rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ជម្លោះ​តំបន់កាស្មៀរ​មិនមែន​គ្រាន់តែ​ជា​ជម្លោះ​ព្រំដែន​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​

ដោយ អ៊ុង គឹមអ៊ាន់

ភាពតានតឹង​រវាង​ប្រទេសឥណ្ឌា​និងប៉ាគីស្ថាន​ បានថយចុះ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ​។ ជម្លោះ​ដ៏​រុំារ៉ៃ​ និង​ក្តៅងំ​ដូច​រងើកភ្លើង​ ជាពិសេស​ការប៉ះទង្គិចគ្នា​នៅ​តំបន់​កាស្មៀរ​ កាលពី​ពេលថ្មីៗ​កន្លងមកនេះ​ ធ្វើឲ្យ​គេ​មានការព្រួយ​បារម្ភខ្លាំងថា​ ប្រទេស​មហាអំណាច​នុយក្លេអ៊ែរទាំងពីរ​ អាចផ្ទុះសង្គ្រាម​ខ្លាំងក្លា​នឹងគ្នា​ទៀតផង​។

ក៏ប៉ុន្តែ​ បើ​គេ​ពិនិត្យ​និងពិចារណា​ឲ្យស៊ីជម្រៅ​ទៅ​ ជម្លោះ​នៅ​តំបន់​កាស្មៀរ​ មាន​បង្កប់​នូវ​អត្ថន័យ​នយោបាយ​នៅ​ពីក្រោយ​នោះ​។ ជាក់ស្តែង​ នា​ប៉ុន្មាន​សប្តាហ៍​ទៀត​ ប្រទេស​ឥណ្ឌា​នឹង​រៀបចំ​ការបោះឆ្នោត​ ដូច្នោះ​ហើយ​គេ​មើលឃើញថា​ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ បានឆ្លៀត​កេងចំណេញ​ផ្នែក​នយោបាយ​យ៉ាងច្រើន​ពី​បញ្ហានៅកាស្មៀរ​។

ដោយឡែក​ លោកអ៊ីមរ៉ាន ខាន់​ នាយករដ្ឋមន្ត្រី​បាគីស្ថានវិ​ញ​ ក៏ទាញបាន​ផលប្រយោជន៍​នយោបាយ​មិនតិចប៉ុន្មានដែរ​ ពី​វិវាទ​នៅ​ឯ​តំបន់កាស្មៀរ​ បើប្រៀបធៀប​ទៅនឹង​លោកណារិនដ្រា​ ម៉ូឌី​។

ភាពតានតឹង​នៅតំបន់​កាស្មៀរ​ចុងក្រោយ​បំផុត​ បង្កឡើងដោយ​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​សម្លាប់​ទាហាន​ឥណ្ឌា​ជាង​ ៤០នាក់​ ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​ Jaish-e-Muhammad កាលពី​ថ្ងៃទី​ ១៤ កុម្ភៈ ឆ្នាំ២០១៩​ កន្លងទៅ​។

ការ​វាយប្រហារ​ភេរវកម្មនេះ​ បានធ្វើឲ្យ​ឥណ្ឌា​ផ្ទុះ​កំហឹង​ជាខ្លាំង​ និង​បាន​ឆ្មក់វាយប្រហារ​តាមអាកាស​ ទៅលើ​ជំរំ​ហ្វឹកហ្វឺន​មួយកន្លែង​របស់​ពួក​ Jaish-e-Muhammad ក្នុង​ទឹកដី​ប៉ាគីស្ថាន​ កាលពី​ថ្ងៃទី​ ២៦ កុម្ភៈ​ ឆ្នាំ២០១៩​។ បន្ទាប់មក​ ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​ បានកើនឡើង​មួយកម្រិតទៀត​ដោយសារតែ​ ការបាញ់ផ្លោង​ដាក់គ្នា​ទៅវិញទៅមក​ និង​បណ្តាលឲ្យ​ប្រជាជន​របស់​ទាំងពីរ​ស្លាប់​ប្រមាណជា​ ១២ នាក់​។

គួរជ្រាបថា​ ចាប់តាំងពី​ទទួលបាន​ឯករាជ្យភាព​ ពី​ប្រទេស​អង់គ្លេស​នៅឆ្នាំ​ ១៩៤៧​ មក​ កាស្មៀរ​បានក្លាយទៅជា​តំបន់​ដែល​មាន​ជម្លោះ​រុំារ៉ៃ​ រវាង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ។ សំខាន់​ជាងនេះ​ទៅទៀតនោះ​ តំបន់​កាស្មៀរ​ក៏បាន​ក្លាយទៅជា​ផ្ទាំងស៊ីប​ដ៏សំខាន់​បំផុតមួយ​ ដែល​អ្នក​នយោយបាយ​របស់​ឥណ្ឌា​ និង​ប៉ាគីស្ថាន​យក​ធ្វើជា​យុទ្ធសាស្ត្រនយោបាយ​រៀងៗខ្លួន​។

នៅតែ​ប៉ុន្មាន​សប្តាហ៍ទៀត​ប៉ុណ្ណោះ​ ប្រទេសឥណ្ឌា​នឹង​រៀបចំ​ការបោះឆ្នោត​សកល​ ហើយ​ដើម្បី​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​ នាយករដ្ឋមន្ត្រី​ជាតិនិយម​ឥណ្ឌា​ គឺ​លោកណារិនដ្រា​ ម៉ូឌី​ បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​បង្កើត​ការងារ​ ព្រមទាំង​ក្រោកឈរ​តតាំង​ទៅនឹង​សត្រូវ​របស់​ប្រទេស​។

ដើម្បី​ទាញ​ចំណេញ​ផលប្រយោជន៍​ផ្នែក​នយោបាយ​ អ្នកជំនាញ​បាន​និយាយ​ថា​ លោកម៉ូឌី​ បាន​ប្រើ​យុទ្ធសាស្ត្រ​ជាតិនិយម​ និង​បាន​បញ្ជាឲ្យ​យន្តហោះ​ចម្បាំង​របស់​ឥណ្ឌា​បើក​ការវាយប្រហារ​ក្នុង​ដែនដី​របស់​ប៉ាគីស្ថាន​។

យុទ្ធសាស្ត្រនេះ​បានធ្វើឱ្យ​ប្រជាប្រិយភាព​របស់​ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូឌី​ កើនឡើង​ និង​ទទួលបាន​ការចាប់អាម្មណ៍​មិនតិចនោះទេ​ពី​ប្រជាជន​ឥណ្ឌា​។ ជាក់ស្តែង​ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្រ្តន​យោបាយម្នាក់​គឺ​លោក​ Yashwant Deshmukh បាន​និយាយថា​ គណបក្ស​ស្តាំនិយម​របស់​លោកម៉ូឌី​ អាច​កើន​ការគាំទ្រ​ចំនួន​ប្រាំភាគរយ​ ពី​ជម្លោះ​នៅតំបន់​កាស្មៀរ​នាពេលថ្មីៗ​កន្លងមកនេះ​។

ទន្ទឹមគ្នានេះដែរ​ អ្នកជំនាញ​ខាងផ្នែក​នយោបាយ​អាស៊ី​ខាងត្បូង​ម្នាក់​ទៀត​នៅ​សាកលវិទ្យាល័យ​មួយ​ នៃ​ទីក្រុង​ឡុងដ៍​គឺអ្នកស្រី​ Simona Vittorini បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ CNN ថា​ ប្រសិនបើ​ការវាយប្រហារ​ភេរវកម្ម​ កើតឡើង​មិន​ចំពេល​នៃ​ការខិតជិត​មកដល់​នៃ​ការបោះឆ្នោត​នោះទេ​ ដំណោះស្រាយ​អាច​ត្រូវបាន​គេ​រកបាន​យ៉ាង​ឆាប់រហ័ស​។

បើ​ងាក​មក​និយាយពី​ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោកអ៊ីមរ៉ាន ខាន់​វិញ​ លោក​ក៏​ទទួល​បាន​ប្រជាប្រិយភាព​មិនតិចដែរ​ ពី​ជម្លោះ​នៅ​តំបន់​ការស្មៀរ​ ទោះបីជា​លោក​ប្រើ​យុទ្ធសាស្ត្រ​ ខុសគ្នា​ផ្ទុះស្រឡះ​ពី​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ក៏ដោយ​។ លោកអ៊ីរ៉ាម ខាន់​ ដែលជា​នាយករដ្ឋមន្ត្រីថ្មី​ប៉ាគីស្ថាន​ និង​ដែល​ទើបឡើង​កាន់តំណែង​មិនទាន់​បាន​មួយឆ្នាំផង​នោះ​ បានប្រកាន់​នូវ​ជំហរ​ត្រជាក់​ តែ​បង្កប់​នូវ​ភាពរឹងមាំ​នៅ​ចំពោះមុខ​ឥណ្ឌា​។

ជាក់ស្តែង​ ក្រោយ​មាន​ការប៉ះទង្គិច​គ្នា​ លោកអ៊ីមរ៉ាន ខាន់​ បាន​ប្រកាស​ចូល​តុ​ចរចា​ជាមួយ​ឥណ្ឌា​ និងថា​ចាំជួយ​ឥណ្ឌា​ក្នុងការ​ស៊ើបអង្កេត​ជុំវិញ​ករណី​ភេរវកម្ម​។ លើសពីនេះ​ទៅទៀត​នោះ​ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​វ័យ ៦៦ ឆ្នាំ​រូបនេះ​ ថែមទាំង​បាន​ប្រកាស​ដោះលែង​អ្នកបើក​យន្តហោះ​ចម្បាំងឥណ្ឌា​ ដែល​ខ្លួន​ចាប់​បាន​កាលពី​ចុងខែកុម្ភៈ​ ឆ្នាំ២០១៩​ ទៀតផង​។

កាយវិការ​សន្តិភាព​និយម​របស់​លោក អ៊ីមរ៉ាន ខាន់​ បានធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ជាក់ស្តែង​អ្នកស្រី​ Gul Bukhari ដែលជា​អ្នកសារព័ត៌មាន​ឯករាជ្យម្នាក់​ បាននិយាយថា​ការ​សម្រេចចិត្ត​របស់​លោកអ៊ីមរ៉ាម ខាន់ ក្នុងការ​ដោះលែង​អ្នកបើកយន្តហោះ​ឥណ្ឌា​ គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវមួយ​។

ជាមួយគ្នានេះ​ ក្រៅតែ​ត្រូវបាន​គេ​លើក​សរសើរ​ ថា​ជា​អ្នក​សន្តិភាពនិយម​ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ ក៏ត្រូវបាន​អ្នកវិភាគ​នយោបាយ​ម្នាក់​ចាត់ទុក​ថា​ជាបុគ្គល​មាន​ភាព​ចាស់ទុំ​ខាងផ្នែក​នយោយបាយ​ ខណៈពេល​ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូឌី​ ត្រូវ​គេ​ចាត់ទុកថា​ជា​អ្នកនយោបាយ​ដែល​ចូលចិត្ត​បង្ហាញ​សាច់ដុំ​ និង​មិនខ្លាចនឹង​ធ្វើសង្គ្រាម​។ ក្រៅពីនេះ កាលពីថ្ងៃទី ៤ មីនា​ មាន​មនុស្ស​ប្រមាណជា​ ៤០ ម៉ឺននាក់​បាន​ចុះហត្ថលេខា​លើ​ញត្តិ​ គាំទ្រ​លោកអ៊ីមរ៉ាន ខាន់​ដើម្បី​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​ទៀតផង​។

សរុបសេចក្តីមក​ ទាំង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ និង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​នយោបាយ​ពី​ជម្លោះ​នៅតំបន់​កាស្មៀរ​ដូចគ្នា​។ ជាក់ស្តែង ទោះបីជា​ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​ មិនទទួល​បាន​ការសរសើរពី​អន្តរជាតិថា​ជា​អ្នក​នយោបាយ​សន្តិភាព​និយម​ ដូច​លោកអ៊ីរ៉ាមខាន់​ក៏ដោយ​ តែ​លោក​បាន​យកឈ្នះ​បេះដូង​ប្រជាជន​ឥណ្ឌា​មិនតិចនោះទេ​។ ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក​ បាន​ជួយឲ្យ​គណបក្ស​របស់លោក​កើន​សំឡេង​គាំទ្រ​ ដែល​ជា​តម្រូវការ​ចាំបាច់​ ដើម្បី​យកឈ្នះ​ការបោះឆ្នោត​សកល​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅក្នុងខែ​ ឧសភា​ ឆ្នាំ២០១៩​ ខាងមុខ​នេះ​៕

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?