rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សហរដ្ឋអាមេរិក សង្រ្គាមពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិននិង​អាមេរិក​បន្តការចរចា ដើម្បី​បញ្ចៀស​ព្យុះ​សង្គ្រាម​ពាណិជ្ជកម្ម​បាន

media
ចិននិង​អាមេរិក​បន្តការចរចា ស្វែង​រក​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម AFP

កិច្ចចរចាដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​សង្គ្រាម​​ពាណិជ្ជកម្ម​រវាងចិន និង​ ​អាមេរិក​ ត្រូវ​​​ចាប់​ផ្តើម ធ្វើ​ជា​បន្ត​ទៀត​ ​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​ប៉េកាំង ព្រោះ​ពេលវេលា​កាន់​ខើច​ហើយ។ អង្គការ​មូលនិធិ​ បាន​ឆ្លៀត​ព្រមាន​ថា​ បើ​មហាអំណាច​ទាំង​ពីរ​ ពុំ​អាចសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បាន​ទេ នោះ​គឺ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​ដែល​ត្រូវ​រង​គ្រោះ ពី​​ព្យុះ​ភ្លៀង​នៃសង្គ្រាម​​ដំឡើង​ពន្ធគយ​របស់​មហាយក្ស​ទាំងពីរ​ហើយ។


ប្រតិភូ​​អាមេរិក​ ទទួល​បន្ទុក​ចរចា​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ប៉េកាំ​ង​ហើយ ដោយ​គ្មានធ្វើ​សេចក្តី​ថ្លែងការណ៍​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ទេ។ កិច្ចពិភាក្សា ​​ក៏​បាន​ចាប់​ផ្តើម​តាំង​ពី​ព្រឹក​ នៅ​ក្នុង​ទីកន្លែងសម្ងាត់​មួយ។ ប៉ុន្តែ​គ្មាន​ប្រភព​ផ្លូវការ​ចិន ឬ​អាមេរិក​ណាមួយ បញ្ជាក់​លម្អិត​អំពី​ជំនួប​ថ្ងៃ​នេះ​ទេ។

ការ​ចរចា​ថ្ងៃ​នេះ គឺ​ជា​ការ​ជំនួប​ពិភាក្សា​ត្រៀម​មុន​ការ​បើក​ជំនួប​ធំ នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃសុក្រ​​ខាង​មុខ រវាង​​តំណាង​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំងពីរ ៖ ខាង​អាមេរិក​តំណាងដោយអ្នក​ទទួល​ខុសត្រូវ​ក្នុង​​ក្រសួង​ពាណិជ្ជកម្មលោក Robert Lighthizer និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Steven Mnuchin ​ ចំណែក​ខាង​ចិន​តំណាង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី លីវ ហេ និង​អភិបាល​ធនាគារ​កណ្តាល​ លោក យី ហ្កង់ Yi Gang។

តំណាង​ប្រតិភូ​ទាំង​ពីរ​ភាគី​ធ្លាប់​បាន​ជួប​ពិភាក្សា​ម្តង​ហើយ​ កាលពី​ខែ​មករា​កន្លង​ទៅ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ជាមួយ​លទ្ធផល​គួរ​ជាទី​សង្ឃឹម​ ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន បាន​ជួប​ជជែក​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំផង និង​ដោយ​បាន​បើក​ផ្លូវ​ឱ្យ​ជំនួប​បន្ត​នៅពេល​នេះ នៅ​ទីក្រុង​ប៉េកាំង។

ប៉ុន្តែ​ក្រោយ​បាន​ប្រកាស​និង​បង្ហាញ​ទស្សនៈ​បែប​សុទិដ្ឋនិយម​លើ​ការ​ចរចា​ កាលពី​សប្តាហ៍​មុន វ៉ាស៊ីនតោន បាន​បង្ហើរ​ពាក្យគួរ​ឱ្យ​ព្រួយ​បារម្ភ​ទៅ​វិញ ថា នៅ​មាន​ចំណុច​ជា​ឧបសគ្គខ្វែង​គ្នា​ជា​​ច្រើន​ទៀតណាស់​ ដែល​អាមេរិក​និង​ចិន​ត្រូវ​ប្រឹងជំនះ​​ដោះស្រាយនឹង​គ្នា។ ជាង​នេះ​ទៅ​ទៀត លោក​ដូណាល់ ត្រាំ ដែល​ធ្លាប់​បាន​ប្រកាស​ចង់​មាន​ជំនួប​ប្រជុំ​ជាមួយ​លោក ស៊ីជីនពីង ជា​ថ្មី​ក្នុង​ពេល​ឆាប់ៗនោះ បាន​គូស​បញ្ជាក់​ឡើង​វិញ​ថា លោក​គ្មាន​គម្រោង​ជួប​សមភាគី​មុន​ឱសានវាទ​នា​ដើម​ខែ​មីនា​ឡើយ។

សូម​បញ្ជាក់​ថា កាលពីថ្ងៃទី ១​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ជំនួប​នៅ​ប្រទេស​អាហ្សង់ទីន ប្រធានាធិបតី​​ ចិន​និង​អាមេរិក​ បាន​ព្រមព្រៀង​គ្នា​​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈ​ពេល​៩០​ថ្ងៃ​ ដើម្បី​រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា។ ផុត​ឱសានវាទ​នេះ ពោលគឺ​ចាប់​ពីថ្ងៃទី ១ មីនា​ទៅ បើគ្មាន​កិច្ចព្រមព្រៀង​ទេ សង្គ្រាម​ពាណិជ្ជកម្ម តាម​រយៈ​ការ​ដំឡើង​ពន្ធគយ​គ្នា​ទៅ​វិញ​ទៅ​មក នឹង​​ចូល​ជា​ធរមាន។ ការ​នាំ​ចូល​ផលិតផលចិន​ទៅ​អាមេរិក​​ក្នុង​ទំហំ​​២ពាន់​លាន​ដុល្លារ​អាមេរិក​ នឹង​កើន​ឡើង​ប្រមាណ​ពី ១០​ទៅ​២៥%។ ប្រសិន​បើ​សេណារីយោ​នេះ​កើត​ឡើង​មែន នោះគឺ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល ដែល​ត្រូវ​រង​គ្រោះ។ នេះ​បើ​តាម​ការ​ព្រមាន​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI៕