល ក្រុមមួយនេះបានប្រកាសបង្កើតរដ្ឋាភិបាលកូរ៉េខាងជើងនៅបរទេសក្នុងខែកុម្ភៈកន្លងទៅដោយដាក់ឈ្មោះថា « Joseon libre »។ ព័ត៌មានរបស់ Washington Post ពេលនេះជាព័ត៌មានចុងក្រោយទាក់ទងនឹងព្រឹត្តិការណ៍ចូលស្ថានទូតកូរ៉េខាងជើងនៅប្រទេសអេស្ប៉ាញពីមនុស្សមួយក្រុមកាលពីថ្ងៃទី២២ កុម្ភៈ។ តែខណៈនេះ ប៉ូលិស និងរដ្ឋាភិបាលអេស្ប៉ាញមិនបានបញ្ជាក់ជាផ្លូវការលើព័ត៌មានលើកឡើងដោយ Washington Post ពេលនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ