អានតួអត្ថបទ
ចិន-កាណាដា

ក្រុម​អតីត​មន្រ្តីការទូត​បរទេស និង​អ្នកស្រាវជ្រាវ​ទាមទារ​ឲ្យ​ចិន​ដោះលែង​ពលរដ្ឋ​កាណាដាទាំង ២នាក់

ក្រុម​អតីត​មន្រ្តីការទូត​បរទេស អ្នកស្រាវជ្រាវ រួម​ទាំង​ឥស្សរជន​សរុប​ចំនួន ១៤៣នាក់​មក​ពី ១៩ប្រទេស​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​មួយ​ផ្ញើ​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង។ នៅ​ក្នុង​លិខិត​ចំហ​នោះ ពួក​គេ​បាន​ទាមទារ​ឲ្យ​ប្រមុខរដ្ឋ​ចិន​ដោះលែង​អតីត​មន្រ្តីការទូត​ជនជាតិ​កាណាដា​ចំនួន ២នាក់ គឺ​លោក Michael Kovring និង​លោក Michael Spavor។ អតីត​មន្រ្តីការទូត​ជនជាតិ​កាណាដា​ទាំង ២រូប​នេះ​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំ​នា​ខែ​ធ្នូ ឆ្នាំ ២០១៨ ពី​បទសង្ស័យ​ធ្វើ​ចារកិច្ច។ តែ​សម្រាប់​បស្ចិមលោក ការ​ចាប់ខ្លួន​ពលរដ្ឋ​កាណាដា​ទាំង ២រូប​កាល​ណោះ​ជា​វិធានការ​សងសឹក​របស់​ចិន បន្ទាប់​ពី​កាណាដា​បាន​ឃាត់ខ្លួន​លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុនចិន Huawei ក្នុង​ថ្ងៃទី១ ធ្នូ ឆ្នាំ ២០១៨ តាម​សំណើ​របស់​រដ្ឋបាលអាមេរិកាំង។

លោក​ប្រធានាធិបតីចិន​ស៊ី ជីនពីង
លោក​ប្រធានាធិបតីចិន​ស៊ី ជីនពីង REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ឥស្សរជន​សំខាន់ៗ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិតចំហ​ចុះ​ថ្ងៃ​ចន្ទ ទី២១ មករា​ផ្ញើ​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង គេ​សង្កេត​ឃើញ​មាន​អតីត​ឯកអគ្គរាជទូត​កាណាដា​ចំនួន ៦នាក់​ប្រចាំ​ប្រទេស​ចិន អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ម្នាក់​ប្រចាំ​ប្រទេស​ចិន និង​អតីត​អភិបាល​ក្រុង​ហុងកុង​ជនជាតិ​អង់គ្លេស​ចុង​ក្រោយ​មុន​ពេល​អង់គ្លេស​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន។ លិខិត​ចំហ​ដែល​ចុះ​ហត្ថលេខា​ដោយ​មនុស្ស​សរុប​ចំនួន ១៤៣នាក់​មក​ពី ១៩ប្រទេស​បាន​បញ្ជាក់​ច្បាស់ៗ​ថា អតីត​មន្រ្តីការទូត​កាណាដា​ទាំង​ពីរ​រូប​ដែល​ចិន​បាន​ចាប់​ខ្លួន​មិនមែន​ជា​ចារបុរស​ទេ តែ​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​មាន​គោលដៅ​ជួយ​បង្កើន​ការ​យល់ដឹង​ស្តីពី​ប្រទេស​ចិន​នៅ​បរទេស និង​ជួយ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ក្នុង​លោក។

លិខិត​ចំហ​ដដែល​បាន​សរសេរ​បន្ថែម​ថា ការ​ឃុំ​ខ្លួន​លោក Michael Kovring និង​លោក Michael Spavor ជា​សារ​ដែល​បញ្ជាក់​ថា ការងារ​មាន​លក្ខណៈ​ស្ថាបនា​មិន​ត្រូវ​បានចិន​ទទួល​ស្វាគមន៍​ទេ និង​អាច​ទទួល​ហានិភ័យ​ផង។ ទន្ទឹម​គ្នា​នេះ លិខិតចំហ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន និង​ធ្វើ​ការងារ​ក្នុង​ប្រទេស​ចិន។ ដោយឡែក លោក​នាយករដ្ឋមន្រ្តី​កាណាដា Justin Trudeau មិន​បាន​ចុះ​ហត្ថលេខា​លើ​លិខិតចំហ​នោះ​ទេ តែ​បាន​សាទរ​ចំពោះ​នីតិវិធី​គាំទ្រ​ថ្មី​មួយ​នេះ។ បន្ទាប់​មក លោក Trudeau បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ក្នុង​ទីក្រុង​អូតាវ៉ា​ថា កាណាដា​ជា​ប្រទេស​ការពារ​នីតិរដ្ឋ ហើយ​ប្រទេស​ទាំង​អស់​ត្រូវ​តែ​ការពារ​នីតិរដ្ឋ។ បន្ទាប់​មក​ទៀត លោក Trudeau បាន​បញ្ជាក់​ពី​ប្រព័ន្ធ​តុលាការ​របស់​កាណាដា​ដែល​ឯករាជ្យ​គ្មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​ថា កាណាដា​តែង​ប្រកាន់​យក​គោលការណ៍​មួយ​នេះ​ជា​ប្រចាំ។

គួរ​រម្លឹក​ថា លោក Michael Kovring និង​លោក Michael Spavor ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំ​នា​ខែ​ធ្នូ ឆ្នាំ ២០១៨ ក្នុង​បទសង្ស័យ​ធ្វើ​ចារកិច្ច។ តែ​សំណុំរឿង​មួយ​នេះ​ត្រូវ​បាន​បស្ចិមលោក​មើល​ឃើញ​ថា ជា​វិធានការ​សងសឹក​របស់​ចិន​ចំពោះ​កាណាដា​ដែល​បាន​ចាប់​ខ្លួន​លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុនចិន Huawei ក្នុង​ថ្ងៃទី១ ធ្នូ ឆ្នាំ ២០១៨ តាម​សំណើ​របស់​រដ្ឋបាលអាមេរិកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ