ចិន និងកាណាដាដំឡើងសំឡេងដាក់គ្នា នៅក្រោយចិនកាត់ទោសប្រហារជីវិត ពលរដ្ឋកាណាដា
ប្រទេសចិនមិនពេញចិត្តទេ នឹងការលើកឡើងរបស់នាយករដ្ឋមន្រ្តីកាណាដា ដែលថា ការសម្រេចរបស់តុលាការចិន ក្នុងការកាត់ទោសប្រហារជីវិតទៅលើជនជាតិកាណាដា ធ្វើឡើង ទៅតាមចិត្ត។ នេះបើតាមការលើកឡើងរបស់ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ។ នៅថ្ងៃចន្ទម្សិលមិញ នាយករដ្ឋមន្រ្តីកាណាដា បានសំដែងការព្រួយបារម្ភ នៅក្រោយ តុលាការចិន នៅខេត្តលាវនីងបានសម្រេចកាត់ទោសប្រហារជីវិតបុរសកាណាដាម្នាក់ពីបទជួញដូរគ្រឿងញៀន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៥០
នៅថ្ងៃចន្ទ នៅក្រោយសាលក្រមរបស់តុលាការចិន សម្រេចកាត់ទោសប្រហារជីវិតជនជាតិកាណាដា ម្នាក់ ដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន នាយករដ្ឋមន្រ្តីកាណាដា លោកJustin Trudeau បានមានប្រសាសន៍ ថា វាជារឿងគួរឲ្យបារម្ភខ្លាំងណាស់ ដែលប្រទេសចិន ចាប់ផ្តើមសម្រេចចិត្តឯង ក្នុងការអនុវត្តទោសប្រហារជីវិត ជាពិសេស ទៅលើពលរដ្ឋកាណាដា។ សម្រាប់ប្រមុខរដ្ឋាភិបាលកាណាដា ករណីកាត់ទោសប្រហារជីវិតជនជាតិកាណាដា ដោយតុលាការចិន ជាកង្វល់មួយដ៏ធំ ដែលកាណាដាត្រូវលើកយកទៅជជែកជាមួយសម្ព័ន្ធមិត្ត ជាពិសេសជាមួយភាគីចិនផ្ទាល់តែម្តង។
ទីក្រុងប៉េកាំងវិញ បានប្រតិកម្មរិះគន់ និងចាត់ទុកការលើកឡើងរបស់នាយករដ្ឋមន្រ្តីកាណាដា ថា គ្មានការទទួលខុសត្រូវ។ នៅក្នុងជំនួបជាមួយអ្នកកាសែត នៅថ្ងៃអង្គារ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានទាមទារឲ្យរដ្ឋាភិបាលកាណាដា គោរពដែនអធិបតេយ្យភាពរបស់ចិន និងត្រូវស្ងៀមស្ងាត់ មិនអត្ថាធិប្បាយអ្វីទាក់ទងនឹងដំណើរការរបស់តុលាការចិននោះទេ។ មន្រ្តីនាំពាក្យចិន បានទាត់ចោលផងដែរ ការចោទប្រកាន់របស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ ដែលថា តុលាការចិន សម្រេចកាត់ទោសប្រហារជីវិតជនជាតិកាណាដា កាលពីថ្ងៃចន្ទ ដើម្បី ដាក់សម្ពាធទៅលើកាណាដា ឲ្យដោះលែង លោកស្រី ម៉េង វ៉ាន់ចូវ កូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនHuawei ដែលអាជ្ញាធរកាណាដា បានចាប់ខ្លួន កាលពីដើមខែធ្នូកន្លងទៅ។
ចាប់ខ្លួន នៅឆ្នាំ ២០១៤ Robert Lloyd Schellenberg ជនជាតិកាណាដា អាយុ៣៦ឆ្នាំ ធ្លាប់ត្រូវបានតុលាការចិន កាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ កាលពីឆ្នាំ ២០១៨ ក្នុងបទប៉ុនប៉ងជួញដូរគ្រឿងញៀន ២២២គីឡូក្រាមទៅប្រទេសអូស្ត្រាលី។ ប៉ុន្តែ នៅថ្ងៃចន្ទ ទៅតាមបណ្តឹងឧទ្ធរណ៍ តុលាការជាន់ខ្ពស់ចិន នៅខេត្តលាវនីង ដែលវាយតម្លៃថា ទោសកន្លងមក មានលក្ខណៈស្រាល បានសម្រេចកាត់ទោសប្រហារជីវិត Robert Lloyd ទៅវិញ។ តាមមេធាវីការពារក្តី Robert Lloyd មានបំណងប្តឹងជំទាស់នឹងការសម្រេចប្រហារជីវិត។ សម្រាប់មេធាវីរបស់ជនជាប់ចោទ តុលាការចិនមិនគួរបន្ថែមទោសធ្ងន់ នោះទេ ព្រោះថា រដ្ឋអាជ្ញាគ្មានភស្តុតាងមកបន្ថែមនៅក្នុងសវនការ កាលពីថ្ងៃចន្ទឡើយ។ “ច្បាប់ចិនបានចែងថា នៅក្នុងបណ្តឹងឧទ្ធរណ៍ គេអាចបន្ថែមទម្ងន់ទោសទៅលើជនជាប់ចោទ ក្នុងករណីណាដែលមានភស្តុតាងថ្មីបន្ថែមតែប៉ុណ្ណោះ”។ នេះបើតាមការលើកឡើងរបស់មេធាវី ជនជាប់ចោទ ទៅ កាន់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។
អ្នកជំនាញខាងផ្នែកច្បាប់ចិន វិញបានលើកឡើងពីការបង្កើនល្បឿនកាត់ទោស ប្រហារជីវិតពលរដ្ឋកាណាដា ចាប់តាំងពីកាណាដាបានចាប់ខ្លួនកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនHuawei ទៅតាមការទាមទាររបស់តុលាការអាមេរិក។ សូមបញ្ជាក់ថា តុលាការចិនបានចំណាយពេលដល់ទៅ ២ឆ្នាំ ដើម្បីកាត់ទោសRobert Lloyd ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ នៅឆ្នាំ ២០១៨។
នៅថ្ងៃចន្ទ ក្រសួងការបទេសកាណាដា បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្ន ជាងមុន នៅក្រោយតុលាការចិន បានសម្រេចកាត់ទោសប្រហារជីវិតជនជាតិកាណាដា កាលពីថ្ងៃចន្ទ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ