អង្គការOxfam៖ ទ្រព្យសម្បត្តិប្រមូលផ្តុំតែនៅក្នុងដៃរបស់អ្នកមាន
អ្នកមានកាន់តែបង្កើនទ្រព្យសម្បត្តិ និងភាពមានបានរបស់ខ្លួន។ តាមរបាយការណ៍របស់អង្គការអង់គ្លេស Oxfam ដែលចេញផ្សាយនៅថ្ងៃ អាទិត្យម្សិលមិញ មហាសេដ្ឋីតែ២៦នាក់ប៉ុណ្ណោះ មានទ្រព្យសម្បត្តិក្នុងដៃ ស្មើនឹងទ្រព្យសម្បត្តិបូកបញ្ចូលគ្នារបស់មនុស្ស៣ពាន់ ៨រយលាននាក់ ដែលក្រីក្របំផុតក្នុងពិភពលោក។ របាយការណ៍របស់Oxfam ដើម្បី បកអាក្រាតទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ក្នុងលោក ត្រូវបានចុះផ្សាយនៅតែ២ថ្ងៃមុនពិភពលោកបើកវេទិកាសេដ្ឋកិច្ចដាវ៉ូស (ប្រទេសស្វ៊ីស) ដែលប្រមូលផ្តុំដោយមេដឹកនាំប្រទេសអ្នកមាន ហើយនិងម្ចាស់ក្រុមហ៊ុនធំៗ នៅក្នុងលោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៨
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ដែលខ្លួនតែងមានទម្លាប់ចេញផ្សាយ នៅប៉ុន្មានថ្ងៃមុន ពិភពលោកបើកវេទិការសេដ្ឋកិច្ច នៅក្រុងដាវ៉ូស អង្គការអង់គ្លេស Oxfam បានបរិហាររិះគន់ប្រព័ន្ធនយោបាយសេដ្ឋកិច្ច ដែលជំរុញឲ្យអ្នកមាន កាន់តែមាន ចំណែកអ្នកដែលក្រីក្រ កាន់តែចុះក្រ ឡើង។ តាមការវាយតម្លៃ របស់Oxfam ដែលពឹងផ្អែកលើតួលេខ និងទិន្នន័យរបស់ទីភ្នាក់ងារForbes ហើយនិងធនាគារស្វ៊ីស ជាទូទៅ ទ្រព្យសម្បត្តិរបស់ក្រុមអ្នកមានទ្រព្យសម្បត្តិចាប់ពី១ពាន់លានដុល្លារឡើងទៅ បានកើនឡើងប្រមាណ ៩០០ពាន់លានដុល្លារ នៅឆ្នាំ ២០១៨ ពោលគឺក្នុងកម្រិត២,៥ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។
ផ្ទុយមកវិញ នៅឆ្នាំ ២០១៨ដដែល ក្រុមអ្នកក្រខ្លាំងដែលមានចំនួនពាក់កណ្តាលនៃមនុស្សនលើផែនដី (៣,៥លាននាក់) បានឃើញទ្រព្យសម្បត្តិរបស់ខ្លួន ថយចុះប្រមាណ ១១ភាគរយ។ គម្លាតកាន់តែធំរវាងអ្នកមានហើយនិងអ្នកក្រ ជាឧបសគ្គរាំងស្ទះ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅក្នុងពិភពលោក។ តាមអង្គការOxfam ដែលមានទីតាំងនៅប្រទេសអង់គ្លេស ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកល ឆ្នាំ ២០០៨ ចំនួនមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិចាប់ពី១ពាន់លានដុល្លារឡើងទៅ បានកើនចំនួនទ្វេរដង។ ការណ៍ស បញ្ជាក់ឲ្យឃើញថា ក្រុមអ្នកមានមិនត្រឹមតែកេងយកប្រយោជន៍ នយោបាយសេដ្ឋកិច្ច ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែ នៅបានឆ្លៀតឱកាសទាញយកប្រយោជន៍ពីផែនការអនុគ្រោះពន្ធ ដ៏ទាបពីរដ្ឋាភិបាលថែមទៀតផង។
សូមអាន៖ លោកអូបាម៉ាប្រកាសឲ្យមហាសេដ្ឋីបង់ប្រាក់ពន្ធឲ្យបានច្រើន គឺស្មើនឹងអ្នកមានជីវភាពមធ្យម
Oxfamបានលើកឧទាហរណ៍ជាក់ស្តែងមួយថា នៅក្នុងចំណោមប្រាក់ប្រមូលពន្ធ ១ដុល្លារ ររបស់រដ្ឋ ដែលស្មើនឹង១០០សេន គឺមានតែ ប្រាក់៤សេន ប៉ុណ្ណោះ ដែលជាប្រាក់ពន្ធបង់ដោយក្រុមអ្នកមាន។ នៅប្រទេសមួយចំនួន ដូចជាប្រេស៊ីល ឬអង់គ្លេស ក្រុមអ្នកមានបានលាក់កំបាំង ទឹកប្រាក់របស់ខ្លួន ប្រមាណ ៧៦០ ម៉ឺនលានដុល្លារ តាមរយៈ ការលួចគេច មិនបង់ពន្ធ ឬ បង់ពន្ធតិច។ ជាលទ្ធផល គឺជាប្រជាជនក្រីក្រ ដែលបង់ពន្ធរដ្ឋ ច្រើនជាងអ្នកមាន។
សម្រាប់អង្គការOxfam គម្លាតរវាងអ្នកមាន និងអ្នកក្រ មិនត្រឹមតែស្តែងពី បញ្ហានៃគំរូសេដ្ឋកិច្ចពិភពលោកតែប៉ុណ្ណោះទេ ប៉ុន្តែ វាកំពុងតែទៅជួយចិញ្ចឹម ដុតកំហឹងសង្គមកាន់តែខ្លាំងឡើង។ នៅក្នុងរបាយការណ៍របស់ខ្លួន អង្គការOxfam បានទាមទារឲ្យរដ្ឋាភិបាលអនុវត្តយកពន្ធឲ្យបានត្រឹមត្រូវ លើ ក្រុមហ៊ុន និងក្រុមអ្នកមានបំផុត ដើម្បី បានប្រាក់យកទៅចំណាយសម្រាប់វិស័យសាធារណៈ។ របាយការណ៍របស់Oxfam ដែលទាមទារឲ្យយកពន្ធលើអ្នកមាន ត្រូវបានចុះផ្សាយ នៅចំពេលដែល ចលនាអាវកាក់លឿង នៅក្នុងប្រទេសបារាំង បានបាតុកម្ម នៅទូទាំងប្រទេស ជាង១ខែមកហើយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់លោកម៉ាក្រុងអនុវត្តឡើងវិញ ការយកពន្ធលើទ្រព្យសម្បត្តិរបស់អ្នកមាន។ ការទាមទាររបស់ក្រុមអាវកាក់លឿងត្រូវបានលោកម៉ាក្រុង បដិសេធមិនធ្វើតាម ក្នុងហេតុផលរក្សាចំនួនអ្នកមាន និងក្រុមហ៊ុន ដែលជាអ្នកបង្កើតការងារធ្វើនៅប្រទេសបារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ