អានតួអត្ថបទ
ចិន-កាណាដា

កាណាដា និង​ចិន​បន្ត​ដំឡើង​សម្លេង​​ជុំវិញ​រឿង​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei

នៅ​ក្នុង​ប្រទេស​កាណាដា ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១ មីនា​ពី​ការ​ផ្តើម​នីតិវិធី​ធ្វើ​បត្យាប័ន​លោកស្រី​ម៉េង វ៉ាន់ចូវ​ទៅ​ឲ្យ​សហរដ្ឋអាមេរិក។ គួរ​រម្លឹក​ថា លោកស្រី​ម៉េង វ៉ាន់ចូវ​ជា​ប្រធាន​ផ្នែកហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei និង​ដែល​ត្រូវ​បាន​រដ្ឋអំណាច​កាណាដា​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី១ ធ្នូ ឆ្នាំ ២០១៨ តាម​សំណើ​របស់​សហរដ្ឋអាមេរិក។ រឿងរ៉ាវ​មួយ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​រវាង​កាណាដា និង​ចិន។ ចិន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​សៅរ៍ ទី២ មីនា​បាន​ប្រឆាំង​នឹង​ចំណាត់ការ​របស់​កាណាដា និង​បាន​ចាត់​ទុក​សំណុំរឿង​មួយ​នេះ​ថា​មាន​លក្ខណៈ​នយោបាយ។

លោកស្រីម៉េង វ៉ាន់ចូវ ប្រធាន​ផ្នែកហិរញ្ញវត្ថុនៃ​ក្រុមហ៊ុន Huawei
លោកស្រីម៉េង វ៉ាន់ចូវ ប្រធាន​ផ្នែកហិរញ្ញវត្ថុនៃ​ក្រុមហ៊ុន Huawei CTV / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ផ្តើម​នីតិវិធី​ធ្វើ​បត្យាប័ន​លោកស្រី​ម៉េង វ៉ាន់ចូវ​ពី​សំណាក់​កាណាដា​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ១ខែ​ក្រោយ​ពី​តុលាការ​អាមេរិក​បាន​រៀបចំ​បញ្ជី​ចោទប្រកាន់​លើ​លោកស្រី​ម៉េង​យ៉ាង​វែង​អន្លាយ។ នៅ​ក្នុង​បញ្ជី​ចោទប្រកាន់​នោះ តុលាការ​អាមេរិក​បាន​ចោទ​ក្រុមហ៊ុន Huawei និង​លោកស្រី​ម៉េង​ដែល​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ពី​បទ​រំលោភបំពាន​លើ​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ និង​ការ​លួច​កិច្ចការសម្ងាត់​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​ឈ្មោះ T-Mobile។ ក្រសួង​យុត្តិធម៌​កាណាដា​បាន​គូសបញ្ជាក់​ថា ការ​សម្រេច​ផ្តើម​នីតិវិធី​ធ្វើ​បត្យាប័ន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​សិក្សា​ល្អិតល្អន់​លើ​បទចោទ​ប្រកាន់​របស់​តុលាការអាមេរិក។

តាម​ក្រសួង​យុត្តិធម៌​កាណាដា​ដដែល គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​សំណុំរឿង​លោកស្រី​ម៉េង​ទៅ​ឲ្យ​ចៅក្រម​ដើម្បី​សម្រេច​ក្នុង​រឿង​ធ្វើ​បត្យាប័ន​នេះ។ ចំណែក​តុលាការ​កាណាដា​បាន​ពន្យល់​ថា នីតិវិធី​នៃ​ការ​ធ្វើ​បត្យាប័ន​នេះ​មិន​មែន​ជា​នីតិវិធី​នៃ​ការ​កាត់ទោស​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ចិន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​សៅរ៍ ទី២ មីនា​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ចំណាត់ការ​របស់​កាណាដា និង​បាន​ចាត់​ទុក​សំណុំរឿង​មួយ​នេះ​ថា​មាន​លក្ខណៈ​នយោបាយ។ ចំណែក​ស្ថានទូត​ចិន​នៅ​កាណាដា​ក៏​បាន​យល់​ស្រដៀង​គ្នា​ថា រឿងរ៉ាវ​មួយ​មិនមែន​ជា​រឿងរ៉ាវ​តុលាការ​ធម្មតា​ទេ តែ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei។

គួរ​រម្លឹក​ថា រឿងរ៉ាវ​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​វិបត្តិការទូត​ធ្ងន់ធ្ងរ​រវាង​កាណាដា និង​ចិន។ ក្រោយ​ការ​ចាប់​ខ្លួន​លោកស្រី​ម៉េង ចិន​ក៏​បាន​ឃាត់​ខ្លួន​ជនជាតិ​កាណាដា ២នាក់​នៅ​ក្នុង​ទឹកដី​ចិន។ តែ​ប៉េកាំង​អះអាង​ថា មិន​មាន​ជាប់​ពាកព័ន្ធ​នឹង​រឿង Huawei ទេ។ យ៉ាង​ណា​ក៏​ដោយ នីតិវិធី​ធ្វើ​បត្យាប័ន​លោកស្រី​ម៉េង​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ទំនង​ជា​ត្រូវ​ប្រើ​ពេល​យូរ ហើយ​អ្នក​សម្រេចចិត្ត​ចុង​ក្រោយ​គឺ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កាណាដា​លោក David Lametti៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ