របាយការណ៍អាមេរិក៖ទន្ទឹមនឹងការចរចា កូរ៉េខាងជើងក៏កំពុងបន្តផលិតអាវុធនុយក្លេអ៊ែរ
កូរ៉េខាងជើងកំពុងបន្តផលិតគ្រឿងបញ្ឆេះនុយក្លេអ៊ែរសម្រាប់ប្រើក្នុងវិស័យយោធា នេះជាខ្លឹមសារនៃរបាយការណ៍របស់មជ្ឈមណ្ឌលសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យអាមេរិកាំង Stanford ចេញផ្សាយក្នុងថ្ងៃអង្គារ ទី១២ កុម្ភៈ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កន្លងទៅ របបក្រុងព្យុងយ៉ាងអាចផលិតបានគ្រាប់បែកបរមាណូដល់ទៅ ៧គ្រាប់។ របាយការណ៍នេះបានធ្លាក់មក ចំពេលដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនគ្រោងជួបគ្នាលើកទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៧
គេនៅមិនទាន់ដឹងថា តើរបាយការណ៍មួយនេះអាចនឹងធ្វើឲ្យអាក់ខានដល់គម្រោងជំនួបលើកទី២ រវាងលោកត្រាំ និងលោកគីមក្នុងទឹកដីវៀតណាមនៅថ្ងៃទី២៧ និងទី២៨ កុម្ភៈឬអត់ទេ។ អ្វីដែលគេដឹង និងបើផ្អែកលើរបាយការណ៍របស់មជ្ឈមណ្ឌលសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យអាមេរិកាំង Stanford របបក្រុងព្យុងយ៉ាងបានជ្រើសផ្លូវពីរដើម្បីដើរស្របគ្នា ទី១ ផ្លូវចរចាជាមួយអាមេរិកដើម្បីរំសាយនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងទី២ ផ្លូវបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ តែរបាយការណ៍បានទទួលស្គាល់ថា ការដែលកូរ៉េខាងជើងបានព្យួរការសាកល្បងនុយក្លេអ៊ែរ និងការបាញ់សាកល្បងគ្រាប់មីស៊ីលតាំងពីដំណាច់ឆ្នាំ ២០១៧ មក ការគំរាមកំហែងរបស់កូរ៉េខាងជើងក៏បានធ្លាក់ចុះដែរ។
លោក Siegfried Hecker អ្នកនិពន្ធរបាយការណ៍ម្នាក់បានបញ្ជាក់ថា ការបន្តផលិតគ្រឿងបញ្ឆេះនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០១៨ ត្រូវបានបញ្ជាក់តាមរយៈលទ្ធផលនៃការសិក្សាលើរូបភាពបានមកពីផ្កាយរណប។ តាមលោក Siegfried គ្រឿងបញ្ឆេះនុយក្លេអ៊ែរប្រើរួចហើយបានមកពីម៉ាស៊ីនប្រតិកម្មនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ក្នុងចន្លោះឆ្នាំ ២០១៦ និង២០១៨បានអនុញ្ញាតឲ្យកូរ៉េខាងជើងផលិតបានសារធាតុអ៊ុយរ៉ាញ៉ូមពី ៥ ទៅ ៨គីឡូក្រាមសម្រាប់ផលិតគ្រាប់បែកបរមាណូ។ សម្រាប់ក្រុមការងាររបស់លោក Siegfried កូរ៉េខាងជើងមានគ្រាប់បែកបរមាណូប្រមាណជា ៣០គ្រាប់ក្នុងឆ្នាំ ២០១៧។
តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអាមេរិកបានលើកឡើងពីចំនួន ៥០គ្រាប់ ហើយសម្រាប់ក្រុមអ្នកវិភាគវិញ គឺមានប្រមាណពី ២០ ទៅ ៦០គ្រាប់។ យ៉ាងណាក៏ដោយ លោក Siegfried Hecker បានគូសបញ្ជាក់ជាលក្ខណៈទូទៅថា កូរ៉េខាងជើងសព្វថ្ងៃបង្កគ្រោះថ្នាក់តិចជាងកាលពីដំណាច់ឆ្នាំ ២០១៧។ តែទន្ទឹមគ្នានេះ លោក Siegfried បានយល់ឃើញថា បើគ្រាប់មីស៊ីលបំពាក់នុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនអាចគំរាមដល់ទឹកដីអាមេរិកក៏ដោយ ក៏វានៅបន្តគំរាមពិតៗលើប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ គួររម្លឹកថានៅក្នុងជំនួបលើកទី១ ជាមួយលោកដូណាល់ ត្រាំក្នុងប្រទេសសិង្ហបុរី លោកគីម ជុងអ៊ុនបានសន្យារំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
តែមកទល់ពេលនេះ ការអនុវត្តជាក់ស្តែងនៅមានស្តួចស្តើង ឬហាក់គ្មានតែម្តង។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ លោកគីមបានសន្យានឹងចាត់វិធានការថ្មីៗទៀតក្នុងការរំសាយនុយក្លេអ៊ែរ តែស្របគ្នានេះ លោកគីមក៏បានទាមទារឲ្យសហរដ្ឋអាមេរិកផ្តល់សម្បទានជាថ្នូរតបវិញដែរ ពិសេសដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីកូរ៉េខាងជើង។ ដូច្នេះគេត្រូវរង់ចាំមើលថា តើគម្រោងជំនួបលើកទី២ រវាងលោកត្រាំ និងលោកគីមនៅថ្ងៃទី២៧ និងទី២៨ កុម្ភៈក្នុងប្រទេសវៀតណាមនឹងទទួលបានលទ្ធផលអ្វីខ្លះ?៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ