អានតួអត្ថបទ
ចិន-អាល្លឺម៉ង់

ចិន និង​អាល្លឺម៉ង់​ចាប់ដៃ​គ្នា​ប្រឆាំង​នឹង​នយោបាយ​ការពារនិយម

នៅ​ថ្ងៃ​សុក្រ ទី១៨ មករា ប្រទេស​អាល្លឺម៉ង់ និង​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៣ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិ​រវាង​គ្នា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង ៣ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​របស់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Olaf Scholz ក្នុង​ប្រទេស​ចិន។ ក្រៅ​ពី​ពង្រឹង​កិច្ចសហប្រតិបត្តិ​រួម​គ្នា ទីក្រុង​ប៉េកាំង និង​ទីក្រុង​ប៊ែរឡាំង​ក៏​ប្រកាស​ពី​បំណង​រួម​ដៃ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​នយោបាយ​ការពារនិយម​ផងដែរ។

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Olaf Scholz (រូបឆ្វេង) និង​ឧបនាយករដ្ឋមន្រ្តី​ចិន​លោក Liu He
រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Olaf Scholz (រូបឆ្វេង) និង​ឧបនាយករដ្ឋមន្រ្តី​ចិន​លោក Liu He Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម ចិន និង​អាល្លឺម៉ង់​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ពង្រឹង​នយោបាយ​សម្របសម្រួល​ម៉ាក្រូសេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​នៅ​ក្នុង​វិស័យ​ថវិកា​និង​វិស័យ​ហិរញ្ញវត្ថុ។ ទន្ទឹម​គ្នា​នេះ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អឺរ៉ុប​ក៏​បាន​ឯកភាព​ពង្រីក​កិច្ចសហប្រតិបត្តិ​យុទ្ធសាស្រ្ត​រវាង​គ្នា​ដែរ។ មាន​រូបភាព​ពីរ​ដែល​ស្តែង​ចេញ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាល្លឺម៉ង់​ពេល​នេះ ទី១ គឺ​ចំ​ពេល​ដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា​ដោយសារ​ទំនាស់​ក្នុង​រឿង​ពន្ធគយ និង​រូបភាព​ទី២ ចិន និង​អាល្លឺម៉ង់​ចង់​ឲ្យ​តម្លៃ និង​ផ្តល់​សារៈសំខាន់​លើ​ទំនាក់ទំនង​ជា​លក្ខណៈ​ពហុភាគី។

គួរ​រម្លឹក​ថា ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​កំពុង​បន្ត​តតាំង​គ្នា​ក្នុង​រឿង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទៅ​វិញ ទៅ​មក។ បន្ទាប់​ពី​បាន​ជួប​សមភាគី​ចិន លោក​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​អាល្លឺម៉ង់ Olaf Scholz បាន​ថ្លែង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ភាព​រីកចម្រើន​នៅ​ក្នុង​កិច្ចសហប្រតិបត្តិ​រវាង​ចិន និង​អាល្លឺម៉ង់។ អ្វី​ដែល​លោក Olaf Scholz ចង់​បាន​បន្ថែម​ពី​ចិន គឺ​ការ​បើក​ទីផ្សារ​បន្ថែម​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង និង​វិស័យ​ធនាគារ។ នៅ​ត្រង់​ចំណុច​នេះ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​មិន​ភ្លេច​លើក​ឡើង​ពី​ភាព​ចាំ​បាច់​ដែល​ការ​ទទួល​បាន​ទីផ្សារ​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្មើភាព និង​ទទួល​បាន​ប្រយោជន៍​ទៅ​វិញ ទៅ​មក។

ដោយឡែក ឧបនាយករដ្ឋមន្រ្តី​ចិន​លោក Liu He បាន​សម្គាល់​ឃើញ​ថា ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​កំណើន​ភាព​មិនប្រាកដប្រជា​នៃ​ទីផ្សារ​កំពុង​បង្កើន​ភាព​ហានិភ័យ។ ក្រៅ​ពី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា ចិន និង​អាល្លឺម៉ង់​ក៏​បាន​ចាប់​ដៃ​គ្នា​ដើម្បី​ប្រឆាំង​នឹង​នយោបាយការពារនិយម​ដែរ។ ទោះ​បី​ជា​ភាគី​ទាំង​ពីរ​មិន​បាន​ចង្អុល​ចំ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា គ្មាន​ប្រទេស​ណា​ក្រៅ​ពី​អាមេរិក​ដែល​លោក​ដូណាល់ ត្រាំ​បាន​គិត​ប្រយោជន៍​អាមេរិក​ជា​ធំ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ