អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីតជួយប៉ាគីស្ថាន​ដើម្បី​បំពេញ​កម្មវត្ថុ​យុទ្ធសាស្ត្រ​ខ្លួនឯង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អារ៉ាប៊ីសាអូឌីត កំពុង​រៀបចំគម្រោង​វិ​​និយោគ​ទ្រង់ទ្រាយ​ធំមួយ​ នៅក្នុង​ប្រទេស​ប៉ាគីស្ថាន។ ផែនការវិនិយោគ​នេះ នឹង​ជួយសម្រួល​សេដ្ឋកិច្ច​​ប៉ាគីស្ថាន​ដែល​កំពុង​​ត្រដាបត្រដួស​ស្ទើរ​ដាច់​ខ្យល់ ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​។ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការកត់​សម្គាល់​ខ្លាំង​សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិភាគ ចំណាយ​របស់​អារ៉ាប៊ីសាអូឌីត មិន​មែន​ផ្តល់​តែ​ប្រយោជន៍​សេដ្ឋកិច្ច​ឡើយ តែ​ជា​គម្រោង​ដែល​ឆ្លើយ​តប​ទៅ​នឹង​​កម្មវត្ថុ​យុទ្ធសាស្ត្រ​របស់​ប្រទេស​យ៉ាង​ពេញ​លេញ។

កំពង់ផែ​ Gwadar របស់​ប៉ាគីស្ថាន នឹង​ក្លាយ​ជា​ក្រុង​ឧស្សាហកម្ម​ស្នូល​ នាពេល​អនាគត
កំពង់ផែ​ Gwadar របស់​ប៉ាគីស្ថាន នឹង​ក្លាយ​ជា​ក្រុង​ឧស្សាហកម្ម​ស្នូល​ នាពេល​អនាគត DR
ផ្សាយពាណិជ្ជកម្ម

តាំង​ពីឡើង​កាន់​តំណែងជា​នាយក​រដ្ឋមន្ត្រីប៉ាគីស្ថាន ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​មក ​ លោក អ៊ីមរ៉ាន ខាន់​ ជា​បានប្រឹង​ស្វះ​ស្វែង​រក​ដៃគូ​វិនិយោគបរទេស ដោយ​បាន​ធ្វើ​ដំណើរ​ទៅ ទៅ​កាតា និង​តួកគី ដែល​ជា​គូប្រជែង​របស់​អារ៉ាប៊ីសាអូឌីតផង ទៅ​ចិន​ផង និង​ដល់​ទៅ​ពីរ​ ទៅ កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោក ខាន់ ​ជា​មេដឹកនាំ​បរទេស​ដ៏​កម្រ​ម្នាក់​ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​នៅទីក្រុង​រីយ៉ាដ ដែល​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន​បាន​ធ្វើ​ពហិការ​ ដើម្បី​សម្តែង​ការ​មិន​ពេញ​ចិត្ត​ដោយ​ឃាតកម្ម​លើ​រូប​អ្នក​កាសែត​ជាតិ​អារ៉ាប៊ីសាអូឌីត នៅ​ក្នុង​ស្ថានកុងស៊ុល​ក្រុង​អ៊ីស្តង់ប៊ូល។

កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​លោក មិន​អត់​ប្រយោជន៍។ នៅទី​បំផុត ប៉ាគីស្ថាន កំពុង​ឈាន​ទៅ​សម្រេចជាមួយ​អារ៉ាប៊ីសាអូឌីត ​នូវ​ផែនការ​​ពាណិជ្ជកម្ម​ដ៏​ធំ​មហិមា​ ដែលពុំ​ធ្លាប់​កើត​មាន​នៅ​ប៉ាគីស្ថាន​​ទេ ពី​មុន​មក។​ រីយ៉ាដ និង​អ៊ីស្លាម៉ាបាដ ដែល​មាន​ចំណង​​មិត្ត​ភាពដ៏រឹងមាំ​ រាប់​​ទសវត្សរ៍​មកហើយ​នោះ​ បាន​ជជែក​គ្នា​ តាំង​ពី​ជា​ច្រើន​ខែ​មក​អំពី​គម្រោង​កិច្ចព្រមព្រៀងសេដ្ឋកិច្ច​មួយ​ខ្សែ​វែង សម្រាប់​ពេល​អនាគត។

នៅក្នុង​ចំណោម​គម្រោង​វិនិយោគធំៗ​ជាច្រើន គេរាប់​ឃើញ​មាន​មួយ​ ជា​គម្រោង​វិនិយោគ​​មជ្ឈមណ្ឌល​ចម្រាញ់​ ​ និង​រោងចក្រ​ប្រេង​ តម្លៃ​១០ពាន់​លាន​ដុល្លារ​អាមេរិក នៅ​កំពង់ផែ​Gwadar។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តូច​-ធំជា​ច្រើន នឹង​ត្រូវ​ចុះ​ហត្ថលេខា​ នៅ​ក្នុង​ឱកាសដែល​រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉េត បេន សាល់​ម៉ាន Mohammed ben Salmane យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ។ ​ក្រុង​រីយ៉ាដ​មិន​ទាន់​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។​

ក្រៅអំពី​គម្រោង​វិនិយោគ អារ៉ាប៊ីសាអូឌីត​ និង​ដៃគូ​ក្នុង​តំបន់ អេមីរ៉ាត់អារ៉ាប់រួម បាន​បញ្ចូល​ថវិកា​ចំនួន បី​ពាន់​លាន​ដុល្លារ​ម្នាក់ ទៅ​ក្នុង​ធនាគារ​កណ្តាល​ប៉ាគីស្ថាន​រួច​ហើយ។ ហើយ​ថែម​ទាំង​បាន​យល់​ព្រម​ឱ្យ​ប៉ាគីស្ថាន​ ពន្យារ​ពេល​បង់​ប្រាក់​ចំនួន​៦ពាន់​លាន​ដុល្លារ​ថ្លៃ​នាំ​ប្រេង​ចូល​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត បើ​តាម​សារព័ត៌មាន​អាមេរិក​ Wall Street Journal ចេញ​ផ្សាយកាលពី​ខែ​មុន ថា អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាត់​អារ៉ាប​រួម ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចំបង​របស់​ប៉ាគីស្ថាន ប្រចាំ​តំបន់​ដើម​បូព៌ា ធ្លាប់​បាន​ផ្តល់​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ នូវ​ការ​វិនិយោគ​និង​កម្ចី​ទំហំ​ដល់​ទៅ ៣០ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

ហេតុ​អ្វី​​អារ៉ាប៊ីសាអូឌីត ហ៊ាន​ចំណាយ​​ច្រើន​នៅ​​​​ប៉ាគីស្ថាន ?! ​​ព្រោះ​បំណង​ប្រាថ្នា​ដ៏​សំខាន់​មួយ​របស់​អារ៉ាប៊ីសាអូឌីត គឺ​បង្កើន​ការ​វិនិយោគ​ក្នុង​វិស័យ​ចម្រាញ់​ប្រេង​​កំរិត​ពិភពលោក​ ដើម្បី ធានារ៉ាប់​រង​ទីផ្សារ​ និង​​ធានាការ​នាំ​ចេញ​ឱ្យ​បាន​ជា​និរន្តន៍ សម្រាប់​ប្រឈមនឹង​ការ​ប្រកួតប្រជែង​អន្តរជាតិ។ ដូច​ជា​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត ប្រទេស​នាំ​ចេញ​ប្រេង​លំដាប់លេខ​មួយដូច​យ៉ាង​​អារ៉ាប៊ីសាអូឌីត បាន​ធ្វើ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ក្នុងវិស័យ​​​ចម្រាញ់និង​ឧស្សាហកម្ម​ប្រេង នៅ​គ្រប់​ជ្រុង​នៃ​ភព​ផែនដី និង​កំពុង​​សំឡឹង​ឃើញ​កំពង់​ផែ Gwadar របស់​ប៉ាគីស្ថាន។

អភិវឌ្ឍន៍​ក្នុង​ក្របខ័ណ្ឌ​ នៃ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​ ​Gwadar គឺ​ជាក្រុង​​​ឧស្សាហកម្ម​ស្នូល​នាពេល​អនាគត ដោយ​អាច​តភ្ជាប់​បាន​យ៉ាង​ងាយ ទៅ​​តំបន់​អាស៊ីកណ្តាល​ អាហ្វហ្កានីស្ថាន ឬ​ទៅ​តំបន់​ដើម​បូព៌ា និង​អាហ្វ្រិក។ ​ កំពង់​ផែGwadar ​នៅចំ​​ផ្លូវ​ត្រង់​ឆ្ពោះ​ទៅ​ចិន។ ប្រសិន​បើ​មាន​​ការ​សាងសង់​​​បំពង់​បង្ហូរ​ប្រេងពី​កំពង់ផែ​ប៉ាគីស្ថាន​​​ទៅ​ចិន​ នោះ​រយៈពេល​ដឹក​ជញ្ជូន​ប្រេងនឹង​បង្រួញ​មក​ត្រឹម​តែ​ ៧​ថ្ងៃ ទល់​នឹង​​​៤០​ថ្ងៃនាពេល​បច្ចុប្បន្ន។ ប៉ាគីស្ថាន​ចង់​បាន​ភាគី​វិនិយោគ​ទីបី​មកចូលរួម​ចំណែក​​អភិវឌ្ឍក្រុងកំពង់ផែនេះ ប៉ុន្តែ​ចិន​មិន​ពេញ​ចិត្ត​បេក្ខភាព​អារ៉ាប៊ីសាអូឌីត​នេះ​ទេ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​មើល​ឃើញ​ថា​រាល់​វិនិយោគ​របស់​អារ៉ាប៊ីសាអូឌីត នៅ​ក្រុង​កំពង់ផែ​ប៉ាគីស្ថាន គឺ​មានបង្កប់​​​តម្លៃ​ផ្នែក​ភូមិសាស្ត្រ​​យុទ្ធសាស្ត្រ​នយោបាយជាមួយ​ផង។

ម្យ៉ាង​ទៀតកំពង់​ផែGwadar ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​ ៧០​គីឡូម៉ែត្រពី​កំពង់​ផែ​ Chabahar របស់​អ៊ីរ៉ង់ ជា​គូសត្រូវ​របស់​អារ៉ាប៊ីសាអូឌីត។ កំពង់ផែ​អ៊ីរ៉ង់​ ដែល​ទើប​សម្ពោធ​កាលពី​ចុងឆ្នាំ២០១៨ ត្រូវ​បាន​​​ឥណ្ឌា​ចាត់​ទុក​ជាច្រក​ផ្លូវ​​ទៅ​​អាហ្វហ្កានីស្ថាន ​ដោយមិន​ឆ្លង​កាត់​​​ប៉ាគីស្ថានជាសត្រូវ។ ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត មិន​ចង់​លូក​លាន់​នឹង​ល្បែង​ប្រកួត​ប្រជែង​ររាង​ប៉ាគីស្ថាន​និ​ងឥណ្ឌា​ឡើយ។ ព្រោះរីយ៉ាដ​​ក៏​មាន​កិច្ចព្រមព្រៀង​ផ្នែក​ថាមពល​យ៉ាង​ធំ​ដល់​ទៅ ៤៤ពាន់​លាន​ដុល្លារ​ឯណោះ​ជាមួយ​ឥណ្ឌា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ