នៅបង់ក្លាដែស អគ្គីភ័យឆាបឆេះអាគារក្នុងទីក្រុងដាកាបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៧០នាក់
នៅប្រទេសបង់ក្លាដែស មានព្រឹត្តិការណ៍ឆាបឆេះយ៉ាងសន្ធោសន្ធៅលើអាគារលំនៅដ្ឋានជាច្រើននាយប់ថ្ងៃពុធ ទី២០ កុម្ភៈ។ អគ្គិភ័យមួយនេះបានកើតមានឡើងនៅក្នុងសង្កាត់ Chawkbazar ដែលជាសង្កាត់មានវ័យចំណាស់ជាងគេមួយក្នុងទីក្រុងដាកា ហើយតុល្យការបណ្តោះអាសន្នចុងក្រោយឲ្យដឹងថា មានមនុស្សស្លាប់យ៉ាងតិច ៧០នាក់ និងរបួសយ៉ាងតិច ៥៥នាក់ដែល ១០នាក់កំពុងស្ថិតក្នុងស្ថានភាពស្ទើរស្លាប់ ស្ទើររស់។ ជាមួយនឹងអន្តរាគមន៍របស់ក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណជា ២០០នាក់ ស្ថានការណ៍ទូទៅហាក់បានស្ងប់ស្ងាត់ តែភ្លើងនៅមិនទាន់រលត់ទាំងស្រុងទេ។ ទន្ទឹមគ្នានេះ ប្រតិបត្តិការស្វែងរកសាកសពក្នុងគំនរភ្នក់ភ្លើងកំពុងបន្តមាន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៣
អគ្គិភ័យបានចាប់ផ្តើមនៅវេលាម៉ោង ១០ និង ៤០នាទីយប់ម៉ោងក្នុងប្រទេសបង់ក្លាដែសត្រូវជា ១១ និង៤០នាទីយប់ម៉ោងក្នុងប្រទេសកម្ពុជានាថ្ងៃពុធ ទី២០ កុម្ភៈ។ តាមរដ្ឋអំណាចក្នុងស្រុក ប្រភពអគ្គិភ័យបានផ្តើមចេញពីការឆេះធុងហ្កាសមួយ រួចក៏បានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សនៅក្នុងអាគារទាំងមូលតែម្តង។ ល្បឿនឆាបឆេះយ៉ាងលឿននេះក៏ដោយសារតែនៅក្នុងអាគារនោះមានស្តុកទុកសារធាតុគីមីគ្រប់ប្រភេទ។ សាក្សីជាច្រើនដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា បន្ទាប់ពីបានឮស្នូរផ្ទុះយ៉ាងខ្លាំងមក ពួកគេបានឃើញសន្ទុះអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅឆ្លងពីជញ្ជាំងមួយទៅជញ្ជាំងមួយទៀតយ៉ាងឆាប់រហ័ស។
ម្យ៉ាងទៀតក្នុងពេលផ្ទុះអគ្គិភ័យភ្លាម ចរាចរណ៍នៅតាមផ្លូវកំពុងកកស្ទះណែនតាន់តាប់ដែលធ្វើឲ្យមនុស្សពិបាករត់គេចពីអណ្តាតភ្លើងដែលឆាបឆេះរាលដាលយ៉ាងលឿន។ បន្ទាប់មក សង្កាត់នោះក៏តូចចង្អៀត ហើយនៅតាមច្រកអាគារនីមួយៗក៏មានស្តុកអីវ៉ាន់ជាច្រើនដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២១ កុម្ភៈ និងដោយមានអន្តរាគមន៍ពីក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណជា ២០០នាក់ ស្ថានការណ៍ទូទៅហាក់បានស្ងប់ស្ងាត់ និងគ្រប់គ្រងបាន តែគេត្រូវការពេលវេលាបន្ថែមដើម្បីអាចពន្លត់កំដៅភ្លើងទាំងស្រុងបាន ពិសេសគំនរភ្នក់ភ្លើងមានសារធាតុគីមី។ ទន្ទឹមគ្នានេះ បេសកកម្មស្វែងរក និងទាញយកសាកសព ក៏កំពុងបន្តធ្វើដែរ។
នៅឯមន្ទីរពេទ្យ ក្រុមគ្រួសារកំពុងបន្តស្វែងរកសមាជិក ឬមនុស្សជំនិតរបស់ខ្លួន តែពួកពិបាកស្គាល់នរណាជានរណាដោយសារតែសាកសពភាគច្រើនត្រូវបានឆេះរោលខ្មៅដូចធ្យូង។ ក្នុងចំនួនអ្នកស្លាប់ មានអ្នករស់នៅក្នុងអាគារ អ្នកធ្វើដំណើរតាមផ្លូវ រួមទាំងអ្នកដែលកំពុងទទួលទានអាហារនៅតាមភោជនីយដ្ឋានក្បែរនោះផង នេះបើតាមស្នងការរងប៉ូលិសក្នុងទីក្រុងដាកា។ គួររម្លឹកថា បង់ក្លាដែសបានទទួលរងគ្រោះអគ្គិភ័យលើអាគារលំនៅដ្ឋានមានស្តុកសារធាតុគីមីដូចគ្នានេះក្នុងឆ្នាំ ២០១០ ដោយបណ្តាលឲ្យស្លាប់មនុស្សប្រមាណជា ១២០នាក់។
ក្រោយសោកនាដកម្មឆ្នាំ ២០១០ នោះមក រដ្ឋអំណាចបានចេញយុទ្ធនាការប្រឆាំងនឹងការស្តុកសារធាតុគីមីនៅតាមអាគារ និងតាមតំបន់ឧស្សាហកម្មជាច្រើន។ តែការប្រឹងប្រែងមួយនេះហាក់ត្រូវបានបំភ្លេច ឬទុកចោលមួយកន្លែងនារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ម្យ៉ាងទៀតនៅបង់ក្លាដែស សំណង់ជាច្រើនមិនបានគ្រោងវិធានការសន្តិសុខប្រឆាំងនឹងអគ្គិភ័យជាយថាហេតុទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ