តុលាការចិនកាត់ទោសប្រហារជីវិតជនជាតិកាណាដាម្នាក់
ជនជាតិកាណាដាមួយរូប ត្រូវបានតុលាការចិនផ្តន្ទាទោសប្រហារជីវិតនៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីការជំនុំជម្រះសាជាថ្មី ពីបទរត់ពន្ធគ្រឿងញៀន ។ សេចក្តីសម្រេចចិត្តថ្មីរបស់តុលាការចិននេះ អាចនឹងជំរុញឲ្យទំនាក់ទំនងការទូតរវាងទីក្រុងប៉េកាំងនិងអូតាវ៉ា ដែលមានភាពតានតឹងជាមួយគ្នាហើយនោះ កាន់តែធ្លាក់ចុះធ្ងន់ធ្ងរថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៨
នៅក្នុងសវនាកាលើកដំបូងនា ឆ្នាំ ២០១៨ លោក Robert Lloyd Schellenberg ពលរដ្ឋកាណាដាដែលមាន អាយុ៣៦ឆ្នាំ ត្រូវបានតុលាការចិន កាត់ទោស ឲ្យជាប់ពន្ធនាគារ ចំនួន ១៥ឆ្នាំ តែនៅចុងខែធ្នូ២០១៨ តុលាការចិន យល់ថា ជាទោសស្រាលពេក។ អ្នកទោសកាណាដានោះ នៅតែអះអាងថា ខ្លួនជាជនស្លូតត្រង់ នៅចំពោះមុខតុលាការចិន។
តែតុលាការចិន បានទាត់ចោលទាំងស្រុងសេចក្តីពន្យល់ទាំងអស់ របស់ជនជាប់ចោទនិង របស់មេធាវីការពារ ឲ្យកូនក្តី នៅចំពោះមុខ ក្រុមអ្នកសង្កេតការណ៍ ជាង៧០ នាក់ ដែលបានចូលរូមនៅក្នុងសវនាការ ។ ក្នុងចំណោមនោះ ក៏មានក្រុមអ្នកការទូតកាណាដា និងអ្នកកាសែតបរទេសចំនួន ៣ នាក់ (មានអ្នកកាសែតរបស់ទីភា្នក់ងារព័ត៌មានបារាំង AFP ម្នាក់ដែរ)។
នៅក្រោយសាលក្រម កាលពីថ្ងៃចន្ទ ទី ១៤មករា ជនជាតិកាណាដា អាចនឹងប្តឹងតវ៉ាជំទាស់ទៅនឹងការកាត់ទោសប្រហារជីវិតលើរូបគេ។
តុលាការចិន បានកាត់ទោស ជាលើកដំបូង នៅ ខែ វិច្ឆិកា ឆ្នាំ ២០១៨ អោយពលរដ្ឋកាណាដារូបនេះ ជាប់ពន្ធនាគារ ១៥ឆ្នាំ និង បង់ពិន័យ ជាទឹកប្រាក់ចំនួន ១៥ ម៉ឺនយ័ន ឬត្រូវជា១៩ ០០០អឺរ៉ូ។ គាត់បានប្តឹងតវ៉ា តែ ត្រូវបាន តុលាការជាន់ខ្ពស់ នៅខេត្ត Liaoning ភាគឦសានរបស់ប្រទេស វិនិច្ឆ័យថា សាលក្រមទោស នោះ ស្រាលពេក បើប្រៀបនឹងហេតុការណ៍ដ៏ធ្ងន់ធ្ងរ ដែលអ្នកទោសបានប្រព្រឹត្ត។
បន្ទាប់ពីសវនការ កាត់ទោសរួចមក អ្នកទោសកាណាដារូបនោះបាននិយាយអះអាងថា រូបគាត់ពុំមែនជាអ្នករត់ពន្ធគ្រឿងញៀនទេ ហើយ គាត់មកប្រទេសចិននេះ ក៏មកក្នុងនាមជាអ្នកទេសចរសុទ្ធសាធ។
គួរបញ្ជាក់ដែរថា សវនាកាត់ទោសនេះ ត្រូវបានប្រព្រឹត្តទៅនៅខណៈពេលដែលទំនាក់ទំនងការទូតរវាងចិននិងកាណាដា ស្គាល់ភាពតានតឹង ចាប់តាំងពីពេលដែល កាណាដា បានចាប់ខ្លួន លោកស្រី Meng Wanzhou នាយិការផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei កាលពីដើមខែធ្នូមុននេះតាមសំណើរបស់តុលាការអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ