rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

សេដ្ឋកិច្ច និង​ឥទ្ធិពល​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​មួយជុំ​តំបន់អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន

ដោយ គួច គន្ធារ៉ា

រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ម៉ូហាមេដ បេន សាលម៉ាន​បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី​នា​ថ្ងៃ​អាទិត្យ ទី១៧ កុម្ភៈ​ដោយ​ចាប់​មុន​គេ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​រយៈពេល ២ថ្ងៃ។ តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​នៅ​ជំហាន​បន្ទាប់ ព្រះអង្គ​ម្ចាស់​សាលម៉ាន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ចិន ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី។ តែ​ទីបំផុត ព្រះអង្គ​បាន​សម្រេច​លុបចោល​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី​វិញ។

ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​បាន​ធ្វើ​ឡើង ៥ខែ​ក្រោយ​ពី​មាន​រឿងអាស្រូវ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាហ្សូជី​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​តួកគី។ រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រាជាណាចក្រប្រេងកាត ពិសេស​ព្រះអង្គម្ចាស់​សាលម៉ាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង​ពី​បស្ចិមលោក។ តើ​ហេតុផល​នេះ​ឬ​ដែល​បាន​ជំរុញ​ឲ្យ​ព្រះអង្គម្ចាស់​សាលម៉ាន​ងាក​រក​អាស៊ី?

នៅ​ពេល​ដែល​ផ្លូវ​មួយ​ត្រូវ​បាន​បិទ ឬ​ព្យួរ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​មួយ​រយៈ គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ងាក​ទៅ​រក​ផ្លូវ​មួយ​ទៀត​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ ទោះ​បី​ជា​ផ្លូវ​នោះ​មិន​ប្រាកដ​ជា​ផ្លូវ​រលោង​ល្អ​ដូច​ផ្លូវ​ដែល​គេ​ធ្លាប់​ទៅ​មក​រាល់​ថ្ងៃ​ក៏​ដោយ។ នេះ​ហើយ​ជា​ជម្រើស​ដែល​រាជទាយាទ​អារ៉ាប៊ីសាអូសាឌីត​សាលម៉ាន​កំពុង​ធ្វើ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំតំបន់​អាស៊ី​ពេល​នេះ។ អាច​ថា​ជា​ជម្រើស​មួយ​ដោយ​បង្ខំ​ក៏​អាច​ថា​បាន ឬ​ជា​ជម្រើស​មួយ​ដោយ​ចេតនា​ក៏​ថា​បាន​ដែរ។ ជា​ជម្រើស​ដោយ​បង្ខំ ព្រោះ​តាំង​ពី​ផ្ទុះ​រឿង​អាស្រូវ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាហ្សូជី​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​តួកគី​កាល​ពី ៥ខែ​មុន​មក រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត ពិសេស​រាជទាយាទ​សាលម៉ាន​បាន​រង​ការ​រិះគន់ ទិតៀន​ខ្លាំងៗ​ពី​ក្រុម​ប្រទេស​បស្ចិមលោក រួម​ទាំង​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​ខ្លួន​ម្នាក់​ផង។

៥ខែ​ក្រោយ​មក រឿងរ៉ាវ​ឃាតកម្ម​សម្លាប់​លោក​ខាហ្សូជី​មួយ​នេះ​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​បស្ចិមលោក និង​អារ៉ាប៊ីសាអូឌីត ពិសេស​បាន​ធ្វើ​ឲ្យ​ព្រះអង្គម្ចាស់​សាលម៉ាន​ដែល​ជា​រាជទាយាទ​ដ៏​មាន​ឥទ្ធិពល​ទើសមុខ ទើសមាត់​ខ្លាំង​ណាស់។ បន្ទាប់​ពី​បាន​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​នេះ​មក ទីក្រុង​រីយ៉ាដ​បាន​លើក​យក​សមត្ថិកម្ម​ផ្ទុយ​គ្នា​ជា​ច្រើន​ទៅ​សំអាង និង​ចុង​ក្រោយ​បាន​សារភាព​ថា លោក​ខាហ្សូជី​ពិត​ជា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​មួយ​ក្នុង​ស្ថានកុងស៊ុល តែ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​តួកគី​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​នៅ​មិន​ទាន់​បាន​បង្ហាញ​ភស្តុតាង​ទាំង​អស់​ដែល​ខ្លួន​មាន​នៅ​ក្នុង​ដៃ​នៅ​ឡើយ​ទេ។

គឺ​រឿង​ចម្រូងចម្រាស​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​រាជទាយាទ​សាលម៉ាន​ពិបាក​យាង​ទៅ​ជួប​មុខ​ថ្នាក់ដឹកនាំ​បស្ចិមលោក ហើយ​បែរ​ព្រះភក្រ្ត​ទៅ​ជួប​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៅ​វិញ ពិសេស​ប្រទេស​ប៉ាគីស្ថាន ឥណ្ឌា និង​ប្រទេស​ចិន។ នៅ​ក្នុង​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​នេះ​ទៀត​សោត​ក៏​អាច​មាន​ហេតុផល​សំខាន់​ពីរ​ដែរ ទី១ រាជទាយាទ​សាលម៉ាន​ចង់​បង្ហាញ​ប្រាប់​ក្រុមបស្ចិមលោក​ថា សម្ព័នមិត្ត​របស់​អារ៉ាប៊ីសាអូឌីត​មិនមែន​មាន​តែ​ក្រុមប្រទេស​បស្ចិមលោក ហើយ​អត់​ពី​ក្រុមប្រទេស​បស្ចិមលោក​ទៅ​ក៏​អារ៉ាប៊ីសាអូឌីត​មិន​ស្លាប់​ដែរ និង​ទី២ រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​ចង់​ងាក​ទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ដែល​ព្រះអង្គ​យល់​ថា មិន​ច្រឡូកច្រឡំ​រវាង​កិច្ចការជំនួញ និង​កិច្ចការ​នយោបាយ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ ប្រទេស​អាស៊ី​មិន​ដែល​ឈឺ​ឆ្អាល​លូក​ដៃ​ទៅ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ទេ។

ប្រទេស​ប៉ាគីស្ថាន និង​ឥណ្ឌា​ដែល​ព្រះអង្គម្ចាស់​សាលម៉ាន​បាន​យាង​ទៅ ហើយ​ប្រទេស​ចិន​ដែល​ព្រះអង្គ​នឹង​យាង​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ និង​ថ្ងៃ​សុក្រ ទី២២ កុម្ភៈ​ខាង​មុខ​ក៏​យល់​មិន​ច្រឡំ​ដែរ​ចំពោះ​បញ្ហា​នេះ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​អ៊ីមរ៉ាន់ ខាន់​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត ឥស្សរជន​ទាំង​ពីរ​និយាយ​តែ​ពី​រឿង​សេដ្ឋកិច្ច​ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ជា​ច្រើន​មាន​ទឹកប្រាក់​សរុប ២០ ០០០លានដុល្លារ ហើយ​ព្រះអង្គម្ចាស់​សាលម៉ាន​បាន​គូសបញ្ជាក់​ថា នេះ​គ្រាន់​ជា​ជំហាន​ដំបូង​ទេ ព្រោះ​លើក​ក្រោយ​នឹង​មាន​ច្រើន​ជាង​នេះ។ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​បាន​ឆ្លើយ​តប​វិញ​ថា អារ៉ាប៊ីសាអូឌីត​តែង​ស្ថិត​ជា​មិត្ត​គ្រប់​ពេល​នៅ​ពេល​ដែល​ប៉ាគីស្ថាន​ត្រូវ​ការ​មិត្ត។

គេ​នៅ​មិន​ទាន់​ដឹង​ថា​ជាមួយ​ឥណ្ឌា និង​ចិន ព្រះអង្គម្ចាស់​សាលម៉ាន​អាច​នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ក្នុង​ទឹកប្រាក់​ប៉ុន្មាន​ម៉ឺនលានដុល្លារ​ទេ។ អ្វី​ដែល​គេ​ដឹង ចិន​ជា​អតិថិជន​ទិញ​ប្រេងឆៅ​អារ៉ាប៊ីសាអូឌីត​សំខាន់​ជាង​គេ​បង្អស់ ហើយ​បន្ទាប់​មក មាន​ឥណ្ឌា ជប៉ុន ឬ​កូរ៉េខាងត្បូង។ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា អាស៊ី​ជា​ប្រភព​វិនិយោគ​មួយ​ក្នុង​វិស័យ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​តំបន់​ឈូងសមុទ្រពែក្ស ហើយ​អនាគត​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ចេញ​ពី​តំបន់​អាស៊ី។ ដូច្នេះ​ជម្រើស​ទៅ​កាន់​អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ពេល​នេះ​ពិត​ជា​មិន​ខុស​ទេ ព្រោះ​ចំ​ពេល​ដែល​ព្រះអង្គម្ចាស់​កំពុង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ដោយ​ប្តូរ​ពី​សេដ្ឋកិច្ច​ពឹង​តែ​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ចំណូល​បាន​មក​ពី​ប្រភព​ផ្សេង​វិញ។

មហិច្ឆតា​កំណែទម្រង់​មួយ​នេះ​ត្រូវ​បាន​ព្រះអង្គម្ចាស់​សាលម៉ាន​ឲ្យ​ឈ្មោះ​ថា “ផែនការ​ចក្ខុវិស័យ ២០៣០” ដោយ​ផ្អែក​លើ​ការ​ពង្រីក​មូលដ្ឋាន​ឧស្សាហកម្ម​របស់​ប្រទេស​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​លើ​វិស័យ​គន្លឹះ​ចំនួន ៤ គឺ​រ៉ែ បណ្តាញ​ដឹកជញ្ជូន ថាមពល​កកើតឡើងវិញ និង​វិស័យ​កម្មន្តសាល។ ជាមួយ​នឹង “ផែនការ​ចក្ខុវិស័យ ២០៣០” ទីក្រុង​រីយ៉ាដ​សង្ឃឹម​បង្កើន​ផលិតផល​សរុប​ក្នុង​ស្រុក​ដែល​មិន​មែន​បាន​មក​ពី​លក់​ប្រេងឆៅ និង​សង្ឃឹម​បង្កើត​ការងារ​ចំនួន ១ ៦០០ ០០០ការងារ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០។ តែ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ​ទាំង​អស់​នេះ​បាន ព្រះអង្គម្ចាស់​សាលម៉ាន​ត្រូវ​ការ​លុយ​មិន​តិច​ជាង ៤២៦ ០០០លានដុល្លារ​ទេ។ ដូច្នេះ តម្រូវការ​វិនិយោគបរទេស និង​ក្នុង​ស្រុក​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ឡើយ៕

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?