អានតួអត្ថបទ
អង់តាកទិក

អ្នកវិទ្យាសាស្រ្ត៖ ទឹកកក​នៅ​ប៉ូល​ខាងត្បូង រលាយ​លឿន​ជាងពេលណាៗ​ទាំងអស់

កំដៅនៅ​លើ​ផែនដី​ធ្វើ​ឲ្យ​ដុំទឹកកក នៅ​តំបន់​ប៉ូល​ខាងត្បូង រលាយ​លឿន ជាងពេលណាៗ​ទាំងអស់។ នៅក្នុង​របាយការណ៍​ ចុះផ្សាយ នៅថ្ងៃ ចន្ទ​ម្សិលមិញ ​អ្នកវិទ្យាសាស្រ្ត បាន​លើកឡើង​ពី​ល្បឿន​ទឹកកក​រលាយ ដែល​កើនឡើង ដល់​ទៅ ៦​ដង បើប្រៀបធៀប​នឹង​ការរលាយ​ទឹកកក កាល​ពី​៤០​ឆ្នាំមុន។ ស្ថិតនៅ​ក្នុង​ស្ថានភាព​បែបនេះ អ្នកវិទ្យាសាស្រ្ត​បាន​ព្រមាន​ពី​ការកើនឡើង​បន្ថែមទៀត នៃ​កំពស់​ទឹកសមុទ្រ នៅក្នុង​ពិភពលោក។ 

ដុំទឹកកក​អណ្តែត​នៅ​ប៉ូល​អង់តាកទិក កាលពី ខែ​កុម្ភៈ ឆ្នាំ ២០១៨
ដុំទឹកកក​អណ្តែត​នៅ​ប៉ូល​អង់តាកទិក កាលពី ខែ​កុម្ភៈ ឆ្នាំ ២០១៨ ©REUTERS/Alexandre Meneghini/File Photo
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​វិទ្យាស្ថាន​អាមេរិក​ខាងផ្នែក​វិទ្យាសាស្រ្ត បាន​បង្ហាញថា ការរលាយទឹកកក នៅ​ទ្វីបអង់តាកទិក បាន​ធ្វើ​ឲ្យ​កំពស់​ទឹកសមុទ្រ​កើន​ឡើង ជាង ១ម៉ែត្រ ៤០ ពីឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ២០១៧។ សម្រាប់លោក Eric Rignot ប្រធានផ្នែក​ប្រព័ន្ធ​វិទ្យាសាស្រ្ត​របស់​ផែនដី នៅ​សកលវិទ្យាល័យ​កាលីហ្វនីញ៉ា បើសិន​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល​អង់តាកទិក បន្ត​រលាយ​ក្នុង​កម្រិត​ដ៏លឿន គេ​ប៉ាន់ប្រមាណ​ថា កំពស់​ទឹកសមុទ្រ​នឹង​កើនឡើង​ជាច្រើន​ម៉ែត្រ នៅក្នុង​ប៉ុន្មាន​សតវត្សរ៍​ខាងមុខ។

នៅក្នុង​ការសិក្សា​កន្លងមក អ្នកវិទ្យាសាស្រ្ត​ធ្លាប់​បាន​ព្យាករ​ពីការឡើង​កំពស់​ទឹកសមុទ្រ ១ម៉ែត្រ ៨០ សង់ទីម៉ែត្រ ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ ២១០០។ កំពស់​ទឹកសមុទ្រ​កើនឡើង ដោយសារ​ការរលាយ​ទឹកកក នៅ​តំបន់​ប៉ូល នឹង​ធ្វើ​ឲ្យ​ជន់លិច​ទីក្រុង​ជាប់មាត់​សមុទ្រ ជា​ច្រើន ដែល​ជា​ទី​មាន​មនុស្ស​រស់នៅ​រាប់លាន​នាក់។

លើកនេះ ដោយ​ពឹងផ្អែក​ទៅលើ​ទិន្នន័យ​ថតបាន​ដោយ​យន្តហោះ​របស់​ទីភ្នាក់ងារ​ណាសា ហើយ​និង​ផ្កាយរណប អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញថា ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩០ ទឹកកក​នៅ​តំបន់​ប៉ូល អង់តាកទិក រលាយ​ប្រមាណ ៤០ពាន់​លាន​តោន ក្នុង​មួយឆ្នាំៗ ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ ២០០៩ រហូត​ដល់​ឆ្នាំ ២០១៧ វិញ បរិមាណ​ទឹកកក​រលាយ នៅ​តំបន់​ប៉ូល បាន​កើន​ឡើង ដល់​ទៅ​ជាង ៦​ដង គឺ​ប្រមាណ ២៥២​ពាន់​លាន​តោន ក្នុង​មួយ​ឆ្នាំៗ គឺ​ច្រើនណាស់ បើ​ប្រៀបធៀប​នឹង​ទៅ​នឹង​កាលពី​៤០​ឆ្នាំ មុន​ដែល​មានតែ ៤០ពាន់​លាន​តោនប៉ុណ្ណោះ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្រ្ត​កាន់តែ​ព្រួយបារម្ភ គឺ ការលាយ​ទឹកកក ក្នុង​ល្បឿន​ដ៏​លឿន កំពុង​កើតមាន នៅ​តំបន់​ខាង​កើត​របស់​ប៉ូល ដែល​គេ​ធ្លាប់​តែ​ជឿថា អាច​រួចផុត​ពី​ការរង​ប៉ះពាល់ ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

អ្នកវិទ្យាសាស្រ្ត​បាន​ទាញចំណាប់​អារម្មណ៍​លើ​ភាគខាង​កើត នៃ​តំបន់​ប៉ូល​អង់តាកទិក ដោយសារ​តែតំបន់​នេះ សំបូរ​ទឹកកក​ច្រើន​ជាងប៉ែក​ខាងលិច​នៃ​ទ្វីបអង់តាកទិក។ គេ​វាយតម្លៃថា បើសិន​ជា​ទឹកកក​នៅ​ភាគ​ខាងកើត​តំបន់​ប៉ូលខាងត្បូង​រលាយ​ទាំងស្រុង នោះ​វា​នឹង​ធ្វើ​ឲ្យ​កំពស់​ទឹកសមុទ្រ​នៅលើ​ផែនដី កើនឡើង​ដល់​ទៅ ៥៧ម៉ែត្រ។ នៅក្នុងការសិក្សា​ដាច់ដោយឡែក​មួយ​កាលពី​ឆ្នាំ ២០១៨ គេ​រកឃើញថា ទឹកកក​រលាយ​នៅ​តំបន់​អង់តាកទិក​បាន​កើនឡើង​៣ដង ចាប់តាំង​ពី​ឆ្នាំ ១៩៩២មក។

តាម​អ្នកវិទ្យាសាស្រ្ត កំដៅ​ទឹកសមុទ្រ រឹតតែ​ជួយ​ជំរុញ​ឲ្យ​ដុំទឹកកក​នៅ​តំបន់​ប៉ូល​កាន់តែ​រលាយលឿនឆាប់ ហើយ​កំពស់ទឹកសមុទ្រ​នឹង​បន្ត​កើនឡើង នោះបើទោះបី​ជា​មនុស្ស​បច្ចុប្បន្ន ខំប្រឹង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុក្តី។ ការសិក្សា​រហូតមក បាន​បង្ហាញ​ហើយថា កំដៅ​ទឹកសមុទ្រ​បាន​កើនឡើង​លឿន ជាង​ការរំពឹងទុក​របស់​អ្នកវិទ្យាសាស្រ្ត និង​ដល់​កម្រិត​កំពូល នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ