អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីលោក គីមជុងអ៊ុន ជ្រើសរើសជិះ​រថភ្លើង ទៅជួប​លោកត្រាំ នៅ​វៀតណាម ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង បាន​ជ្រើសរើស​ដើរ​តាម​គន្លង​ជីតា និង​ឪពុក ដើម្បី​មក​ចូល​រួម​​ក្នុង​ជំនួប​កំពូល​លើក​ទីពីរ ជាមួយ​លោក ដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ។ បើ​តាម​ព័ត៌មាន​បញ្ជាក់​ដោយ​ភ្នាក់ងារ​ផ្លូវការ​កូរ៉េខាង​ជើង​ លោក គីម​ ជុងអ៊ុន​បាន​ចាក​ចេញ​ពី​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃសោរ៍​ទី ២៣​កុម្ភៈ​ម្សិលមិញ។ រថភ្លើង​ពាសដែកដែល​ដឹក​លោក គីម ជុងអ៊ុន ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម បាន​ឆ្លងចូល និង​កំពុង​បន្ត​ដំណើរ​លើ​​ទឹក​ដី​​ប្រទេស​ចិន​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ រយៈ​ពេល​ធ្វើ​ដំណើរ​អាច​ប្រើ​ពេល​ដល់​ទៅ​៦០​ម៉ោង (ពីរយប់​បីថ្ងៃ)។ ជា​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ បើ​ប្រៀប​ទៅ​នឹង​មធ្យោបាយ​ផ្សេង​ទៀត ដូច​យ៉ាង​យន្តហោះ។

លោក គីម ជុងអ៊ុន ​ឡើង​រថភ្លើង​ នៅ​ក្រុង​ព្យុងយ៉ាង ថ្ងៃទី ២៣​កុម្ភៈ ២០១៩
លោក គីម ជុងអ៊ុន ​ឡើង​រថភ្លើង​ នៅ​ក្រុង​ព្យុងយ៉ាង ថ្ងៃទី ២៣​កុម្ភៈ ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

ដូច​ជា​រៀង​រាល់​លើក ដើម្បី​សន្តិសុខ​និង​សុវត្ថិភាព រាល់​គ្រប់​ដំណើរ​ផ្លាស់​ទី​របស់​ប្រមុខ​គីម ជុងអ៊ុន មិន​​ត្រូវ​បាន​ប្រកាសជា​ផ្លូវការ​ឱ្យ​ដឹង​ជា​មុន​ឡើយ។ ប៉ុន្តែ​នៅ​ពេល​នេះ ​ បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាង​ត្បូង និង​វិបសៃត៍​ជំនាញ​NK New ព្រមទាំង​ប្រភព​ព័ត៌មាន​របស់​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន ពិត​ជា​​បានចាក​ចេញ​ពី​​ក្រុង​ព្យុងយ៉ាង ដោយ​ជិះ​រថភ្លើង និង​បាន​ឆ្លង​ចូល​ដល់​ទឹក​ដី​ចិន តាម​ច្រក​ដង់ដុងហើយនៅ​ល្ងាចមិញ។

​ទំនង​ជា​រថភ្លើងតែ​មួយ​​ដែល​លោក​ធ្លាប់​ជិះ​ទៅ​ក្រុង​ប៉េកាំង​ ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង កាលពី​ឆ្នាំ​២០១៨ រថភ្លើង​ពាសដែក បាញ់​មិន​ធ្លុះ​ មាន​ពណ៌​បៃតងចាស់ ឆ្នូត​លឿង កំពុងរត់​​ឆ្លង​កាត់​ប្រទេស​ចិន ! យោង​តាម​​ទិដ្ឋភាព​នៃ​ការ​ការពារ​សន្តិសុខ​ រថភ្លើង​លោក​គីម ទំនង​ជា​មិន​ចូល​ក្រុង​ប៉េកាំងទេ។​

ចំណែក​នៅ​ខាង​វៀតណាមវិញ តាំង​ពី​ថ្ងៃសៅរ៍​មក គេ​ឃើញ​មាន​ការ​ពង្រាយ​កម្លាំង​យោធា​ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ នៅ​ស្ថានី​យ៍ដុងដង់​ជាប់​​​ព្រំដែន​ជា​មួយ​ចិន និង​តាម​បណ្តោយ​ផ្លូវជាតិ​ ដែល​នាំ​ឆ្ពោះ​ទៅ​ទីក្រុង​ហាណូយ។ ផ្លូវ​ចម្ងាយ​ ១៧០​គីឡូម៉ែត្រនេះ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ប្រកាស​បិទ​ ចាប់​ពី​ថ្ងៃអង្គារ​ទៅ នៅ​វេលាម៉ោង​៦​ព្រឹក​ដល់​២​រសៀល។ ដូច្នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា លោក គីម ជុងអ៊ុន ទំនង​ជានឹង​បន្ត​ដំណើរ​តាមរថយន្ត ទៅ​ហាណូយ។

ជា​សរុប​ លោក គីម ធ្វើ​ដំណើរ​តាម​រថភ្លើង ក្នុង​រយៈ​​ចម្ងាយ​ប្រមាណ​​​ជិត​៤០០០​គីឡូម៉ែត្រ ដោយ​​ត្រូវ​ចំណាយ​ពេល​ អស់​ទៅ​ប្រមាណ​៦០​ ម៉ោង ព្រោះ​រថភ្លើង​ពាសដែកដែល​​ធ្ងន់ខ្លាំង​ អាច​រត់​បាន​តែ​ក្នុង​ល្បឿន ៦០​គីឡូម៉ែត្រ​ក្នុង​ម៉ោង​តែ​ប៉ុណ្ណោះ។

តាម​គន្លង​​ ​ជីតា និង​ឪពុក​

លោក គីម​ជុងអ៊ីល ជា​ឪពុក លោក គីម អ៊ីលស៊ុងជា​ជីតា និង​ជា​បិតា​បក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង​ ខ្លាច​​យន្តហោះ​ណាស់ និង​ធ្វើ​ដំណើរ​តែតាមរថភ្លើង​ពាសដែក​ទេ មិន​ថា​នៅ​ក្នុង​ប្រទេស ឬ​ចេញ​ទៅ​ក្រៅ​បរទេស ដូច​យ៉ាង​ទៅ​​ចិន ឬ​ទៅ​រុស្ស៊ីឡើយ។ លោក គីមអ៊ីលស៊ុង​ ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ច្រើន​ជាង​គេ ហើយ​ជិះ​តែ​រថភ្លើង​រហូត និង​រហូត​ដល់​ម៉ូស្គូ ដែល​មាន​ចម្ងាយ​ជាង​៦ពាន់គីឡូម៉ែត្រ​ពី​ព្យុងយ៉ាង​។

លោក គីម​ ជុងអ៊ុន ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ជំនាន់​ទី​បី ជា​ក្មេង​ជំនាន់​ក្រោយ ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ស្វ៊ីស និង​ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​បារាំង​និង​អាល្លឺម៉ង់​ផង​នា​អំឡុង​ពេល​នោះ។ ហើយ​បើ​តាម​ព័ត៌មាន​គ្មាន​ប្រភព​ជាក់លាក់ លោក គីម​ជុងអ៊ុន ​ធ្លាប់​បាន​ធ្វើ​ដំណើរទៅ​តូក្យូ​ម្តង ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ផងនៅ​ឆ្នាំ​១៩៩១។ នៅ​ឆ្នាំ​២០១១ លោក គីមជុងអ៊ុន ទំនង​ជា​បាន​ជូន​ដំណើរ​ឪពុក​ទៅ​ប៉េកាំង​ម្តងដែរ ប៉ុន្តែ​តាំងពី​បាន​ឡើង​កាន់​តំណែង​មក គេ​មិន​ដែល​ឮ​និង​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គីម ជុងអ៊ុន​សោះ។ គឺ​ទើប​តែ​នៅ​​ខែ​មីនា ឆ្នាំ​២០១៨ទេ ដែល​លោក​គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ ជាលើក​ដំបូង​តាម​រថភ្លើង​ទៅ​ប៉េកាំង និង​ជិះយន្តហោះ​មក​សិង្ហបុរី នៅ​ខែ​មិថុនាដើម្បី​មាន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ ជាមួយ​លោក​ត្រាំ។

ប៉ុន្តែ​ជម្រើសជិះរថភ្លើង​ជាំង​៤ពាន់​គីឡូម៉ែត្រ​របស់​លោក គីម ជុងអ៊ុន ថ្ងៃ​​នេះ ​មិន​មែន​​កំណត់​ត្រឹម​តែ​ជា​ការ​ភ័យ​ខ្លាច​យន្តហោះ​ដូច​ឪពុក​និង​ជីតាទេ។ ​ការ​ដើរ​តាម​គន្លង​របស់​ជីតា​និង​ឪពុកនេះ ទំនង​ជា​មាន​អត្ថន័យ​ផ្សេង​ ៖ ទី​មួយ គឺ​ការ​បង្ហាញ​​និម្មិត្តរូប​នៃ​ត្រកូល​គីម។ ប្រមុខ​ គីម ជុងអ៊ុន កំពុង​ចម្លងប្រពៃណី​ពី​ជីតា​ ​និង​ស្នង​មរតកឪពុក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​បាន​ឆ្ងាយ ​ដល់​ម៉ូស្គូ កាលពី​ឆ្នាំ​២០០១ និងចង់​​ប្រាប់​ពលរដ្ឋ​កូរ៉េខាង​ជើងថា​ រជ្ជកាល​គីម​បន្ត​ខ្លាំង​ក្លា​ជាង​ពេល​ណា​ៗ​ទាំង​អស់។

ម្យ៉ាង​វិញ​ទៀត បើ​តាម​អ្នក​ជំនាញ​កូរ៉េខាង​ត្បូង ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ហាណូយ ​ជា​ការ​បង្ហាញ​ឯករាជភាព របស់​​ប្រមុខ​កូរ៉េខាង​ជើង នៅ​ចំពោះ​មុខ​ប៉េកាំង។ ការធ្វើ​ដំណើរ​ដែល​មាន​រយៈ​ពេលនិង​ចម្ងាយ​​វែង​នេះ ចោទ​ជា​បញ្ហា​ខ្លាំង​ណាស់ សម្រាប់​ចិន ក្នុង​ការ​ធានា​សន្តិសុខ​និង​ផ្នែក​សម្ភារៈ​ ព្រម​ទាំង​ភាព​រំខាន​ផ្នែក​ចរាចរណ៍​បណ្តាញ​ផ្លូវ​ដែក​ទូទៅ​របស់​ប្រទេស។ ប៉ុន្តែ​ចិន​នៅ​ព្រម​ទទួល​ធ្វើ ដើម្បី​សម្រួល​ឱ្យ​ប្រទេស​ជិតខាង​ពិបាក​គ្រប់គ្រង​ដូច​យ៉ាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក អាច​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​បាន។ ព្រោះ​បើ​តាម​អ្នក​វិភាគ​ខ្លះ ចិន​ចង់ឃើញ​កូរ៉េខាង​ជើង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ណាស់។ហេតុដូច្នេះ​ហើយ​បាន​​ចិនចង់​មាន​​ចំណែក​ធ្វើ​ជា​តួអង្គ​​សំខាន់ម្នាក់​​នៃ​​ជំនួប​ចរចា​អាមេរិក​និង​កូរ៉េខាង​ជើងនេះ។

ចិន​តួអង្គ​សំខាន់​នៃ​ជំនួប​កំពូល​ គីម-ត្រាំ ២

​មួយរយៈ​ចុងក្រោយ​នេះ ពោល​គឺ​តាំងពី​លោក គីម ជុងអ៊ុន ឡើង​កាន់​អំណាច​មក​ ទំនាក់ទំនង​ចិន​និង​កូរ៉េខាង​ជើងបាន​​ចុះ​អន់​មិន​សូវ​ល្អ ដោយ​មេដឹកនាំ​ក្មេង​ខ្ចី​ព្យុងយ៉ាង​ ចេះ​តែ​សាកល្បង​នុយក្លេអ៊ែរ​និង​មីស៊ីល​មិន​ឈប់​ មិន​ខ្វល់​ស្តាប់​ការ​ណែនាំ​របស់​រៀម​ច្បង​ជា​ប្រពៃណី​ឡើយ។ តែ​តាំង​ពី​អាមេរិក​ហុច​ដៃ​ឱ្យ​កូរ៉េខាង​ជើង ព្យុងយ៉ាង​និង​ប៉េកាំង​ក៏​ចាប់ខិត​ចូល​ជិត​ ​ល្អ​នឹង​គ្នា​ឡើងវិញ​។

កាលពី​មុន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ លើក​ទី​មួយ នៅ​សិង្ហបុរី លោក គីម បាន​ធ្វើ​ដំណើរ​ទៅ​ប៉េកាំងម្តង។ ក្រោយ​ជំនួប​ជា​លោក​ត្រាំ លោក គីមជុងអ៊ុន​ត្រលប់​ទៅ​ជួប​លោក​ស៊ីជិនពីង​ម្តង​ទៀត។ ជា​យុទ្ធសាស្ត្រ​ដែល​បញ្ជាក់​ថា​កូរ៉េខាង​ជើងត្រូវ​ការ​ខ្នង​សម្រាបឮ​ជា​បង្អែក ប្រសិន​បើ​និយាយ​ជាមួយ​អាមេរិក​មិន​ត្រូវ​គ្នា។

​នៅ​លើក​នេះ​ក៏​ដូច​គ្នា​ទៀត គ្រាន់​តែ​ប្រកាស​ថា​មាន​ជំនួប​ជា​លើក​ទីពី​រ​ជាមួយ​លោក ត្រាំ ភ្លាម ប្រមុខ​​គីម បាន​ទៅ​ជួប​លោក ស៊ី ជិនពីង​ម្តង​ទៀត កាលពី​ខែ​មុន ដើម្បី​រៀប​យុទ្ធសាស្ត្រ​ជាមួយ​ប្រធានាធិបតី​ចិន។​ ហើយ​នៅ​ក្រោយ​ជំនួបកំពូលលើក​ទីពីរ​ ​ លោក គីម ជុង​អ៊ុន​ ក៏​ទំនង​ជា​ត្រលប់​ទៅ​វិញ​តាម​ផ្លូវ​ដដែល និង​ដោយជិះ​​រថភ្លើង​ដដែល ប៉ុន្តែ​ដោយ​ឆៀង​ចូល​ប៉េកាំង ដើម្បី​ជួប​សន្ទនា និង​រាយការណ៍​លម្អិត ស្តី​អំពី​ជំនួប​ជាមួយ​ត្រាំ ប្រាប់​លោក​​ប្រធានាធិបតី​ ស៊ីជីនពីង ជា​រៀមច្បង។ ការ​ជួប​គ្នា​ញឹក​ញយ​នេះ អាច​ជួយ​​ព្យុងយ៉ាងឱ្យ​​ កាន់​តែ​មាន​ប្រៀប ​ក្នុង​ការចរចា​ជាមួយ​លោក​ត្រាំ។

​ការ​ព្រម​​ធានា​ឱ្យ​លោក គីមជុង​អ៊ុន​ ធ្វើ​ដំណើរតាម​រថភ្លើង​ជា​ច្រើន​ថ្ងៃ​​ឆ្លង​កាត់​ប្រទេស​ ជា​មធ្យោបាយ​មួយ​ទៀត​ដែល​​បង្ហាញ​យ៉ាង​ច្បាស់បន្ថែម​ទៀត​​ថាចិន​មាន​ចំណែក​យ៉ាង​ចំបង​ នៅ​ក្នុង​ជំនួប​នៅ​ក្រុង​ហាណូយ​នេះដែរ។ ចិន​មាន​តួនាទីកាន់​តែ​​​ចំបង ​សម្រាប់​ក្រសែភ្នែក​ព្យុងយ៉ាង​ និង​អាច​គ្រប់គ្រង​ព្យុងយ៉ាង​បាន​ ព្រោះ​ថា ចិន​ជា​ប្រទេស​ធំ​តែ​មួយ​គត់​បាន​ស្តារ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​មួយ​ភាគ​ឡើង​វិញ​ជាមួយ​ព្យុងយ៉ាង ដែល​កំពុង​ត្រដរ​ខ្យល់​ដោយ​ទណ្ឌកម្ម​ដ៏​ធ្ងន់​របស់​អាមេរិក​។ ហើយ​​​ចិនជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​កូរ៉េខាង​ជើង។ កូរ៉េខាង​ជើងអាច​មាន​គំនិត​ចង់​បន្ថយ​ភាព​រំពឹង​​លើ​ចិនខ្លះ តែ​ដឹង​ច្បាស់​ថា​មិន​អាច​ងើយ​ដាក់ចិន​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ