rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​នៃ​សម័យប្រជុំពេញអង្គ​លើកទី១៣ របស់​សភាប្រជាជនចិន

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​ចិន សភា​ប្រជាជន​បាន​បើក​សម័យប្រជុំពេញអង្គ​លើកទី១៣ រយៈពេល ១០ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី៥ មីនា និង​មាន​ប្រតិភូ​ចូលរួម​សរុប​ប្រមាណ​ជា ៣ ០០០នាក់​មក​ពី​គ្រប់​ខេត្ត ក្រុង​នៅ​ទូទាំង​ប្រទេស។ អ្វី​ជា​ការ​កត់សម្គាល់ សម័យប្រជុំ​ពេញ​អង្គ​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​ពេល​នេះ​បាន​រៀបចំ​ឡើង ក្នុង​ពេល​ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចទី២ ក្នុង​លោក​មួយ​នេះ​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​កំពុង​បន្ត​មាន​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សុន្ទរកថា​បើក​សម័យប្រជុំ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​បាន​សង្កត់ធ្ងន់ និង​ឲ្យ​អាទិភាព​លើ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ដែល​ចិន​កំពុង​ប្រឈម​បច្ចុប្បន្ន។

នៅ​ក្នុង​សុន្ទរកថា ប្រមុខ​រដ្ឋាភិបាល​ចិន​លោក​លី ខឺជាំង​បាន​ផ្តល់​តុល្យការ​រួម​ស្តីពី​ស្ថានភាព​ទូទៅ​នៅ​ក្នុង​ប្រទេស​នា​ឆ្នាំ ២០១៨ កន្លង​ទៅ មាន​ទាំង​វិស័យ​សេដ្ឋកិច្ច នយោបាយ សង្គម និង​យោធា។ សម្រាប់​លទ្ធផល​ឆ្នាំ ២០១៨ កន្លង​ទៅ​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ចិន​ផ្តោត​សំខាន់​លើ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ កំណើន​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ស្រុក និង​បរិបទ​ពិភពលោក​មិន​ទៀងទាត់។ លោក​លី ខឺជាំង​បាន​ទទួល​ស្គាល់​ពេញ​មាត់​ថា​ក្នុង​ឆ្នាំ ២០១៨ និង​ជា​លើកទី១ ចិន​បាន​ប្រឈម​មុខ និង​ជួប​ការ​លំបាក​ខ្លាំង​នៅ​ផ្ទៃក្នុង និង​នៅ​អន្តរជាតិ។

លោក​លី ខឺជាំង​បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ក្នុង​សម័យប្រជុំពេញអង្គ​ថា សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ ២០១៩។ តែ​ទន្ទឹម​គ្នា​នេះ លោក​លី ខឺជាំង​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា កំណើន​សេដ្ឋកិច្ច​ដែល​ចិន​ទទួល​បាន​ចំនួន ៦,៦% ក្នុង​ឆ្នាំ ២០១៨ ប្រហែល​ជា​អាច​មាន​ត្រឹម​ពី ៦% ទៅ ៦,៥% ដោយសារ​តែ​ចិន​កំពុង​មាន​វិវាទ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។ ផលវិបាក គឺ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នកអត់ការងារ​ធ្វើ​ក្នុង​ឆ្នាំ ២០១៩។ លោក​លី ខឺជាំង​បាន​ប្រមើលមើល​ថា ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ដែល​មាន ៣,៨% នៃ​ពលរដ្ឋ​សកម្ម​ក្នុង​ឆ្នាំ ២០១៨ អាច​នឹង​កើន​ដល់ ៥,៥% ក្នុង​ឆ្នាំ ២០១៩។

ដើម្បី​អាច​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ចំនួន​អ្នកអត់ការងារ​ធ្វើ​បាន ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​កាត់បន្ថយ​ពន្ធ​លើ​ក្រុមហ៊ុន រោងចក្រ​ឯកជន និង​រដ្ឋ​គ្រប់​ប្រភេទ​តាំង​ខ្នាតធំ​ដល់​ខ្នាត​តូច។ អាទិភាព​របស់​លោក​លី ខឺជាំង គឺ​បង្កើត​ឲ្យ​បាន​ការងារ​ចំនួន ១១លានការងារ​ក្នុង​ឆ្នាំ ២០១៩។ តែ​លោក​លី ខឺជាំង​ក៏​បាន​ទទួល​ស្គាល់​ថា ទន្ទឹម​នឹង​ការ​កាត់​បន្ថយ​ពន្ធ ឱនភាព​ថវិកា​របស់​រដ្ឋ​សម្រាប់​ឆ្នាំ ២០១៩ នឹង​កើន​ចំនួន ០,២% ហើយ​អត្រា​អតិផរណា​អាច​មាន​ចំនួន ៣%។

បង្វែរ​ទិសដៅ​មក​ពឹង​លើ​ខ្លួន​ឯង និង​សម្រប​ខ្លួន​ជាមួយ​អ្នកដទៃ

ប្រមុខ​រដ្ឋាភិបាល​ចិន​ហាក់​ចង់​និយាយ​ថា ការ​ដែល​ចិន​បាន​ជួប​ស្ថានការណ៍​ដូច​សព្វថ្ងៃ គឺ​ដោយសារ​តែ​បរិបទ​ពិភពលោក​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​មិន​ទៀងទាត់។ តែ​មាន​សំណួរ​ចោទ​ឡើង​ថា បើ​ចិន​មាន​សេដ្ឋកិច្ច​ធ្លាក់​ចុះ មាន​ចំនួន​អ្នក​អត់​ការងារ​កើន​ឡើង ឬ​មួយ​កំពុង​ជួប​វិបត្តិសង្គម​ធ្ងន់ធ្ងរ តើ​វា​ជា​កំហុស​របស់​អ្នក​ដទៃ ឬ?។ គេ​ប្រហែល​ជា​មិន​អាច​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ណា​ម្នាក់​ទេ តែ​អាច​និយាយ​ថា វា​មាន​ចំណង​ទាក់ទង​គ្នា​ទៅ​វិញ​មក។ ចិន​មិន​អាច​រស់នៅ​តែ​ឯង​ដោយ​គ្មាន​អ្នក​ដទៃ ហើយ​អ្នក​ដទៃ​ក៏​មិន​អាច​រស់នៅ​តែ​ឯង​ដោយ​គ្មាន​អ្នក​ផ្សេង បូក​ទាំង​ចិន​មួយ​ផង។

តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់ថា បរិបទ​សេដ្ឋកិច្ច សង្គម និង​នយោបាយ​ក្នុង​លោក​មិន​ទៀត​ទាត់​អាច​ជា​ចំណែក​មួយ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​សព្វថ្ងៃ រួម​ទាំង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​ដែល​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក​ផង។ ចូរ​កុំ​ភ្លេច​ថា​មក​ដល់​ពេល​នេះ សេដ្ឋកិច្ច​ចិន​បាន​ពឹង​សឹង​តែ​ស្រុង​លើ​ការ​នាំ​ចេញ ហើយ​បើ​តម្រូវ​ការ​ពិភពលោក​បាន​ធ្លាក់​ចុះ​ដោយសារ​រឿង​អ្វី​មួយ សេដ្ឋកិច្ច​ចិន​ក៏​ធ្លាក់​ទៅ​តាម​នឹង​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​នា​ពេល​កន្លង​មក ចិន​បាន​ផ្តើម​បង្វែរ​ទិសដៅ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​ការ​ពឹង​លើ​អ្នក​ដទៃ​ទៅ​ពឹង​លើ​ខ្លួន​ឯង​វិញ​ម្តង តាម​រយៈ​បង្កើន​ការ​ចំណាយ​របស់​ពលរដ្ឋ​ក្នុង​ស្រុក។

ទន្ទឹម​គ្នា​នេះ ចិន​ក៏​ទើប​បាន​បញ្ចប់​ច្បាប់​ថ្មី​ស្តីពី​វិនិយោគ​បរទេស និង​គ្រោង​ដាក់​ឲ្យ​សភា​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃទី១៥ មីនា​ខាង​មុខ ពោល​ក្រោយ​បិទ​បញ្ចប់​សម័យប្រជុំពេញអង្គ​ប្រចាំ​ឆ្នាំ​របស់​សភា​ប្រជាជន​ពេល​នេះ។ គឺ​ជា​ច្បាប់ទី៣ ដែល​ចិន​បាន​បង្កើត​ឡើង​ដើម្បី​តម្រូវ​តាម​កាលៈទេសៈ​បច្ចុប្បន្ន ពោល​ក្នុង​ពេល​ដែល​ខ្លួន​កំពុង​មាន​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។ តើ​ច្បាប់​ថ្មី​នេះ​នឹង​អាច​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប៉េកាំង និង​វ៉ាស៊ីនតោន​ដែរ ឬ​ទេ។ គេ​នៅ​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ អ្វី​ដែល​គេ​ដឹង​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ មាន​ចំណុច​មួយ​ចំនួន​បាន​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​លោក​ត្រាំ រួម​ទាំង​ការ​ទាមទារ​ចង់​បាន​របស់​ក្រុមហ៊ុន រោងចក្រ​បរទេស​តាំង​ពី​យូរ​មក​ហើយ។

ជាមួយ​នឹង​ច្បាប់​ថ្មី ក្រុមហ៊ុន និង​រោងចក្រ​បរទេស​ដែល​បោះទុន​រកស៊ី​នៅ​ចិន​លែង​មាន​កាតព្វកិច្ច​ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ​ទៅ​ឲ្យ​ដៃគូ​ចិន​ដូច​លើក​មុន ឬ​មួយ​ក៏​បង្ខំ​រដ្ឋអំណាច​ក្នុង​ស្រុក​ឲ្យ​យក​ចិត្ត​ទុកដាក់ គិតគូរ​ស្មើ​ភាព​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស។

ឯកភាព​នៅ​ជុំវិញ​គណបក្សកុម្មុយនិស្ត

ទាក់ទង​នឹង​នយោបាយ​ការបរទេស ប្រមុខ​រដ្ឋាភិបាល​ចិន​ហាក់​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ ពិសេស​គ្មាន​និយាយ​អ្វី​មួយ​ម៉ាត់​សោះ​ទាក់ទង​នឹង​ជម្លោះ​តានតឹង​នៅ​សមុទ្រចិន​ខាងត្បូង​ដែល​ចិន​កំពុង​ប្រឈម​មុខ​ខ្លាំង​ទល់​នឹង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា​វៀតណាម ឬ​ហ្វីលីពីន។ ទាក់ទង​នឹង​កោះតៃវ៉ាន់​ក៏​លោក​លី ខឺជាំង​បាន​និយាយ​តិចតួច​នៅ​ចុង​បញ្ចប់​សុន្ទរកថា​របស់​លោក។ ក្នុង​នយោបាយ​ការពារជាតិ លោក​លី ខឺជាំង​បាន​បញ្ជាក់​ពី​ការ​ដំឡើង​ថវិកា​ការពារ​ជាតិ​ចំនួន ៧,៥% សម្រាប់​ឆ្នាំ ២០១៩ ពោល​តិច​ជាង​ឆ្នាំ ២០១៨ ដែល​បាន​ដំឡើង​ចំនួន ៨,១%។ យ៉ាង​ណា​ក៏​ដោយ ចិន​នៅ​តែ​មាន​ថវិកា​យោធា​តិច​ជាង​សហរដ្ឋអាមេរិក​ឆ្ងាយ​ណាស់។ ថវិកា​យោធា​ចិន​មាន ១៧៧ ៦០០លានដុល្លារ ហើយ​អាមេរិក​មាន​ដល់​ទៅ ៧១៦ ០០០លានដុល្លារ។

ការ​ដំឡើង​ថវិកា​យោធា​តិច​ជាង​ឆ្នាំ ២០១៨ មក​ពី​ចិន​បង្វែរ​ឲ្យ​អាទិភាព​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​វិញ​សម្រាប់​ឆ្នាំ ២០១៩។ លោក​លី ខឺជាំង​មិន​ញញើត​ប្រើ​ពាក្យ​ថា គ្រោះថ្នាក់​កើត​ចេញ​ពី​សេដ្ឋកិច្ច សង្គម និង​នយោបាយ​អាច​ធ្ងន់ធ្ងរ​ជាង​គ្រោះថ្នាក់​កើត​ចេញ​ពី​យោធា។ គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃទី២១ មករា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ដែល​ថ្លែង​នៅ​ចំពោះ​មុខ​កម្មាភិបាល​បក្សកុម្មុយនិស្ត​ជា​ច្រើន​រយ​នាក់​បាន​បញ្ជាក់​ពី​ហានិភ័យ​ដែល​អាច​កើត​ចេញ​ពី​វិស័យ​ចំនួន ៧ គឺ​នយោបាយ មនោគមន៍វិជ្ជា សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា សង្គម បរិបទ​អន្តរជាតិ និង​ការ​កសាង​គណបក្ស។ តាម​រយៈ​ពាក្យសម្តី​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ថា លោក​ស៊ី​ហាក់​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​គំរាមកំហែង​​ផ្ទៃក្នុង​ជាជាង​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ។

បន្ទាប់​មក​ក្នុង​ថ្ងៃទី២៤ មករា រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខសាធារណៈ​ថែម​បាន​លើក​ឡើង​ពី​បដិវត្តពណ៌​ដោយ​ជំរុញ​ឲ្យ​កម្លាំង​ប៉ូលិស​ត្រូវ​ត្រៀម​ទប់ស្កាត់​គ្រប់​ពេល។ តែ​លោក​លី ខឺជាំង​មិន​បាន​និយាយ​ដល់​ចំណុច​នេះ​ទេ ដោយ​គ្រាន់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឯកភាព​នៅ​ជុំវិញ​គណបក្សកុម្មុយនិស្ត៕

ហេតុអ្វីប្រធានាធិបតីបារាំងបើកជំនួបជាមួយប្រធានាធិបតីរុស្ស៊ី មុនជំនួបG៧ ?

ជាង ២០ឆ្នាំក្រោយធ្លាក់ក្នុងដៃចិនដីគោក តើសង្គមហុងកុងកំពុងពុះចែកជាពីរឬ?

ឥណ្ឌាចង់​សើរើ​ទ្រឹស្តី​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក្រោយ​ជំនួប​ក្រុម​ប្រឹក្សា​សន្តិសុខ​ស្តីពី​កាស្មៀរ

តើបរាជ័យនៃវេទិកាប្រចាំឆ្នាំនៃកោះប៉ាស៊ីហ្វិកស្តីពីអាកាសធាតុជាកំហុសរបស់អ្នកណា?

ចិន​បញ្ចូន​ទ័ព​​ទៅ​​ព្រំដែន​​ហុងកុង ត្រាំ​​ភ្ជាប់​​​សង្គ្រាម​ពាណិជ្ជកម្ម​​ទៅ​​នឹង​​វិបត្តិ​ហុងកុង

លោក​ដូណាល់ត្រាំ បន្ធូរ​ដៃឲ្យ​ចិន តាម​រយៈ​ការ​ព្យួរ​ការដំឡើងពន្ធ ដល់​ពាក់​កណ្តាល​ខែ​ធ្នូ

ហុងកុង៖​ ចិន​អាច​បង្រ្កាបដោយហិង្សា​លើ​​​បាតុករ​ ដូចនៅ​ ​ធាន​អាន​មេន ដែរទេ?

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចោទសួរ​សហគមន៍​អន្តរជាតិ​ចំពោះ​ភាពអសកម្ម​ជុំវិញ​វិបត្តិ​កាស្មៀរ​

ហេតុអ្វីបានជាប្រទេសយេម៉ែនកំពុងប្រឈមនឹងហានិភ័យសង្រ្គាមស៊ីវិលនៅក្នុងសង្រ្គាមស៊ីវិល?

កូរ៉េខាង​ជើង​បាញ់​មីស៊ីល​​២គ្រាប់ ខណៈ​លោក​ត្រាំ​ទទួល​បាន​សំបុត្រ​ពី គីម ជុងអ៊ុន

នាយករដ្ឋមន្ត្រីឥណ្ឌា សង្ឃឹម​រៀបចំតំបន់កាស្មៀរ ឱ្យ​ទៅជា​ឋានសួគ៌

របាយការណ៍ Giec អំពាវនាវ​ឱ្យ​មនុស្សជាតិ​ប្តូរ​ទម្លាប់​ធ្វើ​កសិកម្ម​និង​ទម្លាប់​អាហារ ដើម្បី​អាកាសធាតុ

តើការបង្កកទ្រព្យសម្បតិ្តរដ្ឋាភិបាលវ៉េណេស៊ុយអេឡាពីសំណាក់រដ្ឋបាលអាមេរិកាំងអាចនឹងទម្លាក់លោកម៉ាឌូរ៉ូឆាប់ៗឬទេ?

ចិន​ព្រមាន​អាមេរិក​មិនឲ្យ​ដាក់​ពង្រាយ​មីស៊ីល​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ឥណ្ឌា​លុបចោល​​ស្វ័យភាពពិសេស​​​របស់​តំបន់​កាស្មៀរ​ ដោយ​ប្រើក្រិត្យប្រធានាធិបតី

សហរដ្ឋអាមេរិកជួបគ្រោះបាញ់ប្រហារមនុស្ស ជាថ្មី បែបប្រកាន់ពូជសាសន៍

​ហុងកុង៖ អាជ្ញាធរ​ព្រមាន​បង្ក្រាប ​បាតុករនៅតែ​ក្រោកតវ៉ា ​ស្ថានការណ៍​កាន់តែ​ក្តៅ!​

អាមេរិក​៖ សមយុទ្ធ​​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​បន្តកើតមាន

ការចរចា​ពាណិជ្ជកម្ម៖ តើ​ចិន និង​អាមេរិក​នឹង​បិទ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ដែរឬទេ?

មានករណីបាញ់ប្រហារ ក្នុង​កន្លែងតាំង​ពិព័រណ៍​ នៅកាលីហ្វ័រញ៉ា ស្លាប់​យ៉ាងហោច​បីនាក់