អានតួអត្ថបទ
ថៃ

ថៃ៖​នារីជនជាតិ​អារ៉ាប៊ីសាអូឌីត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​បាងកក

នៅ​ក្នុង​ប្រទេស​ថៃ កញ្ញា​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ម្នាក់​ឈ្មោះ​រ៉ាហា ម៉ូហាម៉េត អាល់គូណាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ក្នុង​ទីក្រុង​បាងកក​នា​ថ្ងៃ​អាទិត្យ ទី៦ មករា។ មាន​អាយុ ១៨ឆ្នាំ កញ្ញា​រ៉ាហា​បាន​ប្រាប់​ពី​ក្តីបារម្ភ​ចំពោះ​ជីវិត ប្រសិន​បើ​រដ្ឋអំណាច​អន្តោប្រវេសន៍​ថៃ​ចាប់​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​វិញ។ កញ្ញា​អារ៉ាប៊ីសាអូឌីត​រូប​នេះ​ដដែល​បាន​និយាយ​ប្រាប់​រដ្ឋអំណាច​អន្តោប្រវេសន៍​ថៃ​នៅ​ព្រលាន​យន្តហោះ​ថា រូប​គាត់​បាន​បដិសេធ​ត្រឡប់​ទៅ​អារ៉ាប៊ីសាអូឌីត​វិញ​នា​ពេល​ធ្វើ​ដំណើរ​ដល់​ព្រលាន​យន្តហោះ​នៃ​ប្រទេស​កូវ៉ែត។

A security officer stands at the departure area after anti-government protesters left Suvarnabhumi international airport in Bangkok on December 3, 2008. Anti-government demonstrators officially handed over Thailand's main Suvarnabhumi international airport
A security officer stands at the departure area after anti-government protesters left Suvarnabhumi international airport in Bangkok on December 3, 2008. Anti-government demonstrators officially handed over Thailand's main Suvarnabhumi international airport AFP
ផ្សាយពាណិជ្ជកម្ម

កញ្ញា​ជនជាតិ​អារ៉ាប៊ីសាអូឌីត​រ៉ាហា ម៉ូហាម៉េត អាល់គូណាន់​បាន​និយាយ​ប្រាប់ AFP ថា រូប​គាត់​ត្រូវ​បាន​ក្រុម​អ្នក​ទទួលខុសត្រូវ​ជនជាតិ​អារ៉ាប៊ីសាអូឌីត និង​កូវ៉ែត​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ក្នុង​ទីក្រុង​បាងកក ហើយ​បាន​រឹបអូស​យក​លិខិត​ឆ្លងដែន​របស់​គាត់។ ការ​លើក​ឡើង​របស់​កញ្ញា​រ៉ាហា​ដូច​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch ដែរ។ កញ្ញា​រ៉ាហា​បាន​អះអាង​ថា បុរស​ម្នាក់​ដែល​ជា​អ្នក​ជូន​ដំណើរ និង​មើល​ការ​ខុសត្រូវ​លើ​រូប​គាត់​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា រូប​កញ្ញា​បាន​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការ​អនុញ្ញាត​ទេ។

តែ​កញ្ញា​បាន​ពន្យល់​បកស្រាយ​ថា កញ្ញា​បាន​ព្យាយាម​រត់​ចេញ​ពី​ផ្ទះ​ដើម្បី​គេច​ពី​ការ​តាម​ធ្វើ​ទុកបុកម្នេញ​ពី​ក្រុម​គ្រួសារ។ ក្រុម​គ្រួសារ​ដែល​បាន​ចាប់​កញ្ញា​ឃុំ​នៅ​ក្នុង​បន្ទប់​មួយ​បិទ​ទ្វារ​ចាក់​សោរ​ជាប់​រយៈពេល ៦ខែ ដោយសារ​តែ​នាង​បដិសេធ​មិន​ព្រម​កាត់សក់ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​កញ្ញា​រ៉ាហា។ កញ្ញា​វ័យ ១៨ឆ្នាំ​រូប​នេះ​ដដែល​បាន​បន្ថែម​ដោយ​សុទិដ្ឋិនិយម​ថា រូប​នាង​នឹង​ត្រូវ​គេ​ចាប់​ដាក់​គុក បើ​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ទៅ​អារ៉ាប៊ីសាអូឌីត​វិញ ហើយ​ថា រូប​នាង​នឹង​ត្រូវ​គេ​សម្លាប់​ចោល​នៅ​ពេល​ចេញ​ពី​គុក​វិញ។

លោក​ស៊ូរ៉ាឆាត ហាក់ប៉ាន ប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កញ្ញា​រ៉ាហា​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ដែល​យន្តហោះ​ដឹក​កញ្ញា​ពី​ប្រទេស​កូវ៉ែត​បាន​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ក្នុង​ទីក្រុង​បាងកក និង​ថា​ខណៈ​នេះ កញ្ញា​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ធាគារ​មួយ​នៅ​ព្រលាន រួច​បន្ថែម​ថា កញ្ញា​​គ្មាន​លុយ និង​សំបុត្រ​យន្តហោះ​ជាប់​នឹង​ខ្លួន​ទេ។ តាម​លោក​ស៊ូរ៉ាឆាត កញ្ញា​រ៉ាហា​បាន​រត់ចេញ​ពី​គ្រួសារ​ដើម្បី​គេច​ពី​ការ​រៀបការ និង​បារម្ភ​ពិ​ជីវិត បើ​នាង​ត្រឡប់​ចូល​ស្រុក​វិញ។ តែ​កញ្ញា​រ៉ាហា​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ​ដោយ​អះអាង​ថា នាង​ចុះ​ចត​នៅ​ក្រុង​បាងកក​ដើម្បី​បន្ត​ដំណើរ​ទៅ​សុំសិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​អូស្រា្តលី។

លោក​ស៊ូរ៉ាឆាត ហាក់ប៉ាន​បាន​បញ្ជាក់​ពី​ការ​បញ្ជូន​កញ្ញា​រ៉ាហា​ទៅ​អារ៉ាប៊ីសាអូឌីត​វិញ​នៅ​ថ្ងៃ​ចន្ទ ទី៧ មករា។ តើ​អ្វី​ទៅ​ជា​មូលហេតុ​ពិត​នៃ​ការ​ចាប់​ខ្លួន​កញ្ញា​អារ៉ាប៊ីសាអូឌីត​កញ្ញា​រ៉ាហា​ពេល​នេះ?។ គេ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ប្រទេស​ថៃ ឬ​ពី​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ