rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វៀតណាម៖​« រំសាយនុយក្លេអ៊ែរ » ជា​ប្រធានបទស្នូល​នៃ​ជំនួបកំពូល​លើកទី២ រវាង​លោកដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន

ដោយ គួច គន្ធារ៉ា

បន្ទាប់​ពី​បាន​ជួប​គ្នា​ជា​ប្រវត្តិសាស្រ្ត​លើកទី១ កាល​ពី​ថ្ងៃទី១២ មិថុនា ឆ្នាំ ២០១៨ ក្នុង​ប្រទេស​សិង្ហបុរី លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ផ្តើម​មាន​ជំនួបលើកទី២ រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី២៧ កុម្ភៈ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ នៅ​ក្នុង​ជំនួបកំពូល​លើកទី២ ពេល​នេះ លោក​ត្រាំ​សង្ឃឹម​នឹង​ទទួល​បាន​ការ​ប្រកាស និង​កិច្ចសន្យា​ពិតប្រាកដ​ពី​លោក​គីម​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និយាយ​ជា​រួម និង​នៅ​កូរ៉េខាងជើង និយាយ​ដោយ​ឡែក។

តែ​ក្រុម​អ្នកជំនាញ​ខ្លះ​ហាក់​មាន​មន្ទិលសង្ស័យ​លើ​ឆន្ទៈ​ពិត​របស់​កូរ៉េខាងជើង។ ចំណែក​ក្រុម​អ្នកជំនាញ​ខ្លះ​ទៀត​បាន​មើល​ឃើញ​ថា លោក​ត្រាំ និង​លោក​គីម​អាច​សម្រេច​បាន​នូវ​សន្ធិសញ្ញា​សន្តិភាព​ជា​ជាង​សន្ធិសញ្ញា​រំសាយ​នុយក្លេអ៊ែរ។

លោក​ត្រាំ និង​លោក​គីម​បាន​ទៅ​ដល់​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​អង្គារ ទី២៦ កុម្ភៈ​ដូច​គ្នា គ្រាន់​តែ​លោក​គីម​បាន​ទៅ​ដល់​ពេល​ថ្ងៃ​តាម​រថភ្លើង ហើយ​លោក​ត្រាំ​បាន​ទៅ​ដល់​ពេល​យប់​តាម​យន្តហោះ Air Force One របស់​លោក។ តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ជំនួបលើកទី២ រវាង​លោក​ត្រាំ និង​លោក​គីម​ប្រព្រឹតតិ​ទៅ​រយៈពេល​ ២ថ្ងៃ គឺ​ថ្ងៃ​ពុធ ទី២៧ និង​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កុម្ភៈ។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ ទី១ ទី លោក​គីម និង​លោក​ត្រាំ​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​វៀតណាម​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​អង្គារ ទី២៦ កុម្ភៈ និង​ទី២ ទីកន្លែងជំនួប​ក៏​ដូច​ជា​ប្រធានរឿង​ជំនួប​ត្រូវ​បាន​លាក់​ជា​សម្ងាត់។

គណៈប្រតិភូ​កូរ៉េខាងជើង​ស្នាក់នៅ​សណ្ធាគារ Mélia ហើយ​គណៈប្រតិភូ​អាមេរិកាំង​ស្នាក់​នៅ​សណ្ឋាគារ Marriot។ នៅ​ក្នុង​ជំនួប​ថ្ងៃទី១ លោក​ត្រាំ និង​លោក​គីម​បាន​ជួប​គ្នា​លើកទី១ រយៈពេល ២០នាទី​នៅ​ម៉ោង ៦ និង៣០នាទី​ល្ងាច​ម៉ោង​ក្នុង​ប្រទេស​វៀតណាម​ក្នុង​សណ្ឋាគារ Metropole។ បន្ទាប់​មក ឥស្សរជន​ទាំង​ពីរ​បន្ត​ស្រស់ស្រូប​អាហារ​ពេល​យប់​ជាមួយ​គ្នា។ ជំនួប​និយាយ​គ្នា​ជា​សាច់ការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កុម្ភៈ តែ​គេ​គ្មាន​ព័ត៌មាន​ស្តីពី​ទីកន្លែង​ជួប។ តាម​គម្រោង លោក​ត្រាំ និង​លោក​គីម​អាច​ជួប​គ្នា​ពី ៥ ទៅ ៦ដង​នា​ឱកាស​ជំនួបកំពូលលើកទី២ រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ពិនិត្យ​លើ​សេចក្តីថ្លែងការណ៍​ចុះ​ហត្ថលេខា​ក្នុង​ប្រទេស​សិង្ហបុរី

នៅ​ក្នុង​ជំនួបកំពូលលើកទី១ ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី ៨ខែ​មុន លោក​ត្រាំ និង​លោក​គីម​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្តោត​សំខាន់​លើ ៤ ចំណុច ទី១ អាមេរិក និង​កូរ៉េខាងជើង​សន្យា​ស្ថាបនា​ទំនាក់ទំនង​ថ្មី​រវាង​គ្នា​ដោយ​អនុលោម​តាម​ឆន្ទៈ​សន្តិភាព និង​ភាព​រុងរឿង​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ទី២ អាមេរិក និង​កូរ៉េខាងជើង​នឹង​រួបរួម​គ្នា​ប្រឹងប្រែង​កសាង​របប​សន្តិភាព​មួយ​យូរអង្វែង និង​មាន​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ទី៣ បញ្ជាក់​ជា​ថ្មី​ពី​សេចក្តីថ្លែងការណ៍ Panmunjom ចុះ​ហត្ថលេខា​ថ្ងៃទី២៧ មេសា ឆ្នាំ ២០១៨ ដែល​កូរ៉េខាងជើង​សន្យា​បំបាត់​នុយក្លេអ៊ែរ​ចោល​ទាំង​ស្រុង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​ទី៤ អាមេរិក និង​កូរ៉េខាងជើង​សន្យា​បន្ត​ស្វែង​រក​អដ្ឋិធាតុ​អ្នកទោសសង្រ្គាម និង​អ្នកបាត់ខ្លួន​ក្នុង​សម័យសង្រ្គាម ហើយ​បញ្ជូន​ចេញ​ភ្លាមៗ​ចំពោះ​អដ្ឋិធាតុ ឬ​អ្នក​បាត់ខ្លួន​ដែល​បាន​ស្គាល់​អត្តសញ្ញាណ។

គេ​អាច​និយាយ​បាន​ថា​នៅ​ជំនួបកំពូលលើកទី២ ពេល​នេះ លោក​ត្រាំ និង​លោក​គីម​អាច​លើក​យក​ទៅ​ពិនិត្យ​រួម​គ្នា​លើ​ចំណុច​មួយៗ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ហត្ថលេខា​នៅ​សិង្ហបុរី ពោល​មើល​ថា តើ​មាន​ភាព​រីកចម្រើន ឬ​ក៏​អត់​នៅ​ក្នុង​ការ​អនុវត្ត​លើ​ចំណុច​នីមួយៗ។ បើ​ពិនិត្យ​ជា​រួម មាន​បញ្ហា​អាទិភាព​តែ​មួយ​គត់​ដែល​ហាក់​មិន​ចម្រើន​ទៅ​មុខ និង​ហាក់​កំពុង​បន្ត​ក្លាយ​ជា​ភាព​ចម្រូងចម្រាស​ខ្លាំង គឺ​រឿង​រំសាយនុយក្លេអ៊ែរ។ ៨ខែ​ក្រោយ​ជំនួប​នៅ​សិង្ហបុរី ពាក្យ​សន្យា​បន្ត​មាន​តែ​នៅ​លើ​ក្រដាស ហើយ​ការ​អនុវត្ត​ជាក់ស្តែង​មាន​តិចតួច។ ដូច្នេះ​កម្មវត្ថុ​របស់​លោក​ត្រាំ​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ គឺ​ជំនះ​លោក​គីម​ឲ្យ​រំសាយ​នុយក្លេអ៊ែរ។

វិធីសាស្រ្ត​របស់​លោក​ត្រាំ គឺ​ធានា​សន្តិសុខ និង​អនាគត​រុងរឿង​របស់​កូរ៉េខាងជើង

ដើម្បី​បញ្ចុះបញ្ចូល និង​ជំនះ​លោក​គីម​ឲ្យ​រំសាយ​នុយក្លេអ៊ែរ លោក​ត្រាំ​បាន​បន្ត​ព្យាយាម​និយាយ​ធានា​សន្តិសុខ និង​លួងលោម​លោក​គីម​នូវ​អនាគត​រុងរឿង​របស់​កូរ៉េខាងជើង ប្រសិន​បើ​លោក​គីម​យល់ព្រម​រំសាយ​នុយក្លេអ៊ែរ​នោះ។ វិធីសាស្រ្ត​មួយ​នេះ​ត្រូវ​បាន​លោក​ត្រាំ​ប្រើ​តាំង​ពី​ជិត ១ឆ្នាំ ហើយ​នៅ​មុន​ជំនួប​ទល់​មុខ​ជាមួយ​លោក​គីម​ថ្ងៃ​ពុធ ទី២៧ កុម្ភៈ​នេះ លោក​ត្រាំ​ក៏​បាន​ប្រើ​វិធីសាស្រ្ត​នេះ​ដដែល​ដោយ​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​ជាមួយ​នឹង​លើក​សរសើរ​របប​កុម្មុយនិស្ត​ក្រុង​ហាណូយ និង​បាន​ចាត់​ទុក​វៀតណាម​ជា​ប្រទេស​គំរូ​មួយ​ល្អ​ឥតខ្ជោះ​សម្រាប់​កូរ៉េខាងជើង។

លោក​ត្រាំ​ហ៊ាន​ទាំង​បញ្ជាក់​ដោយ​ធានា​ថា បើ​កូរ៉េខាងជើង​បំបាត់​ចោល​នុយក្លេអ៊ែរ កូរ៉េខាងជើង​នឹង​ស្គាល់​ការ​អភិវឌ្ឍ​លឿន​រហ័ស​ជាង​វៀតណាម​ទៅ​ទៀត។ សឹង​តែ​គ្រប់​ពាក្យ លោក​ត្រាំ​តែ​ហៅ​លោក​គីម​ថា មិត្ត​គីម​របស់​ខ្ញុំ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​បាន​និយាយ​នៅ​មុន​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​វៀតណាម​ថា លោក​មិន​ប្រញិបប្រញាប់​ទេ ហើយ​លោក​ក៏​មិន​ចង់​បង្ខំ​នរណា​ម្នាក់​ដែរ។ បន្ទាប់​មក លោក​ត្រាំ​បាន​បញ្ជាក់​ពី​ការ​សប្បាយចិត្ត​របស់​លោក​ដែល​បាន​ឃើញ​កូរ៉េខាងជើង​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ផ្អាក​ការ​សាងល្បង​គ្រាប់មីស៊ីល​បាលីស្ទិក។ តាម​ពាក្យសម្តី​ទាំង​នេះ​នាំ​ឲ្យ​គេ​យល់​ថា លោក​ត្រាំ​ហាក់​មាន​មន្ទិលសង្ស័យ​លើ​ឆន្ទៈ​របស់​លោក​គីម ពោល​ហាក់​គ្មាន​ជំនឿ​នឹង​អាច​និយាយ​ជំនះ​លោក​គីម​បាន​ទេ។

សន្ធិសញ្ញា​សន្តិភាព ឬ​សន្ធិសញ្ញា​រំសាយនុយក្លេអ៊ែរ?

គ្រប់​គ្នា​បាន​មើល​ឃើញ និង​ឯកភាព​ដូច​គ្នា​ថា ការ​ចង់​បាន​របស់​លោក​ត្រាំ​ឲ្យ​លោក​គីម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ គឺ​ប្រហែល​ជា​យ៉ាប់​បន្តិច ឬ​ថា​ប្រហែល​មិន​ទាន់​អាច​ទៅ​រួច​ផង។ ពិត​ណាស់ លោក​ត្រាំ​បាន​ធានា​គ្រប់​យ៉ាង​ចំពោះ​លោក​គីម ពិសេស​សន្តិសុខ និង​អនាគត​រុងរឿង​របស់​កូរ៉េខាងជើង បើ​លោក​គីម​យល់ព្រម​រំសាយ​នុយក្លេអ៊ែរ​ពិត​ប្រាកដ។ លោក​គីម​ក៏​យល់​មិន​ខុស​ពី​លោក​ត្រាំ​ដែរ តែ​លោក​គីម​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់ ពោល​មិន​ចេះ​តែ​ជឿ​ស៊ុប​តាម​ការ​បញ្ចុះបញ្ចូល លួងលោម​របស់​លោក​ត្រាំ​ទេ។ ត្រង់​ចំណុច​នេះ លោក​ត្រាំ​ខ្លួន​ឯង​ក៏​ដឹង​ដែរ។

ទាំង​នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ជា​ថ្មី​ថា ឧបសគ្គ​ចម្បង​រវាង​ភាគី​ទាំង​ពីរ គឺ​ការ​បន្ត​មិន​ទុក​ចិត្ត​គ្នា ព្រោះ​ចូរ​កុំ​ភ្លេច​ថា​សម្រាប់​របប​ក្រុង​ព្យុងយ៉ាង នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ជា​ដង្ហើម​ជីវិត​របស់​ខ្លួន និង​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​រដ្ឋ​ស្មើ​មុខ ស្មើ​មាត់​មួយ​ដូច​រដ្ឋ​ផ្សេង​ទៀត​ក្នុង​លោក និង​អាច​អង្គុយ​និយាយ​ស្មើ​ភាព​ជាមួយ​អាមេរិក​ពេល​នេះ។ លោក​គីម​យល់​មិន​ច្រឡំ​ទេ​ថា កូរ៉េខាងជើង​កំពុង​មាន​សេដ្ឋកិច្ច​ត្រដរ​ខ្យល់ និង​ត្រូវ​ការ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ន៍​ដូច​ប្រទេស​កុម្មុយនិស្ត​ផ្សេង​ទៀត​ដែល​មាន​វៀតណាម​ជា​គំរូ​ស្រាប់។ តែ​អ្វី​ដែល​លោក​គីម​ត្រូវ​ការ​នៅ​ចំពោះ​មុខ គឺ​ការ​ធានា​សន្តិសុខ​ពិតប្រាកដ​ចំពោះ​ខ្លួន មុន​នឹង​ឈាន​ដល់​ដំណាក់ការ​រំសាយ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល។

នៅ​ក្នុង​ន័យ​នេះ លោក​គីម​ចង់​ឲ្យ​មាន​ការ​អនុវត្ត​នីតិវីធិ​ផ្សេងៗ​មួយ​ចំនួន​ជា​មុន មុន​នឹង​និយាយ​ដល់​រឿង​រំសាយ​នុយក្លេអ៊ែរ។ និតិវិធី​ផ្សេង​ទាំង​នោះ​រួម​មាន ការ​ភ្ជាប់​ទំនាក់ទំនង​ផ្លូវការ​រវាង​កូរ៉េខាងជើង និង​អាមេរិក ឬ​មួយ​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញាសន្តិភាព​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​ឧបទ្វីប​កូរ៉េ។ គួរ​បញ្ជាក់​ថា ទោះ​បី​សង្រ្គាមកូរ៉េ​បាន​បិទបញ្ចប់​តាំង​ពី​ឆ្នាំ ១៩៥៣ ក៏​ដោយ​ក៏​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​នៅ​បន្ត​មាន​សង្រ្គាម​រវាង​គ្នា។ អ្វី​ដែល​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា គឺ​ត្រឹម​យុទ្ធសន្តិភាព។ លទ្ធផល​ដែល​គ្រប់​គ្នា​កំពុង​សម្លឹង​ឃើញ​នៅ​ក្នុង​ជំនួបកំពូលលើកទី២ រវាង​លោក​ត្រាំ និង​លោក​គីម​ពេល​នេះ គឺ​សន្ធិសញ្ញា​សន្តិភាព​ច្រើន​ជាង​សន្ធិសញ្ញា​រំសាយនុយក្លេអ៊ែរ៕

លោក​ពូទីន៖ សន្តិសុខ​កូរ៉េខាងជើង តម្រូវឲ្យ​មាន​ការធានា​ពី សហគមន៍អន្តរជាតិ

អំពើហិង្សាផ្លូវភេទ ៖ អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដែល​ប្រហោង​ក្នុង

សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់

អ៊ុយក្រែន​មានប្រធានាធិបតី​ថ្មីវ័យក្មេង និង​ជា​អតីត​តារាកំប្លែង

ស្រីលង្កា រងភេរវកម្ម៨ ផ្ទួន​គ្នា​ ក្នុងថ្ងៃបុណ្យសាសនាគ្រិស្ត

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ប្រជាមតិ​ដែល​បើកផ្លូវ​ឲ្យ​លោកស៊ីស៊ី កាន់អំណាច​ដល់​ឆ្នាំ ២០៣០

សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មី និង​លែង​ចង់​ស្តី​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោកម៉ៃ ប៉ុមប៉េអូ

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​កម្ទេច​យ៉ាង​ដំណំ

សហភាពអឺរ៉ុប បោះឆ្នោត​បើក​ការ​ចរចា​ពាណិជ្ជកម្មសេរី ជាមួយ​សហរដ្ឋ​អាមេរិក

ជំនួប​ប្រជុំ​ក្រុម​អ្នក​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បិទ​បញ្ចប់​ប្រកប​ដោយ​​សុទិដ្ឋនិយម​

វ៉េណេស៊ុយអេឡា និង​ចិន​ជា​ប្រធានបទស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ខាងត្បូង​របស់​លោក Mike Pompeo

ចិនសម្រុក​ផ្តល់កម្ចី​វិនិយោគ​នៅ​តំបន់​បាល់កង់ ខណៈ​គេ​​បារម្ភ​ ពី​បញ្ហាបំណុល

ឥណ្ឌា​រៀបចំ​ការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល អាណត្តិ​ថ្មី

អ៊ីស្រាអែល៖​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​កាន់​តែ​ច្បាស់

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥

វេទិកាតស៊ូ​មតិជាតិ៖ ប្រជាជន​បារាំង​ភាគច្រើន​ចង់​ឲ្យ​រដ្ឋ​កាត់បន្ថយ​ការយកពន្ធ

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”

ប្រធាន​សហភាព​អឺរ៉ុប​ស្នើ​ពន្យារ​ពេល​Brexit ១ឆ្នាំ អង់គ្លេស​សុំត្រឹម​ថ្ងៃ​៣០​មិថុនា