អានតួអត្ថបទ
សហរដ្ឋអាមេរិក

ប្រធាន​ធនាគារ​ពិភពលោក​លាលែង​ចេញ​ពី​មុខ​តំណែង ដ៏​គួរ​ភ្ញាក់ផ្អើល

ប្រធាន​ធនាគារ​ពិភពលោក លោក ជីម យ៉ុង គីម បាន​សុំ​លាលែង​ចេញ​ពី​មុខ​តំណែង ហើយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ការសម្រេចចិត្ត​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ជីម យ៉ុងគីម ពលរដ្ឋអាមេរិក ដើមកំណើត​កូរ៉េខាងត្បូង នឹង​អាច​ជា​ឱកាស​បើកផ្លូវ​ឲ្យ​រដ្ឋបាលរបស់​លោកដូណាល់ ត្រាំ ជ្រើសតាំង​បេក្ខជន​ថ្មី ម្នាក់ ដែល​ដឹកនាំ​ធនាគារ​ពិភពលោក ដោយ​មិន​ឃ្លាតចាកឆ្ងាយ​ពេក​ពី​ខ្សែបន្ទាត់​នយោបាយ​របស់​អាមេរិក។ 

លោក​ជីម យ៉ុង គីម ដាក់ពាក្យ​សុំឈប់​ពីតំណែង​ប្រធាន​ធនាគារ​ពិភពលោក ចាប់ពីថ្ងៃទី ១​កុម្ភៈ​២០១៩ តទៅ
លោក​ជីម យ៉ុង គីម ដាក់ពាក្យ​សុំឈប់​ពីតំណែង​ប្រធាន​ធនាគារ​ពិភពលោក ចាប់ពីថ្ងៃទី ១​កុម្ភៈ​២០១៩ តទៅ ©REUTERS/Mike Blake/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​សុំលាលែង​ពីមុខ​តំណែង​ប្រធាន​ធនាគារ​ពិភពលោក កាលពី​ថ្ងៃ​ចន្ទ លោក ជីម យ៉ុង គីម​មិន​បាន​លម្អិត​ហេតុផល​អ្វីច្រើន ក្រៅតែ​ពីថា លោក​នឹង​ចេញ​ទៅ​ធ្វើការ​ជាមួយ ស្ថាប័ន​ឯកជន​មួយ និង​ផ្តោតសំខាន់​ទៅលើ​ការវិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ក្នុង​អាយុ ៥៩​ឆ្នាំ លោក ជីម យ៉ុង គីម នឹង​ចុះចេញ ជាផ្លូវការ​ពី​មុខ​តំណែង​ប្រធាន​ធនាគារ ពិភពលោក នៅ​ដើម​ខែ​កុម្ភៈ​ខាងមុខ ពោល​គឺ​នៅ​មុន​អាណត្តិ​ទី​២ របស់​លោក​ដែល​ត្រូវ​បញ្ចប់ នៅ​ឆ្នាំ ២០២១។ “ការងារ​របស់​ធនាគារ​ពិភពលោក​សំខាន់​ជាងពេលណាៗ​ទាំងអស់ ជាពិសេស នៅពេល​ដែល​ភាពក្រីក្រ កាន់តែ​កើនឡើង ជាលំដាប់ នៅក្នុង​ពិភពលោក ចំណែក​បញ្ហា​ជាច្រើន​ផ្សែងទៀត ដូចជា វិបត្តិ​អន្តោប្រវេសន៍ ការប្រែប្រួល​អាកាសធាតុ ភាពអត់ឃ្លាន និង​ជម្ងឺរាតត្បាត កាន់តែ​រីកកើនឡើង និង​ស្មុគស្មាញ” នេះបើតាម​ការវាយតម្លៃ​របស់​លោក ជីម យ៉ុងគីម នៅក្នុង​លិខិត​សុំ​លាឈប់​ពីមុខតំណែង។

មានជំនាញ​ជា​គ្រូពេទ្យ និង​ទទួល​បាន​សញ្ញាប័ត្រ បណ្ឌិត ខាងផ្នែក នរវិទ្យា ពី​សកលវិទ្យាល័យ Harvard លោក​ជីម យ៉ុង គីម ធ្លាប់​ត្រូវ​បាន​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា តែង​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​ធនាគារ​ពិភពលោក កាលពី​ឆ្នាំ ២០១២។ ការតែងតាំង​លោក​ជីម យ៉ុងគីម ពលរដ្ឋអាមេរិក ដើមកំណើត កូរ៉េខាងត្បូង ជា​ជម្រើស​មួយ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​គេ​មិន​នឹកស្មាន​ដល់ ព្រោះ​ថា កន្លងមក គេ​មិនដែល​ឃើញ​មាន​សាសន៍ អាស៊ី ឬ​អាហ្វ្រិក​ណាម្នាក់ ចូល​កាន់តំណែង​កំពូល​របស់​ធនាគារ​ពិភពលោក​នោះ​ទេ។

នៅក្រោម​ការដឹកនាំ​៦ឆ្នាំ​របស់​លោក​ជីម យ៉ុង គីម ធនាគារ​ពិភពលោក ដែល​មាន​សមាជិក ១៨៩ ប្រទេស បាន​សម្រេច​បង្កើន​មូលធន​របស់ខ្លួន​ច្រើនជាងមុន និង​បាន​កៀងគរ​ស្ថាប័ន​ឯកជន ឲ្យ​ចូលរួម​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​គម្រោងនានា ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ប៉ុន្តែ នៅក្នុង​ស្ថាប័ន​ធនាគារ​ពិភពលោក​ផ្ទាល់ លោក​ជីម យ៉ុង គីម បាន​រង​ការរិះគន់ ថា គ្មាន​សមត្ថភាព ដឹកនាំ ឬ​គ្មាន​ផែនការ​ច្បាស់លាស់ ជាពិសេស នៅក្នុង​ពេល​លោក​អនុវត្ត​វិធានការ​សន្សំសំចៃ តាមរយៈ​ការកាត់បន្ថយ ចំនួន​បុគ្គលិក ដ៏ក្រាសក្រែល កាលពី​ឆ្នាំ ២០១៤។

ប្រតិកម្ម​ទៅនឹង​ការសុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក​បាន​ថ្លែង​កោតសរសើរ ការងារ​របស់​លោក គីម និងថា នៅ​ក្នុង​ពេល​ស្វែងរក​បេក្ខជន​ថ្មីមកជំនួស ធនាគារ​ពិភពលោក​នឹង​ស្ថិតក្រោម​ការដឹកនាំ​បន្តអាសន្ន​របស់​លោកស្រី Kristalina Georgieva អគ្គលេខាធិការ​របស់​ធនាគារ។ ទៅតាម​ទម្លាប់កន្លងមក ជនជាតិ​អាមេរិក​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ធនាគារ​ពិភពលោក ចំណែក អឺរ៉ុប​បាន​សិទ្ធិ តែងតាំង​ពលរដ្ឋ​របស់ខ្លួន សម្រាប់​តំណែង​ប្រធាន​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ FMI។ ការចាត់ចែង តែ​រវាង​អាមេរិក និង​អឺរ៉ុប ដើម្បី បែងចែក​តំណែង​មេដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ធំៗទាំងពីរ បានធ្វើ​ឲ្យ​មានការតវ៉ា​ពី​ប្រទេស​ផ្សេងទៀត ជាពិសេស​មហាអំណាច​ចិន។ ប៉ុន្តែ រហូតមក អាមេរិក ដែល​មាន​ភាគហ៊ុន​ច្រើនជាងគេ នៅក្នុង​ធនាគារ​ពិភពលោក បាន​បដិសេធ រហូតមក បេក្ខជន​ប្រធាន​ធនាគារ ដែល​មក​ពី​ប្រទេស​ដទៃ។ សម្រាប់​អ្នកវិភាគ ការលាលែង​ចេញពីតំណែង​ប្រធាន​ធនាគារ​ពិភពលោក ដែល​ត្រូវ​បាន​តែងតាំង តាំង​ពីក្នុង​អាណត្តិ​របស់លោកអូបាម៉ា ជា​ឱកាស​ល្អ​សម្រាប់ឲ្យ​លោកដូណាល់ ត្រាំ ប្រធានាធិបតី​ការពារ​ជាតិនិយម បាន​ជ្រើសតាំង​ប្រធាន​ថ្មីម្នាក់ ដែលមាន​នយោបាយ ស្រដៀង​គ្នា​នឹង​លោកដូណាល់ ត្រាំ។ កន្លងមក លោកដូណាល់ ត្រាំ តែងតែ​រិះគន់ នយោបាយ​របស់​ធនាគារ​ពិភពលោក ដែល​ផ្តល់​ប្រាក់កម្ចី​ដល់​ប្រទេស​មួយចំនួន ដូចជា​ចិន​ជាដើម ដែល​ពេលនេះ កំពុង​ផ្ទុះ​សង្រ្គាម​ពាណិជ្ជកម្ម​ ជាមួយអាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ