អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំណើន​សេដ្ឋកិច្ច​ចិន​ចុះទាប​ខ្លាំង​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​២៨​ឆ្នាំ​មក

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ឆ្នាំ​២០១៨ ជា​ឆ្នាំ​មិន​ល្អ​របស់​ចិន​ឬ ? ពេញ​មួយ​ឆ្នាំកន្លង​មក​នេះ​ ​កំណើន​សេដ្ឋកិច្ចចិន បាន​បន្ថយ​ល្បឿន​​យ៉ាង​​​ខ្លាំង។ បើ​តាម​តួលេខ​ផ្លូវ​ការ​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​នេះ ចិន​​បាន​កត់​ត្រា​កំណើន​សេដ្ឋកិច្ច​​ត្រឹម​តែ​ ​៦,៦%​​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០១៨។ ជា​កំណើន​ដ៏​ទាប​ខ្លាំង ដែល​ចិន​មិន​ធ្លាប់​ជួប​ប្រទះ​ទេ គិត​ចាប់តាំង​ពី​២៨​ឆ្នាំ​មក។ ភាព​ទន់​ខ្សោយ​នេះ បាន​បំផុស​ឱ្យ​មាន​កា​រព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង ព្រោះ​ចិន​ជា​ក្បាល​ម៉ាស៊ីន​អូស​ទាញ​សេដ្ឋកិច្ច ​និង​ជា​តំណាង​ឱ្យ​១ភាគ​៣​នៃ​កំណើនពិភពលោក។

ចិន​មាន​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២០១៨ ទាប​បំផុត​មិន​ធ្លាប់​មាន​ គិត​ចាប់​ពី​១៩៩០មក
ចិន​មាន​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២០១៨ ទាប​បំផុត​មិន​ធ្លាប់​មាន​ គិត​ចាប់​ពី​១៩៩០មក ©AFP
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ចចិន បាន​បន្ថយ​ល្បឿន​​យ៉ាង​​​ខ្លាំង នៅ​ឆ្នាំ​២០១៨។ នេះ បើ​តាម​តួលេខ​ផ្លូវ​ការ​ដែល​រដ្ឋាភិបាល​ចិន​ទើប​បាន​ប្រកាស​ជា​សាធារណៈ នៅព្រឹក​មិញ ដោយ​​កត់​ត្រាឃើញ​មាន​​កំណើន​សេដ្ឋកិច្ច​​ត្រឹម​តែ​ ​៦,៦%​​ប៉ុណ្ណោះ។

ជា​កំណើន​សេដ្ឋកិច្ច ដែល​​មាន​កំរិត​ប្រសើរ​ជាង​ការ​ព្យាករ​ទុក (៦,៥%)​បន្តិច​ផង។ ប៉ុន្តែ ​៦,៦% ជា​អត្រា​​ដ៏​​ទាប​បំផុត​​ ​ជា​លើក​ទី​មួយ ត្រឹម​តែគិត​តាំង​ពី​ឆ្នាំ​១៩៩០​ ដែល​កាលណោះ​ចិន​មាន​​កំណើន​សេដ្ឋកិច្ច​ ធ្លាក់​ទាប​ខ្លាំង​ដល់​៣,៩% (មុន​នឹង​​​ស្ទុះ​ឡើង​​យ៉ាង​ខ្លាំង​និង​បន្ត​រហូត​មក​​ ក្នុង​កំរិតស្ទើរ​​ដល់​ទៅ​១០%​ផងនោះ)។

​គួរ​ឱ្យ​កត់​សម្គាល់មួយ​បន្ថែម​ទៀត គឺ​ នៅ​ឆ្នាំ​២០១៨ ការ​បន្ថយ​ល្បឿន​មាន​លក្ខណៈ​​​ ចុះ​ត​គ្នា​រហូត​​។ នៅ​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​២០១៨ កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ដល់​៦,៤% ទល់​នឹង​៦,៥ នៅ​ត្រីមាស​ទី​បី ពោល​គឺ​ជា​កំរិត​ដ៏​ទាប​ គិត​ចាប់​តាំងពី​ឆ្នាំ​២០០៩ (ឆ្នាំ​ដែលមាន​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ)។​

​​ហេតុ​ដូច្នេះ​ហើយបាន​ជា ពិភពលោក​ទាំងមូលអត់​មិន​​ព្រួយ​បារម្ភ មិន​បាន។ ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​ និង​ក្នុង​នាម​ជា​ក្បាល​ម៉ាស៊ីន​អូស​ទាញសេដ្ឋកិច្ច​ពិភពលោក ការ​បន្ថយ​ល្បឿន​របស់​ចិន អាច​​ប៉ះពាល់​សេដ្ឋកិច្ច​អន្តរជាតិ​ ព្រោះ បន្ថែម​ពី​លើ​​កត្តា​មិន​ជាក់​ ​កំណើន​សេដ្ឋកិច្ច​ចិន​​​តំណាង​ឱ្យមួយភាគ​បី​នៃ​​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ឯណោះ។

បើ​តាម​អ្នក​វិភាគ​ ការ​បន្ថយ​ល្បឿន​នេះ មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​​​វិធានការ​របស់​ប៉េកាំង​ ​ដែល​ចង់​កាត់​បន្ថយ​បំណុលជាតិ​​ ចង់ទប់​កម្ចី​និង​ចំណាយ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ។ ហើយ​នៅ​ចំពោះ​មុខ​ការ​បន្ថយ​ល្បឿន​សេដ្ឋកិច្ច ចាប់​តាំង​ពី​​ពាក់​កណ្តាល​ឆ្នាំ​២០១៨​មក រដ្ឋាភិបាល​ចិន បាន​បន្ធូរ​បន្ថយ​នយោបាយ​របស់​ខ្លួន​ និង​បាន​បញ្ចុះ​​​ពន្ធដើម្បី​ជំរុញ​ការ​លទ្ធភាព​ចាយវាយ​របស់​ពលរដ្ឋ​។

​កំណើនសេដ្ឋកិច្ច​​ទាប ជា​ផលវិបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ?

ឆ្នាំ​២០១៨ សម្គាល់​ដោយ​ការ​បំផុស​សង្គ្រាម​ពាណិជ្ជកម្មពីសំណាក់​លោក​ដូណាល់ ត្រាំ តាម​រយៈ​ការ​ដំឡើង​ពន្ធ​​នាំ​ចូល​ពី​ចិន​ទៅ​អាមេរិក​ នូវ​ផលិតផល​មួយ​ចំនួន។ ប៉ុន្តែ​ការ​ដំឡើង​ពន្ធនោះ​មិន​ទាន់​មាន​ឥទ្ធិពល​អ្វី​ប៉ះពាល់​កំណើន​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ។ សល់ផល​ពាណិជ្ជកម្ម​របស់​ចិន ជាមួយ​អាមេរិក​បាន​កើន​ឡើង​ដល់​ទៅ​១៧% នៅ​ឆ្នាំ​២០១៧​ ពោល​គឺ​ជា​អត្រា​ដ៏​ខ្ពស់​បំផុត​គិត​តាំង​ពី​ឆ្នាំ ២០០៦​មក។ បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន វិធានការ​របស់​លោក​ត្រាំ ប្រឆាំង​នឹង​ចិន គ្មាន​ប្រសិទ្ធភាព​ហើយ​ នាំ​ផល​ឱ្យ​ចិន​វិញ​ផង ព្រោះ​ដើម្បី​ជា​បង្ការ​ការ​ដំឡើង​ពន្ធ​ ចិន​បាន​សម្រុក​នាំ​ចេញផលិតផល​របស់​ខ្លួន​​ទៅ​អាមេរិក​ឱ្យ​បាន​មុន​ ការ​ដំឡើង​ពន្ធ។ ហើយ​ឥលូវ​ភាគី​ទាំង​ពីរ​ បាន​សម្រេច​ផ្អាក​ការដំឡើង​ពន្ធគយ​រហូត​ដល់​ខែចុង​​មីនា ដើម្បី​ចរចា​គ្នា​។

តម្រូវការ​ និង​វិនិយោគ​ថយចុះ

កំណើន​​សេដ្ឋកិច្ច​​របស់​ចិនចុះ​ថយ​ តាម​សម្រួល ទំនង​ជា​អ្វី​ដែល​កើត​ឡើង​ស្រប​តាម​ការ​ព្យាករណ៍​ទុក​តាំង​ពី​យូរមក​ហើយ ​ ! តាំ​ងពី​ឆ្នាំ ១៩៨០​មក កំណើន​សេដ្ឋកិច្ច​បាន​ស្ទុះ​ឡើង​ដោយ​ឈរ​និង​រំពឹងខ្លាំង​ទៅ​​លើ​សន្ទុះ​នៃ​ការ​វិនិយោគ ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ។ ជាមួយ​នឹង​​ច្បាប់ដាក់​​ឱ្យ​ក្រុមហ៊ុន​បរទេសដែល​ចង់​តាំង​ទី​នៅ​ចិន ត្រូវ​​ផ្ទេរ​បច្ចេកវិទ្យាមក​ជាមួយ​ផង ព្រមទាំង​​ច្បាប់ដ៏​​តឹង​តែង​មួយ​ចំនួន​ផ្សេង​ទៀត និង​ជា​ពិសេស​កម្លាំង​ពលកម្ម​ ​ចាប់​ឡើង​ខ្ពស់ អ្នក​វិនិយោគ​បរទេសក៏​​ចាប់​ដក​ចេញ​ពី​ចិន ទៅ​រក​ប្រទេស​ផ្សេង​។​​​​

កាលពី​មុន ចិន​មាន​ផលិតកម្ម​ខ្លាំង​ ស្ទើរ​ហួស​ពី​សមត្ថភាព​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​សេចក្តី​ត្រូវការ​ដ៏​មហិមារ​របស់​ប្រទេស ប៉ុន្តែ​ពេល​នេះ​ ចិន​រត់​ជិត​ទាន់​ពិភពលោក សេចក្តី​ត្រូវ​ការ​ហាក់​ត្រូវ​បាន​បំពេញ​ជិត​សព្វគ្រប់។ ម្យ៉ាង​វិញ​ទៀត កំណើន​សេដ្ឋកិច្ច​ពិភពលោក កំពុង​យ៉ាងយឺន​ ទើប​មិន​សូវការ​អ្វី​ពី​ចិន​​​ច្រើន​ដូច​មុន។

ចាប់​មាន​ស្ថិរភាព​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​ ?

​​សម្រាប់​​ឆ្នាំ​២០១៩​​នេះ ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​ពុំ​សូវ​មាន​សុទិដ្ឋនិយម​ប៉ុន្មាន​ទេ។ ​ អាច​ជា​​ការ​ធ្លាក់​ចុះ​ថែម​ទៀត​ផងនៅ​ដើម​ត្រីមាសដំបូង បន្ទាប់​មក​ទើប​អាច​មាន​ស្ថិរភាព​ឡើង​វិញ​តាម​ក្រោយ។ បើ​តាម​អង្កេត​របស់​Reuters ​នឹង​មា​ន​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២០១៩ មានត្រឹ​ម​៦,៣%​។

បច្ចុប្បន្ន​នេះ ចិន​ពុំ​មាន​លទ្ធភាព​អ្វី​ច្រើន សម្រាប់​ផ្តល់​សន្ទុះ​ ទីផ្សារ​អចលនទ្រព្យ​និង​ហេរដ្ឋារចនា​សម្ព័ន្ធ​ទៀត​​ ដូច​សម័យ​ឆ្នាំ​២០០៨-២០០៩ ដើម្បី​ផ្លុំ​កំណើន​សេដ្ឋកិច្ច​ឱ្យ​ស្ទុះ​ឡើង​លឿន​ដូច​ព្រួញ​បាន​ទៀត​ហើយ​។ វិនិយោគ​ផ្នែក​អចលនទ្រព្យ​​មាន​កំណើន​តែ​៥%​៥,៩%​ប៉ុណ្ណោះ​នៅ​រវាង​ពី​ខែ​ធ្នូ -មករា បើ​ប្រៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​ ពលោក​គឺ​ទាប​ខ្លាំង​ណាស់​គិត​ចាប់ពី​ឆ្នាំ​១៩៩៦មក។

គ្រប់​គ្នា​មើល​ឃើញ​ជា​ស្រេច​ហើយ ថា ​កំណើន​សេដ្ឋកិច្ចចិន​​នឹង​បន្ត​ ដើរ​យឺតៗ ក្នុង​ល្បឿន​៦,៥%​ ក្នុង​រយៈ​ពេលយ៉ាង​ហោច ក៏​ពីរ​-បី​ឆ្នាំ​ទៀត​ដែរ។ អ្នក​វិភាគ​ខ្លះ​ទៀត យល់​ថា នៅ​រវាង​៤-ទៅ​៥​ឆ្នាំ​ទៀត កំណើន​សេដ្ឋកិច្ច​អាច​មាន​​​ត្រឹម​តែ​៥% ដែល​ជា​កំរិត​ធម្មតា​សម្រាប់​ចិន និង​ដែល​ចិន​គួរ​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ