rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​បានជា​ប្រទេសចិន​ នៅតែ​ជាអ្នក​មាន​តួនាទី​សំខាន់​ចំពោះ​ជំនួប​ត្រាំ​-គីម​?

ដោយ អ៊ុង គឹមអ៊ាន់

ជំនួប​កំពូល​លើកទី​២​ រវាង​លោកដូណាល់ ត្រាំ​ និង​គីម ជុងអ៊ុន​ ចាប់ផ្តើម​នៅថ្ងៃ​ពុធ​ ទី២៧​ កុម្ភៈ​ នៅឯ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​។ ទោះបីជាចិន​ មិនមែនជា​តួអង្គ​ឯក​នៅក្នុង​ឈុតឆាក​នៃ​កិច្ចប្រជុំនេះ​ក៏ដោយ​ ក៏​គ្មាន​នរណាម្នាក់​ អាច​មើល​រំលងពី​តួនាទី​ដ៏​សំខាន់​របស់ចិន​ ចំពោះ​គ្រប់ដំណើរការ​នៃកិច្ចចរចា​រវាង​សហរដ្ឋអាមេរិក​ និង​កូរ៉េខាងជើង​បានឡើយ​។ នេះ​មិនមែន​មកពី​ចិន​ជា​ប្រទេស​មហាអំណាច​អាស៊ី​នោះទេ​ ប៉ុន្តែ​ពីព្រោះតែ​ថ្នាក់ដឹកនាំ​ទីក្រុង​ប៉េកាំង​ចេះប្រើ​យុទ្ធសាស្ត្រ​ធ្វើឲ្យ​ប្រទេសខ្លួន​អាច​បន្ត​តួនាទី​សំខាន់​លើ​គ្រប់​ជំនួប​ត្រាំ-គីម​បាន​។

ដូច្នោះហើយ​ តើអ្វី​ជា​យុទ្ធសាស្ត្រ​ដែល​ចិន​ប្រើ​ដើម្បី​រក្សា​តួនាទី​សំខាន់​របស់ខ្លួន ជុំវិញ​ជំនួប​កំពូល​រវាង​កូរ៉េខាងជើង​ និង​សហរដ្ឋអាមេរិក​?

ឥទ្ធិពល​របស់​ចិន នៅតែ​មានពន្លឺ​ភ្លឺ​ចែងចាំងខ្លាំង​ នៅ​ចំពោះ​ដំណើរការ​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង​លោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន មិនថា​កិច្ចប្រជុំលើកទី១​ នៅសិង្ហបុរី​កាលពីខែមិថុនា​ ឆ្នាំ២០១៨​ ឬ​ក៏កិច្ច​ប្រជុំ​លើកទី​២​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅថ្ងៃ​ទី​ ២៧-២៨ កុម្ភៈ ឆ្នាំ២០១៩ នេះឡើយ​។

ជាក់ស្តែង​ ការធ្វើដំណើរ​ទៅកាន់​ទីក្រុងប៉េកាំង​របស់​មេដឹកនាំ​កូរ៉េខាងជើង​ នៅ​រាល់​មុន​ពេល​ជួបចរចា​ជាមួយ​លោកដូណាល់ ត្រាំ គឺជា​តឹកតាង​សរបញ្ជាក់ឲ្យ​ឃើញ​យ៉ាងច្បាស់ពី​តួនាទី​ដ៏ចាំបាច់​របស់​ចិន​ ដែល​មិនអាច​ខ្វះបាន​សម្រាប់​កូរ៉េខាងជើង​។

ក្រុមអ្នកវិភាគ​និយាយថា​ មានតែទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុងប៉េកាំង​ទេ​ អាចជួយ​លើកមុខ​លើកមាត់​ទីក្រុងព្យុងយ៉ាង​ នៅ​ចំពោះមុខ​ទីក្រុង​វ៉ាស៊ីនតោន​បាន​។ ប្រទេសចិន​ បានបន្ត​ទំនាក់ទំនង​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​ ជាមួយកូរ៉េខាងជើង និង​ជួយឲ្យ​កូរ៉េខាងជើង​អាច​បន្ត​មាន​ជីវិតរស់​ទោះបី​រង​ការដាក់ទណ្ឌកម្ម​ពីអន្តរជាតិ​យ៉ាងណា​ក៏ដោយ​។

ពិសេស​ជាងនេះ​ទៅទៀតនោះ​ មិនត្រឹមតែ​ជាដៃ​គូពាណិជ្ជកម្ម​ដ៏សំខាន់​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះទេ​ ក៏ប៉ុន្តែ​ចិន​ក៏ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​តែមួយគត់ផងដែរ​ ដែល​ចាំជួយកូរ៉េខាងជើង​ ក្នុង​ករណី​បរាជ័យ​ក្នុងកិច្ច​ចរចា​ជាមួយ​អាមេរិក​។

អ្នកស្រី​ Emily Weinstein អ្នកវិភាគ​ផ្នែក​នយោបាយ​អន្តរជាតិ​និយាយថា​មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន អាច​យក​ការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​ជា​យុទ្ធសាស្ត្រ​នយោបាយ​។ ជា​យុទ្ធសាស្ត្រ​ ដែល​ធ្វើ​ឲ្យ​អាមេរិក​ និង​ចិន​មើលឃើញពី​តម្លៃ​របស់ខ្លួន​ និងដើម្បីឲ្យ​រដ្ឋបាល​របស់​លោកត្រាំ​ដឹងថា​ព្យុងយ៉ាង​មាន​ចិន​ជាជម្រើស​ និងជាខ្នងបង្អែកដ៏រឹងមាំមួយ។

ទន្ទឹមគ្នានេះដែរ​ អ្នកស្រី​ Bonnie Glaser ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្រ្ត​ និង​បញ្ហា​អន្តរជាតិ​បានលើកឡើង​ថា​ ចំណង​ទាក់ទង​រវាង​ប៉េកាំង​និង​ព្យុងយ៉ាង​ មិនមែន​ល្អូកល្អឺន​ និង​ល្អ​គ្រប់សព្វ​បែបយ៉ាង​នោះទេ​។

អ្នកស្រី​ជឿ​ និង​ទទួលស្គាល់ថា​លោកគីម​ ពិតជា​បាន​បង្ហាញ​ការគោរព​ចំពោះ​ថ្នាក់​ដឹកនាំចិន​មែន​ ប៉ុន្តែ​លោក​ក៏​ព្យាយាម​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ប្រទេស​ចិន​ខ្លះ​ដែរ​ដើម្បី​ធ្វើឱ្យ​ជម្រើស​របស់ខ្លួន​មានច្រើន​លើសពី​មួយ​។

តែទោះជាយ៉ាងនេះក្តី​ អ្នកស្រី​ Bonnie Glaser អះអាងថា រហូត​មក​ដល់ពេលនេះ​ ចិន​នៅតែ​អាច​រក្សា​ឥទ្ធិពលខ្លាំង​របស់​ខ្លួន​ដដែល​ទៅលើ​កូរ៉េខាងជើង​។

ក្រៅតែពី​ជួយ​ផ្តល់​ប្រឹក្សា​យោបល់​ដល់​ប្រមុខ​ដឹកនាំ​គីម ជុងអ៊ុន នៅពេល​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ ចិន​ក៏​បាន​ចេញមុខ​ចេញមាត់​ជួយ​សម្រួលដល់​ការធ្វើដំណើរ​របស់​លោកគីម ជុងអ៊ុន​ផងដែរ។ ជាក់ស្តែង​ ប្រមុខដឹកនាំ​គីម​ បាន​សម្រេចចិត្ត​ជិះ​រថភ្លើង​មកជួបលោកត្រាំ​នៅ​វៀតណាម​ក្នុងរយៈចម្ងាយ​ផ្លូវ​ដ៏វែងឆ្ងាយ​រហូតដល់ជិត​ ៤ ០០០​ គីឡូម៉ែត​ ដោយ​ឆ្លងកាត់​តាម​ប្រទេសចិន​ជាមុន​។ នេះ​ គឺជា​និមិត្តរូប​មួយទៀត​នៃ​តួនាទី​មិនអាច​ចៀសបាន​របស់​ចិន​ នៅក្នុង​ដំណើរការ​រៀបចំ​កិច្ចចរចា​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​។

មួយវិញទៀត​ គេ​ក៏នៅ​មិនទាន់ភ្លេច​ទេថា​ គឺទីក្រុងប៉េកាំង​នេះឯង​ជា​អ្នក​ឲ្យ​លោកគីម ជុងអ៊ុន​ ខ្ចីយន្តហោះ​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេសសិង្ហបុរី​កាលពីខែមិថុនា​ ឆ្នាំទៅមិញ​។ មិនតែប៉ុណ្ណោះ​ ប្រទេសចិន​នេះ​ដែរ​ ដែល​ជា​អ្នក​បានអំពាវនាវឱ្យ​មាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ទៅលើ​ក្រុងព្យុងយ៉ាង​កាលពីខែ​កញ្ញា ឆ្នាំ២០១៨​ កន្លងទៅនេះ​។

នៅគ្រាកន្លងមក​ ទោះបីជា​ទីក្រុង​ប៉េកាំង​មិនពេញចិត្ត​ចំពោះ​មហិច្ឆតានុយក្លេអ៊ែរ​ ឥតឈប់ឈរ​របស់​លោកគីមជុងអ៊ុន​យ៉ាងក្តី​ ក៏​ទំនាក់ទំនង​រវាង​ចិន​និងកូរ៉េខាងជើង​បាន​វិល​មករក​ភាព​ល្អប្រសើរវិញ​កាលពី​ឆ្នាំ​២០១៨​ បន្ទាប់ពី​ដំណើរ​ទស្សកិច្ច​របស់​លោកគីម​ ទៅកាន់​ទីក្រុង​ប៉េកាំង​។

មួយវិញទៀត​ គេ​ជឿថា​ទោះបីជា​ទំនាក់ទង​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​ មាន​ភាពធូរស្បើយ​នៅ​មួយរយៈពេល​ចុងក្រោយនេះ​យ៉ាងណាក្តី​ ក៏​ចំណង​ទាក់ទង​ស្និទ្ធស្នាល​ រវាងទីក្រុង​ព្យុងយ៉ាង​ និងទីក្រុងប៉េកាំង​ នៅតែល្អ​នឹងគ្នា​ដដែល​។

សរុបសេចក្តីមក​ ចិននៅតែ​ជាអ្នក​មានតួនាទីសំខាន់​ ជុំវិញ​ជំនួប​ចរចា​ត្រាំ-គីម ពីព្រោះថា​ ចិន​មាន​ឥទ្ធិពល​ខ្លាំងណាស់​ចំពោះ​ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង​។ ប្រទេសចិន​ ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​បំផុត​របស់​កូរ៉េខាងជើង​ និង​ជាអ្នក​ជួយទ្រទ្រង់​របប​ដឹកនាំ​របស់​ត្រកូលគីម​ឲ្យ​រស់រាន​មានជីវិត​ ដូច្នោះហើយ​កូរ៉េខាងជើង​ នៅតែ​ត្រូវការ​ចិន​។ ជា​តម្រូវការ​ដែល​មិនអាចខ្វះបាន​ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ចាំបាច់​ដូចសព្វថ្ងៃ​។ ជាកាលៈទេសៈ ដែលកូរ៉េខាងជើង កំពុង​ធ្វើការ​ចរចា​ជាមួយ​អាមេរិក​ ដែល​ធ្លាប់​តែជា​ប្រទេស​គូបក្ខដិបក្ខ​នឹងគ្នា៕

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?